កង្វះឯកសារជាភាសាខ្មែរកម្រិតព្រំដែនចំណេះដឹងរបស់យុវជន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៩
សង្គ្រាមស៊ីវិល៣ទស្សវត្សរ៍បានបំផ្លាញប្រទេសកម្ពុជាស្ទើរស្មើសូន្យ។ របបខ្មែរក្រហមត្រូវបានគេបន្ទោសថា ជាអ្នកបំផ្លាញធនធានមនុស្ស និងឯកសារជាច្រើនដែលផ្ទុកចំណេះដឹងពីមនុស្សចាស់ជំនាន់មុន។ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះទៀត កម្ពុជាក៏នៅមិនទាន់បានចងក្រងឯកសារគ្រប់គ្រាន់ល្មម សម្រាប់ការស្រាវជ្រាវរបស់សិស្ស និងនិស្សិតនៅឡើយ។ ភាគច្រើនឯកសារដែលនិយាយអំពីប្រទេសកម្ពុជាខ្លួនឯង ក៏ត្រូវបានសរសេរដោយបរទេសទៅវិញ។ ដូច្នេះ និស្សិតខ្មែរត្រូវបង្ខំចិត្តរៀនភាសាបរទេសអោយបានច្រើន ដើម្បីអាចស្រាវជ្រាវ និងពង្រីកចំណេះដឹងពួកគេបាន។
មានសំណួរមួយដែលត្រូវបានចោទសួរឡើង ក្នុងវិស័យអំណាន ខណៈដែលមតិមួយចំនួនបានកត់សំគាល់ថា ពលរដ្ឋកម្ពុជាអានតិច ឬមិនចូលចិត្តអាន។ សំណួរសួរតើ ពលរដ្ឋកម្ពុជាសព្វថ្ងៃពិតជាមិនចូលចិត្តអំនាន ឬក៏ដោយសារ គ្មានអ្វីអាន?
តាមពិតទៅ អ្នកតាមដានការវិវត្តសង្គមកម្ពុជាមួយចំនួនបានអត្ថាធិប្បាយថា ក្នុងអំឡុង១០ឆ្នាំមុន វាពិតជាមានគំលាតដ៏ធំ រវាងបាតុភូតទាំងពីរមែន។ ទី១គឺ កង្វះសៀវភៅ និងឯកសារដើម្បីអាន និងទី២គឺការមិនចូលចិត្តអានរបស់មនុស្សមួយចំនួនធំនៅពេលនោះ។ ក្រោយមក និងរហូតដល់ពេលនេះ ការសរសេរ និងបោះពុម្ពសៀវភៅមានការរីកចម្រើនច្រើន ហើយយុវជនសម័យថ្មីដែលជានិស្សិតក៏មានចំនួនកាន់ច្រើន ដែលចូលចិត្តអំណានដែរ។ ការណ៍នេះបានកំពុងធ្វើអោយគំលាតរវាងការផលិតសៀវភៅ និងការអំនានបានខិតជិតចូលរកគ្នាច្រើន។
និយាយអំពីសៀវភៅ និងឯកសារ គេគួរមានការបែងចែករវាងសៀវភៅ ឬឯកសារបែបកំសាន្ត និងសៀវភៅ ឬឯកសារជំនាញ។ តាមពិត អ្វីដែលជាការរីកចំរើនខ្លាំងរហូតដល់ពេលនេះ គឺការសរសេរ និងផលិតសៀវភៅចំណេះដឹងទូទៅ សម្រាប់កុមារ ការសរសេររឿងប្រលោមលោកតែប៉ុណ្ណោះ។ ចំណែកឯ ឯកសារ និងសៀវភៅជំនាញសម្រាប់និស្សិតនៅតាមមហាវិទ្យាល័យ ឬឯកសារដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈនោះ គឺមានបរិមាណតិចតួចនៅឡើយ។ ត្រង់នេះហើយដែលវាជាឧបសគ្គដល់ការស្រាវជ្រាវរបស់និស្សិតខ្មែរ។
មានបញ្ហាច្រើនដែលគេគួរស្វែងយល់នៅទីនេះ។ ទីមួយ បើនិយាយថា គ្មានសៀវភៅដែលនិយាយអំពីជំនាញណាមួយជាភាសាខ្មែរនោះ ក៏វាមិនត្រូវ។ ប៉ុន្តែសៀវភៅ និងឯកសារទាំងនោះ នៅមិនទាន់សម្បូរណ៍បែបនៅឡើយទេ។ ជាការពិត សាស្ត្រាចារ្យមហាវិទ្យាល័យមួយចំនួនបានសរសេរចងក្រងសៀវភៅដើម្បីដាក់លក់ និងថា នេះគឺជាផ្នែកមួយនៃការជំរុញការចងក្រងឯកសារ ដែលជាសកម្មភាពដ៏គួរអោយលើកទឹកចិត្តបំផុត។ ប៉ុន្តែ តម្រូវការ វាមានលើសនេះ។ រហូតដល់ពេលនេះ ជាមួយការវិវត្តយ៉ាងលឿននៃសង្គម និងរីកចម្រើនផ្នែកបច្ចេកវិទ្យាផងនោះ ការសរសេរសៀវភៅរបស់សាស្ត្រាចារ្យមួយចំនួនដែលមានតែមួយដង ហើយមិនមានការសរសេរបន្តនោះ វានៅតែធ្វើអោយការបង្ហាត់បង្រៀន និងការសាបព្រួសចំណេះដឹងនៅមានកម្រិត និងមិនទាន់សម័យដដែល។
ទីពីរ ក្នុងករណីខ្វះខាតឯកសារជាភាសាខ្មែរយ៉ាងដូច្នេះហើយ សាស្ត្រាចារ្យមានតែណែនាំនិស្សិតរបស់ខ្លួនឆ្ពោះទៅរកឯកសារជាភាសាបរទេស។ បញ្ហាវាត្រូវកើតបន្ថែមទៀតនៅទីនេះ។ តើនិស្សិតខ្មែរប៉ុន្មាននាក់ដែលអាចមានសមត្ថភាពអានឯកសារបរទេសដោយប្រសិទ្ធភាពនោះ? រហូតដល់ពេលនេះ ជំនាញមួយចំនួនដូចជា វេជ្ជសាស្ត្រ ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើមនោះ ជំនាញទាំងនេះនៅមិនទាន់មានសៀវភៅជាភាសាខ្មែរគ្រប់គ្រាន់នៅឡើយ។ និស្សិតនៅក្នុងជំនាញទាំងនេះត្រូវតែមានចំណេះដឹងជាភាសាបរទេស បារាំង ឬអង់គ្លេសច្រើនល្មមគួរសមទើបអាចបង្កើនចំណេះដឹងរបស់ពួកគេបាន។ ប្រសិនបើ គេពិចារណាអោយជ្រៅនោះ វាពិតជាប្រការត្រឹមត្រូវហើយ ដែលនិស្សិតមួយរូបត្រូវចេះភាសាបរទេស។ ប៉ុន្តែគេមិនដាក់កំហុសទៅនិស្សិតមុនពេលស្តីបន្ទោសទៅលើកង្វះខាតឯកសារជាភាសារខ្មែរ ដែលគួរតែមានអ្នកទទួលខុសត្រូវមួយដែរឡើយ។ ចំណេះដឹងភាសាបរទេស ដែលនិស្សិតគួរមាន ប៉ុន្តែនិស្សិតក៏មានសិទ្ធិក្រេបចំណេះដឹងជាភាសាខ្មែរ ដែលច្បាស់លាស់និងត្រឹមត្រូវ ងាយស្រួលក្រេបជញ្ជក់ដែរ។
ដូច្នេះ ចាប់ពីពេលនេះទៅ វាគួរតែដល់ពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងគ្រឹះស្ថានសិក្សា បើទោះជាមិនទាន់អាចចងក្រងសរសេរឯកសារសម្រាប់ការស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយនោះ ក៏គួរចាប់ផ្តើមបកប្រែឯកសារបរទេសមកជាភាសាខ្មែរដើម្បីសម្រួលដល់ការសិក្សារបស់និស្សិតខ្មែរហើយ។ គេក៏បញ្ឈប់អារម្មណ៍មោទនៈដែលគ្រាន់តែបានមានសៀវភៅជាភាសាបរទេស ដោយគ្មានសៀវភៅជាភាសាខ្មែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ