ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាមេរិក

សន្ទុះ​ចុងក្រោយ​របស់​លោក​អូបាម៉ា និង​លោក​រ៉ូមនី​មុន​ថ្ងៃ​បោះឆ្នោត

media  
បេក្ខជន​ប្រធានាធិបតេយ្យ​ លោក​អូបាម៉ា និង​លោក​រ៉ូមនី ©AFP PHOTO/Mandel NGAN /Nicholas KAMM

នៅសល់​តែ​ប៉ុន្មាន​ម៉ោងទៀត​​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​មក​ដល់។ បេក្ខជន​ប្រធានាធិបតីទាំងពីរ លោកបារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​នៅ​តែ​បន្ត​ការឃោសនា​យ៉ាង​មមាញឹកជាមួយ​នឹង​សម្រែក​សន្យា​ថា ពួកគេ​ម្នាក់​នឹង​ធ្វើ​អោយ​សហរដ្ឋ​អាមេរិក​រីកចម្រើន។ បេក្ខជន​ទាំងពីរ​នៅ​តែទៅមក ចុះឡើង​ក្នុងក្រុងនានានៃ​រដ្ឋ​សំខាន់ៗ​ដដែល ជារៀងរាល់​ថ្ងៃ។

នៅ​ថ្ងៃ​អាទិត្យ​នេះបេក្ខជន​ប្រធានាធិបតី​ដល់​អាណត្តិ បារ៉ាក់ អូបាម៉ា​បាន​ផ្តើម​ការឃោសនា​ក្នុង​រដ្ឋ New Hampshire ជាមួយ​អតីត​ប្រធានាធិបតី​ប៊ីល គ្លីនតុន បន្ទាប់មក​ទៅរដ្ឋ Florida Ohio និង Colorado។ លោកមីត រ៉ូមនី​វិញ​ផ្តើម​ការឃោសនា នៅ​ក្នុង​រដ្ឋ​ Iowa បន្ទាប់មក Virginia Ohio និង​បញ្ចប់​នៅ​ក្នុង​រដ្ឋ Pennsylvania។ ក្នុង​នាទី​ចុងក្រោយ​នៃ​ការឃោសនា​បោះឆ្នោត​នេះ បេក្ខជន​ទាំងពីរ​នៅ​តែ​ទៅមក​ត្រឡប់​ចុះឡើង​នៅ​ក្នុង​ក្រុង​នានា​នៃ​រដ្ឋ​ទាំងនេះ។

 
មិនមាន​សារអ្វី​ថ្មី​ដែល​បេក្ខជន​ទាំងពីរ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ឃោសនា​ក្នុង​នាទី​ចុងក្រោយ​នេះទេ ក្រៅ​តែ​ពី​ការ​ស្រែក​សុំ​អោយ​អ្នកគាំទ្រ​បោះឆ្នោត​គាំទ្រខ្លួន។

នៅ​ក្នុង​រដ្ឋ​ New Hampshire នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​អូបាម៉ា​ស្រែក​ប្រាប់​អ្នកគាំទ្រ​ថា ទីបំផុត​ទៅ គឺ​វា​អាស្រ័យ​លើ​អ្នកទាំងអស់គ្នា​នោះទេ។ អ្នកទាំងអស់​គ្នា​ជា​អ្នកមាន​អំណាច។ អ្នកទាំងអស់​គ្នា​ជាអ្នក​សម្រេចចិត្ត​​ចំពោះ​វាសនា​ប្រទេស​សម្រាប់​ពេល​អនាគត នៅ​ពីរថ្ងៃ​ខាងមុខនេះ។

លោក​មីត រ៉ូមនី​វិញ​បាន​ទៅ​ស្រែក​ប្រាប់​អ្នកគាំទ្រ​នៅ​ក្នុង​រដ្ឋ​Iowaថា លោក​ត្រូវការ Iowa។ បើលោក​ទទួល​បាន​Iowa លោក​នឹង​ទទួល​បាន​សេតវិមាន​មកកាន់កាប់ បាន​ន័យ​ថា លោកនឹង​ដណ្តើម​បាន​សហរដ្ឋអាមេរិក​យកមកវិញ។

សម្រាប់​ថ្ងៃ​ចន្ទ​នេះ បេក្ខជន​ទាំងពីរ​នៅ​តែ​ទៅមក​ក្នុង​រដ្ឋ​សំខាន់ទាំង​នេះ​ដដែល​មុន​នឹង​បញ្ចប់​ការឃោសនា។ ​ពួកគេ​នៅ​តែ​ជំរុញ​អោយ​អ្នកគាំទ្រ​រកគ្រប់​មធ្យោបាយ នៅ​ក្នុង​នាទី​ចុងក្រោយនេះ ​ដើម្បី​បញ្ចុះបញ្ចូល​​អ្នកមិនទាន់​សម្រេច​ចិត្ត ដើម្បី​អោយ​ពួកគេ​បោះឆ្នោត​គាំទ្រ​ខ្លួន។

នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ការស្ទង់មតិ​បាន​បង្ហាញ​ថា បេក្ខជន​ទាំងពី​កំពុង​តែ​មាន​ប្រជាប្រិយភាព​ស្មើ​គ្នា​ហើយ។ ពោល​គឺ​ប្រជាប្រិយភាព​លោក​មីត រ៉ូមនី​បាន​កើន​ឡើង​ទាន់​ប្រជាប្រិយភាព​របស់​លោក​អូបាម៉ា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ