អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​ហេតុអ្វី​​លោក​​អេម៉ានុយអែល ម៉ាក្រុង​ បង្ហាញ​​ជំហរ​​​ខិត​ទៅរក​​​​​​​​​លោក​នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល​​​?​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ​​បាន​ទទួលជួប​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ​នៅ​វិមាន​អេលីហ្សេ។ ​មេដឹកនាំទាំង២​​បានជួបពិភាក្សា​គ្នាយ៉ាងយូរ ​ជុំវិញ​បញ្ហា​មួយចំនួន នៅតំបន់​ដើមបូព៌ា ហើយ​ហាក់ដូចជា​ត្រូវរ៉ូវគ្នា​គ្រាន់បើ។ លោក​ម៉ាក្រុង​​​ថែមទាំង​បាន​​សន្យា​នឹង​លោក​នេតាន់យ៉ាហ៊ូ ថា​បារាំង​នឹង​ប្រុងប្រយ័ត្ន​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។​

លោកនេតាន់យ៉ាហ៊ូ និង​លោក​ម៉ាក្រុង នៅ​ប៉ារីស ថ្ងៃ​១៦កក្កដា២០១៧
លោកនេតាន់យ៉ាហ៊ូ និង​លោក​ម៉ាក្រុង នៅ​ប៉ារីស ថ្ងៃ​១៦កក្កដា២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអាទិត្យ​កន្លងទៅ លោក​អេម៉ានុយអែល ម៉ាក្រុង​ បានទទួល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដែល​បាន​មកបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស ដើម្បី​រំលឹក​ខួប​​៧៥ឆ្នាំ នៃ​ហេតុការណ៍​ប៉ូលិស​បារាំង​ចាប់ខ្លួន​ជនជាតិជ្វីហ្វ​ ធ្វើបាប​ជនជាតិជ្វីហ្វ។ គេឃើញថា ប្រធានាធិបតី​បារាំង​ខំបង្ហាញ​ជំហរខិតទៅ​រក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។ ជាក់ស្តែង លោក​ម៉ាក្រុង​បាន​គាំទ្រ​ការការពារ​សន្តិសុខ​អ៊ីស្រាអែល ទទួលស្គាល់​ការ​ទទួល​ខុសត្រូវ​​របស់​បារាំង​ចំពោះ​ការចាប់ខ្លួន​ជនជាតិ​ជ្វីហ្វ ​នៅ​ឆ្នាំ​១៩៤២ ជាដើម។

លោក​ម៉ាក្រុង​ហាក់​ដូចជា​ខំ​យកចិត្ត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​គ្រាន់បើ​​ដែរ ព្រោះ​លោក​បាន​សន្យាថា​ បារាំង​នឹង​​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក​ម៉ាក្រុង​ដឺងច្បាស់​ថា អ៊ីរ៉ង់​ជាសត្រូវ​របស់អ៊ីស្រាអែល តែ​បែរជា​សន្យា​យ៉ាងដូច្នេះ​ទៅវិញ។ វិមាន​អេលីហ្សេ​លើកឡើង​​ថា ជំនួបរវាង​​លោក​ម៉ាក្រុង​និង​លោក​នេតាន់យ៉ាហ៊ូ ជា​ដែល​ត្រូវ​បង្ហាញ​ថា បារាំង​មិន​អនុគ្រោះ​អ៊ីរ៉ង់​ទេ។ ​

តែពិបាក​បន្ទោស​ប្រធានាធិបតីបារាំង​បាន​ទាំងស្រុង​ណាស់ ព្រោះ​លោក​ប្រហែល​មិនចង់អោយ​​លោក​នេតាន់យ៉ាហ៊ូ ដែល​ជា​ភ្ញៀវ​កិត្តិយស ​អាក់អន់​ចិត្តទេ។ ម្យ៉ាងទៀត លោកម៉ាក្រុង​ដឺងថា អ៊ីរ៉ង់​ទើប​បង្អួត​សាច់ដុំ​យោធា​ទៅ​អ៊ីស្រាអែល​ថ្មីៗនេះ​ប៉ុណ្ណោះ។ កាលពី​ខែ​មិថុនា អ៊ីរ៉ង់​បានបញ់​មីស៊ីល​កំទេច​ក្រុមភេរវជន​ជីហាត​រដ្ឋអ៊ីស្លាម​នៅស៊ីរី មិនត្រឹម​ជា​ការកំចាត់​ក្រុមភេរវជន​ទេ តែ ក៏ជា​ការ​សំញែង​សាច់ដុំ​ដាក់​បណ្តា​ប្រទេស​សត្រូវ​របស់​ក្រុង​តេហេរ៉ង់​ក្នុង​តំបន់ដែរ។ ​លោក​នេតាន់យ៉ាហ៊ូ​ខំធ្វើដំណើរមក​ក្រុងប៉ារីស ដើម្បី​​ស្ទង់​​ជំហរ​នយោបាយ​លោក​ម៉ាក្រុង ស្ទង់​ជំហរបារាំង​​​ទាក់ទង​នឹង​បញ្ហាអ៊ីរ៉ង់​នេះហើយ។ គេ​មើលឃើញ​​ដែរថា​ លោក​នេតាន់យ៉ាហ៊ូមក​បារាំង​ក៏​ដើម្បី​​​​បញ្ចុះបញ្ចូល​លោក​ម៉ាក្រុងកុំអោយ​បារាំង​លូកដៃ​ចូល​បញ្ហា​អ៊ីស្រាអែល-ប៉ាឡេស្ទីន ខ្លាំង​ពេក។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលទំនង​​​ជា​ខំ​យកចិត្ត​យកថ្លើម​​​​​លោកម៉ាក្រុងវិញដេរ​ ដោយលើកឡើងថា ក្រោម​ការដឺកនាំ​របស់​លោកម៉ាក្រុង ​បារាំង​មា​នសក្តានុពល​ខ្ពស់។ ដើម្បី​អោយ​បារាំង​គាំទ្រ​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​ក៏​មិនភ្លេច​នឹង​សំដែង​​ការ​បារម្ភ​របស់​លោក​ចំពោះ​អ៊ីរ៉ង់​ ចំពោះ​ក្រុម​អេស្បូឡា​លីបង់ ដែល​អ៊ីរ៉ង់​គាំទ្រដែរ។ មើលអោយ​ដិតដល់​ លោក​អេម៉ានុយអែល ម៉ាក្រុង ​​យកចិត្ត​អ៊ីស្រាអែល រឺ​ក៏​បង្ហាញ​ការយល់ចិត្ត​ចំពោះ​អ៊ីស្រាអែល គ្រាន់តែ​​ជា​ការសំដែង​បែប​ការទូត​អោយ​ល្អមើលពីក្រៅ​​ប៉ុណ្ណោះ។ ព្រោះ​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោកម៉ាក្រុង​មិនបាន​ភ្លេច​រំលឹក​ឡើងវិញ​ពី​ជំហរ​​បារាំង ដែល​តាំងពី​ដើមមក តែង​គាំទ្រ​អោយ​​មាន​ការ​បង្កើត​​រដ្ឋប៉ាឡេស្ទីន និងរដ្ឋ​​អ៊ីស្រាអែល អោយ​ប្រជាជន​ទាំងសង្ខាង​រស់នៅ​ក្នុង​សុខសន្តិភាព​ជាមួយគ្នា។ មុន​នឹង​ជួប​លោក​នេតាន់យ៉ាហ៊ូ ប្រធានាធិបតី​បារាំង​បាន​ទទួលជួបប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន ម៉ាមូត អាបាស ​​រួចពី​មុនមកហើយ ហើយ​ថែមទាំង​បាន​ថ្កោលទោស​​​អាណានិគម​​​ជនជាតិជ្វីហ្វ​ទៀតផង។

ដូច្នេះ បើ​បារាំង​​​​​​​ថ្កោលទោស​ការរើសអើង​ជនជាតិជី្វហ្វ រឺ​ក៏​ត្រូវប្រុងប្រយ័ត្ន​ចំពោះ​​អ៊ីរ៉ង់ ​លោក​ម៉ាក្រុង​ក៏​មិនភ្លេច​​នឹង​បង្ហាញ​ផ្លូវដើររបស់​បារាំង​មួយទៀត​ ទៅ​អ៊ីស្រាអែល​ដែរ គឺ​ថា​អ្វីៗ​ប្រព្រឹត្តទៅបាន​លុះត្រា​តែ​មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ដែរ លុះត្រា​តែ​មា​នការ​គោរព​ច្បាប់អន្តរជាតិ​ដែរ។ សូម​កុំភ្លេច​ថា សហគមន៍​អន្តរជាតិ​មិនដែលពេញចិត្ត​នឹង​អាណានិគម​អ៊ីស្រាអែល​​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ទេ។ ហើយ​បើ​ចង់ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន ត្រូវតែ​មា​នការពិភាក្សា​គ្នា​ជាចាំបាច់។

តែ​ដើម្បី​កុំអោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថ្នាំងថ្នាក់ចិត្ត ប្រធានាធិបតី​បារាំង​ក៏​មិនហ៊ាន​លើក​និយាយ​​​​​ពី​សន្និសីទ​​អន្តរជាតិស្តីពី​តំបន់​ដើមបូព៌ា​ ដែល​ប្រធានាធិបតី​ហ្វ្រង់ស៊័រ ហូឡង់ អាណត្តិ​មុន បានរៀបចំ​ធ្វើ​កាលពី​ដើមឆ្នាំ​២០១៧នេះ ​នៅប៉ារីស​ដែរ។ ​ដើម្បី​រកដំណោះស្រាយ​នយោបាយ​ការទូត រឺ​ដំណោះស្រាយ​បញ្ហា​អន្តរជាតិ​ធំៗ ​​លោក​ម៉ាក្រុងហាក់ដូចជា​​​ចូលចិត្ត​​ប្រើ​​នយោបាយ​ត្រជាក់​ច្រើនជាង។ ដូច​ពាក្យចាស់​ពោលថា ក្តៅស៊ីរាក់ ត្រជាក់​ស៊ីជ្រៅដូច្នោះដែរ។​ កន្លងមក ​ទាក់ទង​កិច្ចព្រមព្រៀង​​អាកាសធាតុ​ក្រុងប៉ារីស ទោះបី​លោកដូណាល់ ត្រាំ​​ ដកអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះក្តី ក៏ប្រធានាធិបតី​បារាំង​នៅតែ​សង្ឃឹម​ថា លោក​ត្រាំ​អាច​ប្តូរចិត្តនៅថ្ងៃណាមួយ​​វិញដែរ។ លោកម៉ាក្រុង​មិនខ្លាច​នឹង​ទទាក់ទទួលយកចិត្ត​​លោក​ត្រាំ និងភរិយា​​ទេ ពេល​លោកត្រាំ​មកទស្សនកិច្ច​​នៅ​បារាំង​ថ្មីៗនេះ។

ដូច្នេះ បើ​លោក​ម៉ាក្រុង​យកចិត្ត​អ៊ីស្រាអែល ក៏ដោយសារ​​លោក​ដឹងច្បាស់ថា អ៊ីស្រាអែល​ជា​​ភាគី​ចាំបាច់​​ក្នុង​ដំណោះស្រាយ​បញ្ហាតំបន់​ដើមបូព៌ា​ដែរ។ មើលការពិត​វិញ ​​បារាំង​ក៏ប្រហែល​ជា​មិនទៅ​ធ្វើបាប​អ៊ីរ៉ង់​ដើម្បី​យកចិត្ត​អ៊ីស្រាអែល ដូចដែល​លោក​ម៉ាក្រុង​លើកឡើង​ដែរ ព្រោះថា ក្រុមហ៊ុន​ប្រេង​តូតាល់​បារាំង ទើប​ចុះហត្ថលេខា​រកស៊ី​ផ្នែកឧស្ម័ន​ជាមួយ​អ៊ីរ៉ង់​ផង រឿងអីគ្រាន់តែ​ដើម្បី​អ៊ីស្រាអែលតែ​១ប្រទេស ​​​បារាំង​ត្រូវ​បំភ្លេច​ប្រយោជន៍​​​ពាណិជ្ជកម្ម​ក្រៅប្រទេស​ទៅកើត។ ​ម្យ៉ាងទៀត បារាំង​ក៏ទើប​ចុះកិច្ចសន្យា​រកស៊ី​​ផ្នែកប្រេង​ជាមួយ​កាតា ដែលជា​មិត្ត​នឹង​អ៊ីរ៉ង់​ដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ