អានតួអត្ថបទ
លីប៊ី

ដណ្ហើម​ចុងក្រោយ​នៃ​របប​កាដាហ្វី​

នៅ​ពេញ​មួយ​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នេះ ពួក​ទ័ព​ឧទ្ទាម​លីប៊ី​ដែល​បាន​ចូល​ដល់​កណ្តាល​រដ្ឋធានី​ទ្រីប៉ូលី(Tripoli)ហើយ​នោះ បាន​និង​កំពុង​បន្ត​វាយ​លុក​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​កាដាហ្វី(Kadhafi) ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​នៃ​បន្ទាយ​ទាហាន​មួយ​ដ៏​ធំ។ ទ័ព​ឧទ្ទាម​ថែម​ទាំង​ចាប់​បាន​កូន​ប្រុស​ម្នាក់​យ៉ាង​តិច​របស់​កាដាហ្វី​ទៀត​ផង។ សម្រាប់​សហរដ្ឋអាមេរិក​និង​អឺរ៉ុប របប​ផ្តាច់ការ​៤២​ឆ្នាំ​របស់​កាដាហ្វី​ដើរ​ដល់​ទីបញ្ចប់​ហើយ។

ចម្បាំង​ចុងក្រោយ​នៅ​ទ្រីប៉ូលី
ចម្បាំង​ចុងក្រោយ​នៅ​ទ្រីប៉ូលី REUTERS/Bob Strong
ផ្សាយពាណិជ្ជកម្ម

 

ទ័ព​ឧទ្ទាម​បាន​វាយ​លុក​ចូល​ទៅ​ដល់​រដ្ឋធានី​ទ្រីប៉ូលី​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​សីហា​ម្សិល​មិញ។ តាំង​ពី​ពេល​នោះ​មក ព្រឹត្តិការណ៍​វិវឌ្ឍ​ទៅ​មុខ​យ៉ាង​លឿន​រហ័ស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​កូនប្រុស​ម្នាក់​យ៉ាង​តិច​របស់​កាដាហ្វី នោះ​គឺ​Seif al-Islam។

ការ​វាយ​លុក​របស់​ទ័ព​ឧទ្ទាម​ចូល​ដល់​កណ្តាល​ទីក្រុង​ទ្រីប៉ូលី​យ៉ាង​លឿន​រហ័ស កាល​ពី​ម្សិលមិញ​អាច​មាន​មូលហេតុ​ពីរ​យ៉ាង​សំខាន់ៗ។ ម្យ៉ាង​បើ​យោង​ទៅ​តាម​កាសែត​អាមេរិកាំង​New York Times គឺ​ដោយសារ​តែ​កងទ័ព​អូតង់​ឬ​ណាតូ​បាន​បង្កើន​ជំនួយ​យោធា​ខ្លាំងក្លា​ដល់​ពួក​ទ័ព​ឧទ្ទាម។ កាសែត​អាមេរិកាំង​មួយ​នេះ​បាន​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​ប្រើប្រាស់​យន្តហោះ​ប្រយុទ្ធ​ដែល​គ្មាន​មនុស្ស​បើក​និង​ថា​បារាំង​និង​អង់គ្លេស​ប្រើប្រាស់​កងកម្លាំង​ពិសេស​របស់​ខ្លួន​នៅ​សមរភូមិ​ក្រោយ ដើម្បី​ផ្តល់​អាវុធ​ដល់​ទ័ព​ឧទ្ទាម​និង​បង្ហាត់​ហ្វឹកហ្វឺន​ពួក​បះបោរ។ រី​ឯ​មូលហេតុ​ម្យ៉ាង​ទៀត នេះ​បើ​យោង​ទៅ​តាម​ព័ត៌មាន​របស់​វិទ្យុ​RFI​ជា​ភាសា​បារាំង គឺ​ដោយសារ​តែ​ប្រជាជន​នៅ​ក្នុង​សង្កាត់​ខ្លះ​នៃ​រដ្ឋធានី​ទ្រីប៉ូលី​បាន​ងើប​បះបោរ​ដែរ​ហើយ​បាន​និង​កំពុង​បន្ត​កៀក​ស្មា​គ្នា​ជាមួយ​ទ័ព​ឧទ្ទាម ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយ​លុក​ទៅ​លើ​បន្ទាយ​គេហដ្ឋាន​របស់​កាដាហ្វី។

តើ​កាដាហ្វី​នៅ​ឯ​ណា​?

របប​ផ្តាច់​ការ​រយៈ​ពេល​៤២​ឆ្នាំ​នៃ​ប្រទេស​លីប៊ី​នឹង​ប្រហែល​ជា​ធ្លាក់ នា​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ គឺ​នៅ​ពេល​ណា​ដែល​មាន​ព័ត៌មាន​ផ្លូវការ​ថា កាដាហ្វី​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ក៏​បាន​ស្លាប់​ឬ​ក៏​បាន​ភៀស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស។ ប្រការ​នេះ វា​អាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​របស់​កាដាហ្វី​ផ្ទាល់ ថា​តើ​គាត់​នឹង​បញ្ជា​ឲ្យ​ទាហាន​ដែល​នៅ​សេសសល់ និង​ដែល​នៅ​ស្មោះស្ម័គ្រ​នឹង​គាត់​បន្ត​ប្រយុទ្ធ​ដល់​តំណក់​ឈាម​ចុង​ក្រោយ ឬ​ឲ្យ​ទម្លាក់​អាវុធ។

យ៉ាង​ណា​មិញ ប្រតិកម្ម​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​នានា នៅ​ក្នុង​ពិភពលោក​តាំង​ពី​ល្ងាច​ម្សិលមិញ​មក​ទល់​ថ្ងៃ​នេះ ស្តែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ពេល​នេះ​ជា​ដង្ហើម​ចុង​ក្រោយ​នៃ​របប​កាដាហ្វី។ ជាក់​ស្តែង សហរដ្ឋ​អាមេរិក​អះអាង​ថា ថ្ងៃ​អវសាន​នៃ​របប​កាដាហ្វី​ជិត​មក​ដល់​ហើយ។ រី​ឯ​ប្រទេស​បារាំង​វិញ អំពាវនាវ​ឲ្យ​កាដាហ្វី​លះបង់​ចោល​ជា​បន្ទាន់ អំណាច​ដែល​នៅ​សេសសល់​បន្តិច​បន្តួច​របស់​ខ្លួន។ ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នេះ បណ្តា​រដ្ឋាភិបាល​នៃ​លោក​ខាង​លិច​អំពាវនាវ​ឲ្យ​កាដាហ្វី​ចុះ​ចាញ់​ពី​ឥឡូវ​ឲ្យ​ហើយ​ទៅ ដើម្បី​ស្រោចស្រង់​ជីវិត​ទាហាន​និង​ប្រជាជន​ដែល​អាច​នឹង​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​ចុង​ក្រោយ​នេះ។ សូម្បី​តែ​ប្រទេស​ចិន​ក៏​បាន​ថ្លែង​កាល​ពី​ព្រឹកមិញ​មុន​នេះ​ដែរ​ថា ខ្លួន​គោរព​និង​គាំទ្រ​ជម្រើស​របស់​ប្រជាពលរដ្ឋ​លីប៊ី។

បើ​យោង​ទៅ​តាម អតីត​មនុស្ស​ខ្លាំង​ទី​ពីរ​នៃ​របប​កាដាហ្វី Abdessalem Jalloud ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ទ្រីប៉ូលី​មក​កាន់​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា កាដាហ្វី​កំពុង​ឋិត​នៅ​ក្នុង​បន្ទាយ​គេហដ្ឋាន​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី ហើយ​គ្មាន​មធ្យោបាយ​ចាក​ចេញ​ពី​ទីក្រុង​បាន​ឡើយ ពីព្រោះ​ផ្លូវ​នៅ​ជុំវិញ​បន្ទាយ​និង​នៅ​ជុំវិញ​រដ្ឋធានី​ត្រូវ​បាន​បិទ​ខ្ទប់​អស់​ហើយ។

បើ​សិន​ជា​កាដាហ្វី​កំពុង​ពួន​លាក់​ខ្លួន​ក្នុង​គេហដ្ឋាន​នៅ​ទ្រីប៉ូលី​មែន នោះ​ព្រឹត្តិការណ៍​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ច្រក​ពីរ។ ទី​មួយ កាដាហ្វី​បន្ត​ប្រយុទ្ធ​ស្លាប់​រស់​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ។ ទីពីរ កាដាហ្វី​សុំ​ចុះ​ចាញ់​និង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ទ័ព​ព្រៃ។ ក្នុង​ករណី​នេះ ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​CNT​ដែល​ជា​ស្ថាប័ន​នយោបាយ​របស់​ទ័ព​ព្រៃ​បាន​យល់​ព្រម​ហើយ​ជា​ស្រេច​ថា​នឹង​អនុញ្ញាត​ឲ្យ​កាដាហ្វី​និង​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​ប្រទេស​លីប៊ី​ដោយ​សុវត្ថិភាព។

ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​កាដាហ្វី​ឋិត​នៅ​ក្រៅ​ទីក្រុង​ទ្រីប៉ូលី នោះ​ការ​ប្រយុទ្ធ​គ្នា​នឹង​អាច​បន្ត​ច្រើន​សប្តាហ៍​ទៅ​មុខ​ទៀត បើ​ទោះ​បី​ជា​ទ្រីប៉ូលី​ធ្លាក់​ហើយ​ក៏​ដោយ។ ពីព្រោះ កាដាហ្វី​អាច​នឹង​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​ក្នុង​តំបន់​Beni Oulid នៅ​ខាង​ត្បូង​ទ្រីប៉ូលី។ នៅ​ទី​នោះ កាដាហ្វី​អាច​ពឹង​ពាក់​ពួក​កុលសម្ព័ន្ធ​Warfalla ដែល​សុទ្ធសឹង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​ខ្លួន ដើម្បី​បន្ត​ការ​តស៊ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ