អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​៖​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​​ត្រូវ​ការ​ពេល​យ៉ាងតិច​៣​ឆ្នាំ​​ និង​ចំណាយ​ជិត១​លាន​ដុល្លារ​

នៅក្នុង​ពិធី​បិទ​វេទិកា​និពន្ធ​នាយក កាលពីព្រលប់​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​បង្ហើប​ឲ្យ​ដឹងថា សេចក្ដីព្រាងច្បាប់​ស្ដី ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នឹងត្រូវ​ចំណាយពេល​យ៉ាងហោចណាស់៣ឆ្នាំ គិត​ចាប់ពី​ឆ្នាំ២០១៤តទៅ។ ក្នុងនោះ ក្រសួង​ក៏​ត្រៀម​ថវិកា​ចំណាយ​ជិត១លាន​ដុល្លារ ដើម្បី​រៀបចំ​សិក្ខាសាលា​ជាច្រើន រួមទាំង​ការចុះ​ស្រាវជ្រាវ​ជាដើម។ ថវិកា​ជិត១លាន​ដុល្លារ និង​រយៈ ពេល៣ឆ្នាំ ដែល​ក្រសួង​ត្រូវការ ដើម្បី​បញ្ចប់​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​រិះគន់ថា ច្រើន​ហួសហេតុ។ 

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ត្រូវការ​ពេល​យ៉ាងហោចណាស់៣ឆ្នាំ ដើម្បី​តាក់តែង និង​ចំណាយ​ជិត១លាន​ដុល្លារ។ នេះ​ជាការ​បញ្ជាក់​របស់លោក​ខៀវ កញា​រី​ទ្ធិ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ដែលជា​ក្រសួង​ទទួលបន្ទុក​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។ 

នៅ​ខែមករា ឆ្នាំ២០១៤ ក្រសួង​ព័ត៌មាន នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​យូ​នេស​ស្កូ ដើម្បី ចាប់ផ្ដើម​ដំណើរការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។ ការតាក់តែង​នេះ ត្រូវការ​រយៈពេល៣ឆ្នាំ ​និង​ថវិកា​ចំណាយ​ជិត១លាន​ដុល្លារ ដើម្បី​ចុះ​ស្រាវជ្រាវ ចងក្រង ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ពី​ប្រទេស​ស៊ុយអែត ដែលជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាងគេ។  ក្នុងនោះ ក្រសួង​ក៏​ត្រៀម​រៀបចំ​សិក្ខាសាលា​ជាច្រើន ដោយ​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​នានា រួមមាន​សមាគម​អ្នកកាសែត អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្សជាតិ និង​អន្ដរជាតិ​ជាដើម។

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ស្មារតី​របស់​ក្រសួង ដែល​ត្រៀម​រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ប៉ុន្តែ លោក​បាន​រិះគន់ថា ថវិកា​ចំណាយ១លាន​ដុល្លារ ដែល​ក្រសួង​ត្រៀម​សម្រាប់​ការងារ​នេះ វា​ច្រើន​ហួស។ បើតាម​បទពិសោធ​ន៍​របស់​ក្រុមការងារ​លោក ថវិកា​ប្រមាណ​តែ១សែន​ដុល្លារ វា​គ្រប់គ្រាន់​ពេក​ហើយ សម្រាប់​ការព្រាង​សេចក្ដីព្រាងច្បាប់​មួយ ដោយ​រួមមាន​ទាំង​ការរៀបចំ​សិក្ខាសាលា​ជាច្រើន។ ប្រសិនបើ​មានការ​អញ្ជើញ​អ្នកជំនាញ​បរទេស ឲ្យ​មក​ចូលរួម​ក្នុងការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ ការចំណាយ​អាច​កើន​ដល់១សែន៥ម៉ឺន​ដុល្លារ។ នេះ​បើតាម​លោក អ៊ូ វីរៈ។ លោក​បន្ថែមថា ការងារ​នេះ ត្រូវការ​ពេល​ប្រមាណ​តែ១ឆ្នាំ​ប៉ុណ្ណោះ បើ​ក្រសួង​មាន​ឆន្ទៈ​ពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ