ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

អង្គការ​លីកាដូ​ថា សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កាន់តែ​ត្រូវបាន​រឹតត្បិត

media  
អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ អង្គការ​លីកាដូ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ចេញ​របាយ​ការណ៍​ជា​បន្ត​បន្ទាប់​ដើម្បី​វាយ​តម្លៃ​សិទ្ធិ​មនុស្ស​ឆ្នាំ ២០១៣ ។ របាយ​ការណ៍​ដែល​មាន​បី​ភាគ​និយាយ​អំពី​សេរី​ភាព​សម្តែង​មតិ អំពី​ការ​បោះឆ្នោត​និង​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។ ទាក់​ទង​នឹង​សេរីភាព​សម្តែង​មតិ លីកាដូ កត់​សម្គាល់​ថា ឆ្នាំ ២០១៣ និង​រហូត​ដល់​ឆ្នាំ ២០១៤ នេះ សេរី​ភាព​សម្តែង​មតិ​កាន់តែ​ត្រូវ​បាន​រឹ​ត្បិត​ឡើងជា​លំដាប់។

ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ អង្គការ​លីកាដូ​បាន​ផ្តោត​ទៅ​លើ​បញ្ហា​ជាច្រើន​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៣ ។ ទាក់ទង​នឹង​សេរី​ភាព​សម្តែង​មតិ​ដែល​លី​កាដូ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​នេះ​បាន​កត់​សម្គាល់ថា សេរី​ភាព​សម្តែង​មតិ​នៅ​កម្ពុជា​កាន់​តែ​ត្រូវ​បាន​រឹត​ត្បិត​ជា​លំដាប់​។

 
លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​របស់​លីកាដូ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា សេរីភាព​សម្តែង​មតិ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​រារាំង និង​រំខាន​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្តថា ការ​រឹតបន្តឹង​សេរីភាព​សម្តែង​មតិ​នៅតែ​បន្ត​រហូត​មក​ដល់​ឆ្នាំ ២០១៤ នេះ ជាពិសេស​ការ​បិទ​ទីលាន​ប្រជា​ធិប​តេយ្យ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​សម្តែង​មតិ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ។
 
របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ ២០១៣ របស់​លីកាដូ​ផ្តោត​លើ​បញ្ហា​សំ​ខាន់​បី​គឺ សេរីភាព​សម្តែង​មតិ ការ​បោះ​ឆ្នោត និង​និ​ទណ្ឌ​ភាព។ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត របាយ​ការណ៍​បាន​កត់​សម្គាល់​ថា ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​មិន​ទាន់​សេរី និង​យុត្តិធម៌​នៅ​ឡើយ​ដោយ​សារ​ភាព​មិន​ប្រ​ក្រ​តី​ជា​ច្រើន​បាន​កើត​ឡើង​ដូច​ជា​ការ​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត​ជា​ដើម។
 
ទាក់ទង​នឹង​និ​ទណ្ឌ​ភាព​វិញ អង្គការ​នេះ​កត់សម្គាល់ថា មាន​ករណី​ដែល​អាជ្ញាធរ​បាន​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​ទៅលើ​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា ប៉ុន្តែ អ្នក​ប្រព្រឹត្ត​មិនត្រូវ​បាន​ផ្តន្ទា​ទោស​ឡើយ។
របាយ​ការណ៍​ក៏​កត់​សម្គាល់​ដែរ​ថា កាល​ពី​ឆ្នាំ ២០១២ អំពើ​ហិង្សា​ជា​ច្រើន​បាន​កើត​ឡើង​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស។
 
ចំណែក​ឆ្នាំ ២០១៣ អាជ្ញាធរ​បាន​ប្រើ​ហិង្សា​ទៅលើ​ប្រ​ជា​ពល​រដ្ឋ​អ្នក​តវ៉ា​វិញ​ម្តង។ នៅ​មិន​ទាន់​មាន​ប្រតិ​កម្ម​យ៉ាង​ណា​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ទាក់​ទង​នឹង​របាយការណ៍​នេះ ប៉ុន្តែ កន្លង​ទៅ រដ្ឋា​ភិបាល​តែង​បដិសេធ​របាយ​ការណ៍​នានា​ទាក់ទង​នឹង​ការ​បោះឆ្នោត​ក៏​ដូច​ជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ដែរ។
 
ជាក់​ស្តែង​អំពើ​ហិង្សា​នៃ​ការ​បង្ក្រាប​ទៅ​លើ​បាតុករ​នៅ​ឯ​សួន​ឧស្សាហ​កម្ម​កាណា​ឌី​យ៉ា​កាល​ពី​ដើម​ខែ​មករា ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នោះ​ត្រូវបាន​រដ្ឋា​ភិបាល​ពន្យល់​ថា​ជាការ​បង្ក្រាប​ទៅលើ​ក្រុម​កុប្បករ​ដែល​បង្ក​អំពើហិង្សា​តែ​ប៉ុណ្ណោះ។
 

យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏ ៦​នាក់​ដែរ​ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ចាប់​តាំង​ពី​មាន​ភាព​តាន​តឹង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​មក។ អ្នក​ស្លាប់​ទាំង​នោះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​រង​គ្រាប់​កាំ​ភ្លើង​របស់​សមត្ថ​កិច្ច។ រដ្ឋា​ភិបាល​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ទាំង​នោះ​ដែរ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​រដ្ឋា​ភិ​បាល​មិន​ទាន់​បាន​បង្ហាញ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​នៅឡើយ​ទេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ