អានតួអត្ថបទ
កម្ពុជា-អាមេរិក

សមយុទ្ធ​អាមេរិក-កម្ពុជា​ចាប់ផ្តើម​ថ្ងៃ​នេះ

កង​យោធពល​ខេមរភូមិន្ទ និង​កងទ័ព​អាមេរិក​បាន​ចាប់​ផ្តើម​សមយុទ្ធ​ទ្វេភាគី​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្កើត​សមត្ថភាព​នៃ​ការ​ថែ​រក្សា​សន្តិសុខ​របស់​កងទ័ព​កម្ពុជា​អោយ​កាន់​តែ​ប្រសើរឡើង។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​បាន​អះអាង​ថា សមយុទ្ធ​ទ្វេភាគី​អាមេរិក​កម្ពុជា​លើក​ទី​៣​នេះ នឹង​ធ្វើ​អោយ​សហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំងពីរ​កាន់​តែ​រឹងមាំ​ថែម​ទៀត។

សមយុទ្ធ​អាមេរិក-កម្ពុជា​ចាប់ផ្តើម​ថ្ងៃ​នេះ
សមយុទ្ធ​អាមេរិក-កម្ពុជា​ចាប់ផ្តើម​ថ្ងៃ​នេះ
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​នេះ ត្រូវ​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២២​មីនា​នៅក្នុង​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ។ សមយុទ្ធ​ទ្វេភាគី​កម្ពុជា​អាមេរិក ដែល​គេ​អោយ​ឈ្មោះ​ថា ឆ្មាំ​អង្គរ​២០១២​គឺ​ជា​ការងារ​បន្ត​របស់​កម្លំាង​ទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​ត្រូវ​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​បង្កើន​សមត្ថភាព​ថែ​រក្សា​ស្ថិរភាព និង​សន្តិភាព​របស់​កងទ័ព​ទាំងពីរ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។ នេះ​គឺ​ជា​សមយុទ្ធ​ទ្វេភាគី​លើក​ទី​៣​ហើយ​រវាង​អាមេរិក​និង​កងយោធពល​ខេមរ​ភូមិន្ទ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្តមសេនីយ​ឯក​ឈុំ សុជាតិ​បាន​ថ្លែង​អោយ​ដឹង​ថា មាន​កម្លំាង​យោធា​អាមេរិក​១០០​នាក់ និង​កម្លំាង​យោធា​ខ្មែរ​ជាង​៤០០​នាក់​ដែល​កំពុង​ហ្វឹកហាត់​ក្នុង​សមយុទ្ធ​នេះ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​អត្ថាធិប្បាយ​អំពី​វត្តមាន​នៃ​សមយុទ្ធ​បែប​នេះ ថា​ជា​ការ​រឹត​ចំណង​សហប្រតិបត្តិការ​យោធា​អោយ​កាន់​តែ​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំងពីរ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បាន​សរសេរ​ថា សមយុទ្ធ​ឆ្មាំ​អង្គរ​២០១២ គឺ​ជា​លំហាត់​សមយុទ្ធ​ចុងក្រោយ​គេ ក្នុង​ចំណោម​លំហាត់​សមយុទ្ធ​ដែល​មាន​លក្ខណៈ​សិ្វតស្វាញ និង​មាន​ច្រើន​វិញ្ញាសា​បន្តបន្ទាប់​គ្នា ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើក​កំពស់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់។

គួរ​បញ្ជាក់​ថា ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​នេះ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សមយុទ្ធ​ទ្វេភាគី​ផង និង​សមយុទ្ធ​យោធា​ពហុសាសន៍​ផង​ក្នុង​ពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ