អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ញូតុន៖ រវាងភាពឆ្លាតវៃខាងប្រាជ្ញា និងភាពផុយស្រួយខាងផ្លូវចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​វិបត្តិ​ផ្លូវចិត្ត​ដែល​ញូតុន​បាន​ឆ្លងកាត់ ព្រមទាំង​អំពី​ដំណើរ​ជីវិត​ចុងក្រោយ​ និង​កេរមរតក​ដែល​លោក​បាន​បន្សល់​ទុក សម្រាប់​វិទ្យាសាស្រ្ត​សម័យ​ទំនើប។

សៀវភៅ Principia Mathematica របស់​ញូតុន ដែល​​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​
សៀវភៅ Principia Mathematica របស់​ញូតុន ដែល​​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​
ផ្សាយពាណិជ្ជកម្ម

អ៊ីសាក់ ញូតុន ចាប់កំណើតឡើង​ជាទារក​ដែល​កើតមិនគ្រប់ខែ ​មាន​សុខភាព​ផុយស្រួយ រហូត​ធ្វើ​ឲ្យ​ម្តាយ​គិត​ថា​​ប្រហែល​ជា​មិន​អាច​រស់ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ញូតុន​មិន​ត្រឹមតែ​អាច​រស់នៅ​មាន​សុខភាព​ល្អ​រហូតដល់​ចាស់​ប៉ុណ្ណោះទេ តែ​រស់នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាព​ជោគជ័យ និង​មានឈ្មោះ​ជា​អ្នក​ប្រាជ្ញ​គ្មានពីរលើលោក។

ក៏ប៉ុន្តែ ព្រមជាមួយ​នឹង​ភាព​មាំមួន​ខាង​សុខភាព​ផ្លូវកាយ និង​ភាពឈ្លាសវៃ​ខាង​សុខភាព​ផ្លូវ​បញ្ញា ញូតុន​គឺ​ជា​មនុស្ស​ដែល​មាន​បញ្ហា​ច្រើន​ខាង​ផ្លូវចិត្ត។ ភាពផុយស្រួយ​ខាង​ផ្លូវចិត្ត ដែល​កើតឡើង​ ដោយសារ​តែ​​ការ​ឆ្លងកាត់​ជីវិត​កុមារភាព​ដែល​ខ្វះភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ផង និង​ដោយសារ​តែ​ការ​ចំណាយ​ពេល​ច្រើន​ហួសហេតុ​​ក្នុងការ​សិក្សាស្រាវជ្រាវ។

នៅ​ពេញ​ក្នុង​មួយជីវិត​របស់​ញូតុន គេ​ដឹង​ថា ញូតុន​ធ្លាប់​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ង​រយ៉ាងតិច​ចំនួន​ពីរលើក។ វិបត្តិ​ផ្លូវចិត្ត​ដែល​គេ​តែងតែ​លើក​យក​មក​និយាយ​ច្រើន​ជាងគេ គឺ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ១៦៩២-១៦៩៣។ នៅ​មុនពេលនោះ ញូតុន​បាន​ចំណាយ​ពេល​ច្រើន ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ជាពិសេស នៅ​ក្រោយ​ពេល​ដែល​ត្រូវ​បាន​ក្លាយ​ជា​សមាជិក​សភា​អង់គ្លេស។

នៅ​ក្នុង​ពេល​ស្នាក់នៅ​ទីក្រុងឡុងដ៍​នោះហើយ ដែល​ញូតុន​បាន​ជួប​​ទស្សនវិទូ​ដ៏ល្បីល្បាញ​​ក្នុងប្រវត្តិសាស្រ្ត គឺ​ចន ឡុក (John Locke)។ អ្នក​ប្រាជ្ញ​ទាំងពីរ​ចូលចិត្ត​ទ្រឹស្តី​គ្នា​ទៅវិញ​ទៅមក គោរពគ្នា​ទៅវិញ​ទៅមក ហើយ​​ចន ឡុក បាន​ក្លាយ​ជា​មិត្តដ៏ជិតស្និទ្ធ​ និង​ដ៏​កម្រ​មួយ​របស់​ញូតុន។

ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ឆ្នាំ១៦៩២ ចន ឡុក បាន​សង្កេតឃើញ​ភាព​មិន​ប្រក្រតី​កើតឡើង នៅ​ក្នុង​ឥរិយាបថ​របស់​ញូតុន។ ញូតុន​លែង​ជួប​ជជែក និង​ចែកចាយ​ទ្រឹស្តី​របស់​លោក​ជាមួយ​នឹង​ចន ឡុក​ ដូចដែល​ធ្លាប់​ធ្វើ​កាល​ពីមុន ហើយ​កាន់តែ​ចម្លែក​ជាងនេះ​ទៅទៀត ចន ឡុក បាន​ទទួល​សំបុត្រ​ពី​ញុតុន ដែល​សរសេរ​រឿងចម្លែកៗ រួមមាន​ដូចជា​ការ​ចោទ​ចន ឡុក ថា មាន​គម្រោង​ធ្វើ​បាប​លោក ជាដើម។ តាមការពិត នៅ​ពេលនោះ ញូតុន​កំពុង​ឆ្លងកាត់​នូវ​ជំងឺ​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ ហើយ​វិបត្តិ​ផ្លូវចិត្ត​នេះ​បាន​អូសបន្លាយពេល​ប្រមាណ​ជា ១៨ខែ ទើប​ញូតុន​បាន​ជា​សះស្បើយ​មកវិញ។

ក្រោយ​ពី​ជា​ពី​ជម្ងឺផ្លូវចិត្ត ញូតុន​​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្ន​កចាត់ចែង​ខាង​បោះពុម្ពលុយ​ ដែល​ជាមុខតំណែង​មួយ ទទួល​បាន​ប្រាក់​ខែ​យ៉ាងច្រើន​ជាង​កាល​ពី​ពេល​ធ្វើ​ជា​សាស្រ្តាចារ្យ។

តាមការពិត បើ​គេ​ពិនិត្យ​មើល​ជារួម​ក្នុង​ជីវិត​របស់​ញូតុន ក្រៅតែ​ពី​បញ្ហា​ស្មុគស្មាញ​ក្នុង​គ្រួសារ​ពី​កុមារភាព និង​វិបត្តិ​ផ្លូវចិត្ត ញូតុន​មាន​ជីវិត​ប្រកប​ដោយ​ភាព​រុងរឿង មានទាំង​កេរ្តិ៍ឈ្មោះ កិត្តិយស ឋានៈ និង​ទ្រព្យសម្បត្តិ​។ បើ​ប្រៀបធៀប​ជាមួយ​នឹង​កាលីលេ ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​មាន​គំនិត​បដិវត្តន៍​ផ្ទុយ​ពីគំនិត​ចាស់បុរាណ និង​ផ្ទុយ​ពី​ការបង្រៀន​របស់​សាសនា​កាតូលិក​ដូចគ្នា ជីវិត​របស់​ញូតុន​ គឺ​ខុសគ្នា​ស្រឡះ​ដូចមេឃ​និង​ដី ពី​ជីវិត​របស់​កាលីលេ។ ញូតុន​មិន​ត្រឹមតែ​មិន​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ជា​អ្នក​ប្រឆាំង​នឹង​សាសនា​នោះទេ តែ​ត្រូវ​បាន​គេ​គោរព​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ទាំង​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត និង​​ខាង​នយោបាយ។
 

លោក​អ៊ីសាក់ ញូតុន នៅ​ក្នុង​វ័យ​ចំណាស់
លោក​អ៊ីសាក់ ញូតុន នៅ​ក្នុង​វ័យ​ចំណាស់

ញូតុន​បាន​ធ្វើ​ជា​សមាជិក​សភា ធ្វើ​ជា​អ្នក​គ្រប់គ្រង​ការ​បោះពុម្ពលុយ​របស់​អង់គ្លេស បាន​ធ្វើ​ជា​ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស និង​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង។ នៅ​ឆ្នាំ​១៧០៥ ញូតុន​ត្រូវ​បាន​ព្រះមហាក្សត្រិយ​អង់គ្លេស​ប្រទាន​គ្រឿង​ឥស្សរិយយស​​ថ្នាក់​ខ្ពស់​មួយ ហើយ​អ៊ីសាក់ ញូតុន បាន​ទទួល​ងារ​ជា ស័រ អ៊ីសាក់ ញូតុន (Sir Isaac Newton)។

ញូតុន​​ទទួល​មរណភាព នៅថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ១៧២៧ ក្នុង​ជន្មាយុ ៨៥ឆ្នាំ។ សព​របស់​ញូតុន​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​ នៅ​ឯ​វិហារ​វេសមីនស្ទ័រ (Westminster Abbey) ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ទល់មុខ Big Ben និង​​វិមាន​សភា​អង់គ្លេស​បច្ចុប្បន្ន។ វិហារ​វេសមីនស្ទ័រ​​​ជាទូទៅ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទីកន្លែង​សម្រាប់​ស្តេចឡើង​គ្រងរាជ្យ និង​ជា​ទី​បញ្ចុះសព​ព្រះមហាក្សត្រ និង​រាជវង្សានុវង្ស​របស់អង់គ្លេស។ ញូតុន​គឺ​ជា​អ្ន​កវិទ្យាសាស្រ្ត​ទីមួយ ដែលត្រូវ​បាន​គេ​ផ្តល់​កិត្តិយស ឲ្យ​បញ្ចុះសព​នៅ​ទីនោះ។

សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត និង​អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ មរតក​ដែល​ញូតុន​បាន​បន្សល់ទុក​សម្រាប់​វិទ្យាសាស្រ្ត​សម័យ​ទំនើប គឺ​មានតម្លៃ​កាត់ថ្លៃ​មិនបាន។ ច្បាប់​នៃ​ចលនា, កម្លាំងទំនាញសកល, វិធីសាស្រ្តគណនា​ឌីហ្វេរ៉ង់ស្យេល​និង​អាំងតេក្រាល, អុបទិក ពន្លឺ​និង​ពណ៌... ទាំងអស់នេះ សុទ្ធសឹង​ជា​ទ្រឹស្តី​សំខាន់ៗ​ ដែល​ញូតុន​បាន​បន្សល់ទុក ហើយ​ដែល​បាន​នាំមក​នូវការ​ផ្លាស់ប្តូរ មិនត្រឹមតែ​ចំណេះដឹង​ខាង​ផ្នែក​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត និង​ការ​យល់ដឹង​របស់​មនុស្ស​ចំពោះ​បាតុភូត​ធម្មជាតិ​តែ​ប៉ុណ្ណោះទេ តែ​ក៏​បាន​នាំមក​នូវ​ការ​រីកចម្រើន​​យ៉ាងច្រើន​ផងដែរ ចំពោះ​បច្ចេកវិទ្យា​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ជាទូទៅ។

មនុស្ស​នៅ​ក្នុង​ជំនាន់ញូតុន និង​នៅ​ក្នុងរយៈពេល​រាប់រយឆ្នាំក្រោយៗមកទៀត ចាត់ទុក​ញូតុន​ថា​ជា​អ្នក​ប្រាជ្ញ​ដែល​មានប្រាជ្ញាញាណ​កំពូល​ស្ទើរដូចព្រះ, ជាអ្នក​ដែល​មាន​ចំណេះដឹង​ស្ទើរគ្មាន​ដែនកំណត់។ រហូត​ប្រមាណ​ជា ២០០ឆ្នាំក្រោយមក ទើប​ទ្រឹស្តី​របស់​ញូតុន​ត្រូវ​បានសើរើ និង​កែតម្រូវ ដោយ​អ្នក​ប្រាជ្ញ​ថ្មី​មួយរូបទៀត គឺ​អាល់ប៊ែរ អាញ់ស្តាញ់។ ក៏ប៉ុន្តែ សម្រាប់​ញូតុន​ នេះ​​ប្រហែល​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពីព្រោះថា ញូតុន​ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​លើកឡើង​ថា “ខ្ញុំ​មិនដឹង​ថាតើ​មនុស្ស​ម្នាទូទៅ​ចាត់ទុក​​ខ្ញុំ​ជា​មនុស្ស​បែបណា​នោះទេ តែ​សម្រាប់​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំ​ប្រៀបដូចជា​កូនក្មេងម្នាក់ ដែល​កំពុងលេង​នៅលើ​ឆ្នេរសមុទ្រ ហើយ​​ក៏​អាច​រកឃើញ​ដុំគ្រួស ឬ​សម្បក​ខ្យង​ដ៏ស្រស់ស្អាត​ខុសពីធម្មតា​​មួយ​ដុំ ក្នុងពេល​ដែល​​​នៅ​ចំពោះ​មុខខ្ញុំ មាន​មហាសាគរ​ដ៏ធំល្វឹងល្វើយ ដែលបង្កប់​នូវ​វត្ថុ​កាន់តែ​ស្រស់ស្អាត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត មិន​ទាន់​ត្រូវ​បាន​រកឃើញ​នៅឡើយ”។

ចំពោះ​អ្នក​ប្រាជ្ញ​ដែល​ជា​រៀមច្បង​ជំនាន់មុនវិញ ញូតុន​ក៏​បាន​បង្ហាញ​នូវ​ការគោរព​យ៉ាងច្រើន​ផងដែរ ទាំង​ចំពោះ​អ្នក​ប្រាជ្ញ​ដែល​បាន​បង្កើត​ទ្រឹស្តី ដែល​ញូតុន​ខ្លួនឯង​យល់ថា​មាន​ការ​ខ្វះចន្លោះ​ច្រើន​នៅឡើយ​ក៏ដោយ។ ផ្នត់គំនិត​បែបនេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​តាម​រយៈសម្តីមួយឃ្លា​របស់​ញូតុន ​ដែល​គេត្រូវបាន​គេ​​កត់ចំណាំ​ទុក​មកទល់​នឹង​ពេល​បច្ចុប្បន្ន៖ “ខ្ញុំ​អាច​មើល​ឃើញ​បាន​ឆ្ងាយ​ជាង​អ្នក​ផ្សេង គឺ​ដោយសារ​តែ​ខ្ញុំ​​ឈរនៅ​​លើ​ស្មា​យក្ស” ដែល​មាន​អត្ថន័យ​ជា​រួម​ថា ការណ៍​ដែល​លោក​អាច​​សិក្សា​រហូត​​ឈាន​ទៅដល់​ការ​បង្កើត​ទ្រឹស្តីវិទ្យាសាស្រ្ត​​ជាច្រើន​បាន គឺដោយសារ​តែ​លោក​ឈរលើ​ទ្រឹស្តី​ដែល​អ្នក​ផ្សេង​បាន​រកឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ