អានតួអត្ថបទ
បារាំង

លោក​អេម៉ានុយអែល​​ ​​ម៉ាក្រុង​​ ​ប្តេជ្ញា​​​ស្ថាបនា​​​​អឺរ៉ុប​ និង​​ផ្តល់​ទំនុកចិត្ត​​ដល់​​ពលរដ្ឋ​​បារាំង​​​​​ឡើងវិញ​​

លោក​អេម៉ានុយអែល​​ ម៉ាក្រុង​បាន​ក្លាយជា​ប្រធានាធិបតី​បារាំង​ ជា​ផ្លូវការ​​​ហើយ។ ​ថ្ងៃអាទិត្យ​នេះ ​លោក​​ម៉ាក្រុង​ បាន​សន្យា​ស្ថាបនា​​​អឺរ៉ុប​ និង​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​បារាំង​ឡើងវិញ។ ថ្ងៃចន្ទ​នេះ លោក​នឹង​បង្ហាញ​ឈ្មោះ​នាយករដ្ឋមន្ត្រី​បារាំង ហើយ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅជួប​​ប្រមុខដឺកនាំ​អាល្លឺម៉ង់ លោកស្រី ​អាន់ហ្កឺឡា មែរគែល នៅ​ទីក្រុង​ប៊ែរឡាំង​ផងដែរ។ 

លោក​ម៉ាក្រុង​ លើក​ដៃ​ស្វាគមន៍​ប្រជាជន នៅ​វិថី​ស្ហង់ អេលីហ្សេ ​
លោក​ម៉ាក្រុង​ លើក​ដៃ​ស្វាគមន៍​ប្រជាជន នៅ​វិថី​ស្ហង់ អេលីហ្សេ ​ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​កន្លងមក បង្ហាញ​ពីការ​កើន​​​អានុភាព​របស់​បក្ស​ស្តាំជ្រុល​​និយម​ និង​ឆ្វេងជ្រុលនិយម បង្ហាញ​ពី​ការធ្លាក់​ចុះ​​នូវ​ទំនុកចិត្ត​ពលរដ្ឋ​ចំពោះ​បក្ស​ស្តាំនិយម និង​ឆ្វេងនិយម​​ដែល​ធ្លាប់តែ​ផ្លាស់ប្តូរគ្នា​កាន់អំណាច​ពីដើម​មក។ ការបោះឆ្នោត​បង្ហាញ​ថា ពលរដ្ឋ​បារាំង​បែកបាក់គ្នា លែង​ទុកចិត្ត​នយោបាយ​ថ្នាក់ដឺកនាំ​ដូចមុន​ទៀត។  

នៅចំពោះ​មុខ​បញ្ហា​ទាំងអស់នេះ​ នៅចំពោះ​មុខ​បញ្ហា​ជន​គ្មានការងារធ្វើ​​១០ភាគរយ​ក្នុងស្រុក ​ប្រធានាធិបតីបារាំង​​​ថ្មី អេម៉ានុយអែល ​ម៉ាក្រុង ​​​ប្តេជ្ញា​មិន​រាថយ​នៅចំពោះ​​ការ​​សន្យា​របស់​លោកទេ លោក​នឹង​ធ្វើកំណែទំរង់​នយោបាយ​អោយស៊ីជំរៅ ផ្សះផ្សា​បង្រួបបង្រួម​ប្រជាជន​ ដើម្បី​ផ្តល់ទំនុកចិត្ត​ដល់​ប្រជាជន​ឡើងវិញ។ ​​លោក​ម៉ាក្រុងដែល​គេស្គាល់ថា ​ជា​អ្នកគាំទ្រ​នយោបាយ​អឺរ៉ុប​ពេញទីនោះ​​​ ក៏​បាន​​ប្តេជ្ញា​ស្ថាបនា​​អឺរ៉ុប​ឡើងវិញ​ផងដែរ។ ​ក្រោយ​ចូល​កាន់តំណែង​ជាផ្លូវការ​ថ្ងៃអាទិត្យ​នេះ លោក​ម៉ាក្រុង​លើកឡើង​​ថា​ ​បារាំង​​ទទួលខុសត្រូវ​ផ្តល់​ចម្លើយ​ចំពោះ​​​គ្រប់បញ្ហា​ មិនថា​ជា​​វិបត្តិ​ជនភៀសខ្លួន ការប្រែប្រួល​អាកាសធាតុ ​រឺ​ក៏​អំពើភេរវកម្ម​ទេ។  ​  ​

មុននឹង​តែងតាំង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​​តាម​ធម្មតា ​ថ្ងៃចន្ទ​នេះ លោក​ម៉ាក្រុងត្រូវ​បង្ហាញ​ឈ្មោះ​នាយករដ្ឋមន្ត្រី​។ លោក​ម៉ាក្រុង​បាន​តែងតាំង​មនុស្ស​មួយចំនួន​ក្នុងក្រុមការងារ​លោក​រួចហើយ។ បែបយ៉ាង ​​ដើម្បី​លើកស្ទួយ​និង​បន្ត​ទំនាក់ទំនង​ជាមួ​យអាល្លឺម៉ង់ លោកម៉ាក្រុង​បាន​​តែងតាំង​​លោក​ហ្វីលីព អេជែន អាយុ​៦១ឆ្នាំ អោយ​ធ្វើជា​ទីប្រឹក្សា​ការទូតវិមាន​អេលីហ្សេ។ លោក​អេជែន ​ជា​ឯក​អគ្គរដ្ឋទូត​​បារាំង​ប្រចាំ​នៅ​អាល្លឺម៉ង់។ ​ថ្ងៃចន្ទ​នេះ ប្រធានាធិបតី​​បារាំង​ម៉ាក្រុង​នឹង​ទៅជួប​លោកស្រី​មែរគែល​នៅ​ក្រុងប៊ែរឡាំង។ ប្រតិកម្ម​ចំពោះ​​ការ​ឡើងកាន់តំណែងផ្លូវការ​របស់​លោក​ម៉ាក្រុង​ ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ ហ្សង់ក្លូត យុងកឺ ​បាន​លើកឡើង​ថា ទំព័រថ្មី​​បានបើកឡើង​សម្រាប់​បារាំង​ សន្ទុះ​ថ្មី​សម្រាប់​អឺរ៉ុប។​​​

តទៅ​នេះ ​ដើម្បី​អាច​កាន់អំណាច​បាន​ពេញលេញនៅ​បារាំង​ ​ប្រធានាធិបតី អេម៉ានុយអែល ​​ម៉ាក្រុង​ត្រូវបង្រួបបង្រួម​ពលរដ្ឋ​បារាំង ​​​ធ្វើយ៉ាងណា​​​ដណ្តើមអោយបាន​​ជោគជ័យ​ការបោះឆ្នោត​សភា​ ក្នុង​​ខែ​មិថុនាខាងមុខ​នេះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ