អានតួអត្ថបទ
សត្វព្រៃ

ព្យុហយាត្រា​ទូទាំង​ពិភពលោក​ដើម្បី​ការពារ​សត្វដំរី​និង​រមាស

ក្បួន​ព្យុហយាត្រា​ត្រូវ​បាន​គេ​ចាប់ផ្តើម​​រៀបចំ​ធ្វើ​ នៅថ្ងៃ​សៅរ៍​នេះ នៅ​តាម​បណ្តា​ក្រុង​ប្រមាណ​ជិត ១២៥ នៅ​ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់ ក្នុងការ​ទប់ស្កាត់​ការ​បរបាញ់​សត្វដំរី និង​រមាស ដែល​កំពុងតែ​កើតមាន​កាន់តែ​ច្រើន​​បណ្តាល​ឲ្យ​មាន​ក្តីបារម្ភ​ថា សត្វ​ទាំងពីរ​ប្រភេទ​នេះ​នឹង​ត្រូវ​ស្លាប់​ផុតពូជ នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ។

សត្វដំរី នៅ​ក្នុង​ប្រទេស​កេនយ៉ា
សត្វដំរី នៅ​ក្នុង​ប្រទេស​កេនយ៉ា AFP PHOTO / TONY KARUMBA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការជួញដូរ​ភ្លុក​ដំរី និង​រមាស គឺ​ជា​ការ​ជួញដូរ​ខុសច្បាប់​ដ៏​ធំ​លំដាប់​ទី៤ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​ទំនិញ​ក្លែងក្លាយ និង​ការ​ជួញដូរ​មនុស្ស។

អង្គការ និង​សកម្មជន​ការពារសត្វព្រៃ​បាន​ធ្វើការ​ប៉ាន់​ស្មានថា ក្នុងមួយ​ឆ្នាំៗ សត្វដំរី​ប្រមាណ​ជាង ៣ម៉ឺន​៥ពាន់​ក្បាល និង​សត្វរមាស​ជាង ១ពាន់​ក្បាល​ ត្រូវ​គេ​សម្លាប់ ក្នុងការ​បរបាញ់​ដោយ​ខុសច្បាប់ ដើម្បី​យក​ភ្លុក​ទៅលក់។ ប្រសិនបើ​គេ​ទុក​បណ្តោយ​ឲ្យ​មានការ​បរបាញ់​ក្នុង​សន្ទុះ​បែបនេះ​តទៅទៀត នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ២០ឆ្នាំ​ខាងមុខ សត្វទាំងពីរ​ប្រភេទ​នេះ​អាច​នឹង​ត្រូវ​ស្លាប់​ផុតពូជ។

នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​សកម្មជន​ការពារ​សត្វព្រៃ​បាន​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​ព្យុហយាត្រា នៅ​ទូទាំង​ពិភពលោក ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ព្យុហយាត្រា​ពិភពលោក​ ដើម្បី​សត្វដំរី និង​រមាស”។

យុទ្ធនាការ​នេះ ផ្តោត​ជា​សំខាន់​ទៅលើ​គោលដៅពីរ គឺ​ទីមួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គ្រប់ប្រទេស​ទាំងអស់​ចាត់វិធានការ​លុបបំបាត់​ការ​ទិញលក់​ភ្លុក​ដំរី និង​រមាស គឺ​ទាំង​ការ​ជួញដូរ​ខុសច្បាប់ និង​ស្របច្បាប់។ គោលដៅ​សំខាន់​ទីពីរ គឺ​ចង់​ដាស់​ស្មារតី​ដល់​ប្រជាជន​ទូទៅ ជាពិសេស ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាស៊ី ដែល​ចូល​ចិត្ត​ទិញ​ភ្លុក​ដំរី និង​រមាស​​ឲ្យ​ពួកគេ​ភ្ញាក់​ដឹងខ្លួន​ថា នៅពេល​ណា​ដែល​ពួកគេ​ទិញ​ភ្លុក​ដំរី ឬ​រមាស​ពី​ហាង ឬ​ពី​ឈ្មួញ គឺ​មានន័យ​ស្មើ​នឹង​ការ​រួមដៃ​ធ្វើ​ឲ្យ​​សត្វ​ដំរី ឬ​រមាស​ត្រូវ​ស្លាប់​ផុតពូជ។

អង្គការ និង​សកម្មជន​ការពារសត្វព្រៃ​តែងតែ​បាន​លើកឡើង​ថា ការកើនឡើង​នៃ​ការ​បរបាញ់​សត្វដំរី និង​រមាស ​បណ្តាល​មក​ពី​មូលហេតុ​ធំៗ​ពីរ គឺ​ទីមួយ អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុងការ​បំបែក​បណ្តាញ​ជួញដូរ​ភ្លុក​ និង​ការ​បរបាញ់​ដោយ​ខុសច្បាប់ និង​ទីពីរ ការ​កើនឡើង​នៃ​តម្រូវការ​ភ្លុក​នៅ​អាស៊ី។ ប្រទេស​ដែល​ជា​ទិសដៅ​ធំជាងគេ​នៃ​ការ​ជួញដូរ​ភ្លុក គឺ​​រួមមាន ប្រទេស​ចិន និង​វៀតណាម ដោយសារ​តែ​ប្រជាជននៅ​តាម​ប្រទេស​ទាំងនេះ​​នាំគ្នា​ជឿថា ភ្លុក​ដំរី គឺ​ជា​ឱសថសក្តិសិទ្ធិ​ក្នុង​ការ​ព្យាបាល​ជំងឺ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ