អានតួអត្ថបទ
កម្ពុជា-សង្គម

ជនជាតិ​​​ភាគតិច​​ការពារ​​ព្រៃឡង់​​ប្រមាណជា​​៦០០នាក់​​គ្រោង​ចូល​​បង្រា្កប​​បទល្មើស​​ព្រៃឈើ​​ជាថ្មី​​ទៀត​​

ជនជាតិ​ភាគតិច​ការពារ​ព្រៃឡង់​ប្រមាណ​ជា​៦០០​នាក់​គ្រោង​នឹង​ចូល​បង្រា្កប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នៅថ្ងៃ​ទី​២០​ខាង​មុខ​នេះ។ ​ជនជាតិ​ភាគតិច​ដែលមក​ពី​ខេត្ត​កំពង់ធំ ​ស្ទឹងត្រែង ​ក្រចេះ​និង​ខេត្ត​ព្រះវិហារ​ទាំងនេះ​នឹង​ជិះម៉ូតូ​ចំនួន​៣០០​គ្រឿង​ចូល​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃឡង់​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ទាំង​៤​ខាង​លើ​នេះ។ ​នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល​ជនជាតិ​ភាគតិច​សម្រេចចិត្ត​​ចូល​ក្នុង​ព្រៃឡង់​ជាថ្មី​ម្តងទៀត​ជា​ទ្រង់ទ្រាយ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ
ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឡង់​នៅ​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ខេត្ត​ក្រចេះ ​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​កំពង់ធំ​នៅ​មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។

 
នៅ​ថ្ងៃ​អង្គារទី​២០​សប្តាហ៍​ក្រោយ​នេះ ជនជាតិ​ភាគតិច​ប្រមាណ​ជា​៦០០​នាក់​នឹង​​ជិះ​ម៉ូតូ​ប្រមាណ​ជា​៣០០​គ្រឿង​ចុះ​ស៊ើប​អង្កេត​និង​កត់ត្រា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​។ កាល​ពី​ចុង​ឆ្នាំ​២០១១​កន្លងមក ជនជាតិ​ភាគតិច​ប្រមាណ​ជា​៥០០​នាក់​បាន​នាំគ្នា​ដើរ​ចូល​ព្រៃឡង់​ដើម្បី​បង្រ្កាប​បទ​ល្មើសព្រៃ​ឈើ​ម្តង​រួច​មក​ហើយ​ប៉ុន្តែ​កាលនោះ​ ពួកគេ​មិន​ទទួល​បាន​ជ័យ​ជំនះ​ទេ​ពីព្រោះ​មាន​ការ​រារាំង​ពី​អាជ្ញាធរ។

ម្តងនេះ ប្រជាជន​មិន​ដើរ​ចូលព្រៃ​ទៀតទេ។ ពួកគេ​មាន​គម្រោង​ជិះ​ម៉ូតូ​ចូល​ព្រៃ​វិញ​ម្តង។ ក្នុង​ចំណោម​ប្រជាជន​៦០០​នាក់​ដែល​គ្រោង​នឹង​ជិះម៉ូតូ​ចូលព្រៃ​នោះ មាន​មក​ពី​ខេត្ត​កំពង់ធំ​ចំនួន​៣០០នាក់ ក្រចេះ​១០០​នាក់ ស្ទឹង​ត្រែង​១០០​នាក់​និង​ខេត្ត​ព្រះវិហារ​ចំនួន​១០០​នាក់។

ព្រៃឡង់​ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ​ជា​ព្រៃ​ដែលមាន​ទំហំធំ​ជាង​គេ​នៅតំបន់​អាស៊ី​អាគ្នេយ៍។ ​ព្រៃនេះ​មាន​ទំហំ​៦០​ម៉ឺន​ហិកតា​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០​ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ ព្រៃឡង់​នៅ​មាន​ទំហំ​ប្រមាណ​ជា​៤០​ម៉ឺន​ហិកតា​ប៉ុណ្ណោះ។
ដោយសារ​តែ​ទំហំ​ព្រៃឡង់​បាន​ថយ​ចុះ​យ៉ាង​ច្រើន ​ហើយ​បទល្មើស​កាប់ព្រៃ​នៅ​បន្ត​កើន​ឡើង​នោះ ជនជាតិ​ភាគតិច​ដែល​រស់នៅ​ដោយ​ពឹងផ្អែក​លើ​អនុផល​ព្រៃឈើ​ពី​តំបន់​ព្រៃឡង់នេះ ​បាន​សម្រេច​ចិត្ត​សា​ជាថ្មី​ម្តងទៀត​ចុះ​បង្រ្កាប​បទល្មើស​ព្រៃ​ឈើ​នៅ​ទី​នោះ។
 
លោក ឈឹម សាវុធ អ្នក​សម្របសម្រួល​គម្រោង​វេទិកាសាធារណៈ​និង​បណ្តុះបណា្តល​នៃ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃសៅរ៍​នេះ​ថា ជនជាតិ​ភាគតិច​ទាំង​នោះ​សម្រេច​ចិត្ត​ចូល​ព្រៃ​ម្តង​ទៀត​ពីព្រោះ​បទល្មើស​ព្រៃឈើ​នៅ​រដូវប្រាំងនេះ​មាន​ការ​កើនឡើង​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​ពេល​មុន។លោក ឈឹម សាវុធ បាន​បន្ត​ទៀត​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើនៅ​តំបន់​ព្រៃឡង់​មិន​មែន​ប៉ះ​ពាល់​តែ​ជីវភាព​ប្រជាជន​នៅ​តំបន់​នោះ​ទេ​ប៉ុន្តែ​វា​ប៉ះពាល់​បរិស្ថាន​សម្រាប់​មនុស្ស​ទាំងអស់​គ្នា។

បើយោង​តាម​គម្រោង ប្រជាជន​ដែល​មាន​បំណង​បង្រ្កាប​បទ​ល្មើស​ក្នុង​តំបន់​ព្រៃឡង់​នឹង​ព្យាយាម​ប្រមូល​ភស្តុតាង ​និង ​វត្ថុតាង​ពី​បទលើ្មស​ទាំងឡាយ​​មក​កាន់​ស្រុក​សណា្តន់ ខេត្ត​កំពង់ធំ នៅ​ថៃ្ង​ទី ​២៨​ខែ​មីនា ឆ្នាំ​២០១២​ ក្នុង​គោល​បំណង​ចូលរួម​និង​បង្ហាញ​ភស្តុតាង​ទាំងនោះ​ដល់​តំណាងរាស្រ្ត​នឹង​អ្នក​ពាក់ព័ន្ធ​នៅក្នុង​កម្មវិធី​វេទិកា​សាធារណៈ​ដែល​គ្រោងនឹង​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​អញ្ជើញ​តំណាងរាស្ត្រ​ពី​៥​គណបក្ស​នៅ​ក្នុង​រដ្ឋសភា​ជាតិ​និង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​អោយ​ចូលរួម​វេទិកា​សាធារណៈ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ