អានតួអត្ថបទ
កម្ពុជា

គណបក្ស​សិទ្ធិមនុស្ស​បើក​សមាជ​ប្រកាស​ជោគជ័យ​នៃ​ការ​រួបរួម​បក្ស​ប្រឆាំង​

គណបក្ស​​សិទ្ធិ​មនុស្ស​​ដែល​​ដឹកនាំ​​ដោយ​​លោក​​កឹម សុខា ​បាន​​បើក​​អង្គ​សមាជ​​ក្រុម​​ប្រឹក្សា​ជាតិ​​លើក​​ទី​២របស់​ខ្លួន​​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​​ដើម្បី​​ប្រកាស​​ពី​​ការ​រួបរួម​​ជាមួយ​​គណ​បក្ស​​សម រង្ស៊ី។​ នៅ​​ចំពោះមុខ​​អ្នក​ចូល​រួម​​រាប់​ពាន់​នាក់​​រួម​ទាំង​​តំណាង​​មក​ពី​​គណបក្ស​​សម រង្ស៊ី​​ផង​​នោះ​ លោក​​កឹម សុខា ​បាន​ប្រកាស​ថា ​គណបក្ស​ប្រឆាំង​​ទាំង​ពីរ​​នឹង​​រួមគ្នា​​ដើម្បី​​ផ្លាស់​ប្តូរ​​អ្នក​ដឹកនាំ​​ប្រទេស​​ក្នុង​ការ​​បោះ​ឆ្នោត​​ឆ្នាំ ​២០១៣ ​ខាង​មុខ​នេះ។​ ប៉ុន្តែ​ គណបក្ស​កា​ន់អំ​ណាច​​អះអាង​ថា​មិន​​ព្រួយបារម្ភ​​អំពី​​បញ្ហា​​នេះ​​ទេ។

គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា​បើកអង្គសមាជ​ក្រុមប្រឹក្សាជាតិ​លើកទី២​របស់ខ្លួន​នៅថ្ងៃអាទិត្យ​២២កក្កដា២០១២
គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា​បើកអង្គសមាជ​ក្រុមប្រឹក្សាជាតិ​លើកទី២​របស់ខ្លួន​នៅថ្ងៃអាទិត្យ​២២កក្កដា២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​ការ​រួម​បញ្ចូល​គ្នា​នៃ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក៏​ដោយ ក៏​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស មិន​ញញើត​នឹង​ប្រកាស​ប្រាប់​សមាជិក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​អំពី​ជោគជ័យ និង​ការ​រំពឹង​ទុក​ដ៏​ធំធេង​របស់​ខ្លួន​នោះ​ដែរ។

ថ្លែង​ក្នុង​អង្គ​សមាជក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២រ​បស់​គណបក្ស​សិទ្ធិមនុស្ស​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​ក្រុងភ្នំពេញ លោក កឹម សុខា បាន​ពិពណ៌នា​អំពី​ជោគជ័យ​ដ៏​ធំធេង​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​នៅពេល​ខាង​មុខ​នេះ។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រមាណ​ជា ២០០០ នាក់ លោក​កឹមសុខា បាន​ប្រកាស​ជា​ឧឡារឹក​ថាគណបក្ស​ប្រឆាំង​ទាំង​ពីរ​នឹង​រួម​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រីតាម​រយៈ​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ​នេះ។ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ទៀត​ថាការ​រួបរួម​គ្នា​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​ឃើញ​ការ​ចាប់​ដៃ​រវាង​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ។ បើ​តាម​លោក​កឹម សុខា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី នៅ​ពេល​នេះ​គឺ​ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​​ដែល​មាន​បញ្ជី​ឈ្មោះ​រួម​គ្នា​សម្រាប់​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។

គួរ​កត់សម្គាល់​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម រង្ស៊ី​ជា​ច្រើន​រូប​ក៏​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សមាជ​នេះ​ដែរ​ក្នុង​នោះ​មាន​ដូច​ជា លោក យឹម សុវណ្ណ និង​លោកស្រី​មួរ សុខ​ហួរ ជា​ដើម។ អង្គសមាជ​​នេះ​ក៏​ជា​ឱកាស​ដែល​លោក​កឹម សុខា​បាន​ប្រកាស​ពី​កំណើន​នៃ​ការ​គាំទ្រ​គណបក្ស​របស់​លោក​ដែល​កាលពី​បង្កើត​ដំបូង​មាន​សំឡេង​គាំទ្រ​តែ​២​សែន​នាក់ ប៉ុន្តែ បច្ចុប្បន្ន សំឡេង​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​កើន​ដល់​ជិត​៦​សែន​នាក់។
លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​ជួប​ប្រជុំ​គ្នា​កាលពី​ដើម​សប្តាហ៍​នេះ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ដើម្បី​ចរចា​គ្នា​អំពី​លទ្ធភាព​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​មួយ។ ក្រោយពី​ជំនួប​រយៈ​ពេល​ពីរ​ថ្ងៃ គណបក្ស​ទាំង​ពីរ​ក៏​បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក៏ប៉ុន្តែ ការ​រួម​គ្នា​ជា​គណបក្ស​តែមួយ​របស់​ក្រុម​ប្រឆាំង​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​ដែល​មាន​សំឡេង​ភាគ​ច្រើន​លើស​លប់​នៅ​ក្នុង​រដ្ឋសភា​នោះ​ព្រួយបារម្ភ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ការ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​មិន​បាន​ស្មើ​នឹង​មួយ​ចំណែក​តូច​នៃ​សំឡេង​គាំទ្រ​​គណបក្ស​កាន់​អំណាច​នោះ​ផង​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​រំពឹង​​ទុក​ជា​ស្រេច​ដែរ​ថា​ខ្លួន​នឹង​ទទួល​ជោគជ័យ​កាន់តែ​ច្រើន​ថែមទៀត​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​រួម​គ្នា​ជា​គណបក្ស​តែ​មួយ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ