អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អ៊ីសាក់ញូតុន ​(១៦៤២-១៧២៧)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​ប្រវត្តិ​នៃ​អ្នក​ប្រាជ្ញ​ដ៏ល្បីឈ្មោះ​មួយ​ទៀត គឺ​លោក​អ៊ីសាក់ ញូតុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​តាមរយៈ​ទ្រឹស្តី​នៃ​កម្លាំងទំនាញសកល និង ច្បាប់​នៃចលនា។

រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា
រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ១៦៤២ ឆ្នាំតែមួយ​ដែល​កាលីលេ​ទទួលមរណភាព​នៅ​អ៊ីតាលី អ្ន​កប្រាជ្ញ​មួយរូបទៀត​បាន​ចាប់កំណើតឡើង នៅ​ក្នុង​ប្រទេស​អង់គ្លេស... អ៊ីសាក់ ញូតុន ​ចាប់កំណើតឡើង​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​មួយ ទាំង​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​ប្រទេស។

ញូតុន​​ចាប់កំណើត​ឡើង​​​ជា​កូនកំព្រា​ឪពុក។ ឪពុក​របស់​ញូតុន​​បាន​ទទួលមរណភាព​ តាំង​ពី ៣ខែមុន​ញូតុន​កើត ហើយ​នៅពេល​ដែល​ញូតុន​មាន​អាយុ​ទើប​នឹង​បាន ៣ឆ្នាំ ម្តាយ​បាន​រៀបការ​ប្តីថ្មី ហើយ​ទុកចោល​​ញូតុន​ឲ្យ​រស់នៅ​ជាមួយ​នឹង​ជីដូនជីតា ដោយសារ​តែ​ប្តីថ្មី​មិនចង់​ឲ្យ​ញូតុន​ទៅ​រស់នៅ​ជាមួយ។

លើសពីនេះ​ទៅទៀត ឆ្នាំដែល​ញូតុន​កើត ក៏​ជា​ឆ្នាំ​ដែល​អង់គ្លេសត្រូវ​​ធ្លាក់​ទៅ​ក្នុង​កលយុគ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​មួយ​ផងដែរ។ នៅ​ឆ្នាំ១៦៤៩ នៅពេល​ដែល​ញូតុន​ទើប​នឹង​មាន​អាយុ​មិនដល់ ៧ឆ្នាំ​ស្រួលបួល​ផង សង្រ្គាម​ស៊ីវិល​នៅ​អង់គ្លេស​​បាន​ឈាន​ទៅដល់​ការ​ផ្តួលរំលំ​របបរាជានិយម, ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ចាប់មក​កាត់ក្បាល​ជា​សាធារណៈ, របបសាធារណរដ្ឋ​ត្រូវ​បាន​បង្កើតឡើង ក៏ប៉ុន្តែ ត្រូវ​បាន​ប្រែក្លាយ​ទៅជា​របបផ្តាច់ការ ក្រោមការដឹកនាំ​របស់​អូលីវ័រ ក្រុមវែល។ រហូត​ទាល់តែ​ដល់​១១ឆ្នាំ​ក្រោ​យមក ទើប​វិបត្តិ​នយោបាយ​ត្រូវ​បញ្ចប់ ហើយ​របបរាជានិយម​អង់គ្លេស​ត្រូវ​បាន​បង្កើតឡើងវិញ។

ស្ថានភាព​ចលាចល​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​គ្រួសារ​បែបនេះ​បានបង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ខាង​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដល់​ញូតុន។ ញូតុន​ធំដឹង​ក្តី​ជាមួយ​នឹង​ភាពឯកោ ខ្វះភាព​កក់ក្តៅ ខ្វះការ​ស្រឡាញ់​ថ្នាក់ថ្ម​មពី​ឪពុក​ម្តាយ​, ជាមួយ​នឹង​​កំហឹង​និង​គំនុំ​​​ចំពោះ​ឪពុកចុង​ដែល​ផ្តាច់​ក្តីស្រឡាញ់​របស់​ម្តាយ​ពី​ខ្លួន, ជាមួយ​នឹង​អំពើ​ហិង្សា​នៃ​សង្រ្គាមស៊ីវិល... ​ទាំងអស់​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​បុគ្គលិក​លក្ខណៈ​របស់​ញូតុន។ ពេញ​ក្នុងមួយ​ជីវិត ញូតុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ខ្វះ​ភាព​រាក់ទាក់ ឆេវឆាវ ពោរពេញ​ទៅដោយ​ការច្រណែន និង​ជា​មនុស្ស​ឯកោ​ គ្មាន​មិត្តភក្តិ គ្មាន​គូស្នេហ៍ គ្មាន​ទំនាក់ទំនង​ក្នុង​សង្គម។ ​ប្រហែល​ជា​ដោយសារ​តែ​ការចូលចិត្ត​ភាពឯកោ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ញូតុន​ចំណាយពេល​ភាគច្រើន​នៅ​ក្នុង​ជីវិត ជាមួយ​នឹង​ការ​សិក្សា ការ​ត្រិះរិះពិចារណា​ ទៅលើ​ធម្មជាតិ រហូត​បង្កើត​បាន​ជា​ទ្រឹស្តី​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​វិទ្យាសាស្រ្ត​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។

នៅពេល​ដែល​ញូតុន​មាន​អាយុ ១០ឆ្នាំ ឪពុកចុង​​បាន​ទទួល​មរណភាព ហើយ​ម្តាយ​របស់​ញូតុន​ក៏​បាន​វិលត្រឡប់​មក​រស់នៅ​ជាមួយ​ញូតុនវិញ ដោយ​នាំមកជាមួយ​នូវ​កូនក្រោយ​ចំនួន ៣នាក់។ អាយុបាន ១២ឆ្នាំ ញូតុន​ត្រូវ​បាន​ម្តាយ​ចុះឈ្មោះ​ឲ្យ​ចូលរៀន​នៅ​សាលា​ ដែល​មាន​ចម្ងាយ​ជាង ១០គីឡូម៉ែត្រ​ពីផ្ទះ ហើយញូតុន​​ក៏​ត្រូវ​បែក​ពី​ម្តាយ​ម្តងទៀត ដើម្បី​ទៅ​រស់នៅ​ជាមួយ​គេ​នៅក្បែរ​សាលារៀន។ ក៏ប៉ុន្តែ រៀនបានតែ ៥ឆ្នាំ ញូតុន​ត្រូវបាន​ម្តាយ​ឈប់​ឲ្យ​រៀន ដើម្បី​​មក​ធ្វើ​​ការងារ​កសិកម្ម​​​ជួយ​គ្រួសារ។

ញូតុន​ស្អប់ការងារ​ស្រែចម្ការ ចំណែក​ឯ​​គ្រូ​របស់​ញូតុន​ក៏​មាន​ការ​សោកស្តាយ ដែល​​ឃើញ​កូនសិស្ស​ដ៏មាន​បញ្ញាវាងវៃ​ដូចជា​ញូតុន​បែរ​ជា​ទៅ​ធ្វើ​ជា​កសិករ ដូច្នេះ ក៏​បាន​ព្យាយាម​ទៅ​បញ្ចុះបញ្ចូល​ម្តាយ​​របស់​ញូតុន ឲ្យ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សកលវិទ្យាល័យ។ ម្តាយ​របស់​ញូតុន​បាន​​យល់ព្រម ហើយនៅ​ឆ្នាំ​១៦៦១ ញូតុន​ក៏​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សកលវិទ្យាល័យ​ដ៏ល្បីមួយ​នៅ​អង់គ្លេស គឺ​សកលវិទ្យាល័យ​ខេមប្រ៊ិច (Trinity Colledge, University of Cambridge)។
 

សកលវិទ្យាល័យ​ខេមប៊្រិច (University of Cambridge) ទីដែល​ញូតុន​ធ្លាប់រៀន និង​ធ្វើ​ជា​សាស្រ្តាចារ្យ
សកលវិទ្យាល័យ​ខេមប៊្រិច (University of Cambridge) ទីដែល​ញូតុន​ធ្លាប់រៀន និង​ធ្វើ​ជា​សាស្រ្តាចារ្យ

ពីដំបូង ញូតុន​ត្រូវ​រៀន​បណ្តើរ ធ្វើការ​បណ្តើ (ធ្វើការ​ជា​អ្នក​បម្រើ​ក្នុងផ្ទះ) ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​ការ​រៀនសូត្រ។ នៅ​ឆ្នាំចុងក្រោយ ញូតុន​ត្រូវ​បាន​សាលា​ផ្តល់​អាហារូបករណ៍ ដើម្បី​រៀនបញ្ចប់ថ្នាក់​បរិញ្ញាបត្រ និង​បន្ត​យក​ថ្នាក់​អនុបណ្ឌិត។ ក៏ប៉ុន្តែ ភ្លាមៗ​ក្រោយ​ពី​ញូតុន​រៀនចប់​ថ្នាក់​បរិញ្ញា សកលវិទ្យាល័យ​ខេមប៊្រិច​ក៏​ដូចជា​គ្រឹះស្ថាន​ជាច្រើន​ផ្សេងទៀត​​​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារ​តែ​​មាន​ជំងឺ​​ដ៏​កាចសហាវ កំពុង​ឆ្លង​រាតត្បាត នៅ​ទីក្រុង​ឡុងដ៍ និង​តំបន់​ជុំវិញ។

ក្នុងអំឡុង​ពេល​ដែល​សាលារៀន​បិទទ្វារ ញូតុន​បាន​​វិលត្រឡប់​ទៅ​ផ្ទះ​នៅ​ឯស្រុកស្រែ​ ដើម្បី​គេច​​ពី​ជំងឺ​ឆ្លង ហើយ​នៅ​ក្នុង​រយៈពេលជិត​​ពីរឆ្នាំ​ ញូតុន​បាន​ចំណាយ​ពេល​ភាគច្រើន​ នៅតែម្នាក់ឯង ​ធ្វើការ​សិក្សា​ស៊ីជម្រៅ​ រហូត​ឈាន​ទៅ​បង្កើត​នូវ​ទ្រឹស្តី​ជាច្រើន រាប់ចាប់តាំង​ពី​​ខាង​ផ្នែក​អុបទិក កម្លាំងទំនាញ​សកល រហូត​ទៅដល់​វិធីសាស្រ្ត​គណនា​ស្មុគស្មាញ​ខាង​គណិតវិទ្យា គឺ​ការគណនា​ឌីហ្វេរ៉ង់ស្យែល និង​អាំងតេក្រាល។

ក៏ប៉ុន្តែ នៅ​ពេលនោះ ទ្រឹស្តី​អស់ទាំងនេះ​ត្រូវ​បាន​​ញូតុន​រក្សា​ទុក​សម្រាប់​តែ​ខ្លួនឯង ដោយ​​មិនបាន​ចុះផ្សាយ​អ្វី​ទាំងអស់។ ការ​មិន​ចុះផ្សាយ​​អំពី​ស្នាដៃ​​របស់​ខ្លួនបែបនេះ គឺ​ដោយសារ​តែ​ញូតុន​គឺ​ជា​មនុស្ស​ដែល​មាន​ចរិក​ឯកោនិយម មិនចូលចិត្ត​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ចូលចិត្ត​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​ដោយ​មិន​បង្ហាញ​ឲ្យ​គេ​ឃើញ និង​ជាពិសេស ញូតុន​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មនុស្ស​ចិត្ត​ស្រាល ឆាប់ខឹង និង​មិនចេះទ្រាំទ្រ​នឹង​ការ​រិះគន់។ ហេតុដូច្នេះហើយ​បាន​ជា​លោក​មិនចង់​បង្ហាញ​ស្នាដៃ​​​ឲ្យគេឃើញ ដរាបណា​ស្នាដៃ​នោះ​មិនទាន់​មាន​ភាព​ឥតខ្ចោះ​ចាកផុត​ពី​ការ​រិះគន់។

នៅ​ឆ្នាំ​១៦៦៧ នៅពេល​ដែល​សកលវិទ្យាល័យ​ចាប់បើក​ទ្វារឡើងវិញ ញូតុន​ក៏​បាន​វិលត្រឡប់​ទៅ​ខេមប៊្រិច​វិញ ហើយ​បាន​សិក្សា​រហូត​ដល់​ចប់​​ថ្នាក់​អនុបណ្ឌិត រួចហើយ​ត្រូវ​បាន​សកលវិទ្យាល័យ​តែងតាំង​ឲ្យ​ធ្វើ​ជា​សាស្រ្តាចារ្យ​គណិតវិទ្យា​នៅ​ឆ្នាំ​១៦៦៩។ ៣ឆ្នាំក្រោយមក​ទៀត នៅ​ឆ្នាំ​១៦៧២ ញូតុន ក្នុង​វ័យ​ត្រឹមតែ ៣០ឆ្នាំ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិករាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស ដែល​គេ​តែងស្គាល់​ជាទូទៅ​ថា « The Royal Society »។

នៅពេលនោះ The Royal Society មាន​ទម្លាប់មួយ គឺ​សមាជិក​តែងតែ​ជួប​ប្រជុំគ្នា​ជា​រឿយៗ ដើម្បី​ជជែក​ដេញដោលគ្នា ជុំវិញ​ប្រធានបទ​ទាក់ទង​នឹង​​វិទ្យាសាស្រ្ត។ សមាជិកម្នាក់ៗ​លើកបង្ហាញ​នូវ​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​របស់​ខ្លួន ក្នុងគោលដៅ​ចែកចាយ​ចំណេះដឹងផង និង​ដើម្បី​ឲ្យ​មាន​ការ​ជជែក​ដេញដោល ចោទ​ជា​សំណួរ និង​លើក​បង្ហាញ​នូវ​ទឡ្ហីករណ៍​​ការពារ។​

សកម្មភាព​អស់ទាំងនេះ​​ផ្ទុយស្រឡះ​ពី​ទម្លាប់ និង​អត្តចរិក​របស់​ញូតុន ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ញូតុន​បាន​ព្យាយាម​សម្របខ្លួន ហើយ​បាន​យក​ស្នាដៃ​របស់​លោក​ទៅ​លើកបង្ហាញ និង​ដាក់​ឲ្យ​មាន​ការ​ជជែក​ដេញដោលគ្នា។ ប៉ុន្តែ​មិនបាន​យូរ​ប៉ុន្មាន​ផង បញ្ហា​ចម្រូងចម្រាស​ក៏​ចាប់ផ្ទុះឡើង។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ញូតុន​ត្រូវ​ទទួល​រងនូវការ​រិះគន់​ ហើយ​ញូតុន​ឆ្លើយតប​ទៅវិញ​ដោយ​កំហឹង រហូតរាលដាល​ទៅ​ជា​ជម្លោះ​ជាមួយ​សមាជិក​ផ្សេងទៀត ក្នុង Royal Society។

ញូតុន​មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​អស់ទាំងនេះ​បាន ក៏​សម្រេច​ចិត្ត​ដកខ្លួន​​​បន្តិចម្តងៗ ពី​វេទិកា​ជជែកដេញដោលគ្នា។ ក៏ប៉ុន្តែ នៅ​ឆ្នាំ១៦៨៧ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​តារាវិទូអង់គ្លេស​ឈ្មោះ អែដម៉ុន ហ៊ែលី (Edmond Halley) ញូតុន​បាន​សុខចិត្ត​យក​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ទៅ​បោះពុម្ពផ្សាយ​ជា​សៀវភៅ។ Principia បាន​ក្លាយ​ទៅជា​មូលដ្ឋាន​គ្រឹះ​នៃវិទ្យាសាស្រ្ត​សម័យ​ទំនើប ព្រមទាំង​ត្រូវ​បាន​គេ​ទទួលស្គាល់​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា​ស្នាដៃ​ដ៏សំខាន់​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​វិទ្យាសាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ