អានតួអត្ថបទ
កម្ពុជា-ច្បាប់

សកម្មជនដីធ្លីសហគមន៍បឹងកក់ទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី

នៅ​ព្រឹក​នេះ ​ក្រុម​​សកម្ម​ជន​ដីធ្លី​សហគមន៍​បឹង​កក់​ប្រមាណ​៤០នាក់​បាន​ធ្វើ​សន្និសីទ​​កាសែត​ និង​យុទ្ធនាការថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទាមទារ​ឲ្យ​ដោះ​លែង​ស្រី្ត​សកម្មជន​ដីធ្លី​សហគមន៍​បឹង​កក់​អ្នក​ស្រីទេព វន្នី ​ ​ និងមន្ត្រីការពារសិទ្ធិមនុស្ស ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ អ្នក​ស្រីទេព វន្នី  នឹង​​ត្រូវ​​បង្ហាញ​​ខ្លួ​ន​​ក្នុងសវនាការ​នៅថ្ងៃទី ១៩ កញ្ញា ២០១៦ ​ដែល​ជាប់​ចោទពី​បទ​ប្រមាថ​រាជ​ការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​។

អ្នកស្រី ទេព វន្នី
អ្នកស្រី ទេព វន្នី RFI/Navin Im
ផ្សាយពាណិជ្ជកម្ម

 

សកម្ម​ជនដីធ្លី​សហគមន៍​បឹង​កក់ និង​អ្នក​ស្រីបូវ សោភា ​ដែល​ទើ​ប​​តែ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ​ក្រោយ​ពេល​ជាប់​ឃុំ​រយៈ៦ថ្ងៃនោះ​ នៅ​​ថ្ងៃ​នេះបា​ន​ធ្វើ​សន្និ​សីទ​​កាសែត​ និង​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ ​សប្តាហ៍ទី១៧។ គោលបំណងនៃសន្និសីទ​កាសែត​ និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅថ្ងៃនេះ គឺទាម​ទារ​ឲ្យ​ដោះ​លែង​អ្នកស្រី​ទេព​ វន្នី​ ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​លើស​កម្ម​ជន​ដីធ្លី​សហគមន៍​បឹង​កក់​ទាំង​អស់ ដោះ​លែង​មន្ត្រីការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ទាំង​៤រូប និង​មន្ត្រី​គ.ជ.ប​ម្នាក់ ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ដែលនៅ​សល់​១៩គ្រួសារ​ទៀត​។ នេះ​បើ​តាម​អ្នក​ស្រីបូវ សោភា។

អ្នកស្រី​បាន​បន្ថែម​ថា​សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​២នាក់​ទៀត​ ​នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួននៅ​ថ្ងៃទី១៩ ខែ​កញ្ញា​។ សកម្មជន​បឹង​កក់ទាំង​២នាក់​នោះ រួម​មាន​អ្នក​ស្រីបូ ឆវី និង​អ្នក​ស្រី​គង់ ចន្ឋា។ ដូច​ច្នេះ ការ​បើក​សវនាការ​នៅ​ថ្ងៃទី​១៩ កញ្ញា ខាង​មុខ​នេះ សកម្មជន​បឹង​កក់​៣នាក់អាច​​នឹង​ត្រូវ​បង្ហាញ​ខ្លួន ដែល​ក្នុងនោះ​ក៏​មាន​អ្នក​ស្រី​ទេព​ វន្នី​ផង​ដែរ។ យ៉ាង​ណាមិញ​ដីកា​សម្រាប់​កោះ​ហៅ​សកម្ម​ជន​ដីធ្លី​ទាំង​២នាក់​នេះ​មិនទាន់​មាន​នោះ​ទេ​។

អ្ន​ក​ស្រីបូវ សោភា បាន​បញ្ជាក់​ថា​អ្នក​ស្រីបូ ឆវី និង​អ្នក​ស្រី​គង់ ​ចន្ថា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ និង​ប្រើ​ហិង្សា​លើ​មន្ត្រី​សាធារណៈ តាំង​ពីឆ្នាំ២០១១មកម្លេះ។

នៅព្រឹក​ថ្ងៃទី២៩ ខែ​សីហា​នេះ វិទ្យុបារាំង​អន្តរ​ជាតិ​មិន​អាច​សុំការ​បំភ្លឺ​ពីអ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​បាន​ទេ ជុំវិញ​គម្រោង​កោះ​ហៅ​ស្ត្រី​សកម្មជន​ដីធ្លី​ពីរ​នាក់​ទៀត ដោយ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ បញ្ជាក់​ថា​លោក​កំពុង​តែ​ជាប់​ប្រជុំ។

សូម​បញ្ជាក់​ថា​អ្នក​ស្រី​ទេព វន្នី រួម​ទាំង​អ្នក​ស្រីបូវ សោភាផង ​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួ​ន ​ក្នុង​ពេល​ដែល​ពួក​គាត់កំពុងធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ក្នុង​សប្តាហ៍ទី១៥ ​កាល​ពី​ថ្ងៃទី១៥​ ខែ​សីហា កន្លង​ទៅ។ ក្រោយមកតុលាការ​បាន​សម្រេច​កាត់​ទោស​អ្នក​ទាំង​ពីរ ពី​បទ​ប្រមាថ​ និង​ផ្តន្ទា​ទោស៦ថ្ងៃ​ ​ពិន័យ​ជា​ប្រាក់​៨ម៉ឺន​រៀល​។ អ្នក​ស្រី​បូវ​ សោភា​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃទី​២២ ខែ​សីហា ក្រោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស។

ដោយ​ឡែក អ្នក​ស្រីទេព វន្នី មិន​ត្រូវ​បាន​ដោះ​លែង​ទេ ដោយ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន  និង​បន្ត​សវនាការ ដោយ​ជាប់​ចោទពី​បទ​ ប្រមាថ​រាជ​ការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​។ អ្នក​ស្រីទេព​ វន្នី នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សវនាការ​ នៅថ្ងៃទី ១៩ កញ្ញា ២០១៦ ពេ​ល​ព្រឹក ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ