អានតួអត្ថបទ
អាល្លឺម៉ង់

លោកស្រី​​មែរគែល​​​​ត្រៀម​​​ធ្វើ​បេក្ខនារី​ ​សម្រាប់​​អាណត្តិ​ដឹកនាំ​​​ទី៤​ នៅ​​អាល្លឺម៉ង់​

ថ្ងៃអាទិត្យ​នេះ ​លោកស្រី​អាន់ហ្កឺឡា មែរគែល ​​ប្រកាស​ទៅកាន់​បក្ស​អភិរក្ស​CDU របស់​លោកស្រី​ថា លោកស្រី​នឹង​ធ្វើជា​បេក្ខនារី សម្រាប់​អាណត្តិ​ដឹកនាំ​ទី៤  នៅ​ពេល​បោះឆ្នោត​​សភា ឆ្នាំ២០១៧។ ​​អាន់ហ្កឺឡា​ មែរគែល ​​បានក្លាយ​ជា​​អ្នកដឹកនាំ​​យូរជាងគេ​​ នៅ​ប្រទេស​លោក​ខាងលិច។ 

លោកស្រី​មែរគែល
លោកស្រី​មែរគែល © REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

បក្ស​កាន់អំណាច​អាល្លឺម៉ង់ CDU ​ នឹង​រៀបចំ​សមាជបក្ស ​​នៅ​ខែ​ធ្នូ​ចុងឆ្នាំនេះ។ ប្រមុខដឹកនាំ​អាន់ហ្កឺឡា មែរគែល​ ប្រាប់ថា លោកស្រី​​​ចង់​ជាប់ឆ្នោត​​​ ​ជាប្រធាន​​​បក្ស​ម្តងទៀត ក្នុង​សមាជ​នេះ ហើយ​បន្ទាប់មក លោកស្រី​នឹង​ដាក់​បេក្ខភាពសម្រាប់​ការបោះឆ្នោត​​សភា ឆ្នាំ២០១៧ ​​ដើម្បី​បន្ត​ដឹកនាំ​អាល្លឺម៉ង់ សម្រាប់​អាណត្តិ​ទី៤​ទៀត។ ​

គិតសម្រាប់​ប្រទេស​លោកខាងលិច លោកស្រី​មែរគែល ​គឺជា​មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ។ លោកស្រី​មានអាយុ​៦២ឆ្នាំ ឡើងកាន់​អំណាច​នៅ​អាល្លឺម៉ង់​តាំងពី​ឆ្នាំ២០០៥ មក។ ប្រជាប្រិយភាព​លោកស្រី​មែរគែល​បាន​ធ្លាក់ចុះ​ខ្លាំង ក្នុង​ឆ្នាំ២០១៦​នេះ ដោយសារ​នយោបាយ​​​​អន្តោប្រវេសន៍ ទទួលយក​ជនភៀសខ្លួន របស់​លោកស្រី។ ក្នុង​ការ​បោះឆ្នោត​តំបន់​កន្លងមក បក្ស​កាន់អំណាច​ CDU បាន​បរាជ័យ​​​​ ប្រឈម​នឹង​បក្ស​ AfD ជា​បក្ស​ស្តាំនិយម ជ្រុល​ដ៏ក្មេងខ្ចី​។

ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ ចំនួន​ជនភៀសខ្លួន​ដែល​ហូរចូល​អាល្លឺម៉ង់​បាន​​ថយចុះជាងមុន ធ្វើអោយ​ អាន់ហ្កឺឡា មែរគែល ទទួលបាន​​​ប្រជាប្រិយភាពឡើងវិញ។ ការឡើងកូត​ឡើងវិញ​នេះ ក៏ដោយសារ​តែ​ប្រទេស​លោកខាងលិច កំពុង​បារម្ភ​​ពី​បញ្ហា​អនាគត ក្រោយពេល​ដែល​លោក​ដូណាល់​ ត្រាំ​ជាប់ឆ្នោត​នៅ​អាមេរិក​ដែរ។ ​

គួរបញ្ជាក់​ដែរថា ក្នុង​បក្ស​កាន់​អំណាច​CDU លោកស្រី​មែរគែល​គ្មាន​គូប្រជែង​​​​ដែល​មាន ប្រៀប​ជាង​​ខ្លួនគាត់​ទេ។ ​ក្នុង​ប្រទេស​វិញ លោកស្រី​ក៏​មានប្រជាប្រិយភាព​ជាង​​​គូប្រជែង​មកពី​​​បក្ស​​​សង្គមនិយម​ប្រជាធិបតេយ្យ​​ដែរ។ សកម្មជន​បក្សកាន់អំណាច​ ​​មើលឃើញ​ថា អាច​ផ្តល់​ទំនុកចិត្ត​ដល់​​​លោកស្រីមែរគែល​​​​​ ក្នុង​ការ​បន្ត​​ដឹកនាំ​អាល្លឺម៉ង់ ស្របតា​មជំហរ​​​​លទ្ធិ​ប្រជា​ធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ