អានតួអត្ថបទ
លីប៊ី

លីប៊ី​​ចង់​មាន​អន្តរាគមន៍​កងកម្លាំង​អន្តរជាតិ​​ក្នុង​ស្រុក​ ជួយ​រៀបចំ​ស្ថិរភាព​សន្តិសុខ​ឡើងវិញ​

លីប៊ី​កំពុង​ធ្លាក់​ក្នុង​អំពើហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​​ ដែល​​បាន​បាញ់​រុកកែត​ជាង​១០ដើម ​វាយប្រហារ​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋធានី​ទ្រីប៉ូលី នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ធ្វើអោយ​​​ស្លាប់​មនុស្ស​ម្នាក់​ និង​៦នាក់​ទៀត​រងរបួស។ ​ក្រុម​អ៊ីស្លាម​បាន​វាយប្រហារ​អាកាស​យានដ្ឋាន​​ក្រុង​ទ្រីប៉ូលី ម្តងហើយ​ កាលពី​ថ្ងៃ​អាទិត្យ សំលាប់​មនុស្ស​យ៉ាងហោច​៦នាក់។ ​យន្តហោះ​៩០ភាគរយ​ ក្នុង​នោះ​មាន​យន្តហោះ​ក្រុមហ៊ុន​រដ្ឋ​ជាង​១០គ្រឿង ​បាន​​​​រងការ​ខូចខាត។ ​​ រដ្ឋាភិបាល​លីប៊ី​​កំពុង​​ពិនិត្យ​ពី​លទ្ធភាព​​​ដែល​អាច​អោយ​លីប៊ី​អំពាវនាវ​​កងកម្លាំង​​​អន្តរជាតិ​ អោយ​ចុះ​​ជួយ​រៀបចំ​ស្ថិរភាព​សន្តិសុខ​​ក្នុង​ស្រុក​​​ឡើងវិញ។ ​​

ផ្សែង​​ហុយ​ទ្រលោម ជិត​អាកាសយានដ្ឋាន​ក្រុងទ្រីប៉ូលី ​ក្រោយ​​ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​ និង​ក្រុមមកពី​​អតីត​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ហ្សិនតិន ​ប្រយុទ្ធ​គ្នា ​កាលពី​ថ្ងៃ​អាទិត្យ។
ផ្សែង​​ហុយ​ទ្រលោម ជិត​អាកាសយានដ្ឋាន​ក្រុងទ្រីប៉ូលី ​ក្រោយ​​ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​ និង​ក្រុមមកពី​​អតីត​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ហ្សិនតិន ​ប្រយុទ្ធ​គ្នា ​កាលពី​ថ្ងៃ​អាទិត្យ។ REUTERS/ Hani Amara
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​លីប៊ី​កំពុង​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​សុវត្ថិភាព​សន្តិសុខ​ក្នុង​ស្រុក។ ​​​តាំង​ពី​ថ្ងៃ​អាទិត្យ​មក ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​​ ​បាន​វាយប្រហារ​​​អាកាសយានដ្ឋានអន្តរជាតិ​​​ក្រុង​ទ្រីប៉ូលី ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់ និង​បង្ក​ការ​​ខូចខាត​ដល់​យន្តហោះ​​​​​​​​​​​​៩០​ភាគរយ។ ក្រោយ​មាន​​ការវាយប្រហារ​ម្តង​ នៅថ្ងៃ​អាទិត្យ អាជ្ញាធរ​បាន​សម្រេច​បិទ​​ដំណើរការ​​​​​អាកាសយានដ្ឋាន​​ក្រុង​ទ្រីប៉ូលី ៣ថ្ងៃ។ យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​អ៊ីស្លាម​បាន​វាយប្រហារ​​អាកាសយានដ្ឋាន​នេះ​ជាថ្មី​ទៀត។ ​​ក្រុម​អ៊ីស្លា​ម​ទាំងនេះ​ ​ប្រយុទ្ធ​​ប្រឆាំង​នឹង​អតីត​ក្រុម​ឧទ្ទាម​​ក្រុង​​ហ្សិនតិន ​ដណ្តើម​គ្នា​កាន់កាប់​អាកាស​យានដ្ឋាន​​​​​ក្រុង​ទ្រីប៉ូលី។​​

ដោយសារ​តែ​​ផ្នែក​បញ្ជា​ហោះហើរ​យន្តហោះ​ស្ថិត​​មាន​តែ​នៅ​​អាកាសយានដ្ឋាន​ក្រុង​ទ្រីប៉ូលី ​​អាកាសយានដ្ឋាន​​អន្តរជាតិ​មីស្រាតា នៅ​ភាគខាងលិច​ ក៏​ត្រូវ​ផ្អាក​​ការហោះហើរ​ ​ផងដែរ ​នៅថ្ងៃ​ចន្ទ​ម្សិលមិញ។ ​ក្រុង​បិនហ្កាស៊ី​ ជា​ក្រុង​សំខាន់​ទី២ ​ក៏​រង​ការវាយប្រហារ​ពី​ក្រុម​អ៊ីស្លាម​​​ដែរ​ ​នៅ​ថ្ងៃ​ចន្ទ​។ ដោយសារ​ហិង្សា និង​ការរាំងស្ទះ​ដំណើរការ​​យន្តហោះ ​លីប៊ី​កំពុង​​ស្ថិតនៅ​​ឯកា ពី​ពិភពលោក។ ​រដ្ឋាភិបាល​លីប៊ី​​​ចង់អោយ​កងកម្លាំង​អន្តរជាតិ​ ចុះ​​ជួយ​លីប៊ី​រៀបចំ​​ស្ថិរភាព​សន្តិសុខ​ ​ឡើងវិញ។ ក្រុងទ្រីប៉ូលី​ចង់រៀបចំ​​ផ្នែក​ប៉ូលិស និង​ទាហាន​ឡើងវិញ ពេល​មាន​វត្តមាន​​​កងកម្លាំង​អន្តរជាតិ​​នៅ​លីប៊ី។ ​

ក្រោយ​​​​​​ការវាយប្រហារ​​របស់​​ក្រុម​អ៊ីស្លាម​ នៅ​ជុំវិញ​អាកាសយានដ្ឋាន​ក្រុង​​ទ្រីប៉ូលី ​កាលពី​ថ្ងៃ​អាទិត្យ​ ​ផ្អែក​លើ​ហេតុផល​សុវត្ថិភាព​សន្តិសុខ ​​អង្គការ​សហប្រជាជាតិ​​ បាន​​ជម្លៀស​​​បុគ្គលិក​ខ្លួន ចេញ​ពី​​​ប្រទេស​​លីប៊ី ​ក្នុង​រយៈ​ពេល​បណ្តោះ​អាសន្ន​មួយ​។ ​គួររំលឹក​​ថា ​ក្រោយ​លីប៊ី​រួចផុត​​ពី​សង្គ្រាម​ស៊ីវិល​ ​អង្គការ​សហប្រជាជាតិ​​​​បាន​ដាក់​បេសកកម្ម​​ជួយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​​​លីប៊ី​​​​ រៀបចំ​​​​​នីតិរដ្ឋ​ឡើងវិញ។

​​​​តាំង​ពី​របប​ប្រធានាធិបតី​ខាដាហ្វ៊ីដួលរលំ​ នៅ​ឆ្នាំ​២០១១មក ក្រុម​ប្រយុទ្ធ​នានា ​​​បាន​ធ្វើ​សកម្មភាព​​​អនាធិបតេយ្យ​ក្នុង​ស្រុក។ ​​​ការ​វាយប្រហារ​​រវាង​​​ក្រុម​អ៊ីស្លាម​​ និង​បណ្តាជន​​​អតីត​ក្រុម​ឧទ្ទាមក្រុង​ហ្សិនតិន​ ភាគ​ខាងលិច​ ​គឺដោយសារ​តែ​ក្រុម​នយោបាយ​​អ៊ីស្លាម​និង​ក្រុម​នយោបាយ​​សេរី​និយមប្រជែងគ្នា​ក្នុង​ស្រុកពិសេស​ក្រោយ​ពេល​លីប៊ី​រៀបចំ​ការ​បោះឆ្នោត​​​សភា​ ថ្ងៃ​២៥មិថុនា​មក។

លទ្ធផល​បោះឆ្នោត​នឹង​ចេញផ្សាយ​​មួយ​សប្តាហ៍​ទៀត។ ​គេគិត​​ថាក្រុម​សេរីនិយម​នឹង​ទទួល​ជោគជ័យ។ ពេលនេះ ​បារាំង​កំពុង​ខ្លាច​ជម្លោះ​លីប៊ី​រាលដាល​ក្នុង​តំបន់។ ប្រទេស​ជិតខាង​​លីប៊ី​បាន​អំពាវនាវ​អោយ​​លីប៊ី​បើក​ការ​ចរចា​ថ្នាក់ជាតិ។ ប្រទេស​ជិតខាង​ទាំងនោះ​បាន​ប្រកាស​បង្កើត​គណៈកម្មការ​សន្តិសុខនិង​នយោបាយ​ ដើម្បីជួយ​លីប៊ីចេញ​ពី​ភាព​អាណាធិបតេយ្យ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ