អានតួអត្ថបទ
រុស្ស៊ី-អសប

ម៉ូស្គូ​ទទួល​ជួប​ជា​ថ្មី​លោក​កូហ្វ៊ី អាណាន់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស៊ីរី

បើគិត​ក្នុង៤ខែ​ចុងក្រោយ លើកនេះ​ជា​លើកទី២ ដែល​លោក​កូហ្វ៊ី អាណាន់ ជា ប្រេសិត​អ.ស.ប. និង​សម្ព័ន្ធអារ៉ាប់ ខាង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ឲ្យ​វិបត្តិ នៅស៊ីរី អញ្ជើញ ទៅ​កាន់​ក្រុង​ម៉ូស្គូ។ ថ្ងៃនេះ គាត់​ជួប​ចរចា ជាមួយ​លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov ហើយ ស្អែក​គាត់​នឹង​ទទួល​ជួប ដោយ​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់។ សាច់រឿង​គឺ​ជុំវិញ ស្ថានការណ៍ នៅ​ស៊ីរី។

នៅមុន​ពេល​ជួប​លោក​អាណាន់រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​បញ្ជាក់នៅក្នុង​សន្និសីទ​កាសែតថា ការសង្ឃឹមថា​រុស្ស៊ី​នឹង​លែង​គាំទ្រ​លោក​bachar al assad គឺ​មិន​អាច​ក្លាយ​ជា​ការពិត
នៅមុន​ពេល​ជួប​លោក​អាណាន់រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​បញ្ជាក់នៅក្នុង​សន្និសីទ​កាសែតថា ការសង្ឃឹមថា​រុស្ស៊ី​នឹង​លែង​គាំទ្រ​លោក​bachar al assad គឺ​មិន​អាច​ក្លាយ​ជា​ការពិត © REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ថ្ងៃនេះ ក្នុង​សន្និសីទ​កាសែត​មួយខ្លី ក្នុង​ក្រសួង​ការបរទេស​ផ្ទាល់ ឧទ្ទិស​ដល់​ជំនួប ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ ប៉ុន្មាន​ម៉ោង​ទៀត ជាមួយ​លោក​កូហ្វ៊ី អាណាន់ លោក​ប្រមុខការទូត រុស្ស៊ី Serguei Lavrov បាន​បង្ហើប​ឲ្យដឹង​ថា បញ្ហា​ដែល​នឹង​លើកយក​ទៅ​ពិនិត្យ​មើល គឺ​អំពី​ដំណើរ​បំពេញ​ដោយ​ភាគី​បដិបក្ខ នៅស៊ីរី តាម​ផែនការ​លោក​កូហ្វ៊ី អាណាន់ ជា ប្រេសិត​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់ មាន ៦​ចំណុច អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. ខាង​ដោះស្រាយ វិបត្តិ នៅស៊ីរី ដោយ​សន្តិវិធី និង​ផែនការ​ថ្មី​របស់​លោក​កូហ្វ៊ី អាណាន់ ដែល​ត្រូវ​បាន​អនុម័ត នៅ​ក្រុង Geneve តម្រូវ​ឲ្យ​បង្កើត​ឡើង ជា​រដ្ឋាភិបាល​ចម្រុះ​អន្តរកាល នៅស៊ីរី ហើយ​ដែល​ចងជា​កាតព្វកិច្ច ទៅលើ​គ្រប់​ប្រទេស​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ ឲ្យ​ប្រើ​ឥទ្ធិពល​ខ្លួន​ទៅលើ​គ្រប់​ភាគី​ជាប់​ជម្លោះ នៅ​ស៊ីរី​បូក​ទាំង​ភាគី​ប្រឆាំង​ផង ឲ្យ​គោរព​តាម​បទ​ឈប់បាញ់ និង​ឈប់​ប្រព្រឹត្ត​អំពើ​ហិង្សា។ 

លោក Serguei Lavrov គូស​បញ្ជាក់​ថា សម្រាប់​ម៉ូស្គូ គឺ​មាន​តែ​ផែនការ លោក​កូហ្វ៊ី អាណាន់ ដែល​ដក់ជាប់​ដោយ​សមត្ថភាព​អាច​ដោះស្រាយ​វិបត្តិ នៅស៊ីរី ដោយ​សន្តិវិធី។ សម្រាប់​រុស្ស៊ី ជា ការ​មិនអាច​ទទួល​យក​ជា​ដាច់ខាត គម្រោង​នៃ​សេចក្តី​សម្រេច ដាក់​ចេញ​មក ដោយ​ប្រទេស​ខាងលិច​មួយ​ចំនួន ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ.អ.ស.ប. ដែល ដោយ​យោងទៅ​លើ​មាត្រា​ទី ៧ នៃ​លក្ខន្តិកៈអ.ស.ប. គឺ អាច​នាំ​ទៅ​កាន់​ការប្រើ​កម្លាំង​អាវុធ​ទល់​នឹង​ស៊ីរី។

ចំណុច​មួយទៀត​នៃ​ការពិភាក្សា គឺ​ជុំវិញ​សំណើ​រុស្ស៊ី ស្នើ​ឲ្យ​ពន្យារ ៣ខែ​ទៅមុខ​ទៀត អាណត្តិ​របស់​ពួក​អ្នកសង្កេតការណ៍​អ.ស.ប. ដែល​ត្រូវ​ផុត នៅ​ថ្ងៃទី​២១​កក្កដា ទៅហើយ។ 

ជា​ការកត់​សម្គាល់ លោក កូហ្វ៊ី អាណាន់ តាមរយៈ សេចក្តី​ថ្លែងការណ៍​ខ្លួន តែង​អំពាវនាវ ទាំង​រដ្ឋាភិបាល​ស៊ីរី ទាំង​ភាគី​ប្រឆាំង នៅស៊ីរី ឲ្យ​គោរព​តាម​បទ​ឈប់បាញ់ ដោយ សង្កត់​ធ្ងន់​ថា ដំណោះស្រាយ នៅស៊ីរី​អាច​សម្រេច​ទៅកើត លុះដោយ សាមី​ភាគី​ស៊ីរី​ផ្ទាល់។ គេនៅ​ចងចាំ​ពី​សេចក្តី​ថ្លែងការណ៍​របស់​គាត់ ធ្វើ ១សប្តាហ៍​មុន សំដែង​ការងឿងឆ្ងល់ ចំពោះ បទ​អត្ថាធិប្បាយ ភាគច្រើន ដែល​ទិតៀន​តែ​ប្រទេស​រុស្ស៊ី ដោយ​ក្នុង​ពេល​ជាមួយ​គ្នា មិន​សូវ​និយាយ​ទេ អំពី​ប្រទេស​ឯទៀត ដែល​ក៏​បញ្ជូន​អាវុធ ផ្តល់​លុយ ទៅ​ភាគី​ប្រឆាំង ហើយ ជះ​ចំហាយ​ទៅលើ​ស្ថានការណ៍ នៅ​ទីនោះតែ​ម្តង។ តាម​លោក កូហ្វ៊ី អាណាន់ ប្រទេស​ទាំងនោះ​តែង​ថ្លែង​ថា ចង់​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ ចេះតែ​ធ្វើ​សកម្មភាព ឯកតោ​ភាគី ក៏​ដូចជា​ពួតដៃ​គ្នា ដែល​ផ្ទុយ​នឹង​គោល​គំនិត​នៃ​សេចក្តី​សម្រេច​ក្រុមប្រឹក្សា សន្តិសុខ។ ការ​ដែលគេ​ទាំង​នោះ ភ្ជង់​តែ​មក​លើ​ប្រទេស​រុស្ស៊ី ពិតជា​នាំ​ឲ្យ​រុស្ស៊ី​ក្នក់ក្នាញ់​ឥត​ឧបមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ