ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

សំណុំ​រឿង​ហុងកុង៖ ចិន​ប្រតិកម្មចោទ ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន

media  
បាតុករ​ហុងកុងប្រមូល​ផ្តុំ​គ្នា​ខាប់​ដូច​ទឹកគ្រឿង ក្រោយ​មួយ​សប្តាហ៍​នៃការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន។ REUTERS/Laurel Chor

តាម​រយៈ​សេចក្តីថ្លែង​ការណ៍​ពីក្រុង​ប៉េកាំង រដ្ឋ​អំណាច​ចិន​ យល់ឃើញ​ថា ឧត្តម​ស្នងការ​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ លោកស្រី Michelle Bachelet ​ ​បានប្រព្រឹត្តកំហុស និង​បាន​ជ្រៀតជ្រែកលូកដៃ​កកូរកកាយ​កិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រតិកម្ម​វាយ​បក​របស់​រដ្ឋបាល​ក្រុង​ប៉េកាំង​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោកស្រីបាន​​ជំរុញ​ឱ្យ​រដ្ឋបាល​ហុងកុង​បើកការ​អង្កេត​ចំពោះ​ហិង្សា​​របស់ប៉ូលីស​ទៅហ្វូង​បាតុករ។ 

តាម​ការ​ផ្សាយ​របស់​កាសែត​ The South China Morning Post គឺ​ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet  បានធ្វើ​រឿង​មិន​សមរម្យ ហើយ​រដ្ឋអំណាច​ចិន​យល់ថា​លោកស្រី​បា​នធ្វើ​​កំហុស ដោយ​បានជ្រលក់ដៃ​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលក្រុង​ប៉េកាំង​។ ​របប​ទីក្រុង​ប៉េកាំង ប្រតិកម្ម​ដូច្នេះ ដោយ​សំអាង​ទៅលើ​គោល​ការ​ណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ។​

សូមរម្លឹក​ជូនថា ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet  បាន​ថ្លែង​ពី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ ដោយលោកស្រី​​ជំរុញ​អាជ្ញាធរ​ហុង​កុង​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​​ឯករាជ្យ​យុត្តិធម៌ ​ ចំពោះ​សំណុំ​រឿង​ហិង្សា​ដែល​ប៉ូលីស​ហុងកុង​បាន​ធ្វើ​ជ្រុល​ជ្រួស​លើ​ក្រុម​បាតុករ​ ហើយ​ការ​អង្កេត​នេះ ត្រូវ​ដឹកនាំដោយ​ចៅក្រម​ដែល​មាន​ភាព​អព្យាក្រឹត្យ​​។​

ដោយសារតែ​ការ​លើកឡើង​បែប​​នេះហើយ ទើប​របបកុម្មុយនីស្ត​ចិន​ យល់ឃើញ​ថា​  ​ លោកស្រី​​ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មាន​ការ​ខុសឆ្គង​ចំពោះ​សម្តី​របស់ខ្លួន ហើយ​សម្តីនេះ គឺ​នឹង​បញ្ឆេះ​​កំហឹង ព្រមទាំង​ជំរុញ​ទឹក​ចិត្ត​ដល់​ហ្វូង​បាតុករ​ហុងកុង​ ឱ្យ​កាន់តែ​ផុសផុល​ឡើង ងើប​ឡើង​ប្រឆាំង​នឹង​រដ្ឋ​អំណាច​។

មកដល់​ខែ​ធ្នូ២០១៩​នេះ គឺ​ជាគម្រប់​ខែ​ទី​៦ហើយ ដែល​បាតុករ​ហុងកុង​ចុះ​ផ្លូវ​តវ៉ា​ស្រែកទាមទារ​សេរីភាព​និង​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​រដ្ឋបាល​ហុងកុង​ដែល​រណប​ចិន​ប៉េកាំង។ ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ប៉ុន្មា​នថ្ងៃ​មុន​នេះ ក្រុម​គណបក្ស​ខាង​អ្នក​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​សំឡេង​ច្រើនសន្ធឹក​​។​ ថ្ងៃ​អាទិត្យ​នេះទៀត មានមនុស្ស​ខាប់​ដូច​ទឹកគ្រឿង​ ទាំងចាស់​ទាំង​ក្មេង ច្រើន​​កុះករ​បាន​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​។ ក៏ប៉ុន្តែ ទាំងក្រុង​ប៉េកាំង និង​រដ្ឋបាល​ស្វ័យ​ត​ហុងកុង តែងចោទ​ក្រុមបាតុករ​ថា កំពុង​តែ​ធ្វើ​កុប្បកម្ម​ ហិង្សា ហើយ​និងកំពុង​ធ្វើ​«បដិវត្តន៍​ពណ៌» ដែល​នេះគឺ​​បាន​ទទួល​ឥទ្ធិពលមនោគមន៍​វិជ្ជា​ពីបរទេស ហើយ​​ប្រុង​តែ​នឹង​បង្កអស្ថិរភាពដល់​ការ​ដឹកនាំ​របស់​ប៉េកាំង​និង​ហុងកុង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ