អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ឈឺ​ចង្កេះ ៖ ការ​ថែ​រក្សា​គាំពារ​ឆ្អឹង​ខ្នង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្អឹង​ខ្នង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​រាង​កាយ អាច​ឲ្យ​មនុស្ស​ដើរ​ ដេក​ឈរ អង្គុយ​បាន​ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ការ​ធ្វេស​ប្រហែស មិន​រក្សា​ឆ្អឹង​​ខ្នង​ឲ្យ​ត្រង់​ទេ ឆ្អឹងកង​ខ្នង​​នឹង​ឆាប់​ទ្រុតទ្រោម ធ្វើ​ឲ្យ​យើង​ឆាប់​មាន​អាការៈឈឺ​ខ្នង​ឈឺ​ចង្កេះ មុន​អាយុ។ តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ជា​មូល​ហេតុ​សំខាន់​ នាំ​ឲ្យ​មាន​អាការៈ​ឈឺ​ខ្នង ឈឺ​ចង្កេះនេះ ?! នៅ​ជួប​នឹង​បញ្ហា​នេះ​ហើយ​ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​ការពារ​និង​រក្សា​ឆ្អឹង​ខ្នង​បាន ?

អង្គុយ​ធ្វើ​ការ​ជាប់​នៅ​កន្លែង​យូរ អាច​គៀប​សាច់​ដុំ​ឆ្អឹង​ខ្នង
អង្គុយ​ធ្វើ​ការ​ជាប់​នៅ​កន្លែង​យូរ អាច​គៀប​សាច់​ដុំ​ឆ្អឹង​ខ្នង រូបថត : RFI
ផ្សាយពាណិជ្ជកម្ម

ការ​ឈឺ​ខ្នង​ ឈឺ​ចង្កេះ ដែល​កាលពី​មុន​គេ​តែង​ចាត់​ទុក​ជា​ជំងឺ​របស់​មនុស្ស​ចាស់ មនុស្ស​ដែល​មាន​វ័យ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ ថា​សូម្បី​តែ​ក្មេង ឬ​កុមារ​ផង ក៏​ចេះ​ថ្ងូរ​ឈឺ​ចង្កេះ​ដែរ។ តើ​អ្វី​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​បាតុភូត​ឈឺ​ខ្នង​ឈឺ​ចង្កេះ​នេះ ?

ម្យ៉ាង ​វិញ​ទៀត​បើ​តាម​នាង​ខ្ញុំ​ធ្លាប់​ដឹង​ធ្លាប់​ឮ​មក​ ការ​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ជា​ជំងឺ​មួយ​ពិបាក​ព្យាបាល។ ការ​ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​គ្រាន់​តែ​ជួយ​សំរួល​ ឬ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​តែ​មួយ​គ្រា​តែ​ប៉ុណ្ណោះ

ជាទូទៅ​ពាក្យ​ ថា​ឈឺ​ចង្កេះ មានន័យ​ស្មើ​នឹង​ការ​ឆ្អឹង​ខ្នង ឆ្អឹង​កង​ខ្នង ប៉ុន្តែ​ការ​ឈឺ​ចុក​ចាប់​ភាគ​ច្រើន​ ច្រើន​តែ​​ស្តែង​ឡើង​នៅ​ត្រង់​តំបន់​ចង្កេះ។ ម្យ៉ាង​វិញ​ទៀត​ការ​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ជា​ជំងឺ​មួយ​ដែល​គេ​ពិបាក​វិភាគ និង​រក​មូលហេតុ​ឲ្យ​ឃើញ​ណាស់។

នៅ​ពេល​ទទួល​រង​ការ​ឈឺចាប់ លោក​អ្នក​នាង​អាច​ពិសារ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ប្រភេទ​ប៉ារ៉ាសេតាមុល​បាន​ ក៏​ប៉ុន្តែ​ការ​ព្យាបាល​មាន​ច្រើន​បែប​ទៅ​តាម​ទំរង់ និង​មូលហេតុ​នៃ​ការ​ឈឺចាប់។ ជា​ធម្មតា​៩០​ភាគរយ​នៃ​អ្នក​ជំងឺ នឹង​បាន​ធូរ​ស្រាល​បន្ទាប់ពី​ទទួល​ទាន​ថ្នាំ បាន​​ពីរ​ឬ​បី​ថ្ងៃ។ ប្រសិន​បើ​ក្នុង​ករណី​ការ​ឈឺ​ចុកចាប់​មិន​ថម​ថយ លោក​អ្នកនាង​តោង​ប្រញាប់​អញ្ជើញ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​វិភាគ​ផ្សេងៗ​បន្ថែម​ទៀត និង​គួរ​អនុវត្ត​តាម​ការ​ទូន្មាន​របស់​គ្រូពេទ្យ ក្នុង​ការ​ជួយ​ថែ​រក្សា គាំពារ​ឆ្អឹង​ខ្នង​របស់​យើង។ ការ​គាំពារ​ដែល​ភាសា​បារាំង​ហៅថា Hygiène du dos។ ព្រោះ​ជំងឺ​នេះ​ពុំ​មាន​ការ​ព្យាបាល ឬ​ការ​វះកាត់​ណា​មួយ​អាច​ជួយ​ឲ្យ​លោក​អ្នកនាង​ជា​ស្រលះ​លែង​ឈឺ​ចង្កេះ​រហូត​ នោះ​ឡើយ។

គួរ​ចង​ចាំ​ថា ការ​ឈឺ​ខ្នង​ឈឺ​ចង្កេះ អាច​ចាប់​ផ្តើម​តាំង​ពី​វ័យ​កុមារ ដូច្នេះ​សូម​ត្រួត ពិនិត្យ​កាតាប​សាលា​របស់​កូន​ជា​រឿយៗ កុំ​អោយ​មាន​ទម្ងន់​ធ្ងន់​ពេក។ ចំពោះ​មនុស្ស​ធំ ពេញ​វ័យ​វិញ សូម​​រក្សា​ឆ្អឹង​ខ្នង​ឲ្យ​ត្រង់​គ្រប់​ពេលវេលា ទាំង​ពេល​គេង ពេល​ដើរ និង​ពេល​ឈរ​ឬ​អង្គុយ។ ចៀសវាង​កុំ​យួរ​របស់​ធ្ងន់ ធ្វើ​កីឡា ឬ​បញ្ចេញ​កាយវិការ​ដែល​កាច់​កោង​ឆ្អឹង​ខ្នង។ កីឡា​ដែល​ប្រសើរ​បំផុត​ដែល​អាច​ជួយ​ឆ្អឹង​ខ្នង​បាន​គឺ​ការ​ហែល​ទឹក និង​ដើរ​លឿន។

នៅទីបញ្ចប់ ចំពោះ​មុខ​ជីវភាព​ប្រចាំ​ថ្ងៃ លោក​អ្នក​នាង​ខ្លះ ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​រក​ស៊ី​ប្រចាំ​ជីវិត​ដែល​តម្រូវ​ឲ្យ​ស្ថិត​ ក្នុង​សភាព​ឈរ ឬ​អង្គុយ​ជាប់​ពេញ​មួយ​ថ្ងៃ។ កាយវិការ​នេះ ជា​ចំណែក​មូយ​នាំ​អោយ​ឆ្អឹង​ខ្នង​ឆាប់​ទ្រុឌទ្រោម និង​បង្ក​ការ​ឈឺ​ចាប់ យ៉ាង​ឆាប់​រហ័ស។ បើ​ជា​កិច្ចការ​អង្គុយ រវាង​៤៥​នាទី​ម្តង ឬ​មួយ​ម៉ោង​ម្តង សូម​លោក​អ្នក​នាង ងើប​ដើរ​មួយ​ជុំ អោយ​បាន​យ៉ាង​ហោច​ណាស់ មួយ​នាទី ដើម្បី​ជួយ​សម្រួល​សសៃ​ឈាម និង​សាច់​ដុំ។

ដោយ​វេជ្ជបណ្ឌិត វូ សុភៈរស្មី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ