អានតួអត្ថបទ
ឥណ្ឌា

ជំនួប​​កំពូល​​នៃ​ក្រុម​​ប្រទេស ​​Brics​​ ដើម្បី​​ពង្រឹង​​កម្លាំង​​របស់ខ្លួន​​នៅក្នុង​​សេដ្ឋកិច្ច​​ពិភពលោក​​

ជំនួប​កំពូល​ទីបួន​នៃ​ក្រុមប្រទេស Brics ​ក្នុងនោះ​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង​សំខាន់ៗ​ដូចជា​ ប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ ចិន​ និង​អាហ្វ្រិក​ខាងត្បូង​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩មីនា​នេះ​ នៅ​រដ្ឋធានី​ញូវ​ដែលី​នៃ​ប្រទេស​ឥណ្ឌា។​ ក្រុមប្រទេស​ BRIC ​ទាំងប្រាំនេះ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ​ ហើយពួកគេ​ចង់​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ។

លោកប្រធានាធិបតី​​រុស្ស៊ី​​ មេដវេដេវ​ និង​លោក​ប្រធានាធិបតី​​ចិន​​ ​ ហ៊ូ​ ជិនតាវ​​ នៅ​ជំនួប​​កំពូល​​នៃ​ក្រុម​ប្រទេស ​Brics ​​នៅ​ថ្ងៃ​ទី២៩​មីនាឆ្នាំ​២០១២​​​នៅ​ទីក្រុង​​ញូវ​ដែលី​​
លោកប្រធានាធិបតី​​រុស្ស៊ី​​ មេដវេដេវ​ និង​លោក​ប្រធានាធិបតី​​ចិន​​ ​ ហ៊ូ​ ជិនតាវ​​ នៅ​ជំនួប​​កំពូល​​នៃ​ក្រុម​ប្រទេស ​Brics ​​នៅ​ថ្ងៃ​ទី២៩​មីនាឆ្នាំ​២០១២​​​នៅ​ទីក្រុង​​ញូវ​ដែលី​​ Reuters/Yekaterina Shtukina
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​ព្រហស្បតិ៍​ទី២៩មីនា​ឆ្នាំ២០១២នេះ​ នៅ​រដ្ឋធានី​ញូវ​ដែលី​នៃ​ប្រទេស​ឥណ្ឌា​ ​ លោកស្រី​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​ Dilma Rousseff ​ ​ លោកប្រធានាធិបតី​រុស្ស៊ី​ មេដវេដេវ​ ​ លោក​ប្រធានាធិបតី​ចិន​ ​ ហ៊ូ​ ជិនតាវ​ ​ លោកប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ Jacob Zuma ​ ​ និង​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ម៉ានមហាន​ សិង្ហ​ ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ញូវដែលី។

ប្រជាជន​នៃ​ក្រុមប្រទេស Brics ​តំណាង​៤០%​នៃ​ប្រជាជន​ពិភពលោក។​ នៅ​រវាង​ឆ្នាំ២០១៥​ខាងមុខ​ ​ ៦១%​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ត្រូវ​ធានា​ដោយ​អានុភាព​សេដ្ឋកិច្ច​​នៃ​ក្រុមប្រទេស​ Brics ។​ នេះ​បើយោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ។​ ហេតុដូច្នេះហើយ​ បានជា​ក្រុមប្រទេស​ Brics​ ចង់​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​កិច្ចចរចា​សេដ្ឋកិច្ច​នៅក្នុង​រង្វង់​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI​ និង​នៅក្នុង​រង្វង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ OMC ។

ក៏​ប៉ុន្តែ​នៅមាន​ការខ្វែង​គំនិត​នឹងគ្នា​នៅក្នុង​ចំណោម​ ក្រុមប្រទេស​ Brics ទាំងប្រាំនេះ។​ មាន​ដូចជា​ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ពុំព្រម​គាំទ្រ​ប្រទេស​ប្រេស៊ីល​ក្នុង​ការ​ទាមទារ​កៅអ៊ី​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.។

ហើយម្យ៉ាងទៀត​ ប្រទេសចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ក្នុងលោក​ដែល​បរិមាណ​នៃ​ផលិតផល​ដុល​សរុប​មាន​ចំនួន​ច្រើនជាង​ផលិតផល​ដុល​សរុប​នៃ​ក្រុមប្រទេស​ Brics ទាំងបួន​ទៀត​បូក​បញ្ចូល​គ្នា​ ​ តែង​មាន​ទំនោរ​ចង់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឧត្តមភាព​របស់​ខ្លួន។​ ដូច្នេះ​ ជំនួប​កំពូល​នៃ​ក្រុមប្រទេស Brics ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩មីនា​នៅ​ទីក្រុង​ញូវ​ដែលី​នេះ​ ​ ក៏​ជាឱកាស​មួយ​ដ៏​ប្រពៃ​សម្រាប់​ធ្វើការ​បង្រួប​បង្រួម​គ្នា​ ​ បំភ្លេច​ការខ្វែង​គំនិត​នឹងគ្នា។

នៅពេលនេះ​ ក្រុមប្រទេស​ Brics ទាំងប្រាំ​ត្រូវ​ពិភាក្សា​គ្នា​ពី​ការបង្កើត​ឲ្យមាន​ “ធនាគារ​វិនិយោគ”​មួយ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ផែនការ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​អភិវឌ្ឍន៍។

ហើយ​ជំនួប​កំពូល​ទីបួន​នៃ​ក្រុមប្រទេស Brics ​ នៅ​រដ្ឋធានី​ញូវ​ដែលី​នៃ​ប្រទេស​ឥណ្ឌា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​មួយ​ដែល​ក្នុងនោះ​ក៏​មាន​និយាយពី​វិបត្តិ​នៅ​ប្រទេស​ស៊ីរី​ ​ ប្រទេស​អ៊ីរ៉ង់​ ​ ហើយនិង​វិបត្តិ​នៃ​ប្រាក់​បំណុល​នៅ​អឺរ៉ុប​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ