អានតួអត្ថបទ
បារាំង

រដ្ឋាភិបាល​បារាំង​ប្តូរចិត្ត​ ព្រមអោយ​ក្រុម​សហជីព​បានធ្វើ​បាតុកម្ម​វិញ​

ថ្ងៃពុធ​២២មិថុនានេះ ​បន្ទាប់​ពីបាន​ហាមឃាត់​ មិនអោយ​ក្រុមសហជីព​ប្រឆាំង​ច្បាប់ការងារ ធ្វើបាតុកម្ម​នៅ​ក្រុងប៉ារីសបាន​បន្តិច​មក ក្នុង​ថ្ងៃពុធនេះ​ដដែល​ អាជ្ញាធរ​បារាំង​បាន​ប្តូរចិត្ត​ទៅវិញ ដោយ​ប្រកាស​អោយ​ពួកគេ​អាច​ធ្វើបាតុកម្ម​បាន ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ ក្បួន​បាតុកម្ម​ត្រូវ​ដង្ហែ​តាមផ្លូវ និង​ទិសដៅ​ដែល​ក្រសួង​មហាផ្ទៃ​កំណត់អោយ។ អាជ្ញាធរ​បារាំង​មិនចង់​​អោយ​មានក្បួន​បាតុកម្ម​រញ៉េរញ៉ៃ ដោយសារ​តែ​បារាំង​កំពុង​រវល់​ការពារ​សុវត្ថិភាព​​​សន្តិសុខ​ជាតិ ក្នុង​ពេល​កំពុង​រៀបចំ​ការប្រកួត​បាល់ទាត់​អឺរ៉ូ​ឆ្នាំ២០១៦។

ក្រុមបាតុករ​ប្រឆាំង​សេចក្តីព្រាងច្បាប់ការងារ​ នៅ​ក្រុងប៉ារីស ក្នុងពេល​កន្លងមក
ក្រុមបាតុករ​ប្រឆាំង​សេចក្តីព្រាងច្បាប់ការងារ​ នៅ​ក្រុងប៉ារីស ក្នុងពេល​កន្លងមក THOMAS SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃព្រហស្បតិ៍​២៣មិថុនានេះ ក្រុមសហជីព​ប្រឆាំង​សេចក្តីព្រាងច្បាប់ការងារ​បារាំង​ នឹង​ដើរហែ​​​ក្បួនបាតុកម្ម នៅ​ទីក្រុងប៉ារីស​តាម​ការគ្រោងទុក។ ក្បួន​បាតុកម្ម​នឹង​ត្រូវដង្ហែ​ តាម​ទិសដៅ​ដែល​ក្រសួងមហាផ្ទៃ​កំណត់​អោយ ​គឺពី​ទីលាន​បាស្ទី ក្នុ​ងសង្កាត់​ទី១១ កាត់តាម​កន្លែង​មួយចំនួន ​​រួចត្រលប់​មកទីលាន​នេះវិញ។

ដំបូងឡើយ អាជ្ញាធរ​បារាំង​ចង់អោយ​ក្រុមបាតុករ​នៅ​ផ្តុំគ្នាតែ​មួយកន្លែងទេ ដើម្បី​ងាយស្រួល​ពង្រាយ​កម្លាំង​ការពារ​ពួកគេ។ តែ​ក្រុមសហជីព​​ជំទាស់​​សំណើ​អាជ្ញាធរ​ទើបបាន​ជា​អាជ្ញាធរ​ហាមឃាត់បាតុកម្ម​​តែម្តង​ទៅ។ បន្ទាប់​ពី​មាន​ការជជែក​រវាង​​សហជីព​និង​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​មក ទើប​មាន​ការផ្លាស់ប្តូរ​វិញ។ រដ្ឋបារាំងប្រហែ​លមិនចង់​រងការរិះគន់​ថា ហាមឃាត់​បាតុកម្ម​ ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​ទេ។

សហជីព​បារាំង​បានចាត់ទុក​ការប្តូរចិត្ត​របស់​រដ្ឋាភិបាល​ថា ជា​ជោគជ័យ​សម្រាប់​ក្រុម​សហជីព និង​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ ក្រុមសហជីព​ក៏បាន​ស្នើ​ប្រធានាធិបតី​បារាំង អោយ​ជួប​ជាមួយ​ពួកគេ​អោយ​បាន​ឆាប់​បំផុត ដើម្បី​ពិភាក្សា​​​បញ្ហា​ទាក់ទង​សេចក្តីព្រាងច្បាប់​ការងារ​​។  

ការ​ដែល​អាជ្ញាធរបារាំង​​មិនចង់​ឃើញ​បាតុកម្ម​រញ៉េរញ៉ៃ​ក្នុង​ក្រុង​ប៉ារីស ក៏ដោយសារតែក្នុង​​បាតុកម្ម​ប្រឆាំង​ច្បាប់ការងារ​​កន្លងមក មាន​ក្រុមជ្រុលនិយម​បង្កហិង្សា​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ប្រជាជនក្នុងស្រុក។ ​ម្យ៉ាងពេលនេះ បារាំង​កំពុង​ប្រយ័ត្ន​ស​ន្តិសុខ​ខ្ពស់ ខ្លាច​មា​នភេរវកម្ម​ណាមួយ​កើតឡើង ព្រោះ​បារាំង​កំពុង​រៀបចំ​​ការប្រកួត​បាល់ទាត់​​​អឺរ៉ូ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ