អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​មិន​ចូល​ប្រជុំ​សភា​លើក​ដំបូង​

ក្រុមអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បាន​ឯកភាពគ្នា​ថា​ នឹងមិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ជា​លើកដំបូង​ទេ ប្រសិនបើ​មិនមាន​ការដោះស្រាយ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ជាមុន។ ការសម្រេច​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ជួបប្រជុំ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង កាលពី​ល្ងាច​ថ្ងៃសៅរ៍​ទី១៤ខែកញ្ញា​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ បានធ្វើការ​ប្តេជ្ញា​ថា ​ពួកគេ​នឹងមិន​ចូលរួម​ប្រជុំ​សភា​ដំបូង​ទេ ដរាបណា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ នៅ​មិនទាន់បាន​រកឃើញ។ ការសម្រេចចិត្ត​បែបនេះ​បាន​ធ្វើឡើង ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​យ៉ាង​រួសរាន់​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ១៤ ខែ​កញ្ញា​នេះ​ រវាង​សមាជិក​អ្នកតំណាងរាស្ត្រ​ទាំងអស់ ដើម្បី​ស្នើសុំ​យោបល់​ប្រកបដោយ​ប្រជាធិបតេយ្យ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ដដែល​ថា ​ឆ្លងតាម​ការផ្តល់​យោបល់​ពី​សមាជិក​អ្នកតំណាងរាស្ត្រ​ទាំងអស់ គេ​មានការ​សម្រេច​ថាស​ម្ប​ជ​ញ្ញៈ​​​របស់គេ ​មិន​អនុញ្ញាតិ​ឲ្យ​គេ​ក្បត់​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះទេ។ អនុប្រធាន​គណបក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា ដរាបណា​មិនទាន់​ឯកភាព​រវាង​គណបក្ស​ទាំងពីរ​រកឃើញ​នូវ​ការពិត និង​យុត្តិធម៌​បានទេ ពួកគាត់​មិនអាច​ទៅ​ចូលរួម​ប្រជុំ​សភា​បានឡើយ។

​កាលពី​ព្រឹក​ថ្ងៃសៅរ៍​​ដដែល តាមរយៈ​​​សន្និសីទកាសែត​មួយ ​មេដឹកនាំ​គណបក្សប្រឆាំង​បាន​អះអាង​រួច​ម្តង​ហើយ ថា​នឹងមិន​ទៅ​ចូលរួម​ប្រជុំ​សភា ដោយ​មិន​​មានការ​ដោះស្រាយ​គ្នា​ជាមុន។ ​កិច្ចប្រជុំ​ស្ថាប័ន​នីតិបញ្ញតិ​ដំបូង បន្ទាប់ពី​ការបោះឆ្នោត​នេះ នឹងត្រូវ​កំណត់​នៅ​ថ្ងៃទី ២៣កញ្ញា​​ខាងមុខ យោងតាម​ព្រះរាជសារ​និង​លិខិតអញ្ជើញ​របស់​ព្រះមហាក្សត្រ ​ដែល​បាន​ចែកជូន​ដល់​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត ​កាលពី​ព្រឹក​មិញ។

​យោងតាម​ប្រភព​ចេញពី​កិច្ចប្រជុំ​កាលពី​ល្ងាច​នេះដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ក៏បាន​សំណូមពរ​ឲ្យ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស​សេរ​លិខិត រៀងៗខ្លួន​ថ្វាយ​ព្រះមហាក្សត្រ ​ដើម្បី​ស្នើសុំ​ព្រះអង្គ​ពន្យារ​​ពេល​​បើក​កិច្ចប្រជុំ​រដ្ឋសភា​ដំបូង ​នៅ​ថ្ងៃទី ២៣ កញ្ញា ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំងពី​រ​បន្ត​រក​ដំណោះស្រាយ​ជាមួយគ្នា​ ស្តីពី​បញ្ហា​នៃ​ការបោះឆ្នោត​បន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ