អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ញូតុន ​ផ្លែប៉ោម ​និង​កម្លាំងទំនាញ​សកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​ដំណើររឿង​ដែល​គេ​តែងតែនាំគ្នា​លើកឡើង គឺ​ស្តីអំពី​ទំនាក់ទំនង រវាង​ផ្លែប៉ោម និង​ទ្រឹស្តីនៃ​កម្លាំងទំនាញសកល។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៧ ការសិក្សា​​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នៅតែ​​មាន​មូលដ្ឋាន​គ្រឹះ​ឈរលើ​ទ្រឹស្តី​របស់​អារីស្តូត អ្នក​ប្រាជ្ញ​ដ៏ល្បីល្បាញ​របស់​ក្រិក​តាំង​ពី​សម័យកាល​មុន​គ្រិស្តសករាជ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ឥទ្ធិពល​នៃ​​ទ្រឹស្តីវិទ្យាសាស្រ្ត​សម័យទំនើប​​ក៏​កំពុងតែ​ចាប់ផ្តើម​រីកសាយភាយ​កាន់តែ​ច្រើន​ឡើង​ផងដែរ ដែល​គេ​ហៅថា​ជាបដិវត្តន៍​នៃ​វិទ្យាសាស្រ្ត។

ញូតុន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ផ្តោត​​ការ​យកចិត្ត​ទុកដាក់​ខ្លាំង ​​​​ទៅលើ​ទ្រឹស្តី​របស់​អ្ន​កវិទ្យាសាស្រ្ត​សម័យ​ទំនើប​ រួមមាន​ដូចជា​ទស្សនវិទូបារាំង រ៉ឺនេ ដេកាត អ្ន​កប្រាជ្ញ​អ៊ីតាលី​ កាលីលេ តារាវិទូ​ប៉ូឡូញ នីកូឡា កូពែរនិក និងតារាវិទូ​អាល្លឺម៉ង់ ហ្សូហាន កេព្ល័រ។ ទ្រឹស្តី​ដែល​កំណត់​ថា ផែនដី​មិនមែន​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​វិល​ជុំវិញ​ផែនដី​នោះទេ តែតាមពិត មាន​តារារណបខ្លះ​វិលជុំវិញ​ភព ដូចជា ព្រះចន្ទ​របស់​ភពព្រហស្បតិ៍​វិលជុំវិញ​ភពព្រហស្បតិ៍ ព្រះចន្ទ​របស់​យើង​វិលជុំវិញ​ភពផែនដី ក៏ប៉ុន្តែ ទាំង​ភព​ព្រហស្បតិ៍ ទាំង​ភពផែនដី​ និង​ភព​ផ្សេងទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ព្រះអាទិត្យ។

គឺ​នីកូឡា កូពែរនិក ដែល​បាន​បង្កើត​នូវ​ទ្រឹស្តី ស្តីពី​​ចលនា​វិលជុំវិញ​ព្រះអាទិត្យ ដោយ​ថែម​ទាំង​បាន​ធ្វើការ​គណនា​​ថា ភពទាំងអស់​ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ ក្នុងគន្លង​ដែល​មាន​ទម្រង់​ជា​រង្វង់ ហើយ​ព្រះអាទិត្យ​ស្ថិត​នៅ​ត្រង់​ផ្ចិត​នៃ​រង្វង់។ ក៏ប៉ុន្តែ ក្រោយ​មក​ទៀត តារាវិទូ​អាល្លឺម៉ង់ ហ្សូហាន កេព្ល័រ បាន​​ធ្វើការ​គណនា​បង្កើត​បាន​នូវ​ទ្រឹស្តី​ថ្មី​មួយ​ទៀត ដែល​កំណត់​ថា ភពទាំងអស់​ពិតជា​វិល​ជុំវិញ​ព្រះអាទិត្យ​មែន តែ​​​មាន​គន្លង​មូលទ្រវែង (ឬពងក្រពើ) ​មិន​មែន​​ជា​រង្វង់​នោះទេ ហើយ​​ព្រះអាទិត្យ​មិនស្ថិត​នៅ​ត្រង់​ចំណុច​ផ្ចិត​នោះដែរ។ ទ្រឹស្តី​របស់​​លោក​ហ្សូហាន កេព្ល័រ ត្រូវបាន​គេ​ទទួលស្គាល់​ជាទូទៅ ក៏ប៉ុន្តែ នៅពេលនោះ​មាន​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ចោទឡើង ហើយ​ដែល​គេ​នៅមិនទាន់​មាន​ចម្លើយ៖ តើ​ចលនា​វិល​ជុំវិញព្រះអាទិត្យ​​នេះ​កើតមាន​ដោយសារអ្វី?

នៅថ្ងៃមួយ ញូតុន​កំពុង​​អង្គុយ​សញ្ជប់សញ្ជឹង​​នៅ​ក្រោម​ដើមប៉ោម ក្នុង​សួនច្បារ​នៅ​ឯ​ផ្ទះ​​នៅ​ស្រុកស្រែ ក៏​ឃើញ​ផ្លែប៉ោម​​​របេះពីមែក​ធ្លាក់​ចុះ​មក​លើដី។ នៅពេលនោះ មនុស្ស​ម្នា​ជា​ទូទៅ រាប់ទាំង​អារីស្តូតផង ​តែងតែ​នាំគ្នា​គិត​ថា វត្ថុទាំងឡាយណា​ដែល​មាន​ទម្ងន់​ដូចជា​ផ្លែប៉ោម​នេះ​ជាដើម​តែងតែ​ធ្លាក់​ចុះ​មក​ក្រោម គឺ​ជា​រឿងធម្មតា​ទៅតាម​ក្រឹត្យក្រម​នៃ​ធម្មជាតិ។ ក៏ប៉ុន្តែ ញូតុន​វិញ​​មិនបាន​ស្កប់ចិត្ត​នឹង​ត្រឹម​ពាក្យថា “វាជារឿងធម្មតា​ទៅតាម​ក្រឹត្យក្រម​ធម្មជាតិ” នេះទេ តែបាន​ចោទ​ជា​សំណួរ​កាន់តែ​ស៊ីជម្រៅថែមទៀត​ថា តើ​ហេតុអ្វី​​បាន​ជា​​​​​ផ្លែប៉ោម​ធ្លាក់​ចុះ​មក​ដី ហើយ​មិន​ទៅលើ ឬក៏ទៅខាងឆ្វេង ឬ​ខាងស្តាំ?

សម្រាប់​ញូតុន វាច្បាស់ណាស់​ថា ពិតជា​មាន​កម្លាំង​អ្វី​មួយ ដែល​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ចុះ​មក​ខាងក្រោម គឺកម្លាំងដែល​គេហៅ​ថា “ទំនាញផែនដី” ក៏ប៉ុន្តែ ញូតុន​ក៏​មិន​បាន​បញ្ឈប់​តែ​ត្រឹមនេះដែរ ដោយ​បាន​ចោទ​ជា​សំណួរ​ជា​គន្លឹះសំខាន់​មួយ​បន្ថែម​ទៀត​ថា បើ​សិន​ជា​ផែនដី​មាន​កម្លាំងទំនាញ​អាច​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ចុះ​មក​បាន តើ​កម្លាំងនេះ​អាច​មាន​ឥទ្ធិពល​ទៅដល់​ត្រឹមណា? តើ​កម្លាំងទំនាញ​នេះ​មាន​ឥទ្ធិពល​ទៅដល់​ព្រះចន្ទ​ដែល​នៅលើមេឃ​ដែរឬទេ? តើ​ហេតុអ្វី​បាន​ជា​ព្រះចន្ទ​មិនធ្លាក់ចុះ​មក​ផែនដី​ដូចជា​ផ្លែប៉ោម? ហើយ​ផ្ទុយទៅវិញ តើ​ហេតុអ្វី​បាន​ជា​ព្រះចន្ទ​មិន​រសាត់​ចេញ​ពី​គន្លងផែនដី​ទាំងស្រុង? ញូតុន​បានសញ្ជឹងគិត​​ជុំវិញ​សំណួរ​ទាំងនេះ ដោយ​​សិក្សា​ទៅលើ​​​ករណី​គ្រាប់ផ្លោង (Cannonball)។
 

ញូតុន​គិត​ថា ប្រសិនបើ​គេ​​បាញ់​​​កាំភ្លើង​ផ្លោងពីលើ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ ហើយ​បាញ់​ក្នុង​ទិសដៅ​ផ្តេកស្របនឹង​ផ្ទៃដី បើសិន​ជា​គ្មាន​ឥទ្ធិពល​ពី​កម្លាំង​ណា​ផ្សេងទៀត​ទេ​នោះ គ្រាប់ផ្លោង​គួរតែ​ធ្វើ​ដំណើរក្នុងគន្លងជា​ខ្សែបន្ទាត់​ត្រង់​ទៅមុខ។ ផ្ទុយទៅវិញ ក្នុងការ​ពិតជាក់ស្តែង គ្រាប់ផ្លោង​ធ្វើ​ដំណើរ​ក្នុងគន្លង​ជា​ខ្សែកោង គឺ​ឆ្ពោះទៅមុខ​ហើយ​កោងចុះ​មក​លើ​ផ្ទៃដីវិញ។ នេះគឺ​ដោយសារ​តែ​គ្រាប់ផ្លោង​ទទួល​ឥទ្ធិពល​ពី​កម្លាំង២​ក្នុងពេល​តែមួយ ហើយ​ក្នុងទិសដៅ​កែងគ្នា គឺ​កម្លាំង​ដែល​បាញ់​ចេញទៅមុខ និង​កម្លាំងទំនាញផែនដី​ដែល​ទាញចុះ​ទៅខាងក្រោម។

បើ​សិន​ជា​គេ​បង្កើន​កម្លាំងបាញ់កាន់តែ​ខ្លាំង គ្រាប់ផ្លោង​មាន​ល្បឿន​កាន់តែ​លឿន ហើយ​ធ្វើ​ដំណើរ​បាន​កាន់តែ​ឆ្ងាយ​។ គ្រាប់ផ្លោង​នៅតែ​ធ្វើ​ដំណើរ​ក្នុងគន្លង​ជា​ខ្សែកោង ក៏ប៉ុន្តែ ភាព​កោងកាន់តែ​ថយចុះ​។ ចុងក្រោយ ញូតុន​បាន​លើក​ជា​សម្មតិកម្ម​មួយ​ថា ប្រសិនបើ​គេ​អាច​រកវិធី​បាញ់​គ្រាប់ផ្លោង​ក្នុងល្បឿន​មួយ​គ្រប់គ្រាន់​​អាច​ឲ្យ​គ្រាប់ផ្លោង​​​​ធ្វើ​ដំណើរ​ក្នុង​គន្លង​ជា​ខ្សែកោង​មួយ ដែល​ស្មើ​នឹង​ភាពកោង​នៃ​ភពផែនដី គ្រាប់ផ្លោង​នេះនឹងធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី ហើយ​ញូតុន​គិ​តថា យន្តការនៃ​កម្លាំងទំនាញ​នេះ គឺ​ជា​យន្តការតែមួយ ដែល​ធ្វើ​ឲ្យ​ព្រះចន្ទ​វិល​ក្នុង​គន្លងជុំវិញ​ផែនដី ហើយ​ផែនដី ព្រមទាំង​ភពផ្សេងទៀត​វិលជុំវិញ​ព្រះអាទិត្យ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា កម្លាំងទំនាញ​ដែល​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ និង​ទាញ​ព្រះចន្ទ​ឲ្យ​វិលជុំវិញ​ភពផែនដី វា​​​មិនមែន​ជា​កម្លាំង​ទំនាញ​ដែល​មាន​សម្រាប់តែ​ផែនដីតែ​មួយ​​នោះដែរ តែ​ជា​កម្លាំង​ដែល​មាន​នៅ​ពេញ​ក្នុង​ចក្រវាល​ទាំងមូល ដែល​ញូតុន​កំណត់​ថា​ជា “កម្លាំងទំនាញសកល”។

ទ្រឹស្តី​របស់​ញូតុន​ គឺ​ជា​គន្លឹះ​ដ៏សំខាន់មួយ ដើម្បី​ឆ្លើយ​នឹង​ចម្ងល់​របស់​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​ទាក់ទង​នឹង​ចលនា​របស់​ភព​ជុំវិញ​ព្រះអាទិត្យ ក៏ប៉ុន្តែ នៅពេលនោះ ដោយសារ​តែ​ញូតុន​មិនយក​ទ្រឹស្តី​ទៅ​ចុះផ្សាយ មិនមាន​អ្នកណា​បាន​ដឹង​ពី​ការ​រកឃើញ​ទ្រឹស្តី​ដ៏សំខាន់​នេះទេ ក្រៅតែ​ពី​ញូតុន​ខ្លួនឯង។

នៅឆ្នាំ១៦៨៤ តារាវិទូ​អង់គ្លេស​ឈ្មោះ អ៊ែដម៉ុន ហ៊ែលី បាន​ជជែកវែកញែក​គ្នា​​ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​ពីររូបផ្សេងទៀត ស្តីអំពី​ចលនា​​របស់​ភព​ដែល​ធ្វើ​ដំណើរ​ក្នុងគន្លងជុំវិញ​ព្រះអាទិត្យ។ អ្នក​ប្រាជ្ញទាំង៣រូប​ បាននាំគ្នា​លើកឡើង​ពី​ទឡ្ហីករណ៍​ជាច្រើន ក៏ប៉ុន្តែ គ្មាន​អ្នកណា​ម្នាក់​អាច​បង្ហាញ​ពី​ទ្រឹស្តីបទ ឬ​រូបមន្ត​ ដែល​អាច​ពន្យល់​អំពី​ចលនា​ទាំងអស់​នេះ​បាន​នោះទេ។

ប៉ុន្មានខែក្រោយមក ហ៊ែលី​បាន​ធ្វើ​ដំណើរ​ទៅ​ខេមប៊្រិច ដើម្បី​ជជែក​ជាមួយ​ញូតុន ជុំវិញ​រឿងនេះ ហើយ​​នៅ​ក្នុង​ការជជែក​នោះ ​ហ៊ែលី​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយ​ដឹងថា ញូតុន​បាន​រក​ឃើញ​​ដំណោះស្រាយ​បំបែក​ចម្ងល់​ស្តីពី​ចលនា​របស់​ភព តាំង​ពី​យូរណាស់មកហើយ ដោយ​ថែម​ទាំង​បាន​បង្កើត​នូវ​ទ្រឹស្តីបទ និង​រូបមន្ត​តាមបែប​គណិតវិទ្យា ដើម្បី​ពន្យល់​ពី​ចលនា​នេះ​ថែមទៀតផង។

ក្រោយ​ពី​បាន​ឃើញ​ទ្រឹស្តី និង​រូបមន្ត​ដែល​ញូតុន​កត់ត្រា​ទុក​ដោយ​ដៃ អ៊ែដម៉ុន ហ៊ែលី ក៏​បាន​រាយការណ៍​ទៅ​ឲ្យ​រាជ្យបណ្ឌិតសភា (Royal Society) បានដឹង រួចហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ញូតុន​ឲ្យ​យក​ស្នាដៃ​នេះ​ទៅ​សរសេរលម្អិត ដើម្បី​បោះពុម្ពផ្សាយ​ជា​សៀវភៅ។ ញូតុន​យល់ព្រម ហើយនៅ​ឆ្នាំ​១៦៨៧ សៀវភៅដែល​មាន​ចំណងជើង​ថា “Principia Mathematica” ​ត្រូវបាន​បោះពុម្ពផ្សាយ​​មួយ​ភាគដំបូង មុននឹង​ចេញ​ភាគទី២ និង​ទី៣ នៅ​ឆ្នាំ​១៧១៣ និង​ឆ្នាំ១៧២៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ