អានតួអត្ថបទ
សេដ្ឋកិច្ច

ទីផ្សារ​មូលបត្រ​ធ្លាក់​ដាំដូង ដោយ​បារម្ភ​ខ្លាច​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​សាជាថ្មី

នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ទីផ្សារមូលបត្រ​នៅ​អាមេរិក អឺរ៉ុប និង​អាស៊ី បាន​ធ្លាក់​ដាំដូង ដោយ​មក​ពី​មាន​ការ​បារម្ភ​ថា ពិភពលោក​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សាជាថ្មី។ នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​អាមេរិក​មាន​អត្រា​ទាប វិបត្តិ​បំណុល​កំពុង​តែ​ជា​បន្ទុក​ដ៏​ធ្ងន់​បន្ថែម​ទៀត ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​អឺរ៉ុប និង​អាមេរិក ស្ថិត​ក្នុង​ស្ថានភាព "ចុះទឹក​ក្រពើ ឡើងលើ​ខ្លា"។

គ្រាន់តែ​មួយថ្ងៃ​ព្រហស្បតិ៍ ៤ សីហា ២០១១ ផ្សារ​មូលបត្រ​អាមេរិក​ធ្លាក់​ថ្លៃ​ប្រមាណ ៥%
គ្រាន់តែ​មួយថ្ងៃ​ព្រហស្បតិ៍ ៤ សីហា ២០១១ ផ្សារ​មូលបត្រ​អាមេរិក​ធ្លាក់​ថ្លៃ​ប្រមាណ ៥% REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សេដ្ឋកិច្ច​ទាំង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប កំពុង​តែ​មាន​ភាព​ផុយស្រួយខ្លាំង។ នៅអាមេរិក​ ​សេដ្ឋកិច្ច​​មាន​អត្រា​កំណើន​ទាប​ជាង​ការ​រំពឹង​ទុក ឯ​​អត្រា​អ្នក​អត់ការងារ​ធ្វើ​វិញ នៅតែ​មាន​កម្រិត​ខ្ពស់។ ក្នុង​ពេល​ជាមួយ​គ្នា បំណុល​សាធារណៈ​ក៏​មាន​​បរិមាណ​ធំធេង ហើយ​សមាជិក​សភា​​កំពុង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការចំណាយ។ នៅ​អឺរ៉ុប វិបត្តិ​ប្រាក់​បំណុល​បាន​រាលដាល​ទៅ​ដល់​អ៊ីតាលី និង​អេស្ប៉ាញ ដែល​សុទ្ធសឹង​តែ​ជា​​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣ និង​ទី៤ ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។

អ្នកវិនិយោគ​ចាប់ផ្តើម​បារម្ភ​កាន់តែ​ខ្លាំង ខ្លាច​រដ្ឋាភិបាល​​ប្រទេស​មហាអំណាច​ធំៗ​ ដែល​​​កំពុង​តែ​ត្រដាបត្រដួស​ងើបចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ស្រាប់​ផង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​​វិបត្តិ​បំណុល​ថែម​ទៀត​បែបនេះ អាច​នឹង​​គ្រប់គ្រង​ស្ថានការណ៍​លែងបាន ហើយ​ពិភពលោក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សាជាថ្មី។ ដោយ​មាន​ការព្រួយបារម្ភ​បែបនេះ អ្នក​វិនិយោគ​ដែល​មាន​មូលបត្រ​ក្នុង​ដៃ ចាប់ផ្តើម​នាំគ្នា​លក់​ចេញ​គ្រប់ៗ​គ្នា ធ្វើ​ឲ្យ​​ទីផ្សារ​មូលបត្រ​ត្រូវ​ធ្លាក់​ដាំដូង។

ទីផ្សារ​មូលបត្រ​អឺរ៉ុប និង​អាមេរិក​​ ដែល​បាន​ធ្លាក់​ចុះ​​ជាប់ៗគ្នា ប្រមាណ​​ជាង​មួយ​សប្តាហ៍​កន្លង​មក​ហើយ​នោះ​ បាន​​ធ្លាក់ចុះ​យ៉ាងគំហុក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដោយ​ចាប់ផ្តើម​ពី​អឺរ៉ុប បន្ទាប់​មក​ នៅ​អាមេរិក ហើយ​រាល​ដាល​ទៅ​ដល់​​ទីផ្សារ​អាស៊ី នៅ​ថ្ងៃ​សុក្រ​នេះ។ នៅពេល​ចាប់ផ្តើម​បើកទ្វារលក់​ដូរ នៅថ្ងៃ​សុក្រ​នេះ ទីផ្សារ​មូលបត្រ​នៅ​អឺរ៉ុប នៅតែ​បន្ត​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដដែល។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ទិញ​មូលបត្រ​បំណុល​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល។ ក៏ប៉ុន្តែ វិធានការ​នេះ​មិន​គ្រប់គ្រាន់​ ដើម្បី​រំងាប់​ក្តី​ព្រួយបារម្ភ​របស់​វិនិយោគ​​បាន​នោះទេ។ ធនាគារ​កណ្តាល​អឺរ៉ុប​ទើប​នឹង​ចាប់​ផ្តើម​ធ្វើ​អន្តរាគមន៍​ទិញ​មូលបត្រ​បំណុល​របស់​ក្រិក អៀរឡង់​ និង​ព័រទុយហ្កាល់ ក្នុងពេល​ដែល​បញ្ហា​កំពុង​កើតឡើង​ខ្លាំង នៅ​អ៊ីតាលី និង​អេស្ប៉ាញ។ តាំងពី​វិបត្តិ​បំណុល​ផ្ទុះ​ឡើងមក គេ​សង្កេតឃើញ​ថា មេដឹកនាំ​អឺរ៉ុប​តែងតែ​ដើរ​មួយ​ជំហាន​ក្រោយ​បញ្ហា​ជានិច្ច ដែល​ជា​កត្តា​ចម្បង​មួយ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាត់បង់​ទំនុកចិត្ត។

ឥរិយាបថ​របស់​អ្នក​នយោបាយ​អាមេរិក ក្នុង​ពេល​មាន​វិបត្តិ​ប្រាក់​បំណុល​នាពេល​ថ្មីៗ​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​​បាត់បង់​ទំនុកចិត្ត​មិនតិច​ដែរ។ សមាជិក​សភា​អាមេរិក​បាន​យក​​​សេដ្ឋកិច្ច​ជាតិ​​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ទាញ​យក​ផលប្រយោជន៍​នយោបាយ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​បារាំង នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​នីកូឡា សាកូហ្ស៊ី នឹង​ទូរស័ព្ទ​ទៅ​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ទៅ​​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ ដើម្បី​​ជជែក​អំពី​វិបត្តិ​បំណុល​អឺរ៉ុប។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជួបប្រជុំ​គ្នា នៅថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ទៅលើ​​​នយោបាយ​រូបិយវត្ថុ​អាមេរិក។ រដ្ឋាភិបាល​ចិន និង​ជប៉ុន​វិញ បាន​ទាមទារ​ឲ្យ​គ្រប់ប្រទេស​ទាំងអស់​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅពេលនេះ។

បើមើលជារួម សេដ្ឋកិច្ច​របស់​អាមេរិក និង​អឺរ៉ុប នៅពេលនេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព “ចុះទឹកក្រពើ ឡើងលើ​ខ្លា”។ កំណើន​សេដ្ឋកិច្ច​មានភាព​យឺតយ៉ាវ ដែល​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​ការចំណាយ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា បំណុល​សាធារណៈ​មាន​កម្រិត​ខ្ពស់ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​​កាត់បន្ថយ​ការ​ចំណាយ។ បើ​​បង្កើន​ការ​ចំណាយ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច បំណុល​នឹង​កើនឡើង ហើយ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​អាច​នឹង​ទម្លាក់​ចំណាត់ថ្នាក់ ធ្វើ​ឲ្យ​អត្រាការប្រាក់​កើនឡើង​ខ្ពស់។ ផ្ទុយទៅវិញ បើ​​កាត់បន្ថយ​ចំណាយ ដើម្បី​​កាត់បន្ថយ​បំណុល នឹង​ត្រូវ​បាត់បង់​កម្លាំងចលករ​ ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ តើ​គួរ​ជ្រើសរើស​ផ្លូវមួយណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ