អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

លោកស្រី​មែរគែល​​ជួបលោក​​ហូឡង់​​នៅប៉ារីស​​​មុន​ជំនួប​​អឺរ៉ុប​​ថ្ងៃសុក្រ​

នៅ​ក្រុងប៉ារីស ​ថ្ងៃព្រហស្បតិ៍​នេះ ប្រធានាធិបតី​​​បារាំង​ ហូឡង់ ​បាន​ទទួល​ជួប​ប្រមុខដឹកនាំ​អាល្លឺម៉ង់​ លោកស្រី​​មែរគែល ​ដើម្បី​ពិភាក្សា​​សម្រេចសម្រួល លើ​​សំណើ​របស់​បារាំង​និង​អាល្លឺម៉ង់ ដែល​ត្រូវ​លើកយក​ទៅ​​​ជំនួបកំពូល​មិនផ្លូវការ​របស់​សហភាព​អឺរ៉ុប នៅស្លូវ៉ាគី ​ថ្ងៃ​សុក្រ​ស្អែក។ ​​ជាលើកទី១ ក្រោយ​ពេល​អង់គ្លេស​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប ​ជំនួប​អឺរ៉ុប​​ស្អែកនេះ គ្មាន​វត្តមាន​ចូលរួម​របស់​អង់គ្លេស​ទេ។

លោកហូឡង់ និង​លោកស្រី​មែរគែល នៅ​វិមាន​អេលីហ្សេ ថ្ងៃព្រហស្បតិ៍​១៥ កញ្ញា ២០១៦។
លោកហូឡង់ និង​លោកស្រី​មែរគែល នៅ​វិមាន​អេលីហ្សេ ថ្ងៃព្រហស្បតិ៍​១៥ កញ្ញា ២០១៦។ Reuters
ផ្សាយពាណិជ្ជកម្ម

ទិសដៅនៃ​​ជំនួប​រវាង​​​​​​ប្រមុខដឹកនាំ​អាល្លឺម៉ង់ អាន់ហ្កឺឡា មែរគែល និង​​ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ ថ្ងៃព្រហស្បតិ៍នេះ គឺ​សម្រេច​សម្រួល​អោយ​ចប់សព្វគ្រប់ នូវ​សំណើ​របស់​បារាំង​និងអាល្លឺម៉ង់ ទាក់ទង​​នឹង​ប្រធានបទ​ការពារជាតិ និង​សុវត្ថិភាព​សន្តិសុខ​​ ពិសេស​ចំពេល​បច្ចុប្បន្ន ​​ដែលអឺរ៉ុប​កំពុងប្រឈម​នឹង​ការគំរាម​​ភេរវកម្ម​។

មុនជួប​លោក​ហូឡង់​ថ្ងៃនេះ លោកស្រីមែរគែល​​បានជួប​មេដឹកនាំ​អឺរ៉ុប​ច្រើននាក់​មកហើយ។ អាល្លឺម៉ង់​​​​​កំពុង​ព្យាយាម​បន្ធូរភាពតានតឹង​ក្នុងទំនាក់ទំនង​ជាមួយ​បណ្តាប្រទេស​អឺរ៉ុប​ ក្នុង​នោះ​​មានទាំង​បារាំង​ផងដែរ។ ភាពតានតឹង​រវាង​អាល្លឺម៉ង់​ និង​បណ្តា​ប្រទេស​អឺរ៉ុប ​ទាក់ទង​នឹង​បញ្ហា​ថវិកា និង​វិបត្តិ​ជនភៀសខ្លួន។ ការដែល​អាល្លឺម៉ង់​ចង់​អោយ​អឺរ៉ុ​បត្បិតត្បៀត​ការ​ចាយវាយ​​​​ហួសហេតុ  បានធ្វើ​អោយ​​ប្រទេស​អឺរ៉ុប​ជាច្រើន​​​មិនសប្បាយចិត្ត។

ទាក់ទង​នយោបាយ​ ជនភៀសខ្លួន ​​លោកស្រី​មែរគែលធ្លាប់​​អួតសម្បើម​ទី​ពី​នយោបាយ​អាល្លឺម៉ង់​​ក្នុង​ការ​​​បណ្តុះបណ្តាល​ទទួល​​​ជន​ភៀសខ្លួន ​ខណៈ​ប្រទេស​អឺរ៉ុបខាងកើត​ បដិសេធ​មិនទទួល​យក​ជន​ភៀសខ្លួន​​ច្រើន​​ដូចអាល្លឺម៉ង់​។ ​

គេរំពឹង​ថា ថ្ងៃព្រហស្បតិ៍នេះ ​លោកស្រី​មែរគែល​នឹង​មិនលើកពី​ប្រធានបទ​តានតឹង​ទាំងនេះ មកនិយាយ​ជាមួយ​ប្រធានាធិបតី​បារាំង​ទេ។ សំណើ​បារាំង​និង​អាល្លឺម៉ង់ ទាក់ទង​ផ្នែក​សន្តិសុខ​​និងការពារជាតិ​ ដែល​លោកស្រី​មែរគែល និង​លោក​ហូឡង់ ជជែកគ្នា​ទឹកចុងក្រោយ​នេះ នឹង​លើក​យកទៅបង្ហាញ​នៅ​​ជំនួប​​មិនផ្លូវការ​​អឺរ៉ុប​ ​ថ្ងៃសុក្រស្អែក នៅ​​ស្លូវ៉ាគី។ សំណើ​នេះ​មានទិសដៅ​រកអោយ​បាន​​ដំណោះស្រាយ​មុន​ជំនួប​កំពូលផ្លូវការ​​ ខែ​ធ្នូចុងឆ្នាំនេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ