អានតួអត្ថបទ
ថៃ​

ក្រុម​អ្នកអភិរក្ស​ស្និទ្ធ​នឹង​របបសឹក​ថៃ​ទារ​​អោយរកមុខ"ជនក្បត់"​​ដែលជួយអោយ​​លោកស្រី​យីងឡាក់​គេចខ្លួន

ក្រុមអ្នកនយោបាយ​ស្និទ្ធ​នឹង​របប​សឹកថៃ​ បាន​បង្ហាញ​ការ​មិនសប្បាយចិត្ត ចំពោះ​ការដែល​លោកស្រី​យីងឡាក់ អាច​រត់គេច​ចេញទៅក្រៅស្រុក​ថៃ​​​​ ដោយ​គ្មានអ្នកណា​ដឺង។ ក្រុមអ្នកនយោបាយ​​ទាំងនេះ បាន​ស្នើ​អោយ​រដ្ឋាភិបាល​សឹក​ថៃ​ស្វែងរក និងដាក់ទោស​​ក្រុម​​មនុស្ស​​​​​ដែល​បណ្តោយអោយ​លោកស្រី​យីងឡាក់​រួចខ្លួន។

អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យីងឡាក់
អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យីងឡាក់ REUTERS
ផ្សាយពាណិជ្ជកម្ម

ទាំង​ក្រុមអ្នកនយោបាយ​អភិរក្ស​ថៃ​ស្និទ្ធ​​នឹងរបបសឹក ទាំងរបប​សឹក​ថៃ​ សុទ្ធ​តែ​​មិនយល់​ថា ហេតុអ្វី​បានជា​លោកស្រី​យីងឡាក់ អាច​រត់គេច​ទៅក្រៅស្រុក​​ គេចចេញពី​ការកាត់ទោស​​បាន​ ខណៈ​លោកស្រី​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តឹងរ៉ឹង​ដូច្នេះ។ ក្រុមអ្នកនយោបាយ​អភិរក្ស​ថៃ​លើកឡើង​ថា ប្រាកដហើយ​ដែល​កងការពារ​សន្តិសុខ​នៅក្បែរ​លោកស្រី ហើយ​ថតរូបលោកស្រី​គ្រប់ពេល តែ​លោកស្រី​នៅតែ​អាច​គេចខ្លួន​បាន។ ​ឥឡូវលោកស្រី​គេចបាត់​​ហើយ ដូច្នេះ ​​រដ្ឋាភិបាល​ និង​កងកម្លាំង​សន្តិសុខ​ ព្រមទាំង​ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ ត្រូវ​តែ​ទទួលខុសត្រូវ។​

ក្រុមអ្នកនយោបាយ​អភិរក្ស​ដែលមិនពេញចិត្ត​នឹង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ សុំអោយ​រដ្ឋាភិបាល​រកមុខជនក្បត់ ក្រុមជនក្បត់​ដែល​បណ្តោយ​អោយ​លោកស្រី​យីងឡាក់ អាច​គេចខ្លួន​ទៅក្រៅ​ប្រទេស មិនដូច្នោះទេ គឺ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់ថៃ ត្រូវ​​​រង​ការចោទប្រកាន់ទោសនេះ។ សូមរំលឹកថា អតីត​នាយករដ្ឋមន្ត្រី​​​​យីងឡាក់ មិនបាន​បង្ហាញ​ខ្លួន​នៅតុលាការកំពូលទេ​ កាលពី​​ថ្ងៃសុក្រ​កន្លងទៅ​ ជាថ្ងៃដែល​តុលាការ​ប្រកាស​សាលក្រម។ លោកស្រី​រងការចោទប្រកាន់​ថា ធ្វេស​ប្រហែស​ក្នុង​នយោបាយ​ទិញស្រូវ​ឧបត្ថម្ភ​កសិករ ដែលធ្វើអោយ​រដ្ឋ​បាត់បង់​ថវិកា​សន្ធឹកសន្ធាប់។ លោកស្រី​អាច​ជាប់ពន្ធនាគារ​រហូត​​១០ឆ្នាំ។ ​​ ​​​

យោងតាម​រដ្ឋាភិបាល​សឹក ​ពេលនេះ​ អតីតនាយករដ្ឋមន្ត្រី​យីងឡាក់​អាច​នឹង​បាន​គេច​ខ្លួ​នទៅឌូបៃ ហើយ​អាច​សុំសិទ្ធិជ្រកកោន​នៅ​អង់គ្លេស។ ​ក្រុមសារព័ត៌មាន​ថៃ​លើកឡើង​ថា ​លោកស្រី​ប្រហែល​ជា​អាច​ធ្វើ​កិច្ច​ព្រមព្រៀងសំងាត់​​ជាមួយ​ក្រុមទាហាន​ណាមួយ ​ដើម្បី​បានភៀសខ្លួន​​​​ទៅក្រៅ​ស្រុក ហើយ​ជាថ្នូរ​ ក្រុមទាហានទាំងនោះ​អាច​ទទួល​បាន​ប្រយោជន៍​​​ក្នុង​ឆាកនយោបាយ​ថៃ មុនពេល​ថៃ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨​ខាងមុខ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ