អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ​បំភ្លឺ​ពី​ការ​តាក់តែង​ច្បាប់​ស្តី​ពី​សហជីព ក្រោយ​ពី​សហជីព​ប្រតិកម្ម

នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដើម្បី​បំភ្លឺ​ចំពោះ​ការ​រៀបចំ​តាក់តែង​ច្បាប់​ស្តី​ពី​សហជីព​។ ការ​តាក់តែង​ច្បាប់​នេះ ត្រូវ​បាន​សហជីព​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន លើក​ឡើង​ថា​រឹត​បន្តឹង​សកម្មភាព​របស់​ខ្លួន ក្នុង​ដំណើរ​បេសកកម្ម​ជួយ​កម្មករ​រោងចក្រ​។ តែ​ក្រសួង​ថា​ច្បាប់​នេះ គឺ​មាន​ប្រយោជន៍​សម្រាប់​កម្មករ​។

កម្មករប្រមូលផ្តុំគ្នា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​១២៩ ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភាឆ្នាំ២០១៥នេះ។
កម្មករប្រមូលផ្តុំគ្នា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​១២៩ ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភាឆ្នាំ២០១៥នេះ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ប្រតិកម្ម​នឹងការ​លើកឡើង​របស់​សហជីព​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការ​រៀប​ចំតាក់តែង​ច្បាប់​ស្តីពី​សហជីព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ម្សិល​មិញ​នេះ​។ ក្រសួង​ការងារ​បាន​បញ្ជាក់ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ការ​តាក់​តែង​ច្បាប់​សហជីព​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​មកនេះ នឹង​ជិត​ដល់​ពេល ដែល​ត្រូវដាក់​ឲ្យ​គណៈ​រដ្ឋមន្ត្រី​ត្រួត​ពិនិត្យ រួមទាំង​បញ្ជូន​ទៅ​សភា ដើម្បី​អនុម័ត​ហើយ​។ ម្យ៉ាងវិញ​ទៀត​ ច្បាប់នេះ​បាន​អនុញ្ញាត​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជជែក​ពិភាក្សា​ជាច្រើន​លើកច្រើន​សារទៀត​ផង​។

ការ​តាក់តែង​ច្បាប់ស្តី​ពី​សហជីព​នេះ គឺ​បាន​ធ្វើឡើង​ដោយ​មានការ​សហការ​ជាមួយ​នឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​បានរៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន ០៧​លើក​រួចមក​ហើយ ហើយ​មតិយោបល់​របស់​ភាគី​នីមួយ​ៗ ត្រូវ​បាន​យក​មក​បញ្ចូល​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ ក្នុងនោះ​ក្រុម​សហជីព ដែល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ ក៏​បាន​ចូលរួម​ពិភាក្សាដែរ​។ នេះបើ​តាមការ​បញ្ជាក់​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

លោក​អាត់ ធន់ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​បញ្ជាក់​ថា​ការតាក់​តែង​ច្បាប់​នេះគឺ​ខាង​សហជីព​របស់​លោក​បាន​ចូល​រួម​មែន ប៉ុន្តែ​ការចូលរួម​នោះ​គឺ​វា​មាន​រយៈ​ពេលយូរ​ឆ្នាំ​មក​ហើយ ដែល​មក​ដល់​ពេល​នេះ​ច្បាប់​នេះ​អាច​នឹង​មាន​ការ​កែប្រែ​ ដើម្បី​រឹតបន្តឹង​ទៅ​លើស​កម្មភាព​របស់​សហជីព​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។

បើតាម​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ច្បាប់​នេះ​តាក់​តែង​ឡើង​ក្នុង​គោល​បំណង​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​បង​ប្អូន កម្មករ ធានានូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​ និង​និយោជក ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​រវាង​និយោជក សហជីព និង​កម្មករ​។ ក្រៅ​ពី​នេះ ក៏​មាន​ចំណែក​ចូល​រួម​លើក​កំពស់​ផលិត​ភាព ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​និយោជិត​ផងដែរ​។

ចំណែក​អគ្គលេខា​ធិការង​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) លោក​កាំង ម៉ូនីកា បាន​បញ្ជាក់​ថា​ការ​បង្កើត​ច្បាប់​នេះ គឺមាន​តួនាទី​ការពារ​ទាំង​អ្នក​វិនិយោគ និង​កម្មករ ហើយ​ច្បាប់​នេះ​ក៏​អាច​បញ្ឈប់​រាល់​ជន​ខិលខូច​ដែល​លួច​ជ្រក​ក្រោម​ស្លាក​សហជីព​ផងដែរ​។ សូម​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ប្រហែល​ជិត​៤០០០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ