អានតួអត្ថបទ
កម្ពុជា

ប្រតិភូ​កីឡា​កម្ពុជា​​ជុំគ្នា​​នៅក្នុង​​ទីក្រុងឡុងដ៍​មុនការ​​ប្រកួត​​អូឡាំពិក​​ចាប់ផ្តើម​​

ប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រុម​កីឡា​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុង​ឡុងដ៍​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កីឡា​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​ដល់​កន្លែង​ស្នាក់នៅ​របស់​ក្រុម​អត្តពលិក​កម្ពុជា​នៅក្នុង​ភូមិ​កីឡា​ក្បែរ​កន្លែង​ប្រកួត។ ពិធី​បើក​សម្ពោធ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង​៨និង៣០​នាទី ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស​ដែល​ត្រូវ​នឹង​ម៉ោង២​ភ្លឺ ​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា។

ប្រតិភូ​ជាន់ខ្ពស់​កីឡា​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា
ប្រតិភូ​ជាន់ខ្ពស់​កីឡា​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​ជាន់​ខ្ពស់​នៃ​កីឡា​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​ជា​ផ្លូវការ។

ប្រតិភូ​ជាន់ខ្ពស់​កីឡា​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​លី កុសល​ប្រធាន​បេសកកម្ម​ក្រុម​កីឡា​កម្ពុជា។

បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុងឡុងដ៍​ភា្លម ប្រតិភូ​ជាន់ខ្ពស់​បាន​ទៅ​ទស្សនច្ច​នៅ​ភូមិ​អូឡាំពិក​ភា្លម ដើម្បី​ជួប​ក្រុម​អត្តពលិក​ និង​គ្រូ​បង្វឹក​របស់​កម្ពុជា។ នៅ​ទី​នោះ​ហើយ ​ដែល​លោក​ថោង ខុន បាន​និយាយ​លើក​ទឹក​ចិត្ត​អោយ​ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ប្រឹងប្រែង​ដើម្បី​លើក​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ថ្នាក់​អន្តរជាតិ​នេះ។

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ ទីក្រុងឡុងដ៍ ​តាម​ទូរស័ព្ទ​ថា កីឡាករ កីឡាការិនី​កម្ពុជា​ទាំង​៦​នាក់​សុទ្ធ​តែ​មាន​សុខភាព និង​កាយសម្បទា​មាំទាំ​ល្អ​សម្រាប់​ការ​ប្រកួត​។ លោក​បន្ត​ថា ពួកគេ​សុទ្ធ​តែ​បាន​ហ្វឹកហាត់​នៅ​លើ​ទីលាន​ផ្ទាល់​តែ​ម្តង។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ក្នុង​ការ​ដើរ​ព្យុហយាត្រា​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក កញ្ញា​ស៊ន ដាវីន ដែល​ជា​កីឡាការិនី​តៃក្វាន់ដូ គឺ​ជា​អ្នក​កាន់​ទង់​ជាតិ​កម្ពុជា​ ដើរ​មុខ​ប្រតិភូ​កម្ពុជា​នៅ​ក្នុង​ពិធី​ដើរ​ក្បួន​នោះ។ ចំណែកឯ​លោក ថោង ខុន និង​លោក​វ៉ាត់ ចំរើន​ត្រូវ​បាន​អញ្ជើញ​អោយ​អង្គុយ​នៅ​លើ​វេទិកា​កិត្តិយស​នៃ​ពិធី​បើក​សម្ពោធ ដែល​នឹង​ចូលរួម​ដោយ​ព្រះ​មហាក្សត្រី​អេលីហ្សាប៊ែត​ផង។

សូម​បញ្ជាក់ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​តាំង​ពី​ឆ្នាំ​១៩៩៦​មក ដែល​កម្ពុជា​បាន​បញ្ជូន​ក្រុម​កីឡាករ​​រហូត​ដល់​៦​នាក់​ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។ អត្តពលិក​ទាំង​៦​នាក់​រួមមាន កីឡាករ កីឡារិនី​ហែលទឹក​២​នាក់ កីឡាករ​កីឡាការិនី​រត់ប្រណាំង​២​នាក់ កីឡាការិនី​តៃក្វាន់ដូ ​ម្នាក់​ និង​កីឡាករ​យូដូ​ម្នាក់។

បើតាម​លោក វ៉ាត់ ចំរើន ក្រោយ​ការ​ប្រកួត​នេះ​ចប់ ក្រុម​កីឡា​កម្ពុជា​ត្រូវ​អញ្ជើញ​អោយ​ធ្វើ​ដំណើរ​កំសាន្ត​៣​ថ្ងៃ​នៅទីក្រុង​ប៉ារីស ដែល​ដំណើរកំសាន្ត​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន អាកាសចរណ៍​បារាំង​Air France៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ