អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើក្រុមចោរ​អ៊ីនធ័រនែត​បាន​លួច​ឯកសារ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ Sony Pictures?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិការ​ ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ​ ក្រុមចោរ​អ៊ិនធ័រនែត​ ដែល​គេ​តែង​ហៅថា​ ពួក​ Hackers​ បាន​ធ្វើការ​វាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​លើ​ក្រុមហ៊ុន​ផលិតកុន​ហូលីវូដ Sony Pictures។  ​ឯកសារ​សំងាត់​និង​ទិន្នន័យ​បុគ្គលិក​ទំហំ​រាប់​សែន​ជីហ្គាបៃ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​លួច​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​អ៊ិនធ័រណេត។​ ហេតុការណ៍​នេះ​ធ្វើ​អោយ​ក្រុមហ៊ុន​Sony Pictures​មាន​ក្តី​បារម្ភ​យ៉ាងខ្លាំង។ តើ​ក្រុមចោរ Hackers លួច​ឯកសារ​អ្វី​ខ្លះ?​ហើយ​ពួក​គេ​ផ្សព្វផ្សាយ​ឯកសារ​ទាំង​នោះ​តាម​របៀបណា? 

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ការវាយ​ប្រហារ​លើ​បណ្តាញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ Sony Pictures ក្រុមចោរ​តាម​អ៊ីនធ័រនែត ដែល​ហៅ​ខ្លួន​ឯង​ថា​ ឆ្មាំ​សន្តិភាព​ (Guardian of Peace)​ ធ្លាប់​បាន​ប្រកាស​ថា​ ពួកគេ​លួច​បាន​ឯកសារ​សរុប​ចំនួន​ប្រមាណ​ ១១ តេរ៉ាបៃ​ (ស្មើ​នឹង ១១ ០០០ ជីហ្គាបៃ)។

ប៉ុន្តែ​ បើតាម​សារព័ត៌មាន​អាមេរិក ទំហំ​ឯកសារ​នេះ​អាច​កើនឡើង​ដល់​ទំហំ​រាប់រយ​តេរ៉ាបៃ (មាន​ន័យ​ថា​ស្មើ​នឹង រាប់​សែន​ជីហ្គាបៃ)។ បើតាម​ភាសា​ព័ត៌មានវិទ្យា ​ទិន្នន័យ​ដ៏ធំ​បែប​នេះ​ស្មើ​នឹង​ទំហំ​ឯកសារ​ចំនួន​រាប់​សែន​ ឬ​លាន​ទំព័រ​។ ប្រាកដ​ណាស់​ វាពិត​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ Sony Pictures។ ក្រុមហ៊ុន​ជំនាញ​ផែ្នក​សន្តិសុខ​ព័ត៌មាន​វិទ្យា​ Risk Based Security បាន​អោយ​ដឹងថា​ ឯកសារ​សំងាត់​របស់​ក្រុមហ៊ុន​ផលិត​កុន​ហូលីវូដ​នេះ​មាន​ផ្ទុក​ទិន្នន័យ​ក្រោម​ទំរង់​ជា​ប្រភេទ​ឯកសារ​ Excel, Word, Powerpoint និង PDF។

តើ​ក្រុមចោរ Hackers ផ្សព្វផ្សាយ​ឯកសារ​តាម​របៀប​ណា?

ដូច​ក្រុម​ចោរ​តាម​អ៊ីនធ័រនែតដ៏ទៃទៀត​ ក្រុម​ចោរ​ Hackers​លួច​ឯកសារ​ក្រុមហ៊ុន​ Sony Pictures​ ប្រើ​វិធី​តែមួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ឯកសារ​ទាំងនោះ​។​ មានន័យ​ថា​ពួកគេ​យក​ឯកសារ​ទាំងនោះ​ទៅ​ច្របាច់​បញ្ចូល​គ្នា​តែមួយ​ក្រោម​ទំរង់​ជា​ឯកសារ​ RAR ឬ​ ZIP ហើយ​ ពួកគេ​បញ្ជូន​ឯកសារ​ទាំង​នោះ​ចូល​ទៅ​ក្នុង​គេហទំព័រ​សំរាប់​ផ្ទុក​ និង​ទាញ​យក​ឯកសារ​ ឬ​ពួក​គេ​ប្រើ​បណ្តាញ​ Torrent ​ផ្ទុក​ឯកសារ​ទាំង​នោះ។​ ប៉ុន្តែ ដើម្បី​អោយ​សាធារណៈជន​អាច​ទាញ​យក​ឯកសារ​នោះ​បាន​ ពួក​ចោរ​អ៊ីនធ័រនែតបាន​ដាក់​តំណ​ (ដែល​យើង​ហៅថា​ Link) សំរាប់​ទាញ​យក​ឯកសារ​នៅ​លើ​គេហទំព័រ​មួយ​ Pastebin។ Pastebin នេះ​មាន​លក្ខណៈ​ពិសេស​អាច​ធានា​ភាព​អនាមិក​មិន​អោយ​គេ​ស្គាល់​ឈ្មោះ​ និង​ប្រភព​អ្នក​សរសេរ​អត្ថបទ​លើ​គេហទំព័រ​របស់​ខ្លួន។ គេហទំព័រ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​សំរាប់​កែរសំរួល​អត្ថបទ​ និង​លេខ​កូដ​កម្មវិធី។​

បន្ទាប់​មក​ ក្រុម​ចោរ​ផ្ញើរ​តំណ​ឯកសារ​លើ​គេហទំព័រ​ Pastebin តាម​រយៈ​សារអេឡិច​ត្រូនិក​ (ឬ e-mail) ទៅ​កាន់​ជនណា​ដែល​ចង់​បាន​ឯកសារ​នោះ។​ ជាទូទៅ​ សមាជិក​ក្រុមចោរ​ឆ្មាំ​សន្តិភាព​តែង​ប្រើប្រាស់​អាស័យដ្ឋាន​ e-mail អនាមិក និង​បណ្តោះ​អាសន្ន​របស់​ខ្លួន​ ដើម្បី​ទាក់​ទង​ជាមួយ​អ្នក​ដ៏ទៃ។ អ្នកកាសែត​ ក្រុមចោរ​ Hackers ដ៏ទៃទៀត ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​ មន្ត្រីស៊ើបអង្កេត​ និង​ក្រុមហ៊ុន​ប្រកួតប្រជែង​ជាមួយ​ Sony Pictures អាច​សរសេរ​សារ​ស្នើ​សុំ​ឯកសារ​ទាំងនោះ​ពី​ក្រុម​ចោរ​ឆ្មាំ​សន្តិភាព។ ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​ពួក​ចោរដាក់​បង្ហោះ​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​នឹង​ម្ចាស់​គេហទំព័រ​ផ្ទុក​ឯកសារ ឬ​គេហទំព័រ​ Pastebin លប់​ចោល​ តាម​ការ​ស្នើ​សុំ​ពី​ប៉ូលីស​ ឬ​ពី​មេធាវី​របស់​ក្រុមហ៊ុន​ Sony Pictures។ ចន្លោះ​ពីថ្ងៃទី​ ២៤ វិច្ឆិការ ដល់​ថ្ងៃ​ទី​ ១០​ ធ្នូ​ ឆ្នាំ២០១៤ គេ​សង្កេត​ឃើញ​ថា​ក្រុម​ចោរ​អ៊ីនធ័រនែតបាន​ចែក​ចាយ​ឯកសារ​ចំនួន​ ៦ លើក។

តើ​ជា​ការ​ចាប់ចំរិត​យកលុយ?

ពេល​ផ្សព្វផ្សាយ​ឯកសារ​តាម​អ៊ិនធ័រណេត គេ​តែង​កត់​សំគាល់​ថា​ អត្ថបទសរសេរ​ដោយ​ក្រុម​ចោរ​ Hackers ​ពុំ​បាន​បញ្ជាក់​អ្វី​ពិតប្រាកដ​ពី​ហេតុ​ផល​របស់​ពួក​គេ​ឡើយ ហើយ​ក៏​ពុំ​បង្ហាញ​ពី​ការ​គំរាម​ជំរិត​យកលុយ​ពី​ក្រុមហ៊ុន​ឡើយ។​ រាល់​ការ​គំរាម​កំហែង​គឺ​ គ្រាន់​តែ​ស្នើ​មិន​អោយ​ក្រុមហ៊ុន​ Sony Pictures ដាក់​បញ្ជាំង​ខែ្សភាពយន្ត​មួយ។ ប៉ុន្តែ​ មាន​ការសង្ស័យ​ថា​ប្រទេស​កូរ៉េ​ខាងជើង​ស្ថិត​នៅ​ពី​ក្រោយ​ការវាយ​ប្រហារ​នេះ​ ដោយសារ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ធ្លាប់​បាន​គំរាម​ក្រុមហ៊ុន​ Sony Pictures មិន​អោយ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​ The Interview ដែល​និយាយ​ចំអក​អោយ​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ។

ម៉្យាងទៀត​ លេខកូដ​សំគាល់​អាស័យដ្ឋាន​អ៊ីនធ័រនែតមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​លេខ​កូដ​ ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​ប្រើ​ពេល​វាយ​ប្រហារ​លើ​គេហទំព័រ​រដ្ឋាភិបាល​ ធនាគារ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​ កាលពីឆ្នាំ២០១៣។ ប៉ុន្តែ បើ​មន្រ្តីម្នាក់​របស់​ FBI ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​បាន​អោយ​ដឹងថា​ អាច​មាន​ក្រុម​ជនបរទេស​ ឬ​ប្រទេស​ផ្សេងទៀត​ស្ថិតនៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ ដោយ​មាន​កូរ៉េខាង​ជើង​ជា​អ្នក​ដឹកនាំ​សម្របសម្រួល។

ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​ និង​ដៃគូ​របស់​ក្រុមហ៊ុន Sony Pictures

នៅក្នុង​ឯកសារ​មួយ​មាន​ចំណង​ជើងថា​ «ធនធានមនុស្ស» គេ​អាច​ដឹង​ពី​ជីវិត​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ Sony Pictures ទាំង​មូល ដែល​មាន​បុគ្គលិក​បំរើការ​សរុប​ចំនួន​ ៧ ពាន់​នាក់។​ ទិន្នន័យ​របស់​បុគ្គលិក​ម្នាក់ៗ​ត្រូវ​បាន​លួច​យក​ដូច​ជា លេខ​ទូរស័ព្ទ​ អាស័យដ្ឋាន​អ៊ីមែល ប្រវត្តិរូប រូបថត​ប័ណ្ណ​សំគាល់ខ្លួន​ ចំនួន​ប្រាក់​ខែ​ ការ​ស្នើ​សុំ​ដំឡើង​ប្រាក់ខែ គំរោង​សុំ​សំរាក​វិស្សមកាល​ និង​ព័ត៌មាន​សុខភាព ជាដើម។ ក្រៅពីនោះ​ ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​សហការ​ជាមួយ​ Sony ដូចជា Columbia Pictures ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​អោយ​ដឹង​ផង​ដែរ។
អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះគឺ​ លេខសំងាត់​ជាច្រើន​ ដែល​បុគ្គលិក​ក្រុមហ៊ុន​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ទៅ​នឹង​បណ្តាញ Server ​ឬ​សេវាកម្ម​តាម​អ៊ីនធ័រនែតរបស់​ក្រុមហ៊ុន​ Sony Pictures ត្រូវ​បាន​បែក​ធ្លាយ។ ​គេហទំព័រ​ Gizmodo បាន​កត់​សំគាល់​ថា​ លេខសំងាត់​ទាំងនោះ​ត្រូវបាន​ទុកនៅ​ក្នុង​ឯកសារ​ជា​ Word និង Excel ដោយ​គ្មាន​កិច្ច​កាពារ​អ្វី​បន្តិច​សោះ។

ហេតុដូចនេះ​ហើយ​បានជា​អតីតៈ​បុគ្គលិក​ក្រុមហ៊ុន​ Sony Pictures កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​រួមគ្នា​មួយ​ ក្រោម​អំណះអំណាង​ថា​ក្រុមហ៊ុន​នេះ​ធ្វេសប្រហែស​ពុំបាន​ការពារ​ពង្រឹង​សន្តិសុខ​បណ្តាញ​ព័ត៌មានវិទ្យា​របស់​ខ្លួន។​ ទន្ទឹម​គ្នា​នេះ​ផងដែរ​ ក្រុមមេធាវី​មកពី​រដ្ឋ​កាលីហ្វ័រញ៉ា​​កំពុង​ព្យាយាម​ជំរុញ​អោយ​បុគ្គលិក​កំពុង​បំរើការ​អោយ​ក្រុមហ៊ុន​ Sony Pictures ដាក់​ពាក្យបណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ