អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់៖ ​បរាជ័យ​នៅក្នុង​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង​ នៅសប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​លោក​អាល់ប៊ែរ អាញ់ស្តាញ់​តទៅទៀត ដោយ​សូមលើកឡើង ពី​ដំណើរជីវិត​របស់​លោក​នៅ​អ៊ីតាលី ក្រោយ​ពី​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សាលា​នៅ​អាល្លឺម៉ង់។

អាល់ប៊ែរ អាញ់ស្តាញ់ កាលពីក្មេង អាយុ ១៤ឆ្នាំ
អាល់ប៊ែរ អាញ់ស្តាញ់ កាលពីក្មេង អាយុ ១៤ឆ្នាំ
ផ្សាយពាណិជ្ជកម្ម

នៅចុងឆ្នាំ១៨៩៤ អាញ់ស្តាញ់ ដែល​រៀន​មិន​ចប់​ថ្នាក់​វិទ្យាល័យ​ផងនោះ​​ ​បាន​ចាកចេញ​ប្រទេស​អាល្លឺម៉ង់ ​ហើយ​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ជួបជុំ​ជាមួយគ្រួសារ នៅ​ប៉ែក​ខាងជើង​ប្រទេស​អ៊ីតាលី។ ទៅដល់​មិនយូរ​ប៉ុន្មាន​ផង អាញ់ស្តាញ់​បាន​ដាក់ចិត្ត​ស្រឡាញ់​ប្រទេស​អ៊ីតាលី​ ដែល​ជា​ប្រទេស​មិនប្រកាន់​ទំនៀមទម្លាប់ និង​វិន័យតឹងរ៉ឹង​ដូចអាល្លឺម៉ង់ ហើយ​ប្រជាជន​អ៊ីតាលី​ក៏​​មាន​ភាពរាក់ទាក់ និង​ចិត្តគំនិត​បើក​ចំហ ដែល​ត្រូវនឹង​ផ្នត់គំនិត​របស់​អាញ់ស្តាញ់។

នៅ​ក្នុងដែនដី​ដែល​ជា​ប្រភព​អ្នក​ប្រាជ្ញ​សម័យកាល​ La Renaissance នេះ អាញ់ស្តាញ់​រស់​នៅ​ក្នុង​ជីវិត​មួយ​ពោរពេញ​​ដោយ​ភាពរីករាយ... រីករាយ​នឹង​ការ​ទស្សនា​ការ​​​ប្រគុំតន្រ្តី​បុរាណ, រីករាយ​នឹង​ការ​ទស្សនា​សារៈមន្ទីរ និង​ជាពិសេស រីករាយ​នឹង​ការ​មាន​ពេលវេលា​​គិតពិចារណា និង​អានសៀវភៅ​ទៅ​តាម​ចិត្តចង់។ នៅពេលនោះ អាញ់ស្តាញ់​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅនឹង​ការ​សិក្សា​ឈ្វេងយល់ ពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​មុនៗ ជាពិសេស អ្នក​ប្រាជ្ញ​ដែល​ទទួលរង​នូវការ​រិះគន់ ឬ​ការ​ដាក់ទោស ដោយ​សារ​តែ​ប្រកាន់​​គំនិត​ផ្ទុយ​ពី​ជំនឿ និង​ទំនៀមទម្លាប់ចាស់ រួមមាន​ដូចជា តារាវិទូ​ប៉ូឡូញ នីកូឡា កូពែរនិក និង​អ្នក​ប្រាជ្ញ​អ៊ីតាលី កាលីលេ ជាដើម។

សម្រាប់​មនុស្ស​ដូចជា​អាញ់ស្តាញ់ ដែល​ចូលចិត្ត​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​គិតពិចារណា អានសៀវភៅ និង​សិក្សាឈ្វេងយល់​ទៅលើ​ប្រធានបទ​តាម​តែខ្លួន​ចង់ ដោយ​មិន​បារម្ភ​ពី​ការ​គោរពវិន័យសាលា និង​ការបង្រៀន​របស់​គ្រូ គ្មាន​អ្វី​ដែល​សប្បាយ​ជាង​ជីវិត “អ្នកប្រាជ្ញ​ក្រៅសាលា" ដូចជា​​នៅ​អ៊ីតាលី​នេះ​ទេ។ ក៏ប៉ុន្តែ ជីវិត​សប្បាយរីករាយ​នេះ​មិនស្ថិតស្ថេរ​នៅ​បាន​យូរ​ប៉ុន្មាន​នោះទេ។

កិច្ចការ​រកស៊ី​របស់​ឪពុក​អាញ់ស្តាញ់​ត្រូវ​ទទួលបរាជ័យ​ជា​បន្តបន្ទាប់ ហើយ​ជីវភាព​គ្រួសារ​ក៏​ចាប់ផ្តើម​ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ អាញ់ស្តាញ់​ក៏​ចាប់ផ្តើម​ខ្វាយខ្វល់​ពី​ដំណើរជីវិត​ទៅថ្ងៃ​អនាគត។ អាញ់ស្តាញ់​ដឹងច្បាស់​ថា លោក​មិន​អាច​បន្ត​រស់នៅ​ដោយពឹងលើ​ឪពុកម្តាយ​បែបនេះ​តទៅទៀត​បានទេ ហើយ​ការរស់នៅ​តាមរបៀប​របស់​លោក នៅ​អ៊ីតាលី​នេះ ថ្វីដ្បិត​តែ​វា​ជា​ដំណើរជីវិត​ដ៏រីករាយមួយ ហើយ​លោក​ក៏​អាច​កើនចំណេះដឹង​ច្រើន​ជាងកាល​ពី​រៀន​នៅសាលា​ទៅទៀត ក៏ប៉ុន្តែ វា​មិន​អាច​ផ្តល់​ឱកាស ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​បាន​លុយ​មក​ចិញ្ចឹមជីវិត​បាន​នោះដែរ។

ក្រោយ​ពី​បាន​គិតពិចារណា​យ៉ាង​ល្អិតល្អន់ អាញ់ស្តាញ់​ក៏​បាន​កំណត់​ក្នុងចិត្ត​ថា​នឹង​ចាប់យក​អាជីព​ជា​សាស្រ្តាចារ្យ​ខាង​រូបវិទ្យា ក៏ប៉ុន្តែ ដើម្បីអាច​ធ្វើជា​សាស្រ្តាចារ្យបាន លោក​ចាំបាច់​ត្រូវតែ​​ត្រឡប់​ទៅ​ចូលរៀន​នៅ​សាលាវិញ។ អាញ់ស្តាញ់​ចូលចិត្ត​សាលា​នៅ​អ៊ីតាលី តែ​លោក​មាន​ចំណោទខាងភាសា។ ដូច្នេះហើយ​ទើប​លោក​សម្រេច​ចិត្ត​ទៅ​​​រៀន​ ​នៅ​ស្វ៊ីស ដែល​ជាសាលា​​មាន​ផ្នត់គំនិត​សេរីនិយម​ប្រហាក់ប្រហែល​នឹង​អ៊ីតាលី តែ​ល្អ​ត្រង់​និយាយ​ភាសាអាល្លឺម៉ង់។

អាញ់ស្តាញ់​បាន​សន្យា​ជាមួយ​ឪពុកម្តាយ​ថា​នឹង​ខិតខំរៀន​ដោយ​ខ្លួនឯង​នៅផ្ទះ ដើម្បី​ប្រឡង​ចូល​រៀន​នៅ​សាលា​ប៉ូលីតិចនិច​ក្រុងហ្ស៊ូរិច ដែល​ជា​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​ខាង​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្រ្ត​ទូទៅ។ ក៏ប៉ុន្តែ ការប៉ុនប៉ង​​ប្រឡងចូល​សាលា​ប៉ូលីតិចនិច​​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយ​នៅ​ក្នុង​ការ​ប្រឡង នៅឆ្នាំ១៨៩៥ អាញ់ស្តាញ់​បាន​ពិន្ទុ​ល្អ​តែ​ខាង​គណិតវិទ្យា និងរូបវិទ្យា ចំណែក​ឯ​មុខវិជ្ជាផ្សេងទៀត​ធ្លាក់ទាំងអស់។

អគារ​សាលា​ប៉ូលីតិចនិច​ហ្ស៊ូរិច (ស្វីស) ដែល​អាញ់ស្តាញ់​រៀន​បាន​សញ្ញាបត្រ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា នៅឆ្នាំ១៩០០
អគារ​សាលា​ប៉ូលីតិចនិច​ហ្ស៊ូរិច (ស្វីស) ដែល​អាញ់ស្តាញ់​រៀន​បាន​សញ្ញាបត្រ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា នៅឆ្នាំ១៩០០

ទោះជាយ៉ាងណា អាញ់ស្តាញ់​ក៏​មិនសុខចិត្ត​បោះបង់​ការ​ព្យាយាម​​តែ​ត្រឹមនោះដែរ ដោយ​បាន​ទៅ​រៀនត្រៀម​មួយឆ្នាំ មុននឹង​ត្រឡប់​មក​ប្រឡង​ម្តងទៀត នៅ​ឆ្នាំ១៨៩៦ ហើយ​​បាន​ជាប់​​ចូលរៀន​សាលា​ប៉ូលីតិចនិច​ហ្ស៊ូរិច​។ នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ អាញ់ស្តាញ់​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​​​សញ្ជាតិ​អាល្លឺម៉ង់​ ដែល​ជា​សញ្ជាតិកំណើត ហើយ​ដាក់ពាក្យ​​សុំសញ្ជាតិ​ស្វ៊ីស។ សញ្ជាតិ​ស្វ៊ីស ដែល​អាញ់ស្តាញ់​ទទួល​បាន នៅ​ឆ្នាំ១៩០១ ក្រោយ​ពី​​បញ្ចប់​ការ​សិក្សា​ថ្នាក់​សកលវិទ្យាល័យ។

នៅសាលា​ប៉ូលីតិចនិក​ក្រុងហ្ស៊ូរិច អាញ់ស្តាញ់​បានបង្កើត​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មិត្តរួមថ្នាក់​ម្នាក់​មាន​ដើម​កំណើត​មក​ពី​ស៊ែរប៊ី គឺ មីឡេវ៉ា ម៉ារីច ដែល​ជា​សិស្សស្រីតែម្នាក់​គត់​នៅ​ក្នុងថ្នាក់ តែ​ជា​សិស្ស​ដ៏​ពូកែ​ម្នាក់។ អាញ់ស្តាញ់ និង​ មីឡេវ៉ា ម៉ារីច ចំណាយពេល​ច្រើន​រៀន​ជាមួយគ្នា ជជែកដេញដោលគ្នា​ពី​រូបវិទ្យា ហើយ​បន្តិចម្តងៗ ភាពជិតស្និទ្ធិ​​នៅ​ក្នុង​ទំនាក់ទំនង​ក្នុងការ​សិក្សា​ក៏​បាន​រាលដាល​ទៅ​ជា​ទំនាក់ទំនង​ផ្ទាល់ខ្លួន។ អ្នក​ទាំងពីរ​​​ចាប់ចិត្ត​ស្រឡាញ់គ្នា ហើយ​សន្យា​ថា​នឹង​រៀបការ​នឹងគ្នា នៅ​ក្រោយ​ពេល​បញ្ចប់​ការសិក្សា។

នៅ​ឆ្នាំ១៩០០ ក្នុងវ័យ ២១ឆ្នាំ អាញ់ស្តាញ់​បាន​ប្រឡង​ជាប់ ទទួល​សញ្ញាបត្រ​ជា​សាស្រ្តចារ្យ​ខាង​រូបវិទ្យា។ នេះ​គួរតែ​ជា​ការ​បើក​ទំព័រ​ជីវិត​ដ៏​មាន​សុភមង្គល​មួយ​សម្រាប់​អាញ់ស្តាញ់។ អាញ់ស្តាញ់​មាន​​គូស្នេហ៍, ​មាន​សញ្ញាបត្រ​ក្នុងដៃ, ​អាច​ចាប់អាជីព​ជា​សាស្រ្តាចារ្យ​ទៅតាម​ក្តីស្រមៃ និង​អាច​រៀបការ​សាងគ្រួសារ​ជាមួយ​គូស្នេហ៍... ក៏ប៉ុន្តែ អ្វីៗ​មិនបាន​​ដំណើរការ​ទៅ​តាម​ក្តីបំណង​ទាំងអស់​នេះ​ទេ។ ក្នុងរយៈពេល​ប្រមាណ​ជា​ជិត២ឆ្នាំ​​ចាប់តាំង​ពី​បញ្ច​ប់​ការ​សិក្សា​ អាញ់ស្តាញ់​ដាក់ពាក្យ​សុំ​បង្រៀន​​នៅ​គ្រប់កន្លែង ក៏ប៉ុន្តែ គ្មាន​សាលាណាមួយ​ទទួល​ឲ្យ​អាញ់​ស្តាញ់​ធ្វើ​ជា​សាស្រ្តាចារ្យ​នោះទេ។

អាញ់ស្តាញ់​ក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​ដើរទាត់ខ្យល់ ហើយក្រុមគ្រួសារ​ដែល​កំពុងឆ្លងកាត់​បញ្ហា​ក្នុង​ការ​រកស៊ី​ផងនោះ​ក៏​មិន​​អាច​ផ្ញើ​លុយកាក់​មកជួយ​បាន។ អាញ់ស្តាញ់​ត្រូវ​ធ្លាក់​ក្នុង​ងថង

មាន​​​ផង កុំថាឡើយ​ដល់​មាន​លុយ​ទៅ​រៀបការ​ និង​ចិញ្ចឹម​គ្រួសារ។

អាញ់ស្តាញ់​ចាប់ផ្តើម​អស់សង្ឃឹម​ក្នុងជីវិត ហើយ​នៅ​ក្នុង​សំបុត្រ​ខ្លះ​ដែល​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​​ដែល​នៅ​អ៊ីតាលី អាញ់ស្តាញ់​ថែម​ទាំង​បាន​សរសេរ​ថា លោក​មិនគួរ​នឹង​ចាប់កំណើត​នៅលើ​លោក​នេះទេ ពីព្រោះ​ថា ជីវិត​របស់​លោក​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់។

ទុក្ខជាន់លើទុក្ខ! នៅ​ក្នុងពេល​ដែល​អាញ់ស្តាញ់​កំពុងតែ​ប្រឈមមុ​ខ​នឹង​ភាពអត់ការងារ​ធ្វើ និង​ជីវភាព​តោកយ៉ាក ឪពុក​របស់​អាញ់ស្តាញ់​​ក៏​ស្រាប់​តែ​ទទួល​មរណភាព ដោយ​ជំងឺ​គាំងបេះដូង ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្សែជីវិត​របស់​អាញ់ស្តាញ់​កាន់តែ​ត្រូវ​កណ្តោចកណ្តែង​ថែម​មួយ​ជាន់ទៀត។

ប្រឈមមុខ​នឹង​ជីវភាព​តោកយ៉ាក​ អាញ់ស្តាញ់​ក៏​សម្រេច​ចិត្ត​​​​បោះបង់​ក្តីបំណង​ចង់​ធ្វើ​ជា​សាស្រ្តាចារ្យ​រូបវិទ្យា ហើយ​សុខចិត្ត​ទទួល​យក​ការងារ​​​ជា​ជំនួយការ​បច្ចេកទេស នៅឯ​​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​ (Swiss Patent Office) ដែល​​ជា​ស្ថាប័ន​រដ្ឋ​ស្វីស ទទួល​បន្ទុក​​ត្រួតពិនិត្យ​ និង​ចុះបញ្ជី​ការពារ​សិទ្ធិ​លើ​រូបមន្តវិទ្យាសាស្រ្ត ឬ​ការ​ច្នៃប្រឌិត​ថ្មីៗ​ណាមួយ ទៅតាម​ការ​ស្នើសុំ​របស់​ម្ចាស់ស្នាដៃ។ វាមិនមែន​ជាអាជីព​ក្នុងក្តីស្រមៃ​របស់​អាញ់ស្តាញ់​នោះទេ តែ​ទោះជាយ៉ាងណា​វា​ក៏​ជា​ការងារ ដែល​អាច​ផ្តល់​ប្រាក់​ខែ​​គ្រប់គ្រាន់ ក្នុង​ផ្គត់ផ្គង់​ជីវភាព និង​អាច​​ចិញ្ចឹម​គ្រួសារ​បាន។

ក្រោយ​ពី​បាន​ការងារ​ធ្វើ អាញ់ស្តាញ់​បាន​រៀបការ​ជាមួយ​មីឡេវ៉ា ម៉ារីច នៅ​ឆ្នាំ​១៩០៣ ជាមួយ​នឹង​ចំណងដៃ​​​កូនប្រុសទីមួយ នៅ​ឆ្នាំ១៩០៤ មុននឹង​កើតបាន​កូនប្រុស​ទីពីរ ៦ឆ្នាំក្រោយ​មក​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ