អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់​និង​កុងស្តង់កូស្មូឡូស៊ិច៖ ​ពី ​“កំហុសឆ្គងដ៏ធំ” ​ទៅ ​“ថាមពលងងឹត”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយ​សូម​លើកឡើង​ ពីបញ្ហា​ចោទ​នៅ​ក្នុង​ទ្រឹស្តី General Relativity របស់​លោក ដែល​លោក​ចាត់ទុក​ថា​ជា​ “កំហុសឆ្គង​ដ៏​ធំ” នៅ​ក្នុង​អាជីព​ជា​អ្នក​វិទ្យាសាស្រ្ត​របស់​លោក ក៏ប៉ុន្តែ ក្រោយ​មក​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​សិក្សា​វិទ្យាសាស្រ្ត​ នាពេល​បច្ចុប្បន្ន។

អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​គិត​ថា "ថាមពលងងឹត" (Dark Energy) គឺ​ជា​កុងស្តង់​កូស្មូឡូស៊ិច​របស់​អាញ់ស្តាញ់
អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​គិត​ថា "ថាមពលងងឹត" (Dark Energy) គឺ​ជា​កុងស្តង់​កូស្មូឡូស៊ិច​របស់​អាញ់ស្តាញ់ NASA
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៩១៥ អាល់ប៊ែរ អាញ់ស្តាញ់ បាន​រកឃើញ​ទ្រឹស្តី General Relativity ដោយ​បាន​សរសេរ​ចេញ​ជាសមីការគណិតវិទ្យា ដែល​បង្ហាញ​ពី​ទំនាក់ទំនង រវាង​ម៉ាស់ កម្លាំងទំនាញ និង​ភាពកោង​នៃ​លំហពេល។

ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ឆ្នាំ១៩១៧ អាញ់ស្តាញ់​បាន​សង្កេតឃើញ​ថា សមីការ​របស់​លោក​មាន​បញ្ហា​ចោទ​ដ៏​ធំមួយ ដោយហេតុថា នៅពេល​ដែល​លោក​យកសមីការ​​នេះ​ទៅ​អនុវត្ត​ចំពោះ​ចក្រវាល​ទាំងមូល វា​បង្ហាញ​ថា ចក្រវាល​របស់​យើង​ខ្វះលំនឹង ពោលគឺ វា​អាច​រីកកាន់តែធំឡើងៗ ឬ​ក៏​អាច​រួម​កាន់តែ​តូចទៅៗ។

សម្រាប់​អាញ់ស្តាញ់ នេះ​គឺ​ជា​រឿង​ដែល​មិន​អាច​ទៅរួច ពីព្រោះ​ថា គិត​មក​ត្រឹម​​ពេលនោះ អាញ់ស្តាញ់ ក៏ដូចជា​អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ​ (ទាំង​អ្នក​វិទ្យា​នៅ​សម័យកាលនោះ និង​អ្នក​វិទ្យាសាស្រ្ត​ពី​សម័យ​មុន) សុទ្ធតែ​គិត​ថា ចក្រវាល​របស់​យើង ជា​ចក្រវាល​ដែល​មាន​លំនឹង (Static Universe) ហើយ​ស្ថិតស្ថេរ​នៅ​ជា​អចិន្រ្តៃយ៍ ដោយ​មិន​រីកធំ ឬ​រួញតូច​ ដូចការ​​ព្យាករ​នៃ​សមីការ Genral Relativity នោះទេ។

ហេតុដូច្នេះហើយ​បានជា​អាញ់ស្តាញ់​​បាន​សម្រេច​កែ​សមីការ​របស់​លោក ដោយ​បាន​​​​បញ្ចូល​កុងស្តង់មួយ​ទៅ​ក្នុងនោះ ដើម្បី​ធ្វើ​ឲ្យ​សមីការ​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ថេរ​នៃ​ចក្រវាល។ កុងស្តង់​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “កុងស្តង់​កូស្មូឡូស៊ិច” (ឬ​តាម​ភាសា​អង់គ្លេស​ថា Cosmological Constant) ហើយ​នៅ​ក្នុង​រូបវិទ្យា កុងស្តង់នេះ​​ត្រូវ​បាន​គេ​កំណត់​ថា​​ជា​​ថាមពល​ពិសេស​មួយ គឺ "ថាមពល​នៃ​ភាពទទេ” ក្នុង​អវកាស ហើយ​ដែល​មាន​កម្លាំង​តបទៅ​​នឹង​ថាមពល និង​កម្លាំងទំនាញ នៃ​រាល់​សារធាតុ​ដែល​មាន​ម៉ាស់ នៅ​ក្នុង​ចក្រវាល។

ជាមួយ​នឹង​កុងស្តង់​កូស្មូឡូស៊ិច​នេះ សមីការ General Relativity របស់​អាញ់ស្តាញ់​មាន​លំនឹង ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ពី​ភាព​ថេរ​នៃ​ចក្រវាល​របស់​យើង។ ក៏ប៉ុន្តែ ១០ឆ្នាំ​ក្រោយមក បុព្វជិត​កាតូលិក និង​ជាសាស្រ្តាចារ្យ​រូបវិទ្យា​​ប៊ែលហ្ស៊ិក​ម្នាក់​ ឈ្មោះ​ថា ហ្សក ឡឺម៉ែត្រ (Georges Lemaître) ស្នើឡើង​នូវ​ទ្រឹស្តី​ថ្មីស្រឡាងមួយ​ថា ចក្រវាល​របស់​យើង​មិន​​មាន​លំនឹង​ដូចអ្វី​ដែល​គេ​ធ្លាប់​គិត​តាំង​ពី​មុន​មក​នោះទេ ផ្ទុយ​ទៅវិញ វា​រីកធំឡើង​ជាប់​ជា​ប្រចាំ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ (Expanding Universe)។

ក៏ប៉ុន្តែ នៅ​ពេលនោះ ទ្រឹស្តី​ដ៏​ចម្លែក​របស់​ហ្សក ឡឺម៉ែត្រ ដែលគ្រាន់តែ​ជា​សាស្ត្រាចារ្យ​ធម្មតា​ម្នាក់ គ្មាន​កេរ្តិ៍ឈ្មោះ​អ្វី​ផងនោះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នោះទេ។ អាញ់ស្តាញ់​​ក៏​បាន​ច្រានចោល​ទ្រឹស្តី​របស់​ហ្សក ឡឺម៉ែត្រ​នេះ​ដែរ បើទោះបីជា​​ទ្រឹស្តី​នេះ​វា​ស្រប​ទៅនឹង​សមីការ​ដើម​របស់​លោក មុនពេល​បញ្ចូល​កុងស្តង់​កូស្មូឡូហ្ស៊ិក។ (តែអ្វីៗ​ត្រូវ​ប្រែប្រួល ក្រោយ​ពី​ទ្រឹស្តី​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ភស្តុតាង​ចេញ​ពី​កា​រសង្កេតជាក់ស្តែង)។

គិតត្រឹម​ទសវត្សរ៍​ឆ្នាំ១៩២០ មនុស្សជាតិ​យើង​អាច​ធ្វើការ​សិក្សា និង​សង្កេត​ទៅលើ​តែ​ផ្កាយ ដែល​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​មីគីវ៉េ (Milky Way) តែប៉ុណ្ណោះ ពីព្រោះ​ថា រាល់​ផ្កាយ​ដែល​​​រះព្រោងព្រាត​​លើ​មេឃ ហើយ​ដែល​​គេ​អាច​​មើល​ឃើញ​ដោយ​ភ្នែក​ទទេ គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​មីគីវ៉េ​ទាំងអស់ ហើយ​​យើង​នៅ​​​មិនទាន់​មាន​បច្ចេកវិទ្យា​ទំនើប ដែល​អាច​មើល​ហួស​ពី​មីគីវ៉េ​នេះ​នៅឡើយនោះទេ។

ហេតុដូច្នេះហើយ​បាន​​គេ​មិន​អាច​សង្កេតឃើញ​ជាក់ស្តែង​​ពី​ការ​រីកធំ​នៃ​ចក្រវាល​ ដូច​អ្វីដែល​ស្នើឡើង ដោយ​ទ្រឹស្តី​របស់​ហ្សក ឡឺម៉ែត្រ។ តាមការពិតទៅ នៅ​ពេលនោះ មនុស្សភាគច្រើន​លើសលុប​​​គិត​ថា ចក្រវាល​របស់​យើង គឺ​មានត្រឹមតែ​ក្នុង​មីគីវ៉េ​នេះឯង ដោយ​មិនមាន​អ្វី​ហួស​ពី​នេះ​ទៀតទេ។ ជំនឿ​នេះ​ត្រូវ​ប្រែប្រួល នៅ​ឆ្នាំ១៩២៥ ក្រោយ​ពី​តារាវិទូ​អាមេរិក​ម្នាក់ ឈ្មោះ អ៊ែដវីន ហឺបល (Edwin Hubble) បាន​ធ្វើការ​សង្កេត​ដោយ​ប្រើ​តេឡេស្កុប​ប្រភេទ​ថ្មី​ហើយ​បាន​រកឃើញ​កាឡាក់ស៊ី​ជា​ច្រើន​ផ្សេងទៀត នៅ​ក្រៅ​កាឡាក់ស៊ី​មីគីវ៉េ។

អ៊ែដវីន ហឺបល មិនត្រឹមតែ​រកឃើញ​កាឡាក់ស៊ី​ថ្មី​នេះទេ ក៏ប៉ុន្តែ នៅ​ឆ្នាំ១៩២៩ លោក​បាន​រកឃើញ​ថា កាឡាក់ស៊ី​អស់ទាំងនេះ មិនថា​ស្ថិត​នៅ​ទិស​ខាងណា ​សុទ្ធតែ​មាន​ចលនា​ចេញឆ្ងាយ​ពីភពផែនដី​របស់យើង ហើយ​នេះ គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់ថា ចក្រវាល​របស់​យើង​មិនស្ថិត​នៅ​ថេរ​ដូចការ​គិត​របស់​យើង​តាំង​ពី​មុនមក​នោះទេ តែផ្ទុយទៅវិញ វា​រីក​កាន់តែ​ធំឡើង​ពី​មួយថ្ងៃ​ទៅមួយៗ។

អាញ់ស្តាញ់វិញ ក្រោយ​ពី​បាន​ដឹង​ពី​លទ្ធផល​នៃ​ការ​សិក្សា​របស់​អ៊ែដវីន ហឺបល លោក​ក៏​បាន​ភ្ញាក់​ខ្លួន ហើយ​ទទួលស្គាល់​ថា ចក្រវាល​ពិត​ជា​រីកកាន់តែធំ ដូច​ជា​ការ​លើកឡើង​របស់​ហ្សក ឡឺម៉ែត្រ ហើយ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ស្រប​ទៅ​នឹង​សមីការដើម​របស់​លោក មុនពេល​បញ្ចូល​កុងស្តង់​កូស្មូស៊ិច។ នៅពេលនោះហើយ​ដែល​អាញ់ស្តាញ់​បាន​លើកឡើង​ថា ការ​កែប្រែសមីការ​ដើម ដោយ​​បញ្ចូល​កុងស្តង់​កូស្មូឡូស៊ិច​នេះ គឺ​ជា “កំហុសឆ្គង​ដ៏ធំបំផុត​នៅ​ក្នុង​ជីវិត​របស់​លោក”។ អាញ់ស្តាញ់​​ក៏​បាន​លុប​កុងស្តង់​កូស្មូឡូស៊ិច​នេះ​ចេញ ហើយ​វិលត្រឡប់​ទៅ​រក​សមីការ​ដើម​របស់​លោកវិញ ក៏ប៉ុន្តែ នៅពេលនោះ លោក​ប្រាកដ​ជា​មិនទាន់​ដឹង​នៅឡើយទេ​ថា “កំហុសឆ្គងដ៏ធំ​ក្នុង​ជីវិតរបស់​លោក”​នេះ ក្រោយមក​​នឹង​ត្រូវ​​ក្លាយ​ទៅជា​ប្រធានបទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ទ្រឹស្តី​​ថ្មី​ដ៏សំខាន់ ហើយ​កុងស្តង់កូស្មូឡូស៊ិច​ដែល​លោក​បាន​លុបចោល​​អាច​ជា​ប្រភេទ​ថាមពល​ដែល​អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា គឺ “Dark Energy”។

នៅពេល​ដែល​អ៊ែដវីន ហឺបល រកឃើញ​ថា កាឡាក់ស៊ី​ទាំងអស់​សុទ្ធតែ​មាន​ចលនា​ចេញឆ្ងាយ​ពី​ភពផែនដី ហើយ​ចក្រវាល​រីក​កាន់តែ​ធំឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ នាំគ្នា​គិត​ថា អត្រា​នៃ​ការ​រីកមាឌ​នៃ​ចក្រវាល​នេះ​នឹង​ត្រូវ​ថយចុះ​បន្តិចម្តងៗ ដោយសារ​តែ​មាន​កម្លាំង​ទំនាញ​សកល។ ក៏ប៉ុន្តែ នៅពេល​ដែល​​អ្នកវិទ្យាសាស្រ្ត​​​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​បាន​កាន់តែ​ទំនើប ហើយ​ផលិត​បាន​នូវ​តេឡេស្កុប​ដែល​អាច​មើល​បាន​កាន់តែ​ឆ្ងាយ គេ​បែរ​ជា​សង្កេតឃើញ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត​នេះ​ទៅវិញ។

នៅ​ថ្ងៃ​ទី២៤ ខែមេសា ​ឆ្នាំ១៩៩០ តេឡេស្កុប​​ប្រភេទ​ថ្មី​ទំនើប​បំផុត​មួយ ដែល​គេ​ដាក់​ឈ្មោះ​ថា “ហឺបល” (យក​តាម​ឈ្មោះ​លោក​អ៊ែដវីន ហឺបល) ត្រូវបាន​ទីភ្នាក់ងារ​ណាសា​បង្ហោះ​ដាក់​ក្នុង​​តារាវិថី​ជុំវិញ​ភពផែនដី។ ដោយសារ​តែ​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ថ្មី ហើយ​ម្យ៉ាងទៀត នៅ​ក្នុង​តារាវិថី​មិនមាន​​ការរំខាន​ពី​សំណាក់​បរិយាកាស​នៃ​ភពផែនដី ​តេឡេស្កុប​​ហឺបល​អាច​ឲ្យ​គេ​ឆ្លុះមើល​ឃើញ​បាន​ឆ្ងាយ ហើយ​រកឃើញ​​កាឡាក់ស៊ី​ថ្មីៗ គិតជាសរុប​រហូតដល់​ទៅ​ជាង ៥ពាន់ ដោយ​ខ្លះ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ ជាង ១៣ពាន់លាន​ឆ្នាំ​ពន្លឺ ពោល​គឺ គេ​អាច​សង្កេតមើល​ឃើញ​នូវ​​​ស្ថានភាព​នៃ​ចក្រវាល ដែល​ទើប​នឹង​ចាប់កំណើតឡើង ក្រោយ​ Big Bang កាល​ពី​១៣ពាន់៧លាន​ឆ្នាំមុន។

នៅ​ឆ្នាំ​១៩៩៨ ការ​សិក្សា​តាមរយៈ​តេឡេស្កុប​ហឺបល​ទៅលើ​កាឡាក់ស៊ី​ដែល​នៅ​ឆ្ងាយៗ​បាន​បង្ហាញ​ថា កាលពី​ពេល​មុន​ដ៏​យូរលង់ ចក្រវាល​របស់​យើង​​មាន​ចលនា​រីកមាឌ​ក្នុង​អត្រា​យឺត​ជាង​ពេល​បច្ចុបន្ន​នេះ​ឆ្ងាយណាស់។ នេះ​ធ្វើ​ឲ្យ​គេ​ធ្វើការ​សន្និដ្ឋាន​ថា ចលនា​រីកមាឌ​នៃ​ចក្រវាល​មិនបាន​ថយចុះ​ ដោយសារ​តែ​កម្លាំង​ទំនាញ​នោះទេ តែ​ផ្ទុយ​ទៅវិញ គឺ​រឹតតែ​មាន​សន្ទុះកើនឡើង​ទៅវិញ ដែល​នេះ​ធ្វើ​ឲ្យ​អ្ន​កវិទ្យាសាស្រ្ត​នាំគ្នា​គិត​ថា វា​ពិត​ជា​មាន​កម្លាំង​អ្វីមួយ ដែល​ខ្លាំង​លើស​កម្លាំង​ទំនាញ​សកល ហើយ​ដែល​ធ្វើ​ឲ្យ​ចក្រវាល​ត្រូវ​រីកមាឌ​កាន់តែ​ធំ ហើយ​កាន់តែ​លឿន​បែបនេះ។

​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន បាតុភូទ​នេះ​នៅតែ​ជា​អាថ៌កំបាំង​ដ៏​ធំមួយ ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​នាំគ្នា​គិត​ថា កម្លាំង​ដែល​លុបលើ​កម្លាំង​ទំនាញ​សកល ហើយ​ដែល​ធ្វើ​ឲ្យ​ចក្រវាល​រីកមាឌ​កាន់តែ​ធំ​នេះ គឺ​កើតចេញ​ពី​​​ថាមពល​នៃ​ភាព​ទទេ​នៅ​ក្នុង​ចក្រវាល... ជា​ប្រភេទ​ថាមពល​ដែល​គេ​មិន​អាច​សង្កេតមើល​ឃើញ​បាន ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថា “ថាមពល​ងងឹត” (Dark Energy)។ ហើយ​ថាមពល​នៃ​ភាព​ទទេ​ក្នុង​អវកាស​នេះ គឺ​វា​ត្រូវគ្នា​ទៅនឹង​​កុងស្តង់​កូស្មូឡូស៊ិច​ ដែល​អាញ់ស្តាញ់​ដាក់​បញ្ចូល​ក្នុង​សមីការ General Relativity តែ​ក្រោយ​មក​បាន​លុបចេញ​វិញ។

សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្រ្ត​នៅ​មិនទាន់​រកឃើញ​នូវ​ភស្តុ​តាង​ដែល​អាច​បញ្ជាក់​ឲ្យ​បាន​ប្រាកដ​នូវ​សម្មតិកម្ម​នេះ​នៅឡើយទេ ក៏ប៉ុន្តែ ប្រសិនបើ​ចុងក្រោយ​ទៅ គេ​អាច​បញ្ជាក់ថា ថាមពល​ងងឹត គឺ​ពិត​ជា​កុងស្តង់កូស្មូឡូស៊ិច​មែន​នោះ អ្វីដែល​អាញ់ស្តាញ់​គិត​ថា​ជា “កំហុសឆ្គងដ៏ធំបំផុត​ក្នុង​ជីវិត​របស់​លោក” តាមពិត​វា​គឺ​ជា​ធាតុផ្សំ​ដ៏​ចម្បង​បំផុត​មួយ​នៃ​ចក្រវាល​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ