អានតួអត្ថបទ
ប្រទេសបាល់ទ៏-OCDE

បន្ទាប់ពី​អេស្តូនី ឡេតូនី​ក៏​ចូលជា​សមាជិក​អង្គការ​OCDE​ដែរ​

កាលពី​ដើមខែ​មិថុនានេះ រដ្ឋាភិបាល​ឡេតូនី​បានចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ដើម្បី​ភ្ជាប់​ប្រទេស​​បាល់ទ៏​នេះ​ទៅជា​សមាជិក​របស់​អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច ​ហៅ​កាត់​​ថាOCDE”ឬ​ក្លឹបនៃ​ប្រទេស​លូតលាស់“។ ​កន្លងផុត​ពីរ​សប្តាហ៍មក សន្ធិសញ្ញានេះ បាន​ទទួលការឲ្យសច្ចាប័ន ដោយ រដ្ឋសភាឡេតូនី ហេតុដែលបានបើកផ្លូវ​​ឲ្យ​ប្រទេស​បាល់ទ៏​នេះ​ ​ក្លាយជាសមាជិកពេញសិទ្ធិ ទី៣៥ របស់ ​OCDE។ តើ​OCDEជាអ្វីរួច ហេតុដូចម្តេច​​បានជា​ឡេតូនី​ចូលជា​សមាជិក​អង្គការ​នេះ ដោយធ្វើត្រាប់​តាម​ប្រទេសបាល់ទ៏ មួយផ្សេង គឺ​អេស្តូនី​ដែលបាន​ចូលក្នុង​អង្គការ​នេះ តាំងពី​៦ឆ្នាំមុន​ម៉្លេះ។ ចំណែក​លីទុយអានី​ក៏កំពុង​ធ្វើ​កិច្ចចរចា​ដើម្បី​ចូលដែរ។ 

ទីក្រុង​ Riga រដ្ឋធានី​ឡេតូនី
ទីក្រុង​ Riga រដ្ឋធានី​ឡេតូនី DR
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយ​ថា ក្រោយពី​សហភាពសូវៀត​ដួលរលំទៅ​ក្នុងឆ្នាំ១៩៩១ បី​ប្រទេស បាល់ទ៏ ពោលគឺ អេស្តូនី លីទុយអានី ឡេតូនី ដែលសុទ្ធតែ​ក្លាយជា​រដ្ឋឯករាជ្យ​ទៅហើយ មុនឈាន​ដល់​អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅកាត់ថា OCDE គឺបាន​ត្រូវទទួល​ឲ្យចូល កាលក្នុងឆ្នាំ២០០៤ ជាមួយគ្នា​តែម្តង ក្នុងបក្ស​សម្ព័ន្ធ​អូតង់ផង និងក្នុង​សហភាពអឺរ៉ុប​ផង ហើយក្នុង​ឋានៈនេះ ដែលពីក្នុង ចំណោម​អតីត​សាធារណរដ្ឋ​សូវៀត មានតែ៣​ប្រទេស​នេះ ដែល​រាជាណាចក្រកម្ពុជា​បានតាំង​ទំនាក់ទំនង​ការទូត​ជាមួយ​ទន្ទឹមនឹង​សហព័ន្ធ​រុស្ស៊ី។  

ក្នុងដំណាក់​បន្ទាប់មក នៅឆ្នាំ​២០១០ គឺ​អេស្តូនី​ដែលត្រូវបាន​ទទួល​ឲ្យចូល​ជា សមាជិក​ពេញសិទ្ធិ​ទៅហើយ​របស់​អង្គការ​OCDE។ ហើយ​កាលពី​ខែ​ឧសភា​កន្លងទៅ ក្រុមប្រឹក្សា​ដឹកនាំ​របស់​អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចOCDE បានអញ្ជើញ​ឡេតូនី​ឲ្យ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​នេះ បន្ទាប់ពី​បានទទួល​ការអនុម័ត​ជា​ឯកច្ឆន្ទ ដោយ​គ្រប់តែ​៣៤ប្រទេស​ជា​សមាជិក​ចាស់។ ចំណែក​លីទុយអានី​កំពុង​បន្ត​កិច្ចចរចា​តទៅទឿត នៅលើ​ផ្លូវ​ដើម្បី​ក្លាយទៅជា​សមាជិកOCDE​ដែរ។

លុះថ្ងៃទី២​មិថុនាដើមខែ​នេះ ក្នុង​ក្រុងប៉ារីស លោក​នាយករដ្ឋមន្ត្រី​ឡេតូនី Maris Kucinskis និង​លោកអគ្គលេខាធិការ​OCDE Angel Gurria បានចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា ​ស្តីអំពី​ការចូលខ្លួន​របស់​ឡេតូនី ទៅក្នុង​អង្គការ​នេះ។ លុះថ្ងៃ​១៦មិថុនា រដ្ឋសភា​ឡេតូនី​ដោយសម្លង​តំណាងរាស្ត្រ​ភាគច្រើន ដល់ទៅ​៦៨សម្លេង បានឲ្យ​សច្ចាប័ន​ទៅលើ​ឯកសារនេះ។ ចំណែក​តំណាងរាស្ត្រ​ដែលមិនព្រម​ចូលរួម​បោះឆ្នោត គឺមានតែ​១១នាក់​ប៉ុណ្ណោះ។

ពេលចុះ​ហត្ថលេខា​នោះ លោក​នាយករដ្ឋមន្ត្រីឡេតូនី Maris Kucinskis បាន​ថ្លែងថា ៖ ទម្រាំ​ឈានដល់ដំណាក់​នេះ ឡេតូនី​មុនដំបូង បានធ្វើ​កិច្ចចរចា​អស់​៣ឆ្នាំ​ឯណោះ ហើយ​សមាជិកភាព​នេះ មានន័យ​ជាការ​ទទួលស្គាល់​ដោយ OCDE ការងារ​បំពេញ​យ៉ាង​ស្វិតស្វាញ ដោយ​រដ្ឋាភិបាល ក៏ដូចជា​ដោយ​រដ្ឋសភាឡេតូនី នូវ​ចំណុច​និមួយៗ​ដែល​ទាមទារ ដោយ​OCDE  ដើម្បី​អាចចូលជា​សមាជិក​អង្គការនេះ​ទៅកើត។ ដោយ​ចូលជា​សមាជិក​OCDE ឡេតូនី​ទទួលបាន​បុព្វសិទ្ទិ ប៉ុន្តែ​ព្រមជាមួយ​គ្នា ក៏ទទួលយក​មកដាក់​លើខ្លួន​ទាំង​កាតព្វកិច្ច និង​នាទី​ទទួលខុសត្រូវ។ ប្រមុខ​រដ្ឋាភិបាល​ឡេតូនី​ក៏កត់​សម្គាល់​ថា ការចូលជា​សមាជិក​OCDE គឺ​គ្រាន់តែជា​ដំណាក់​ដំបូង​ប៉ុណ្ណោះ ហើយក្នុង​ថ្ងៃមុខ​ ការងារ​យ៉ាងច្រើន​ដែល​នៅ​រង់ចាំឡេតូនី។ គាត់បាន​សន្យាថា ឡេតូនី​នឹងក្លាយជា​សមាជិក​សកម្ម​របស់​OCDE ដោយខិតខំ​រកឲ្យឃើញ​ដំណោះស្រាយ​បញ្ហា​ពិភពលោក​នៃបច្ចុប្បន្ន​សម័យ។

លោក​អគ្គលេខាធិការOCDE Angel Gurria ពីចំណែក​គាត់​បានអបអរសាទរ​ឡេតូនី ចំពោះ​ការ​ភ្ជាប់ខ្លួនទៅនឹង​OCDE ទាំងឲ្យ​តម្លៃ​យ៉ាងខ្ពស់ ដល់​ការងារ​បំពេញ​ដោយឡេតូនី នៅលើ​ផ្លូវ លុះទាល់តែ​ចូលបានដូចចិត្ត​ជាសមាជិក​នៃ”ក្លឹបប្រទេស​លូតលាស់”។ ការនេះ​សឲ្យឃើញថា ឡេតូនី​ចេះសម្រេចបាន​វឌ្ឍនភាព​យ៉ាងបង្គួរ​ក្នុងការ​អនុវត្ត​តាម​អនុសាសន៍​របស់​OCDE។

ក្រសួង​ការបរទេស​ឡេតូនី បានចេញ​សេចក្តីថ្លែងការណ៍ ដែលចង្អុល​ឲ្យឃើញ​ថា ការចូល​ខ្លួនរបស់​ឡេតូនី​ទៅក្នុង​អង្គការនៃប្រទេសលូលាស់បំផុត​ក្នុងលោក គឺហុចជា​គុណសម្បត្តិ​ធំធេង​ដល់ប្រទេស​នេះ បែបយ៉ាង កែឲ្យ​ប្រសើរ​មែនទែន​មុខមាត់​ហិរញ្ញវត្ថុ ដែលជះឥទ្ធិពល ទៅលើ​ការបន្ទាប​យ៉ាង​បង្គួរ កម្រិតការប្រាក់ ហើយ​បញ្ចុះខ្ទង់​ចំណាយ​របស់គេ សម្រាប់​សង​បំណុលរដ្ឋ។ សមាជិកភាព​ក្នុង​អង្គការOCDE ក៏លើក​កាន់តែ​ខ្ពស់ឡើង ស្តង់ដារ​នៃ​ការធ្វើBusiness នៅ​ឡេតូនី និងនៃ​ការ​ការពារ​វិនិយោគ ព្រមទាំង​រាប់បញ្ជូល​ឡេតូនី ទៅក្នុង​ការស្រាវជ្រាវ​និង​មូលដ្ឋាន​ស្ថិតិ​អន្តរជាតិ។ សមាជិកភាព​ក្នុងអង្គការ​OCDE នឹងជម្រុញ​ដល់​ការប្រយុទ្ធ​ទល់នឹង​អំពើ​ពុករលួយ​ទល់នឹង​ការលាងលុយ និង​ដល់ការ​សកម្មទំ​នាក់ទំនង​សេដ្ឋកិច្ច​ត្រង់ផ្ទាល់​ជាមួយ​ប្រទេស​ឯទៀត ជា​សមាជិក​OCDE ព្រមទាំង​ជម្រុញដល់​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុងវិស័យ​សិក្សា​ធិការ។ សមាជិកភាព​ក្នុង​OCDE នឹង​ជម្រុញដល់​ការលើក​ផលិតភាព​ការងារ នៅតាម​គ្រប់វិស័យ​នៃ​សេដ្ឋកិច្ចជាតិ និងលើក​កម្រិតជីវភាព​ពលរដ្ឋ​ឡេតូនី។  

អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច  OCDE បានប្រសូត​មក ក្នុងឆ្នាំ​១៩៦១ ដោយ​មាន​ទីស្នាក់ការ​នៅ​ក្រុងប៉ារីស​ប្រកបដោយ​គោលដៅ ច្រានទៅមុខ​នយោបាយ​ដែលតម្រង់ទៅ​លើកកំណើន​សេដ្ឋកិច្ច​របស់​រដ្ឋសមាជិក។ ក្រោយពី​ទទួល​ឡេតូនីចូលជា​សមាជិកថ្មី ឥឡូវ​OCDE មាន៣៥រដ្ឋ ជា​សមាជិក ក្នុងនោះ​មាន​ប្រទេស​អភិវឌ្ឍអឺរ៉ុប​ខាងលិច បែបយ៉ាង​អាល្លឺម៉ង់ អង់គ្លេស ព្រមទាំង​ប្រទេស​លូតលាស់ទ្វីប​ឯទៀត​បែបយ៉ាង ស.រ.អា. អូស្ត្រាលី ជប៉ុន និង​ប្រទេសមានសេដ្ឋកិច្ច​លូតលាស់​ឯទៀត។ រុស្ស៊ី​មិនមែនជា​សមាជិក​OCDE​ទេ។

ជាការ​មិនសមគួរ​ឡើយ​បើប្រៀបប្រដូច​ឡេតូនី ទៅនឹង​សមាជិក​ឯទៀត​របស់OCDE  ដូចជា ស.រ.អា ឬកាណាដា។ ប៉ុន្តែ​គេអាចប្រៀប​ប្រដូច​ឡេតូនី ឧទាហរណ៍​ទៅនឹង​អេស្តូនី ៖ យ៉ាងណាមិញ ខាងខ្ទង់ចំណូល​គិតសម្រាប់​ពលរដ្ឋម្នាក់ៗ​ក្នុង១ឆ្នាំ គឺថា​នៅឡេតូនី ខ្ទង់ចំណូល​នេះ​មាន​ទឹកប្រាក់ ១៧.៩៥១ដុល្លារ នៅ​អេស្តូនី គឺ២១.០៦៥ដុល្លារ កាលដែល​ខ្ទង់ចំណូល​មធ្យម​ប្រចាំឆ្នាំ គិត​សម្រាប់​ពលរដ្ឋម្នាក់ៗ នៅទូទាំង​អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍​សេដ្ឋកិច្ចOCDE គឺ៣២.៤២៤ ដុល្លារ។

គិត​សម្រាប់វិស័យ​សិក្សាធិការ ឡេតូនី​ចំណាយ​១,៤% នៃផលិតផល​សរុប​ក្នុងស្រុក GDP អេស្តូនី​ចំណាយ ១,៦%។ ចំណែក​GDP​ឡេតូនី គិតសម្រាប់​ពលរដ្ឋម្នាក់ៗ គឺ ២៤.៦១៦ ដុល្លារ ហើយនៅ​អេស្តូនី គឺ​២៨.៩៤០ដុល្លារ។

ចំនួនគ្រោះថ្នាក់​ជាទូទៅ គិតសម្រាប់​ពលរដ្ឋ ១.០០០.០០០ នាក់ នៅឡេតូនី គឺ​ ១០៦,៥ករណី នៅអេស្តូនី គឺ​៥៩,៤ ករណី។ អាយុមធ្យម​នៃពលរដ្ឋ​នៅឡេតូនី គឺ៧៤,១ឆ្នាំ នៅអេស្តូនី គឺ ៧៧,៣ ឆ្នាំ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ