អានតួអត្ថបទ
កម្ពុជា

មនុស្ស​ប្រមាណជា១០ម៉ឺននាក់​នឹង​ទៅ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​នៅ​អង្គវត្ត

លោក​ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​១០​ម៉ឺននាក់​គ្រោង​នឹង​មក​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​​នៅ​ទីក្រុង​អង្គរ​នៅ​ឆ្នាំ​នេះ។ ពិធី​អង្គរសង្រ្កាន​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​​នៅ​តំបន់​ប្រាសាទបាយ័ន ដោយ​មាន​ការ​តាំង​ពិព័ណ៌​ផលិតផល​ខ្មែរ​ និង​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ទៀត​ផង។

មនុស្ស​ប្រមាណជា១០ម៉ឺននាក់​នឹង​ទៅ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​នៅ​អង្គវត្ត
មនុស្ស​ប្រមាណជា១០ម៉ឺននាក់​នឹង​ទៅ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​នៅ​អង្គវត្ត © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ភ្នំពេញ​ចាប់​ផ្តើម​ស្ងាត់​ជ្រងំ រីឯ​ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​សៀមរាប​ចាប់​ផ្តើម​កក​កុញ​ទៅ​ដោយ​មនុស្ស​មា្ន​ដែល​មក​ពី​ខេត្ត ក្រុង​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ខេត្ត​សៀមរាប គេ​សង្កេត​ឃើញ​រថយន្ត​ទាំង​ខ្សែៗ​បាន​​បើក​ចូល​បន្ត​កន្ទុយ​គ្នា​មក​ក្នុង​ទីក្រុង​ប្រាសាទ​ចំណាស់​របស់​ខេត្ត​សៀមរាប។ លោក ស៊ូ ភិរិន្ទ​ អភិបាលល​ខេត្ត​សៀមរាប​​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​​មិន​តិច​ជាង​១០​ម៉ឺននាក់​ទេ​ដែល​គ្រោង​នឹង​មក​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្រុង​អង្គរ។ បន្ទប់​សណ្ឋាគារ​ទាំងឡាយ​នៅ​ក្នុង​ខេត្ត​ត្រូវ​បាន​គេ​កក់​ទុក​ជា​មុន​ស្ទើរ​អស់​ហើយ។

ការ​សម្រុក​មក​កម្សាន្ត​ទៅ​ទីក្រុង​អង្គរ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​រឿង​ធម្មតា​របស់​ប្រជាជន​ខ្មែរ​។ ប៉ុន្តែ​ឆ្នាំ​នេះ​ ចំនួន​មនុស្ស​អាច​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ ពីព្រោះ​នៅ​ឆ្នាំ​នេះ សាលា​ខេត្ត​សៀមរាប​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សម្រេច​រៀបចំ​​មហា​សង្រ្កាន ឬ​អង្គរ​សង្រ្កាន​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តំបន់​អង្គរតែ​ម្តង។ លោក ស៊ូ ភិរិន្ទ​ អភិបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ប្រាប់​ថា នៅ​ក្នុង​ពិធី​អង្គរ​សង្រ្កាន​ឆ្នាំ​នេះ របាំ​សិល្បៈបុរាណ​របស់​ខ្មែរ​ជា​ច្រើន​ក្រុម និង​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​សម្តែង​នៅ​តំបន់​ប្រាសាទ​បាយ័ន​ទល់​មុខ​ទីលាន​ជល់​តំរី។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្តង់​លក់​ផលិត​ខ្មែរ​ជា​ច្រើន​រយ​កន្លែង​ត្រូវ​បាន​គេ​​ដាក់​អោយ​ដំណើរ​ការ​ផង​ដែរ។ លោក ស៊ូ ភិរិន្ទ​ បាន​បន្ត​ទៀត​ថា ពិធី​មហា​សង្រ្កាន​អង្គរ​ឆ្នាំ​នេះ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នក​ទេសចរ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិធី​នេះ​អាច​ទាក់ទាញ​អ្នកទេសចរ​បរទេស​ទៀត​ផង។

លោក អាង គីមអ៊ាង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​អោយ​ដឹង​ថា នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៣​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នាំ​គ្នា​ចាក​ចេញ​ដំណើរ​ទៅ​កម្សាន្ត​នៅ​បរទេស ​ដូច​ជា​ប្រទេស​វៀតណាម ប្រទេសថៃ ប្រទេសសិង្ហបុរី ទីក្រុង​ហុងកុង​ប្រទេស​ចិន​។ល។ រីឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ អ្នក​ទេសចរ​ជនជាតិខ្មែរ​សម្រុក​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តរតនគីរី មណ្ឌលគីរី និង​ទីក្រុង​សៀមរាប។ ​ព្រម​ពេល​ជាមួយ​គ្នា លោក អាង គីមអ៊ាង ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​​អំពាវនាវ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​អោយ​ដំឡើង​តម្លៃ​សេវាកម្ម ឬ​ម្ហូប​អាហារ​ហួសហេតុ​ពេក​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ