ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

ក្តីសង្ឃឹម​តិចតួច​ក្នុង​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន

ក្តីសង្ឃឹម​តិចតួច​ក្នុង​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន
 
ប្រមុខដឹកនាំ​ក្រុម​ចរចា​ប៉ាឡេស្ទីន (ឆ្វេង) និង​អ៊ីស្រាអែល (ស្តាំ) និង​លោក​ចន ឃែរី កាលពីពេល​ប្រកាស​ព្រមព្រៀង​​បើក​កិច្ចចរចា ថ្ងៃ៣០ មិថុនា ២០១៣ REUTERS/Jonathan Ernst

ក្រោយពី​បាន​ជាប់គាំង​អស់​ជាច្រើន​ឆ្នាំ ដំណើរការ​ចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​ចាប់ផ្តើម​ឡើងវិញ ដោយ​ភាគី​ទាំងពីរ​​ព្រម​បើក​កិច្ចចរចា​គ្នា​ដោយ​ផ្ទាល់ នៅថ្ងៃ​ពុធនេះ នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម។ ក៏ប៉ុន្តែ កិច្ចចរចា​នេះ​បាន​ចាប់ផ្តើម​ឡើង​​ជាមួយ​នឹង​ភាព​ចម្រូងចម្រាស​ជាច្រើន ជាពិសេស ជុំវិញ​គម្រោង​សាងសង់​លំនៅដ្ឋាន​ជនជ្វីហ្វ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។

សំណួរ- ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​អូសបន្លាយ​ពេល​រាប់​សិបឆ្នាំ​មកហើយ។ ការចរចា​​ក៏​ធ្លាប់​ត្រូវ​​បាន​បើក​ធ្វើ​ច្រើន​ដង​រាប់មិន​អស់​មក​ហើយ​ដែរ ក៏ប៉ុន្តែ តែងតែ​ទទួល​បរាជ័យ​រាល់​លើក។ តើ​ការចរចា​លើកនេះ​អាច​មាន​សង្ឃឹម​បាន​ជោគជ័យប៉ុណ្ណា​ដែរ?

ជាច្រើន​ឆ្នាំមកហើយ ដែល​ដំណើរការ​ចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​ត្រូវ​ជាប់គាំងទាំងស្រុង ដោយ​ភាគី​ទាំងពីរ​មិនព្រម​ជួប​ចរចា​គ្នា​ទាល់តែ​សោះ។ ឥឡូវនេះ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សុខចិត្ត​ចរចា​គ្នា​ដោយ​ផ្ទាល់​ឡើងវិញ រាប់ថា​ជា​ដំណឹង​ល្អមួយ​ហើយ!

ក៏ប៉ុន្តែ បើ​និយាយ​ពី​លទ្ធផល​នៃ​ការចរចា​នេះ ​មាន​មនុស្ស​តិចតួច​ណាស់ ដែល​រំពឹង​ថា វា​នឹង​អាច​ទទួល​ជោគជ័យ ពីព្រោះ​ថា បញ្ហា​ធំៗ ដែល​ធ្លាប់​ជា​រឿង​ចម្រូងចម្រាស​​បង្ក​ជា​ឧបសគ្គ នាំ​ឲ្យ​កិច្ចរចា​មុនៗ​ត្រូវ​ទទួលបរាជ័យ ​នៅ​តែ​ជា​រឿង​ចម្រូងចម្រាស​ដដែល នៅ​ពេលនេះ។

ជាក់ស្តែង​ ការចរចា​កាល​ពី​ឆ្នាំ​២០១០ ត្រូវ​ទទួល​បរាជ័យ គឺ​ដោយសារ​តែ​រឿង​អ៊ីស្រាអែល​មិន​ព្រម​បញ្ឈប់​ការ​សាងសង់​លំនៅដ្ឋាន​ជនជាតិ​ជ្វីហ្វ នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន។ នៅ​ក្នុង​ការចរចា​​ពេលនេះ រឿង​សាងសង់​លំនៅដ្ឋាន​ ពង្រីក​អាណានិគម​នេះ នៅតែ​បន្ត​កើតមាន​ដដែល។ យើងឃើញ​ស្រាប់​ហើយ​ថា ពីរបី​ថ្ងៃ​មុន​ពេល​ចាប់បើក​ការចរចា រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​គម្រោង​សាងសង់​លំនៅដ្ឋាន​ថ្មី​ រហូតដល់​ទៅ​ជាង ២ពាន់​កន្លែង នៅ​ក្នុង​ទឹកដី​ ដែល​ត្រូវ​ទុក​ធ្វើ​ជា​រដ្ឋ​ប៉ាឡេស្ទីន។

សំណួរ-ក៏ប៉ុន្តែ ទន្ទឹម​នឹងនេះ អ៊ីស្រាអែល​ក៏​បាន​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន ២៦នាក់​​ដែរ។ តើនេះ​គួរ​រាប់​ថា​ជា​កាយវិការ​មួយ ​បង្ហាញពី​​សុឆន្ទៈ​ក្នុងការ​ចរចា​ដែរ​ឬទេ?
 
នេះ​គឺ​ជា​កាយវិការ​ជាវិជ្ជមាន​មួយ​របស់​អ៊ីស្រាអែល។ ក៏ប៉ុន្តែ ដោះលែង​អ្នក​ទោសប៉ាឡេស្ទីន តែ​​ក្នុងពេល​ជាមួយគ្នា ប្រកាស​​ពង្រីក​អាណានិគម​ចូល​ក្នុង​ទឹកដី​ប៉ាឡេស្ទីន តែ​ពីរបីថ្ងៃ​មុន​បើក​កិច្ចចរចា​បែបនេះ ធ្វើ​ឲ្យ​គេ​​ពិបាក​នឹងយល់​ណាស់​​ថាវា​ជា​សុឆន្ទៈ​ក្នុងការចរចា។

អ៊ីស្រាអែល​ក៏ដឹង​ដែរ​ថា ការ​សាងសង់​លំនៅដ្ឋាន​​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នេះ គឺ​រឿង​រសើប ដែល​ធ្លាប់​ធ្វើ​ឲ្យ​កិច្ចចរចា​សន្តិភាព​ត្រូវ​បរាជ័យ កាល​ពីមុន ក៏ប៉ុន្តែ នៅតែ​ធ្វើ។ ការសាងសង់លំនៅដ្ឋាន​ពង្រីក​អាណានិគម​អ៊ីស្រាអែល​នេះ មិនមែន​តែ​ប៉ាឡេស្ទីន​ទេ ដែល​ជំទាស់។ សហគមន៍​អន្តរជាតិ​​ជាទូទៅ​ បូក​រួម​ទាំង​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ក៏​ជំទាស់​​ដែរ។

បើនិយាយ​តាម​ច្បាប់​អន្តរជាតិ រាល់​ការ​សាងសង់​លំនៅដ្ឋាន​របស់​អ៊ីស្រាអែល ឆ្លងចូល​ទៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ហួស​ពី​ព្រំដែន ដែល​កំណត់​ដោយ​អ.ស.ប មុន​សង្រ្គាម​ឆ្នាំ​១៩៦៧ គឺ​មានន័យ​ស្មើ​នឹង​​​ការ​ដាក់​អាណានិគម​លើ​ប៉ាឡេស្ទីន ដែល​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ។

បើ​និយាយ​តាម​លក្ខណៈ​សមហេតុ​សមផល​វិញ ក៏​វា​មិន​ត្រូវ​ដែរ ដែល​​ព្រមព្រៀង​បើក​កិច្ចចរចា​សន្តិភាព ដោយ​ឈរលើ​គោលការណ៍​ជា​សារវ័ន្ត​មួយ គឺ​ការ​បង្កើត​​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ​មួយ​នៅ​ក្បែរ​អ៊ីស្រាអែល ដើម្បី​បញ្ចប់​ជម្លោះ ក៏ប៉ុន្តែ មុន​ពេល​ចរចា និង​ក្នុង​អំឡុង​ពេល​ចរចា អ៊ីស្រាអែល​នៅតែ​បន្ត​សាងសង់​លំនៅដ្ឋាន ពង្រីក​អាណានិគម ចូល​ទៅ​ក្នុង​លើ​ទឹកដី ដែល​ត្រូវ​យក​មក​បង្កើត​រដ្ឋ​ប៉ាឡេស្ទីនបែបនេះ។ សំណួរ​សួរ​ថា បើ​ចរចា​ចេះតែ​ចរចា ឯ​អាណានិគម​ចេះតែ​ពង្រីក ចុះ​ទម្រាំ​តែ​ដល់​ចរចា​ចប់ បើ​ទោះបី​ជា​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​មែន តើ​សល់​ដី​ប៉ុន្មាន​ ដើម្បី​យក​មក​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន? នេះ​ហើយ​ជា​បញ្ហា​ចោទ!

សំណួរ-ក៏ប៉ុន្តែ គេ​អាច​អនុវត្ត​គោលការណ៍​ដោះដូរ​ដីគ្នា ដូច​ដែល​បាន​ស្នើឡើង​ ដោយ​សម្ព័ន្ធ​អារ៉ាប់ គឺ​កន្លែង​ណា ដែល​មាន​លំនៅដ្ឋាន​របស់​ជនជាតិ​ជ្វីហ្វ​ហើយ អ៊ីស្រាអែល​អាច​បន្ត​គ្រប់គ្រង​តទៅទៀត​បាន ដោយ​ត្រូវ​កាត់​ដី​អ៊ីស្រាអែល​នៅ​ត្រង់​កន្លែង​ផ្សេង ទៅ​ឲ្យ​ប៉ាឡេស្ទីន​វិញ ដើម្បី​ធ្វើ​ជា​ថ្នូរ។ តើ​មាន​អ្វី​គួរ​ជា​បញ្ហា​ចោទ​ដោះស្រាយ​មិនចេញ?
 
ជា​ការពិត នេះគឺ​ជា​គោលការណ៍​មួយ ដែល​មើលទៅ គូភាគី​ទាំងអស់​ហាក់ដូច​ជា​សុខចិត្ត​ទទួល​យក ហើយ​ប្រហែល​ជា​ដោយសារ​តែ​បែបនេះ​ហើយ​បាន​ជា​ប៉ាឡេស្ទីន​មិន​ប្រកាស​ដកខ្លួន​ពី​កិច្ចចរចា​​នៅថ្ងៃ​នេះ បើទោះបី​ជា​អ៊ីស្រាអែល​ប្រកាស​សាងសង់​លំនៅដ្ឋាន​​​​​ថ្មីៗ​ជាង ២ពាន់​កន្លែង។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅត្រង់ថា លំនៅដ្ឋាន ដែល​អ៊ីស្រាអែល​គ្រោង​សាងសង់​នេះ មាន​មួយ​ផ្នែក​ធំ ត្រូវ​សង់​ នៅ​ក្រុង​យេរូសាឡឹម​ខាងកើត ហើយ​យេរូសាឡឹម​ខាងកើតនេះ គឺ​ជា​ក្រុង ដែល​ប៉ាឡេស្ទីន​ទាមទារ​យក​យ៉ាង​ដាច់អហង្ការ ដើម្បី​យក​ទៅ​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន។ ដូច្នេះ ប៉ាឡេស្ទីន​ប្រាកដ​ជា​មិន​សុខចិត្ត​បោះបង់​ចំណែក​ដី​ក្នុង​ក្រុង​យេរូសាឡឹម​ខាងកើតនេះ​ទេ ទោះបី​ជា​អ៊ីស្រាអែល​សុខចិត្ត​ប្រគល់​ចំណែក​ដី​កន្លែង​ផ្សេង​ឲ្យ​ជា​ថ្នូរ​មកវិញ​ក៏ដោយ។

ដូច្នេះ​ហើយបាន​ជាអ្នក​មាន​ទុទ្ទិដ្ឋិនិយម គេ​គិត​ថា អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សុខចិត្ត​បើក​កិច្ចចរចា​នៅពេលនេះ គឺ​ដោយសារ​តែ​មាន​សម្ពាធ​ពី​អាមេរិក​ប៉ុណ្ណោះ ហើយ​គ្មាន​​​សុឆន្ទៈ​ចរចា​ពិតប្រាកដ​ទេ។ ខាង​អ៊ីស្រាអែល​ក៏​មើល​ទៅ​គ្មាន​សុឆន្ទៈ​ក្នុងការ​ចរចា ហើយ​ខាង​ផ្ទៃក្នុង​ប៉ាឡេស្ទីន​វិញ​ក៏​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ដែរ ក្នុងការ​ចរចា​នេះ។ ខាង​ក្រុមហ្វាតា (Fatah) របស់​លោក​ Mahmoud Abbas សុខចិត្ត​ចូលចរចា ក៏ប៉ុន្តែ ខាង​ក្រុម​ហាម៉ាស់ (Hamas) ដែល​គ្រប់គ្រង​ដែនដី​ហ្កាហ្សា​ ជំទាស់​មិន​ចង់​ចរចា។ នៅព្រឹកមិញ​នេះ មុនពេល​ចាប់បើក​កិច្ចចរចា កងទ័ព​អ៊ីស្រាអែល​បាន​អះអាង​ថា ខ្លួន​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ទីតាំង​របស់​ពួក​ហាម៉ាស់ ដោយ​សារ​តែ​មាន​រ៉ុកកែត​បាញ់​ចេញ​ពី​ទឹកដី​ហ្កាហ្សា​​ចូល​មក​ក្នុង​ទឹកដី​អ៊ីស្រាអែល។ នេះ​ក៏​ជា​ផ្កាភ្លើង​តូចមួយ​ ដែល​អាច​បង្ក​ទៅ​ជា​ភ្លើង​ឆាបឆេះ នាំ​ឲ្យ​ការចរចា​ត្រូវ​អាក់ខានដែរ។ និយាយ​ជារួម​ទៅ​ បើ​មាន​អ្នក​​ចាំ​តែ​យកជើង​មករាទឹក ទោះជា​ខំចែវ​ប៉ុណ្ណា ក៏​វាពិបាក​នឹង​ទៅមុខដែរ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពបរាជ័យ ?

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល-ប៉ាឡេស្ទីន

    អ៊ីស្រាអែល​​ផ្តល់​​ភ្លើង​ខៀវ​​អោយ​​ដោះលែង​​អ្នកទោស​​ប៉ាឡេស្ទីន​​២៦​នាក់​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កំណត់ពេល​៩ខែ​ដើម្បី​ចរចា​ឲ្យបាន​កិច្ចព្រមព្រៀង

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ប្រវត្តិខ្លី​នៃ​ការធ្វើ​អាណានិគមកិច្ច អ៊ីស្រាអ៊ែល​លើ​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ