អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

លោក​នេតានយ៉ាហ៊ូ៖”​អ៊ីរ៉ង់​ជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត គឺ​គ្រោះថ្នាក់​ជាង​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​ទៀត

នៅ​ថ្ងៃ​ចន្ទ​២៩​កញ្ញា​ម្សិលមិញ​ ថ្លែង​ពី​លើ​វេទិកា ​អ ស ប​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ នេតានយ៉ាហ៊ូ ​បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ​​ប្រឆាំង​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​អាវុធនុយក្លេអ៊ែរ។​ ចំពោះ​លោក​នេតានយ៉ាហ៊ូ ​"អ៊ីរ៉ង់​​គឺ​​ជា​​ប្រទេស​​មួយ​​ប្រកប​​ដោយ​​គ្រោះថ្នាក់​​ខ្លាំង​​បំផុត​​សំរាប់​​ពិភពលោក​​ ហើយ​​ក៏​​មិន​​ខុស​​គ្នា​​ពី​​ក្រុម​ហាម៉ាស​​អ៊ីស្លាម​​ជ្រុល​និយម​​ប៉ាឡេស្ទីន​​ឬ​​មួយ​​ក៏​​ក្រុម​​ជីហាត​​អង្គការ​​រដ្ឋ​អ៊ីស្លាម​ដែរ។​

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​​ បេនហ្សាមីន​នេតានយ៉ាហ៊ូ​(Benyamin Netanyahu) ​នៅ​លើ​វេទិកា​អ ស ប ​ថ្ងៃ​២៩កញ្ញា២០១៤
នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​​ បេនហ្សាមីន​នេតានយ៉ាហ៊ូ​(Benyamin Netanyahu) ​នៅ​លើ​វេទិកា​អ ស ប ​ថ្ងៃ​២៩កញ្ញា២០១៤ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់​លើក នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ឡើង​ថ្លែង​នៅ​លើ​វេទិកា​ អ ស ប លោក​បេនហ្សាមីន​ នេតានយ៉ាហ៊ូ បាន​ឧទ្ទិស​សន្ទរកថា​របស់​លោក​ទៅ​លើ​នយោបាយ​ការបរទេស​ជា​អាទិភាព​របស់​ប្រទេស​អ៊ីស្រាអែល៖  គឺ​រារាំង​ដាច់ខាត ​មិន​ឲ្យ​អ៊ីរ៉ង់​មាន​​អាវុធ​នុយក្លេអ៊ែរ។ លោក នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លើក​នេះ មាន​ឆន្ទៈ​ដ៏​មោះមុត គឺ​ប្រាថ្នា​ចង់​​ឲ្យ អ ស ប ​ជឿជាក់​តាម​ខ្លួន​ថា” អ៊ីរ៉ង់ ពិត​ជា​ប្រទេស​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​​បំផុត​ គឺ គ្រោះថ្នាក់​ជាង ​​ក្រុមជីហាត ​​រដ្ឋ​​អ៊ីស្លាម​ទៅ​ទៀត”។ 

លោក​នេតានយ៉ាហ៊ូ បាន​ចោទ​ជា​សំណួរ​ថា” តើ​យើង​ទាំង​អស់​គ្នា សុខចិត្ត​ទុក​បណ្តោយ​ឲ្យ​ក្រុម​រដ្ឋអ៊ីស្លាម ចំរើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ឬ​ក៏​ផលិត​ម៊ីស៊ីល​អន្តរទ្វីប​ឬ​ទេ​? ចម្លើយ គឺទេ ! ដូច្នេះ​យើង​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​អ៊ីរ៉ង់មាន​អាវុធ​នុយក្លេអ៊ែរ​ដែរ ​ពីព្រោះអ៊ីរ៉ង់ជា​របប​​មួយ​ដ៏​គ្រោះថ្នាក់​​​បំផុត​​នៅ​លើ​លោក​។ ក្នុង​ន័យ​នេះ សំរាប់​លោក​នេតានយ៉ាហ៊ូ “អ៊ីរ៉ង់​ ក៏​គ្មាន​ខុស​គ្នា​អ្វី​ពី​ក្រុម​ហាម៉ាស​​អ៊ីស្លាម​ជ្រុល​និយម​ប៉ាឡេស្ទីន​ឬមួួយ​​ក៏​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ”។

លោក​បេនហ្សាមីន​ នេតានយ៉ាហ៊ូ នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល បាន​​​ថ្លែង​​ឆ្លើយ​តប​ផង​ដែរ​ចំពោះ​លោក ម៉ាម៊ូត អាបាស ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ដែល​បាន​ចោទ​ប្រកាន់​លោក​ថា “បាន​ដឹក​នាំ​សង្រ្គាម​ប្រល័យ​លោក​មួយ”នៅ​តំបន់​ហ្កាហ្សា ។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​ថែមទាំង​បាន​​និយាយ​ការពារ​ផង​ដែរ ចំពោះ​”ការ​វាយប្រហារ​រប​ស់​អ៊ីស្រាអែល​ប្រឆាំង​ទៅ​លើពួក​អ៊ីស្លាម​​ជ្រុល​និយម​ប៉ាឡេស្ទីន​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា​ដែល​លោក​នេតានយ៉ាហ៊ូ ចាត់​ទុក​ថា ​​វា​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​ដូចគ្នា​នឹង​ការ​វាយ​ប្រយុទ្ធប្រឆាំង​ទល់​នឹង អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​នៅ​ស៊ីរីដែរ”៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ