អានតួអត្ថបទ
ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៖ យន្តហោះ​MH៣៧០ ពិត​ជា​បាន​ធ្លាក់​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា

យន្តហោះ​ម៉ាឡេស៊ីអ៊ែរឡាញ MH៣៧០ ហោះ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ សំដៅ​ទៅ​កាន់​ក្រុង​ប៉េកាំង កាលពីថ្ងៃទី ៨​មីនា ពិត​ជា​បាន​ធ្លាក់​នៅ​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា។ គ្មានអ្នក​ដំណើរ និង​អ្នក​បំរើ​ការ​តាម​យន្តហោះ និង​អ្នក​បើក​បរ​ណា​ម្នាក់​ នៅ​មាន​ជីវិត​រស់​រានទេ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី កាលពី​ប៉ុន្មាន​នាទី​មុន​នេះ។

ក្រុម​គ្រួសារ​អ្នក​ដំណើរ​ សោក​សង្រេង​ពេល​បាន​ឮ​នាយក​រដ្ឋមន្ត្រីជូន​ដំណឹង​អំពី​ការ​ធ្លាក់​យន្តហោះ​ MH370 នៅ​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា
ក្រុម​គ្រួសារ​អ្នក​ដំណើរ​ សោក​សង្រេង​ពេល​បាន​ឮ​នាយក​រដ្ឋមន្ត្រីជូន​ដំណឹង​អំពី​ការ​ធ្លាក់​យន្តហោះ​ MH370 នៅ​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី មានមន្ទិល និង​ពាក្យ​ចចាមអារាម អស់​ជិត​ម្ភៃ​ថ្ងៃ​ នៅ​ទីបំផុត អាជ្ញាធរ​ម៉ាឡេស៊ី បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ចន្ទទី ២៤​មីនា ថា​យន្តហោះ ម៉ាឡេស៊ីអ៊ែរឡាញ ដែល​មាន​ជើង​ហោះហើរ លេខ MH៣៧០ បាត់​ខ្លួន​ឈឹង​តាំង​ពី​ថ្ងៃ​ទី ៨ មីនា ២០១៤ ពិត​ជា​បាន​ធ្លាក់​ក្នុង​ ភាគ​ខាង​ត្បូង មហា​សមុទ្ទឥណ្ឌា​ ​​​ និង​សម្លាប់​ជីវិត​មនុស្ស​ក្នុង​យន្តហោះ​ទាំង​អស់។

 

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ជូន​ដំណឹង​អំពី​ការ​ធ្លាក់​យន្តហោះ MH370
នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ជូន​ដំណឹង​អំពី​ការ​ធ្លាក់​យន្តហោះ MH370 REUTERS/Edgar Su

“ដោយ​ក្តី​សោកស្តាយ​ជា​ទី​បំផុត ដែល​ខ្ញុំ​ត្រូវ​ប្រកាស​ជូន​ដំណឹង​ថា​ យន្តហោះ​MH៣៧០ បាន​បញ្ចប់​ដំណើរ​ក្នុង​មហាសមុទ្ទឥណ្ឌា”! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Raza តាម​រយៈ​សន្និសីទ​កាសែត​ ដោយ​បាន​គូស​បញ្ជាក់បន្ថែម​ទៀត​ថា គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យទេ ហើយ​ក៏​​គ្មាន​អ្នក​រួច​ពី​ស្លាប់ដែរ។ ​ក្រុម​គ្រួសារ​អ្នកដំណើរ​ទាំង ២៣៩នាក់ (ភាគ​ច្រើន​ជាជន​ជាតិ​ចិន ១៥៣​នាក់​ចិន) ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ ត្រូវ​បាន​ជូន​ដំណឹង​តាម​រយៈ​សារ​ទូរស័ព្ទ។
 

មុន​នេះ​បន្តិច នាយករដ្ឋមន្ត្រី​ក្រសួង​​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​ប្រកាស​ជូន​ដំណឹង​អំពី ប្រតិបត្តិការ​ស្វែង​រក​បំណែក​យន្តហោះ​ថា នាវា​ HMAs Success នៅ​មិន​​ឆ្ងាយ​អំពី​វត្ថុ​អណ្តែត​ទឹក​ទេ។ នាវានេះ​​ ដែល​​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ស្ទូច អាច​អូស​ទាញ​វត្ថុឬ​បំណែក​ធុន​ធំៗ​បាន។ យ៉ាង​យូរ​បំផុត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​គឺ​នឹង​អាច​បញ្ជាក់​អត្តសញ្ញាណ​នៃ​វត្ថុ​អណ្តែត​ទឹកនោះ​បាន​ហើយ។

សូម​បញ្ជាក់​ថា នា​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ យុទ្ធ​នាការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី បាន​មក​ផ្តុំ​គ្នា​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្ទ​ឥណ្ឌា ព្រោះ​រូប​ភាព​ផ្កាយ​រណប​​ បាន​បញ្ជាក់​កាន់​តែ​ច្រើន​ឡើងៗ ថា​មាន​វត្ថុ​​សង្ស័យ​នៅ​ចម្ងាយ​ប្រមាណ​ ២៥០០​គ.ម. ពី​ឆ្នេរ​ខាង​ត្បូង​អូស្ត្រាលី។ យន្តហោះ​អាមេរិក អូស្រ្តាលី​ ជប៉ុន​ដែល​ធ្វើ​ប្រតិបត្តិហោះឆ្វែល​យក​បំណែក​យន្តហោះ​ម៉ាឡេស៊ី បាន​ប្រទះ​ឃើញ​វត្ថុ​អណ្តែត​ទឹក​ខ្លះ​ពណ៌​បៃតង ខ្លះ​ប្រផេះ ខ្លះ​មាន​ទម្រង់​ចតុកោណ​​ពណ៌​លឿង​ទុំ​។ ហើយ​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទៀត យន្តហោះ​ចិន​បាន​មើល​ឃើញ ក្នុង​តំបន់​ស្រាវជ្រាវ​តែ​មួយ​ វត្ថុ​​ជា​ទម្រង់​ការ៉េ និងមួយ​ទៀត​​មាន​ពណ៌​ស ធំ​ខ្លាំង ព្រម​ទាំង​បំបែក​ផ្សេងៗ​ទៀត រប៉ាត់​រប៉ាយ​គ្នា​ក្នុង​រង្វង់​អង្កត់​ផ្ចិត​ ជា​ច្រើន​គីឡូម៉ែត្រ។ ចំណែក​សហរដ្ឋអាមេរិក​វិញ បាន​រួស​រាន់​បញ្ជូន​​ ប្រដាប់​​តាម​​រក​ប្រអប់​ខ្មៅ​យន្តហោះ​ ដែល​ទំនើប​បំផុត អាច​ចាប់​សញ្ញា​បាន​ចម្ងាយ​ប្រមាណ​៦ពាន់​ម៉ែត្រ។ ប្រអប់​ខ្មៅ​ ថត​រាល់​សំឡេង​និង​សកម្មភាព​ក្នុង​យន្តហោះ ដែល​អាច​ពន្យល់​អំពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ដ៏​​ចម្លែក​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​ប្រវត្តិ​អាកាសចរណ៍​ស៊ីវិល​ទាន់​សម័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ