ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

ហេតុការណ៍​សំខាន់ៗ​ដែល​នាំ​ទៅរក​សង្រ្គាម​លោក​លើកទី១

ហេតុការណ៍​សំខាន់ៗ​ដែល​នាំ​ទៅរក​សង្រ្គាម​លោក​លើកទី១
 
អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) អធិការបតី​នៃ​ចក្រភព​អាល្លឺម៉ង់

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់​ជូនលោក​អ្នកស្តាប់​នូវ​ហេតុការណ៍សំខាន់ៗ​មួយ​ចំនួន ដែល​ជា​ដើមហេតុ​នាំ​ទៅ​រក​សង្រ្គាម​លោក​លើកទី១ នៅ​ឆ្នាំ​១៩១៤។

រហូតមកទល់​នឹង​ពេលនេះ ១០០ឆ្នាំ​គត់ ដែល​សង្រ្គាម​លោក​លើកទី១​បាន​ចាប់ផ្ទុះឡើង ក៏ប៉ុន្តែ មូលហេតុ​ដែល​នាំ​ឲ្យ​ផ្ទុះ​សង្រ្គាម​នេះ នៅតែ​ជា​រឿង​ចម្រូងចម្រាស​ ក្នុង​ចំណោម​អ្នក​ប្រវត្តិសាស្រ្ត។

ការធ្វើ​ឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ នៃ​ចក្រភព​អូទ្រីសហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ខែមិថុនា ឆ្នាំ​១៩១៤ គឺ​ជា​ឆ្នួន​ដែល​ដុត​បញ្ឆេះ​សង្រ្គាម ក៏ប៉ុន្តែ ដើមឫស​នៃ​ជម្លោះ​បាន​កើតមាន​ឡើង​តាំង​ពី​រាប់សិបឆ្នាំ​មុន​ម៉្លេះ ដោយ​ដុះពន្លក​ចេញ​ពី​ការ​ប្រកួតប្រជែង​គ្នា រវាង​ប្រទេស​មហាអំណាច​អឺរ៉ុប និង​ការ​ផ្ទុះឡើង​នៃ​ចលនា​ជាតិនិយម នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប។

សង្រ្គាម​បារាំង-អាល្លឺម៉ង់ ១៨៧០-១៨៧១

ផ្កាភ្លើង​នៃ​សង្រ្គាម​​លោក​លើកទី១​បាន​ចាប់ផ្តើម​លេចឡើង តាំង​ពី​ឆ្នាំ​១៨៧១ គឺ​​ចេញ​ពី​សង្រ្គាម រវាង​អាល្លឺម៉ង់ និង​បារាំង។ អាល្លឺម៉ង់​ដែល​ឈ្នះ​សង្រ្គាម​បាន​បង្រួបបង្រួម​ប្រទេស​បង្កើត​ជា​ចក្រភព​ថ្មីមួយ ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហាអំណាច​ប្រជែង​ជាមួយ​នឹង​មហាអំណាច​ផ្សេងទៀត​នៅ​អឺរ៉ុប។ បារាំង​វិញ ដែល​ចាញ់​សង្រ្គាម ត្រូវ​បាន​អាល្លឺម៉ង់​កាត់​យក​ទឹកដី​​នៃ​តំបន់ Alsace-Laurraine ​យកទៅ​កាន់កាប់។ ប្រជាជន​បារាំង ដែល​ណាមួយ​ទទួល​រងនូវ​ភាព​អាម៉ាស់​នឹង​បរាជ័យ​ផ្នែក​យោធា និង​ណាមួយ​ទៀត ខឹង​នឹង​ការ​បាត់បង់​ទឹកដី ក៏​បាន​ចិញ្ចឹមចិត្ត​រង់ចាំ​តែ​ឱកាស​ ដើម្បី​សងសឹក​នឹង​អាល្លឺម៉ង់វិញ។

គំនុំគំគួន ការ​មិនទុកចិត្ត​គ្នា និង​ការ​ប្រណាំង​​ប្រជែងគ្នា​ដណ្តើម​ដែនដី​អាណានិគម បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នាំគ្នា​ខិតខំ​ពង្រឹង​កម្លាំង​ទ័ព​រៀងៗ​ខ្លួន​ផង និង​ព្យាយាម​ចងសម្ព័ន្ធមិត្ត​យ៉ាង​ប្រទាក់​ក្រឡា​គ្នា​ផង​ ដើម្បី​​ជា​បង្អែក​ទុក​បង្កា​ក្នុង​ករណី​មាន​សង្រ្គាម​ផ្ទុះឡើង។ បារាំង​បាន​ទៅ​បង្កើត​សម្ព័ន្ធភាព​ត្រីភាគី​ជាមួយ​អង់គ្លេស និង​រុស្ស៊ី។ ចំណែក​អាល្លឺម៉ង់​វិញ​​​បាន​បង្កើត​ជា​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ចក្រភព​អូទ្រីសហុងគ្រី និង​អ៊ីតាលី។

វិបត្តិបូស្នី ១៩០៨-១៩០៩

នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ បញ្ហា​នៅ​តំបន់​បាល់​កង់​បាន​កើតឡើង​កាន់តែ​ខ្លាំង ក្រោយ​ពី​ចក្រភព​អូតូម៉ង់​​បាន​ធ្លាក់ចុះ​ដុនដាប ហើយ​បណ្តា​រដ្ឋ​​ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​​ចក្រភព​អូតូម៉ង់​បាន​នាំគ្នា​ប្រកាស​ឯករាជ្យ​ជា​បន្តបន្ទាប់។ ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ បណ្តា​​ប្រទេស​នៅ​​ក្នុង និង​នៅ​ក្បែរ​​​តំបន់​បាល់កង់ បានប្រណាំង​​ប្រជែងគ្នាដណ្តើម​ត្រួតត្រា​ប្រទេស ដែលជា​អតីត​ដែនដី​របស់​ចក្រភព​អូតូម៉ង់។

នៅ​ឆ្នាំ​១៩០៨ ចក្រភព​អូទ្រីសហុងគ្រី​​បាន​ប្រកាស​កាត់​យក​​ដែនដី​បូស្នី ដែល​ជា​អាណាខេត្ត​មួយ​របស់​ចក្រភព​អូតូម៉ង់ ​មក​ធ្វើ​ជា​ដែនដី​របស់​ខ្លួន។ ទង្វើ​នេះបាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​ស៊ែរប៊ី​ ដែល​មាន​ព្រំដែន​ជាប់នឹង​បូស្នី មាន​ភាសា និង​អម្បូរ​ប្រជាជន​ដូច​បូស្នី ហើយ​​ធ្លាប់​ជា​ប្រទេស​មួយ​ក្នុង​​ចក្រភព​អូតូម៉ង់​​ជាមួយ​បូស្នី។ ចំណែក​រុស្ស៊ីវិញ ដែល​ជា​​សម្ព័ន្ធមិត្ត​របស់​ស៊ែរប៊ី ក៏​បាន​ចេញមុខ​តវ៉ា​​​នឹង​ការ​កាត់យក​ទឹកដី​បូស្នី ដោយ​​អូទ្រីសហុងគ្រី​នេះ​ដែរ។

វិបត្តិ​នៅ​បូស្នី​ បាន​ធ្វើ​ឲ្យ​ជម្លោះ រវាង​អូទ្រីសហុងគ្រី និង​រុស្ស៊ី ឈាន​ដល់​ដំណាក់កាល​មួយ ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន ហើយ​ជម្លោះ​នេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត នៅ​ពេលដែល​សង្រ្គាម នៅ​តំបន់​បាល់កង់ បាន​ផ្ទុះឡើង នៅឆ្នាំ​១៩១២ និង​ឆ្នាំ​១៩១៣។

សង្រ្គាមបាល់កង់ ១៩១២-១៩១៣

នៅ​ឆ្នាំ​១៩១២ ពីរឆ្នាំ​មុន​សង្រ្គាម​លោក​លើកទី១ ប្រទេសចំនួន​ ៤ ដែល​សុទ្ធតែ​ធ្លាប់​​ជា​អតីត​ដែនដី​ក្នុង​ចក្រភពអូតូម៉ង់​ដូចគ្នា គឺ​ ស៊ែរប៊ី ក្រិក ម៉ុងតេណេហ្គ្រោ និង​ប៊ុលហ្ការី បាន​ចងសម្ព័ន្ធភាព​យោធានឹង​គ្នា ដែល​គេ​ឲ្យឈ្មោះ​ថា "បក្សសម្ព័ន្ធបាល់កង់"​ ដើម្បី​ប្រយុទ្ធតទល់​នឹង​ចក្រភព​អូតូម៉ង់។ ក្នុងរយៈពេល​តែ​ប៉ុន្មានខែ ក្រុម​បក្សសម្ព័ន្ធបាល់កង់ក៏​បាន​យកជ័យជម្នះ​ ដោយ​បាន​ដណ្តើម​​យក​ដែនដី​ជាច្រើន​របស់​ចក្រភព​អូតូម៉ង់​មក​កាន់កាប់។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​សង្រ្គាម​មួយទៀត​ក៏​បាន​ផ្ទុះឡើង ដោយ​​ម្តងនេះ ជា​សង្រ្គាម​​រវាង​ប្រទេស​ក្នុង​បក្សសម្ព័ន្ធ​បាល់កង់​គ្នាឯង គឺ​រវាង​ម្ខាង​ ប៊ុលហ្ការី និង​ម្ខាងទៀត ស៊ែរប៊ី​ និង​ក្រិក។ សង្រ្គាម​នេះ​បាន​ផ្ទុះឡើង​ដោយមក​ពី​​​ជម្លោះ ក្នុង​ការ​បែងចែក​ដែនដី​ ដែល​​ពួកគេ​ដណ្តើមបាន​​​​ពី​ចក្រភព​អូតូម៉ង់។

ក្រោយ​ពី​សង្រ្គាម​នៅ​បាល់​កង់​​បាន​បញ្ចប់​ទៅ នៅ​ខែ​សីហា ឆ្នាំ​១៩១៣ ស៊ែរប៊ី​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​បាល់កង់​ ហើយ​តុល្យភាព​​អំណាច នៅ​បាល់កង់ ក៏​បាន​​ផ្អៀង​ទៅរក​រុស្ស៊ី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អូទ្រីស​ហុងគ្រី​មិនសប្បាយចិត្ត ហើយ​មាន​គំនិត​ចង់​​ចាត់វិធានការ​គ្រប់យ៉ាង ដើម្បី​ទប់ស្កាត់​ស៊ែរប៊ី កុំ​ឲ្យ​​បង្កើន​អំណាច​នៅ​បាល់កង់​តទៅទៀត។

ការធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​​ ទាយាទ​នៃ​ចក្រភព​អូទ្រីសហុងគ្រី

ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​១៩១៤ ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ (Franz Ferdinand) ទាយាទ​របស់​ចក្រភព​អូទ្រីសហុងគ្រី បាន​ធ្វើ​ដំណើរ​តាមរថភ្លើង​មក​ដល់​ទីក្រុង​សារ៉ាយេវ៉ូ រដ្ឋធានី​របស់​បូស្នី។ បូស្នី​ ដែល​អូទ្រីសហុងគ្រី​បាន​កាត់​ពី​ចក្រភព​​អូតូម៉ង់​មក​ធ្វើ​ជា​ខេត្ត​របស់​ខ្លួន កាលពីឆ្នាំ​១៩០៨ ក្រោម​ក្រសែភ្នែក​ក្តៅក្រហាយ​របស់​ស៊ែរប៊ី។

ក្រុមយុវជន​ជាតិនិយម​ស៊ែរប៊ី​ ៧នាក់ ដែល​មាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុម​ភេរវជន​ស៊ែរប៊ី បាន​រៀបគម្រោងការណ៍​លបធ្វើ​ឃាត​​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ដោយ​បាន​ពង្រាយ​គ្នា នៅ​តាម​បណ្តោយ​​ផ្លូវ ដែល​ក្បួនរថយន្ត​របស់​ព្រះអង្គ​ត្រូវ​ឆ្លងកាត់។

ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​ ថ្វីដ្បិត​តែ​ដឹង​ថា ដំណើរទៅកាន់​ទីក្រុង​សារ៉ាយេវ៉ូ ជា​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់ ក៏ប៉ុន្តែ នៅតែ​​ជម្នះ​​​ជិះក្នុង​រថយន្ត​បើក​ដំបូល ដើម្បី​ចង់​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ដល់​ប្រជារាស្រ្ត នៅទីនោះ។

នៅ​ម៉ោង​ប្រមាណ​ជា ១០ព្រឹក នៅពេល​ក្បួនរថយន្ត​របស់​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​បើក​មកដល់ ឃាតក​ម្នាក់​ក៏​បាន​គប់គ្រាប់បែក​សំដៅ​ទៅលើ​រថយន្ត​របស់​ព្រះអង្គ។ ក៏ប៉ុន្តែ គ្រាប់បែក​​បាន​ធ្លាក់​ខុសគោលដៅ ដោយ​ផ្ទុះ​ត្រូវ​រថយន្ត​ដែល​បើក​ពីក្រោយ។ អ្នកបើកបរ​ក៏​បាន​បើក​រត់ ហើយ​នាំ​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ទៅកាន់​សាលាក្រុងសារ៉ាយេវ៉ូ។ ចំណែក​ឃាតក​វិញ បាន​ព្យាយាម​សម្លាប់​ខ្លួនឯង ក៏ប៉ុន្តែ មិនបាន​សម្រេច ហើយ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួនបាន។

នៅ​សាលាក្រុង ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​បាន​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​ ដែល​បាន​គ្រោងទុក​ពីមុន​ជា​ធម្មតា ក៏ប៉ុន្តែ ក្រោយ​ចប់ពិធី ព្រះអង្គ​​បាន​សម្រេច​លុបចោល​កម្មវិធីដែល​គ្រោង​ទុក​ផ្សេងទៀត ដើម្បី​យាង​ទៅ​​​សួរសុខទុក្ខ​អ្នក​របួស ដោយ​គ្រាប់បែក កាលពីព្រឹក ហើយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​សារ៉ាយេវ៉ូ។

នៅតាមផ្លូវ​ពីសាលាក្រុង​ទៅ​មន្ទីរពេទ្យ ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ និង​មហេសី គឺ​ម្ចាស់ក្សត្រិយ​សូហ្វ៊ី (Sophie) ត្រូវ​បាន​ឃាតក​ម្នាក់ទៀត​​​បាញ់​សម្លាប់​។

ចក្រភព​អូទ្រីសហុងគ្រីបាន​ទម្លាក់​ការទទួលខុសត្រូវ​នៃ​ការ​ធ្វើ​ឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ​ទៅលើ​​រដ្ឋាភិបាល​ស៊ែរប៊ី។ អូទ្រីសហុងគ្រី​ក៏​បាន​ប្រកាស​សង្រ្គាម​លើ​ស៊ែរប៊ី ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​១៩១៤។ ដោយសារ​តែ​ការ​ចងសម្ព័ន្ធមិត្ត​គ្នា​យ៉ាង​ប្រទាក់ក្រឡា នៅ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប សង្រ្គាម​ទ្វេភាគី រវាង​អូទ្រីសហុងគ្រី និង​ស៊ែរប៊ី ក៏​បាន​រាលដាល​​ទៅដល់​ប្រទេស​មហាអំណាច​​អឺរ៉ុប​​ផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស បារាំង ​និង​រុស្ស៊ី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី១

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ចក្រភព​ជប៉ុន៖ ​មហាអំណាច​អាណានិគម​អាស៊ី​តែមួយ​គត់​នៅ​ដើម​សតវត្សរ៍​ទី២០

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​រវាង​មហាអំណាច​អឺរ៉ុប

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    បារាំង​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង

    ស្វែងយល់បន្ថែម

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ