ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ
 
ថ្ងៃទី២០កក្កដា ជាខួបគម្រប់៥០ឆ្នាំ នៃការបញ្ជូន​មនុស្សឱ្យទៅចុះ​ចត​លើឋាន​ព្រះចន្ទ។​ នេះ​គឺជាបេសកម្មនៃយានអវកាសអាប៉ូឡូទី១១ របស់ភ្នាក់ងារអវកាសណាសា។ NASA-HQ-GRIN

ថ្ងៃ​ទី​២០កក្កដា​នេះ គឺជា​ខួបគម្រប់​​៥០ឆ្នាំ នៃ​​​​ការបញ្ជូនមនុស្សឱ្យ​ទៅចុះ​ចត​លើ​ឋាន​ព្រះចន្ទ។ នេះគឺជា​បេសកម្ម​នៃ​​​យានអវកាស​អាប៉ូឡូ​ទី​១១ របស់​ភ្នាក់​ងារ​អវកាស​ណា​សា​​​។ កាលណោះ នៅក្នុង​បរិបទ​នៃសង្គ្រាមត្រជាក់ អាមេរិកប្រឹង​ប្រែងប្រណាំង​ប្រជែង​​ជាមួយ​សហភាព​សូវៀត ដើម្បី​បង្ហាញ​ថា​ខ្លួន​ខ្លាំង អាច​បញ្ជូន​មនុស្ស​ទៅ​ជាន់​ភព​ព្រះ​ចន្ទបាន។ ជាការពិត អាមេរិកខ្លាំងមែន ដោយ​ត្រឹម​តែ​រយៈ​ប្រមាណជា៤ឆ្នាំសោះ​ គឺចាប់​ពីឆ្នាំ១៩៦៩ អាមេរិកបានបញ្ចូន​អវកាស​យានិក រហូតជាង១០នាក់ ទៅ​ដល់ឋាន​ព្រះ​ចន្ទ​។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ មា​នប្រទេស​ជាច្រើន បាន​ទៅ​ដល់ភពព្រះចន្ទ​និង​គ្រោង​ជា​បន្តបន្ទាប់​​ទៅ​ជាន់​​ឋាន​ព្រះចន្ទ ព្រមទាំង​ប្រទេសខ្លះ ​មាន​មហិច្ចតា​ដាក់តាំង​មូលដ្ឋាន​យោធា​នៅទីនោះថែម​​ទៀតផង​។ ដូច្នេះ ឋាន​ព្រះច័ន្ទ មិនមែន​ជា​កន្លែង​សម្ញែង​​សាច់​ដុំ​តែម្នាក់​ឯង​របស់​អាមេរិក​ទៀត​ទេ ប៉ុន្តែ វា​ប្រែក្លាយ​ជាដែន​​លំហ​ដែល​ប្រមូលផ្តុំ​ដោយ​មហិច្ចតា​យោធា, ការប្រទាញប្រទង់​យក​ប្រភពធនធាន​សម្រាប់ចម្រើន​ម៉ាស៊ីន​​សេដ្ឋកិច្ច និងជាការ​ប្រកួត​ប្រជែង​បច្ចេកវិជ្ជាទៀត​ផង​។​

ឆ្នាំ​១៩៦៩ ការដាក់​ជើងជាន់​ឋាន​ព្រះចន្ទ ពីកាលណោះ គឺជា​រឿង​ជា​នយោបាយ​សុទ្ធសាធ?​

ក្នុង​ជម្លោះ​នៃ​បរិបទ​សង្គ្រាម​ត្រជាក់​រវាង​សហភាព​សូវៀត​និងអាមេរិក ហើ​យដើម្បី​​ប្រជែង​យក​ឈ្នះ​សូវៀត សភា​អាមេរិក​បាន​​ផ្តល់​នូវ​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅដល់ភ្នាក់​ងារ​អវកាស​​ណាសា។ ដោយ​គ្រាន់តែ​គម្រោង​អាប៉ូឡូ​មួយ ណាសា​ទទួល​បាន​នូវ​កញ្ចប់​ថវិកា​រហូតដល់​ទៅ​ ២៥ពាន់លាន​ដុល្លារ (ជាង ១៥០ពាន់លាន​ បើ​គិត​តាម​តម្លៃ​លុយ​ដុល្លារ​បច្ចុប្បន្ន) ។​

មិនតែប៉ុណ្ណោះ គ្រាន់​​តែ​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​គម្រោង​អាប៉ូឡូ​នេះ គឺ​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៤០ម៉ឺននាក់​ ព្រមទាំងមាន​​​​ក្រុមហ៊ុន​តូចធំ​​ជាច្រើន​ផ្សេងទៀត ដែល​ធ្វើការ​ជាប់កិច្ចសន្យាឲ្យ​ណាសា។ ការ​ចំណាយ​ថវិកា​សន្ធឹកសន្ទាប់ និង​ធនធាន​មនុស្ស​ដ៏​ច្រើន​បែប​នេះ គឺ​ក្នុង​គោល​បំណង​ធ្វើ​យ៉ាងណា អាច​បញ្ចូន​មនុស្ស​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ នៅ​ដំណាច់​ចុង​ទសវត្សរ៍​១៩៦០។ ទីបំផុត គឺ​អាមេរិក​បា​នសម្រេច​យក​ឈ្នះ​សូវៀតពិត​មែន។ ពោលគឺ​មាន​អវកាសយានិក​៣នាក់ បាន​ទៅ​ជាន់​ភព​ព្រះចន្ទ នៅ​ថ្ងៃទី​២០កក្កដា​១៩៦៩ ដែល​ដឹកនាំ​ដោយជនជាតិ​អាមេរិក​​លោក Neil Armstrong ។

ជាការពិត នៅក្នុង​វិស័យ​អវកាស!​ អាមេរិកខ្លាំងមែន ដោយត្រឹមតែរយៈប្រមាណជាក្នុង​រង្វង់​៤ឆ្នាំប៉ុណ្ណោះ​ រាប់ពីឆ្នាំ១៩៦៩មក អាមេរិកបានបញ្ចូនអវកាសយានិក ចំនួន​១២នាក់ ទៅដល់ឋានព្រះចន្ទ ដែលរហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយ អាច​បញ្ចូនមនុស្សទៅទីនោះនៅឡើយទេ។ គឺមានតែបញ្ចូនគ្រឿងយន្តទៅតែប៉ុណ្ណោះ។ ឬគេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ក្រៅពីអាមេរិក គឺគ្មាន​ប្រទេសណា​ផ្សេង​បញ្ជូន​មនុស្សទៅ​ភព​ព្រះចន្ទ​នៅឡើយទេ ក្នុងរយៈ​ពេល​៥០ឆ្នាំ​ចុងក្រោយ​នេះ។​

 

បច្ចុប្បន្ននេះ ពុំមែន​តែ​អា​មេរិក​មួយ​ទេ គឺមាន​ប្រទេស​ច្រើន​ទៀត ដូច​ជា​រុស្ស៊ី និង​ ចិន ​បាន​​បញ្ជូន​មនុស្ស​យន្ត​និង​គ្រឿ​ង​យន្ត​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​រួច​ហើយបន្តិចទៀត គឺអាច​មាន​ឥណ្ឌា ជប៉ុន និង​ប្រទេស​អឺរ៉ុបផ្សេង​​ទៀត។ ហេតុនេះ ព្រះចន្ទពុំមែន​ជា​ដែន​ផ្តាច់​មុខ​របស់​អាមេរិក​តែម្នាក់​ឯង​ទៀត​ទេ។

ប្រទេស​ផ្សេងៗ​ពិត​ជាអាច​ទៅ​ជាន់​ភព​ព្រះចន្ទ​បាន​មែន ពីព្រោះថា ឋាន​ព្រះចន្ទ គឺ​នៅ​ជិត​ផែន​ដី​ជាង​ភព​ដទៃ។ ពោលគឺវា​​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​ជាង៣៨ម៉ឺន​គីឡូម៉ែត្រ​ពី​ភពផែនដី ហើយ​គេអាច​ត្រូវ​ចំណាយ​ពេល​តែ​ជាង​៣ថ្ងៃ​តែប៉ុណ្ណោះ​ ដើម្បី​ហោះ​ពី​ផែន​ដីទៅ​ឋាន​ព្រះ​ចន្ទ។

បច្ចេកវិជ្ជា​សព្វថ្ងៃ​នេះ គឺ​មិន​ដូច​កាល​ពី​៥០ឆ្នាំ​មុននោះទេ។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន និង​មាន​ធនធានមនុស្ស​ច្រើន គឺ​គេ​អាច​សិក្សា​គម្រោង​អវកាស​នេះ​បាន។ ជាក់​ស្តែង​ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិន ដែល​ទើបតែ​សម្រេច​បញ្ចូនឧបករណ៍​និង​​គ្រឿង​យន្ត​ទៅសិក្សា​នៅ​ឋាន​ព្រះ​ចន្ទ តាម​រយៈ​យានអវកាស​ចាំង​អឺ​ទី​៤របស់ខ្លួន​។ បន្ថែមពីនេះ ចិន​ថែមទាំង​មាន​មហិច្ចតា​ដាក់តាំង​មូលដ្ឋាន​យោធា​ចិន​នៅ​ភាគ​ខាង​ជើង​ភព​ព្រះចន្ទ​នេះផង។

ទោះ​យ៉ាងណាក្តី​ អ្នក​ជំនាញ​ខាង​អវកាស​ គេយល់ថា ចិន​ត្រូវ​ការ​ពេលវេលា​ច្រើន ឬអាច​ត្រូវការ​​ឆ្នាំ​ទៀត ទម្រាំ​សម្រេច​មហិច្ចតា​នេះ ពីព្រោះថា បើ​ទោះជាចិន​មាន​លុយ​ច្រើន​មែន តែ​ចិន​ចាំបាច់​ត្រូ​វមាន​ធនធាន​ច្រើនបន្ថែមទៀត​ រាប់​ចាំបាច់​ពី​ធនធានមនុស្សដែល​ចេះដឹងផ្នែក​អវកាស, ហេដ្ឋារចនាសម្ព័ន្ធ​ សម្ភារៈ​បរិក្ខារ និង​បច្ចេកវិជ្ជាវិទ្យាសាស្ត្រ​​ ច្រើន​ផ្សេងៗទៀត។ ​ខុស​ពីអាមេរិក ដែល​គេ​មាន​ស្រាប់​ស្រេច​រួច​មកហើយ​!  បើ​អាមេរិក​ចង់​ទៅជាន់​ឋាន​ព្រះចន្ទ​ជាថ្មី គឺមិន​លំបាក​ទេ ព្រោះ​អាមេរិក​ មាន​អ្វីៗ​លើស​ពី​៨០ភាគរយទៅហើយសម្រាប់​សម្រេច​កិច្ចការ​នេះ។ ពោលគឺ​អាមេរិក​មាន​មធ្យោបាយ មាន​មូលដ្ឋាន​អវកាស, មាន​សម្ភារៈ​គ្រប់គ្រាន់ មាន​លុយ និងមាន​ធនធាន​មនុស្សចេះ​ដឹងច្រើន​។

ហេតុដូ​ច្នេះហើយ គឺរាប់​ចាប់​តាំង​ពីរដ្ឋបាល​លោកប្រធានាធិបតី​ ប៉ារាក់​ អូបាម៉ា រហូត​ដល់​មកដល់​រជ្ជកាល​ប្រធានាធិបតី ដូណាល់ ត្រាំ នេះទៀត គឺ​អាមេរិក​ដាក់​គោល​ដៅ​ថ្មី គឺ​មិននៅ​ត្រឹមតែ​ឋានព្រះ​ចន្ទ​នោះទេ តែត្រូវតែ​ទៅ​ឱ្យ​ដល់​ឋាន​ព្រះ​អង្គារ​ថែមទៀត​ផង។   គួររម្លឹកថា ពី​ផែន​ដី​​ទៅ ឋាន​ព្រះចន្ទ គឺ​ស៊ីពេល​ជាង​៣ថ្ងៃ តែបើ​ចង់ទៅ​ឋាន​ព្រះអង្គារ គឺត្រូវ​ការ​ពេល​៦ខែ​ឯណោះ។

 

​ការ​ទៅកាន់​ភព​ព្រះ​ចន្ទ ក្រៅពី​ការ​សំញ៉ែង​សាច់​ដុំ​ខាង​នយោបាយ​និង​យោធា តើ​គេអាច​ចំណេញ​អ្វី​ទៀត ពី​ដំណើរ​ក្រៅភព​នេះ?

ផលប្រយោជន៍​ធំ​ផ្សេងទៀត គឺ​ផ្នែក​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​។ ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ​និងអ្នក​ជំនាញ​អវកាស​ គេ​សុទ្ធតែ​មូល​មាត់​គ្នា​ថា មនុស្ស​យើង​នៅ​ស្គាល់​តិចតួច​ណាស់​ពីឋាន​​ព្រះចន្ទ។​ គេ​ត្រូវការ​ពេលវេលា​ច្រើន​តទៅទៀត​ដើម្បី​សិក្សាស្រាវជ្រាវ​ពី​ព្រះ​ចន្ទ​។

ក្នុង​រយៈ​ពេល​ជិត​៥០ឆ្នាំមកនេះ គេ​កំពុង​តែ​សិក្សាបន្ត​​នៅឡើយ ពី​ដុំថ្មឬដីកម្រ​ ប្រមាណ​ជា​៣៨០គីឡូក្រាម ដែល​គេ​នាំយក​មកពី​ភព​ព្រះចន្ទ តាមរយៈ​អាប៉ូឡូ​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​រុករក​មើលថា ទំនង​ជា​អាច​មាន​ថាម​ពលថ្មី​ៗ​នៅ​ឋាន​ព្រះចន្ទ ដើម្បី​​ចម្រាញ់​យកមក​បំប៉ន់​ម៉ាស៊ីន​សេដ្ឋកិច្ច​នៅ​ឋាន​មនុស្ស​លោក។ ជាពិសេស​ អ្នកវិទ្យាសាស្ត្រ​ កំពុង​សិក្សា​ពី​ថាមពល​ម្យ៉ាង ឬ​សារធាតុ​ អេលីយ៉ូម​៣​ និងធាតុ​ផ្សំផ្សេងៗ​ ​​ដែលទំនង​ជាអាច​​​ជំនួសធាតុ​អ៊ុយរ៉ាឌីញ៉ូម ​ក្នុង​ដំណើរ​ការផលិត​​ថាម​ពល​នុយក្លែអែរ ជាដើម​។ បើ​គេ​រក​ឃើញ បា​នសម្រេច គឺគេ​សង្ឃឹមថា គេអាច​ផលិត​ថាមពល​ថ្មីបាន​ ដែល​វា​​អាច​បញ្ចេញ​កាក់សំណល់​តិចតួច​​ ហើយវាខ្លាំង​ជាង​ថាមពលនុយក្លែអ៊ែរ​ បួនដងឯណោះ​។​

រឿង​សំខាន់​មួយ​ទៀត គេ​​ក៏​កំពុង​តែ​សិក្សា​ផងដែរ ពី​លក្ខខណ្ឌ​ដែល​អាច​អនុញ្ញាត​ឱ្យ​ជីវិត​រស់​នៅ​បា​ន នៅ​ទីនោះ​។ ពាក់ព័ន្ធ​នឹង​គម្រោង​នេះ គឺ​ក្រុម​ហ៊ុន​ឯកជន​ផ្សេងៗ​របស់​រុស្ស៊ីនិង​អាមេរិក​ ក៏​កំពុង​សិក្សា​ពី​ការ​បញ្ចូន​អ្នក​ទេសចរទៅ​ទស្សនា​អវកាស​ ដែល​ត្រូវបង់​ប្រាក់ ​៥៨លានដុល្លារ ក្នុង​ម្នាក់ៗ​​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

    ស្វែងយល់បន្ថែម

  • ឥណ្ឌា លុបចោល​ការ​បាញ់បង្ហោះ​យាន​ទៅ​ឋាន​ព្រះចន្ទ នៅ​នាទី​ចុងក្រោយ

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ