អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អរិយធម៌​មេឌីទែរ៉ាណេ៖ កោះក្រែត ក្រិក និង​ហ្វេនីស៊ី (លីបង់)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅថ្ងៃ​អាទិត្យ​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់​ជូនលោក​អ្នកស្តាប់ អំពី​បណ្តា​រដ្ឋ និង​អរិយធម៌ នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ រួមមាន កោះក្រែត (Crète) ក្រិក និង​ហ្វេនីស៊ី (Phénicie) ដែល​មាន​ជំនាញ​ខាង​នាវាចរណ៍ និង​ខាង​ជំនួញ​តាម​ផ្លូវសមុទ្រ។

ប្រាសាទ Parthenon នៅ​ក្រិក
ប្រាសាទ Parthenon នៅ​ក្រិក
ផ្សាយពាណិជ្ជកម្ម

អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា ចិន... រដ្ឋ និង​អរិយធម៌​ដ៏ចំណាស់​ទាំង ៤ នៃ​មនុស្ស​ជាតិ មានទំនាក់ទំនង​​រកស៊ី​ជាមួយ​គ្នា​ច្រើន តាំង​ពី​យុគសម័យ​បុរាណ ក៏ប៉ុន្តែ ប្រជាជន​​នៅ​ក្នុង​តំបន់​ទាំង ៤នេះ ច្រើន​តែ​ជា​អ្នក​ជំនាញ​ខាង​ការ​ដឹកជញ្ជូន​ផ្លូវគោក ឬ​ក៏​មាន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ខ្លះ​ដែរ តែ​ជា​ការ​ដឹកជញ្ជូន​តាម​ដង​ទន្លេ។ បើ​និយាយ​ពីអ្នកជំនាញខាង​ដើរ​សមុទ្រ​វិញ គេ​ត្រូវ​ទៅ​មើល​​បណ្តា​រដ្ឋ ដែល​ចាប់កំណើតឡើង​ជា​បន្តបន្ទាប់​គ្នា នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ។

យើង​នៅ​ក្នុងអំឡុង​យុគសម័យ​លង្ហិន (ប្រមាណ ពី​​​៣ពាន់​ឆ្នាំ រហូត​ទៅ​ដល់​ប្រមាណ​ ១ពាន់​ឆ្នាំ​មុនគ.ស)។ នៅខាងជើង​ឆ្នេរសមុទ្រ​អេហ្ស៊ីប ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ មានកោះ​ដ៏ធំមួយ ឈ្មោះ​ថា “កោះក្រែត” (បច្ចុប្បន្ន ជា​ផ្នែកមួយ​នៃប្រទេស​ក្រិក)។ គឺ​អ្នកកោះក្រែត​នេះ​ហើយ ដែល​ជា​អ្នក​ដុះគំនិត​ និង​មាន​ជំនាញ​ខាង​នាវាចរណ៍​តាមផ្លូវ​សមុទ្រ​មុនគេ ដោយពួកគេ​បាន​បង្កើត​នាវា​សមុទ្រ​មួយប្រភេទ ដែលមានឈ្មោះ​បោះសំឡេង​ពាសពេញផ្ទៃសមុទ្រ​ តាំង​ពី​យុគសម័យបុរាណ រហូតដល់​សតវត្សរ៍​ទី១៤​គ.ស.។

នាវាសមុទ្រ​បង្កើត​ឡើង​ដោយ​អ្នក​កោះក្រែត​នេះ ត្រូវបាន​​​​​​គេ​ឲ្យឈ្មោះ​តាមភាសាក្រិក​បុរាណ​ថា “ហ្កាឡេអា” (Galéa) ហៅតាម​ភាសាបារាំង​បច្ចុប្បន្ន​ថា “ហ្កាលែរ” (Galère) គឺ​ជា​ប្រភេទ​នាវា​សមុទ្រ​ដែល​មាន​ក្តោងផង និង​មាន​ដងចែវ​ផង ដែល​តម្រៀបជាជួរ​ទាំងសងខាង​ តាំងពី​ក្បាល​រហូតដល់​កន្ទុយ។ ដោយសារតែ​នៅ​សម័យកាលនោះ មនុស្ស​នៅ​មិនទាន់​រកឃើញ​ទ្រឹស្តី​រូបវិទ្យា ដើម្បី​អាច​ប្រើ​កម្លាំង​ទល់នឹង​កម្លាំង​បាន​នៅឡើយ ដូច្នេះ នៅ​ក្នុងការបើកបរ​នាវាហ្កាលែរ គេអាច​បើក​ក្តោងប្រើ តែ​នៅពេលណា ដែល​មាន​ខ្យល់បក់​មក​ពី​ខាងក្រោយប៉ុណ្ណោះ ក្រៅពីនេះ ត្រូវមាន​មនុស្ស​ចែវ ទើប​នាវា Galère អាច​ធ្វើ​ដំណើរទៅមុខ​បាន។

ដោយសារតែ​ហេតុនេះ​ហើយ​ទើប វានាហ្កាលែរ​ ដែល​ជា​នាវា​ដ៏​មាំ មិនខ្លាច​ព្យុះ មិនខ្លាច​រលក ក៏ប៉ុន្តែ មិនអាច​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​ឆ្នេរបាន​យូរ​នោះទេ ដោយសារ​តែ​ចំនួន​មនុស្ស​ដែល​ត្រូវ​ចែវវា​មាន​ចំនួន​ច្រើន ហើយ​ប្រើ​កម្លាំង​ចែវច្រើន ដូច្នេះ ​ត្រូវការ​ផឹកទឹកច្រើន ដែល​គេ​មិន​អាច​ដឹកយក​តាមគ្រប់គ្រាន់​សម្រាប់​ច្រើន​ថ្ងៃបាន ទើប​ចាំបាច់​ត្រូវ​តែ​ចូល​សំចត​នៅ​មាត់ឆ្នេរ​ជារៀងរាល់យប់។

​ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ​ នាវាហ្កាលែរ គឺ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ សម្រាប់​ឲ្យ​អ្នក​កោះក្រែត​ធ្វើជំនួញជួញដូរ​តាមផ្លូវ​សមុទ្រ នៅ​ជុំវិញ​តំបន់​មេឌីទែរ៉ាណេ ចាប់តាំង​ពី​អេហ្ស៊ីប រហូត​ទៅដល់​ក្រិក។

យើងធ្លាប់​បាន​ឃើញ​ហើយ​ថា របរកសិកម្ម​ជួយ​ឲ្យ​មនុស្ស​បង្កើន​សមត្ថភាព​ផលិត​បាន​​ច្រើន​ជាង​ការបរបាញ់​រហូតដល់​ទៅ​រាប់រយដង។ របរ​ជួញដូរ​​រឹតតែ​ជួយ​ឲ្យ​មនុស្ស​​មានបាន​កាន់តែ​ឆាប់​ជាង​របរ​កសិកម្ម​ទៅទៀត។ ហេតុដូច្នេះហើយ​បាន​ជា​អ្នកកោះក្រែត​សម័យដើម គឺ​ជា​អ្នកមាន​ដ៏ស្តុកស្តម្ភបំផុត។

ក៏ប៉ុន្តែ នៅ​ចុងយុគសម័យ​លង្ហិន ប្រមាណ​ជា ១ពាន់​ឆ្នាំ​មុន​គ.ស (ជាង ៣ពាន់ឆ្នាំ​មុនសម័យកាល​បច្ចុប្បន្ន) អ្នកកោះក្រែត ដែល​ជា​អ្នក​ពូកែខាងជំនួញ ក៏​ចាប់​ធ្លាក់​ចុះ​ដុនដាប។ ម្យ៉ាង ប្រហែល​ជា​មក​ពី​ពួកគេ​​​ត្រូវ​ទទួលរងនូវ​​ចំហាយ​នៃ​ការ​ផ្ទុះភ្នំភ្លើង​ដ៏ធំមួយ នៅ​កោះដែល​ក្បែរ​នោះ ហើយ​ម្យ៉ាងទៀត ពួក​គេ​ត្រូវ​ទទួល​ការ​ឈ្លានពាន​ពី​សំណាក់ក្រិក និង​ហ្វេនីស៊ី (មានទីតាំង​នៅ​ម្តុំ​ប្រទេស​លីបង់​បច្ចុប្បន្ន)។

នៅពេលនោះ ក្រិក និង​ហ្វេនីស៊ី (Phénicie) ដែល​បាន​រៀនសូត្រ​ច្រើន​ពី​កោះក្រែត ក៏​សុទ្ធតែ​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រដែរ។ ក្រិក​កាន់កាប់​ដែនសមុទ្រ​ ដែល​នៅ​ប៉ែក​ខាង​ជើង​កោះក្រែត ចំណែក​ហ្វេនីស៊ី​វិញ កាន់កាប់​ដែនសមុទ្រ​ដែល​នៅ​ក្បែរ​លីបង់​សព្វថ្ងៃ។

ក្រិក និង​ហ្វេនីស៊ី ជា​អ្នក​ជំនាញ​ខាង​នាវាចរណ៍​ និង​ការជួញដូរ​ផ្លូវសមុទ្រ​ដូចគ្នា ក៏ប៉ុន្តែ មាន​វប្បធម៌​ខុសគ្នា។ ប្រជាជន​ក្រិក​​និយាយ​ភាសា​ក្នុង​អម្បូរអឺរ៉ុប ចំណែក​អ្នកស្រុក​ហ្វេនីស៊ី​វិញ និយាយ​ភាសាមួយ ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​ភាសាអារ៉ាប់​បច្ចុប្បន្ន។

អ្នកស្រុក​ហ្វេនីស៊ី ដែល​ជា​អ្នក​ពូកែ​ខាង​មុខជំនួញ បាន​បង្កើត​​នូវ​ស្នាដៃ​ដ៏សំខាន់​មួយ ដែល​បន្សល់​ទុក​ជា​កេមរតក​ដល់​មនុស្សជាតិ​ភាគច្រើន នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន គឺ​អក្ខរក្រម (ប្រព័ន្ធ​សំណេរ​ដោយ​ផ្អែក​លើ​ព្យញ្ជនៈ និង​ស្រៈ)។

ប្រព័ន្ធ​សំណេរ​ជា​សញ្ញា (Idéogrammes) ដូចជា ភាសា​​​ចិន និង​អេហ្ស៊ីប នៅ​ក្នុង​សម័យកាល​នោះ មិនឆ្លើយតប​នឹង​តម្រូវការ​​ជាក់ស្តែង​របស់​អ្នក​ជំនួញនោះទេ ដោយសារ​តែ​​វា​មាន​សញ្ញា​ច្រើន​ពេក រហូតដល់​ទៅ​រាប់ម៉ឺន​សញ្ញា។ ដើម្បី​​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ចាត់ចែង​មុខជំនួញ​​របស់​ពួកគេ អ្នកស្រុក​ហ្វេនីស៊ី​ក៏​បាន​បែក​គំនិត​​ពី​ការ​ប្រើ​​សំណេរ​ជា​សញ្ញា​រាប់ម៉ឺន​ បែរ​ទៅប្រើ​អក្សរ​ (ឬ​អក្ខរៈ) ដែល​មាន​ចំនួន​តែ​ជាង​ ២០ ដោយ​អក្សរនីមួយៗ​មិនមាន​អត្ថន័យ​អ្វី​ទាំងអស់ ប៉ុន្តែ គេ​អាច​យក​វា​ទៅ​ផ្គុំ និង​ផ្សំ បង្កើត​ជា​ពាក្យ​​យ៉ាងច្រើន​សន្ធឹក ទៅតាម​ចិត្តចង់។

តាមការពិត អ្នកជំនាញ​ខាងបុរាណវិទ្យា និង​ភាសាវិទ្យា បាន​រកឃើញ​អត្ថបទ​ដែល​សរសេរ​ដោយ​ប្រើ​ប្រព័ន្ធ​អក្ខរក្រម ដែល​មាន​អាយុ​កាល​តាំង​ប្រមាណ​ជា ១ពាន់៤រយ​ឆ្នាំ​មុន​គ.ស ពោលគឺ តាំង​ពី​មុន​សម័យកាល​​ហ្វេនីស៊ី​ទៅទៀត។ ប្រព័ន្ធ​អក្ខរក្រម​ដ៏​ចំណាស់​នេះ​ត្រូវ​បាន​គេ​រកឃើញ នៅ​ក្នុង​តំបន់​មួយ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​បច្ចុប្បន្ន។ ​នេះ​មានន័យថា ការសរសេរ​តាម​ប្រព័ន្ធ​អក្ខរក្រម​ ត្រូវ​បាន​គេ​ប្រើប្រាស់​តាំង​ពី​មុន​សម័យកាល​ហ្វេនីស៊ី​ទៅទៀត ក៏ប៉ុន្តែ គឺ​​​អ្នកស្រុក​ហ្វេនីស៊ី ដែល​យក​សំណេរ​បែបនេះ​មក​អភិវឌ្ឍ​ទៅជា​ប្រព័ន្ធ​សំណេរ​ដ៏​ទូលំទូលាយ​ និង​ពេញលេញ។ ប្រព័ន្ធ​សំណេរ​ដែល​ត្រូវបាន​យើង​ប្រើប្រាស់​យ៉ាងទូលំទូលាយ​បំផុត នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន។ សព្វថ្ងៃនេះ ក្រៅពី​ចិន និង​ជប៉ុន គ្រប់ភាសា​ទាំងអស់​នៅលើ​ភពផែនដី​នេះ សុទ្ធតែ​ប្រើ​ប្រព័ន្ធ​សំណេរ​អក្ខរក្រម​ ក្នុងនោះ ក៏​រួមទាំង​ភាសា​ខ្មែរ​ផងដែរ។

នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ​សម័យបុរាណ ក្រិក និង​ហ្វេនីស៊ី មិន​ធ្វើ​សង្រ្គាម​នឹង​គ្នា​នោះទេ ប៉ុន្តែ ពួកគេ​ធ្វើការ​បែងចែក​ដែន​ឥទ្ធិពល​​គ្នា​ ដើម្បី​បោះទីតាំង​ ធ្វើ​អាណានិគម​ទៅតាម​ទិសដៅ​រៀងៗ​ខ្លួន គឺ​ក្រិក នៅ​ឆ្នេរប៉ែក​ខាង​ជើង​ នៃ​សមុទ្រ​មេឌីទែរ៉ាណេ ចំណែក ហ្វេនីស៊ី នៅ​ឆ្នេរប៉ែក​ខាង​ត្បូង។ អាណានិគម​ក្នុងន័យនេះ គឺ​ខុស​ពី​អាណានិគម​ក្នុង​សម័យ​ទំនើប​។ សម្រាប់​ពួកក្រិក និង​ពួក​ហ្វេនីស៊ី​នៅ​សម័យដើម នៅពេលណា ដែល​ទីក្រុង​មួយ​មាន​មនុស្ស​ច្រើន​ពេក ក្រុមគ្រួសារ​ខ្លះ ក៏​ចាកចេញ​ពី​ក្រុងនេះ ទៅ​កាន់​ទីកន្លែង​ថ្មី ដែល​នៅ​តាម​កោះ ឬ​តាម​​បណ្តោយ​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ ដើម្បី​បង្កើត​ជា​ក្រុង​ថ្មី ដែល​មានរចនាសម្ព័ន្ធ​គ្រប់គ្រង​ឯករាជ្យ​ពី​ក្រុង​ចាស់។

ទាំង​ក្រិក ទាំង​ហ្វេនីស៊ី និង​បណ្តា​អាណាចក្រ​ផ្សេងៗ​ទៀត នៅ​ក្នុង​សម័យកាល​នោះ មិនមាន​ការ​បង្កើត​ជា​ប្រទេស​ក្នុង​ទម្រង់​ជា​ប្រជាជាតិ ដូចជា សព្វថ្ងៃ​នេះ​ទេ។ ពួកគេ​ គ្រាន់តែ​​ជា​ប្រជាជន​ដែល​​ចេញ​ពី​អម្បូរ​តែមួយ និយាយ​ភាសា​ដូចគ្នា មាន​វប្បធម៌​ដូចគ្នា ហើយ​រស់នៅ​ជា​អាណាចក្រ​ធំមួយរួមគ្នា ប៉ុន្តែ មានអំណាច​ដឹកនាំ​ឯករាជ្យ​ដាច់ៗ​ពីគ្នា ទៅតាម​​ទីក្រុង​ផ្សេងៗ​គ្នា ប្រៀបបាន​នឹង​​កូនរដ្ឋ​តូចៗ​ឯករាជ្យ​ដាច់ចេញ​ពី​គ្នា។

អាណានិគមក្រិក​ភាគច្រើន​ស្ថិត​នៅ​ឆ្នេរ​ប៉ែក​ខាងជើង​នៃ​សមុទ្រ​មេឌីទែរ៉ាណេ ក៏ប៉ុន្ត ក៏​មាន​ផងដែរ​នៅ​​​ជុំវិញ​សមុទ្រ​ខ្មៅ អ៊ីតាលី និង​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។ រហូតមកទល់នឹង​សព្វថ្ងៃនេះ គេនៅតែ​អាច​សង្កេតឃើញ​ពី​សំណល់​ពី​អាណានិគម​ក្រិក​សម័យបុរាណ តាមរយៈ​ឈ្មោះ​នៃ​ក្រុង​ខ្លះ ក្នុង​​ប្រទេស​បារាំង និង​អ៊ីតាលី។

ជាអាទិ៍ ទីក្រុង Nice ដែល​​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង​ ជាប់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ គឺ​ជាឈ្មោះ​​ដែល​មាន​ឫសគល់​ពី​ភាសាក្រិក Nikaia ដែល​មាន​ន័យថា “ជ័យជម្នះ”។ ទីក្រុង​ Napoli នៅ​អ៊ីតាលី ជា​ឈ្មោះ​ក្លាយ​ពី​ភាសាក្រិក Neapolis ដែលមានន័យថា “ក្រុងថ្មី”។

នៅ​ឆ្នេរ​ប៉ែក​ខាង​ត្បូង នៃ​សមុទ្រ​មេឌីទែរ៉ាណេ ក្រិក​បាន​បោះទីតាំង​ធ្វើ​អាណានិគម តែ​នៅ​ក្នុង​តំបន់ Cyrénaïque មួយប៉ុណ្ណោះ។ តំបន់ Cyrénaïque ដែល​ស្ថិត​ នៅ​ក្នុង​ប្រទេស​លីប៊ី​សព្វថ្ងៃ។

ក្រៅ​ពី​តំបន់​ Cyrénaïque នេះ នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​មេឌីទែរ៉ាណេ គឺ​ជា​ដែន​អាណានិគម​របស់​ហ្វេនីស៊ី។ នៅ​ឆ្នាំ​ ៨០០​មុន​គ.ស ហ្វេនីស៊ី​បាន​បង្កើត​ទីក្រុង​មួយ នៅ​ក្នុង​តំបន់ ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​របស់​ទុយនីស៊ី​សព្វថ្ងៃ។ ទីក្រុង​នោះ​​មាន​ឈ្មោះ​ថា Carthage ហើយ​ដែល​ក្រោយ​មក​បាន​រីកដុះដាល រហូត​ក្លាយ​ទៅជា​អាណាចក្រ​មួយ​ឯករាជ្យ ហើយ​មាន​អំណាចប្រណាំង​ប្រជែង​ជាមួយ​នឹង​​ពួក​ហ្វេនីស៊ី​វិញ​ទៀតផង។

ក្រិក និង​ហ្វេនីស៊ី ថ្វីដ្បិត​តែ​នាវា​ហ្កាលែរ​របស់​ពួកគេ ពិបាក​នឹង​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​ឆ្នេរ​ក្នុងរយៈពេល​វែង ក៏ប៉ុន្តែ ពួកគេ​នៅតែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ចេញ​ពី​មេឌីទែរ៉ាណេ​ ទៅ​កាន់​តំបន់​ឆ្ងាយៗ​​ផ្សេងទៀត ដោយ​ធ្វើ​ដំណើរ​សសៀរ​តាម​ឆ្នេរ។

ពួកក្រិក​ ធ្វើ​ដំណើរ​ចេញ​ពី​មេឌីទែរ៉ានេ ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​​ហ្ស៊ីប្រាល់តា (Gibraltar) ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​ម៉ារ៉ុក។ នៅ​ពេល​ចេញ​ពី​ច្រក​សមុទ្រ​ហ្ស៊ីប្រាល់តា ពួកគេ​​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងជើង ទៅ​ដល់​អង់គ្លេស ហើយ​បន្ត​រហូត​ទៅដល់​សមុទ្រ​បាល់ទិក (Baltique)។

ពួកហ្វេនីស៊ីវិញ ធ្វើដំណើរ​កាត់​តាម​សមុទ្រ​ក្រហម (ចន្លោះ​អេហ្ស៊ីប និង​អារ៉ាប៊ីសាអ៊ូឌីត) ចាក់ចុះ​ទៅទិសខាង​ត្បូង រហូតដល់​ឥណ្ឌា។ នៅ​អំឡុង​ឆ្នាំ​៦០០​មុនគ.ស ពួក​ហ្វេនីស៊ី​​មួយក្រុម​បាន​ធ្វើ​ដំណើរ​តាមនាវា​ហ្កាលែរ ចេញ​ពី​អេហ្ស៊ីប សសៀរ​តាម​ឆ្នេរ​សមុទ្រ​នៃ​ទ្វីបអាហ្វ្រិក ចុះ​ទៅទិស​ខាង​ត្បូង។ នៅរៀងរាល់យប់​ ពួកគេ​តែងតែ​ចូល​ទៅ​សំចត​នៅ​មាត់ឆ្នេរ ដើម្បី​យក​ទឹកផឹកផង និង​ដើម្បី​​ធ្វើការជួញដូរ​ផង​។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់រយៈពេល​ជាច្រើន​ខែ អ្នកដើរ​នាវា​ហ្វេនីស៊ី​ក៏​ចាប់ផ្តើម​សង្កេតឃើញ​ថា ឆ្នេរសមុទ្រ នៅតែ​ស្ថិត​នៅ​ខាង​ស្តាំដៃ​របស់​ពួកគេដដែល ក៏ប៉ុន្តែ ព្រះអាទិត្យ​ ដែល​កាល​ពី​ពេល​ចេញ​ដំណើរ​រះ​នៅ​ខាង​ឆ្វេងដៃ ឥឡូវនេះ ស្រាប់តែ​រះនៅ​ខាង​ស្តាំ​ដៃ​វិញ។ ពួកគេ​ក៏​ដឹង​ខ្លួន​ថា ពួកគេ​បាន​​មក​ដល់​ផ្នែក​​ម្ខាងទៀត​នៃ​ទ្វីបអាហ្វ្រិក (នៅ​ខាង​មហាសមុទ្រ​អាត្លង់ទិក) ហើយ​កំពុង​តែ​ធ្វើដំណើរ​ឆ្ពោះទៅ​ទិសខាងជើងវិញ។ មិនយូរប៉ុន្មាន ពួកគេ​ក៏​ធ្វើ​ដំណើរ​មក​ដល់​ច្រក​សមុទ្រ​ហ្ស៊ីប្រាល់តា ហើយ​ក៏​ឆ្លងកាត់​ច្រកសមុទ្រ​នេះ ចូល​ទៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេវិញ ដោយ​ធ្វើ​ដំណើរ​គ្រប់មួយជុំទ្វីបអាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ