អានតួអត្ថបទ
កម្ពុជា

​សេចក្តី​ព្រាងច្បាប់​​ស្តីពី​​សិទ្ធិ​ទទួល​ព័ត៌មាន​អាចនឹង​លេច​ជា​រូបរាង​ហើយ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ព័ត​មាន​ដែលជា​ក្រសួង​សាមី ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​ដៃគូពាក់ព័ន្ធ ​ដើម្បី​អាចឈាន​ទៅរក​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​​ស្តីពី​សិទ្ធិ​ទ​ទូល​បាន​ព័ត៌មាន​ នាពេលខាងមុខ។ សង្គម​ស៊ីវិល​បាន​អបអរសាទរ​ចំពោះ​ការជំរុញឱ្យ​មានច្បាប់​នេះ ប៉ុន្តែ​ បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គួរតែ​យក​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​នោះ​ដើម្បី​ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ។

អ្នកកាសែត​​កម្ពុជា
អ្នកកាសែត​​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ទាក់ទង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ទំនងជា​អាច​លេចចេញ​ជា​រូបរាង​ហើយ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៥នេះ បានប្រគល់​ភារកិច្ច​រៀបចំតាក់តែង​សេចក្តីព្រាងច្បាប់​ទៅឱ្យ​ក្រសួង​ព័ត៌មាន។ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី៨ វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  បានសម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ព័ត៌មាន​ជា​អ្នករៀបចំ​ដាក់​តែងសេចក្តី​ច្បាប់​នេះ ដោយ​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​ព្រោះ​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​នោះបាន​ខិ​ត​ខំប្រឹងប្រែង​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ច្បាប់​ដ៏​ចម្រូងចម្រាស់​នេះផងដែរ។ ប្រធាន​ក្លឹប​អ្នកកាសែត​រូបនេះ បាន​លើកឡើង​ពី​សារៈសំខាន់ នៃ​ច្បាប់​នេះ​ថា គឺ​មិន​ត្រឹម​តែផ្តល់​សារៈសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ជាទូទៅ​ផងដែរ។

​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា​ ងួនទៀង វិញ បាន​លើក​ឡើងថា ​​ច្បាប់​​នេះ​​នឹងមាន​សារៈ​ប្រយោជន៍​ពិត​ដល់​ពលរដ្ឋ​ជាទូទៅ និង​សង្គម​ទាំងមូល​ ប្រសិន រដ្ឋាភិបាល​ទទួលយក​អានុសាសន៍​របស់​អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ពិតប្រាកដ​មែន​នោះ។ ហើយលោកថា ដើម្បីឱ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​ជា​បទដ្ឋាន​ជា​អន្តរជាតិ​នោះ អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ឱ្យមានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ ហើយ​ខ្លឹមសារ​នៃ​ច្បាប់​នោះ​ទៀតសោត គឺ​មិនមែន​ការពារ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​មិន​ព្រម​ផ្តល់ព័ត៌មាន​ដល់​សាធារណ​នោះទេ។ ពោលគឺ​ច្បាប់​ស្តីពី​សិទ្ធិ​ទ​ទូល​បាន​ព័ត៌មាន​នេះ​ ត្រូវតែ​បង្ខំ​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋាភិបាល​ឆ្លើយតប​ចំពោះ​សាធា​រណ​ជន និង​អ្នកសារព័ត៌មាន។

យ៉ាងណាក៏ដោយ លោក ប៉ែន ស​មិ​ទ្ធិ ប្រធាន​ខ្លឹប​អ្នកកាសែត​កម្ពុជា បាន​សង្កត់ធ្ងន់ថា ច្បាប់​ស្តីពី​សិទ្ធិទទួលបាន​ព័ត៌មាន ​អាច​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នោះ គឺ​មិន​ត្រឹមតែត្រូវ​សំរេច​អោយ​មាន​​កា​រប​ង្តើ​ត​ច្បាប់​ឱ្យ​លេច​ជា​រូបរាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ គឺត្រូវ​​រកដំណោះស្រាយ​បញ្ហា​កង្វះខាត​ឯកសារ​ជា​អេ​ឡិច​ត្រូ​និ​ចផងដែរ ដែល​ជា​​កត្តា​សំខាន់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ