អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

រវាងភ្នាក់ងារ CIA របស់អាមេរិក និងគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត លោកដូណាល់ ត្រាំ ទំនងហាក់ដូច​ជាបានជ្រើសរើសយក គ្រួសាររាជវង្សដឹកនាំអារ៉ាប៊ីសាអូឌីត។ លោកដូណាល់ ត្រាំ បានប្រកាស​ នៅក្នុងលិខិតមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី​២០​វិច្ឆិកា ថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ អាចដឹងឮអំពីការធ្វើ​ឃាត​លើរូបលោកខាស្ហូហ្ស៊ី។ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ អាមេរិក និងអារ៉ាប៊ីសាអូឌីត នៅ​តែ​ជាសម្ព័ន្ធមិត្តនឹងគ្នា ដ៏រឹងមាំបំផុត។ គួរកត់សម្គាល់ថា ការប្រកាស របស់លោក​ដូណាល់ ត្រាំ យ៉ាងដូច្នេះ បានបង្កឲ្យមានការរិះគន់ ពីគ្រប់មជ្ឈដ្ឋាន ខណៈដែលភ្នាក់ងារ​CIA បានសន្និដ្ឋានយ៉ាងច្បាស់ ថាគឺព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ គឺជាអ្នក​បញ្ជាឲ្យគេសម្លាប់​លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។

សកម្មជនប្រឆាំង តែង​ខ្លួន ជាព្រះអង្គម្ចាស់​បេនសាល់ម៉ាន់ និង​លោកដូណាល់ ត្រាំ ឱបថើប​គ្នា​ ព្រមជាមួយ​ស្នាមឈាម​ប្រលាក់​ជាប់​នឹង​ដៃ។ ក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១៩ តុលា ២០១៨​
សកម្មជនប្រឆាំង តែង​ខ្លួន ជាព្រះអង្គម្ចាស់​បេនសាល់ម៉ាន់ និង​លោកដូណាល់ ត្រាំ ឱបថើប​គ្នា​ ព្រមជាមួយ​ស្នាមឈាម​ប្រលាក់​ជាប់​នឹង​ដៃ។ ក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១៩ តុលា ២០១៨​ AFP
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីត នៅតែសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ទោះមានរឿងអ្វីក៏ដោយ

លិខិតប្រកាសរបស់លោកដូណាល់ ត្រាំ នេះ គឺធ្វើឡើង បន្ទាប់ពីបណ្តាញសារព័ត៌មានធំៗរបស់អាមេរិក ជាច្រើន មានដូចជា The Washington Post ជាដើមបានចុះផ្សាយថា ទីភ្នាក់ងារ CIA បានសន្និដ្ឋានយ៉ាងច្បាស់ ថា គឺព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ ដែលជាអ្នកបញ្ជាឲ្យសម្លាប់លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។

ឆ្លើយតបនឹងការសន្និដ្ឋានរបស់ CIA នេះ លោកដូណាល់ ត្រាំ បានប្រកាសក្នុងលិខិតគាត់ថា “វាអាចដែរ ដែលព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានដឹងឮ ឬក៏ពាក់ព័ន្ធនឹងរឿងនេះ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ បញ្ហានេះវាមិនប៉ះពាល់ ដល់ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីតទេ។ អារ៉ាប៊ីសាអូឌីត នៅតែជាសម្ព័ន្ធមិត្ត ដ៏រឹងមាំបំផុត របស់អាមេរិក”។

លោកដូណាល់ ត្រាំ និយាយការពារថា “សម្ព័ន្ធភាពរបស់អាមេរិក និងអារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់ដើមបូព៌ា។ សម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ គឺដើម្បីបំរើប្រយោជន៍របស់អាមេរិក ជាច្រើនចំនុច។ មានជាអាទិ៍ គឺដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់ ប្រយុទ្ធប្រឆាំងនឹងចលនាភេរវកម្មអ៊ីស្លាម ការពារកិច្ចសន្យាទិញលក់អាវុធ ព្រមទាំងធានាការពារទីផ្សារប្រេងឆៅ ព្រោះអារ៉ាប៊ីសាអូឌីត គឺជាប្រទេសនាំប្រេងចេញធំជាងគេបង្អស់”។

លោកដូណាល់ ត្រាំ សរសេរបន្តថា “CIA មិនបានរកឃើញអ្វីឲ្យជាក់ច្បាស់ ដើម្បីបញ្ជាក់​ជុំវិញ​រឿងឃាតកម្មនេះទេ”។ លោកបន្តថា “អំពើឃាតកម្មលើលោកខាស្ហូហ្ស៊ីនេះ គឺយើងអាច​នឹងគ្មានថ្ងៃដឹងការពិតអស់ទេ”។ ក្នុងលិខិតដដែលនេះ លោកដូណាល់ ត្រាំ បន្ថែម​ថា “ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ អាចដឹងរឿងនេះ ឬក៏មិនមែនក៏ថា​បាន។ តែយ៉ាងណា អាមេរិក ចងសម្ព័ន្ធមិត្តជាមួយអារ៉ាប៊ីសាអូឌីត ទាំងមូល មិនមែន​ជា​មួយតែមនុស្សម្នាក់ ក្នុងគ្រួសាររាជវង្សនេះទេ”។

“មិនជឿCIA បែរជាការពារអារ៉ាប៊ីសាអូឌីត”

ទោះបីជាព្រះអង្គម្ចាស់រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត មានជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះក៏ដោយ តែលោកដូណាល់ ត្រាំ បែជាបានប្រកាសថា អារ៉ាប៊ីសាអូឌីត នៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិករបៀបនេះ គឺវាបានធ្វើឲ្យមានប្រតិកម្មរិះគន់ជាច្រើន។ លោកដូណាល់ ត្រាំ មិនត្រឹមតែមិនបានថ្កោលទោស ចំពោះអំពើព្រៃផ្សៃនេះ តែបែជាយកខ្លួនទៅការពារ ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ទៅវិញ ដោយយកលេសថា ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិក នៅតំបន់ដើមបូព៌ា។

លិខិតរបស់លោកដូណាល់ ត្រាំ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០វិច្ឆិកានេះ មានចំណុចធ្វើឲ្យគេរិះគន់ច្រើនណាស់ ហើយអ្នកខ្លះ បានឆ្លៀតយកមកនិយាយចំអក ទៅឲ្យលោកដូណាល់ ត្រាំ វិញថែមទៀតផង។ លោក Bob Corker ប្រធានគណកម្មការកិច្ចការអន្តរជាតិនៅព្រឹទ្ធសភាអាមេរិក បានប្រិតកម្មថា “លោកមិននឹកស្មានទាល់តែសោះ ថាសេតវិមានអាមេរិក បានធ្លាក់ខ្លួន ក្លាយជាស្ថាប័នស៊ីឈ្នួល ធ្វើការទំនាក់ទំនងសាធារណៈ ឲ្យអារ៉ាប៊ីសាអូឌីត”

លោក Rand Paul សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណៈរដ្ឋដែរ បាននិយាយចំអកថា “អ្វីដែលលោកដូណាល់ ត្រាំ កំពុងធ្វើនេះ  គឺមិនមែន « អាមេរិកមុនគេបង្អស់ » ដូចដែលគាត់​ ធ្លាប់ស្រែកក្តែង​ៗ នោះទេ តែគឺ « អារ៉ាប៊ីសាអូឌីត មុនគេបង្អស់ »”។

លោកស្រី Jeanne Shaheen ព្រឹទ្ធសមាជិក មកពីបក្សប្រជាធិបតេយ្យ បានបរិហារថា "ក្នុងនាមប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មិនទទួលស្គាល់ការសន្និដ្ឋានរបស់ភ្នាក់ងារ CIA តែបែរ​ជា​យកខ្លួនទៅការពារ មេដឹកនាំផ្តាច់ការ ដែលជាមេឃាតករទៅវិញ"។ យ៉ាងណាមិញ លោក John Brennan អតីតអគ្គនាយក CIA បានធ្វើការស្នើសុំទៅសមាជិកសភាទាំងអស់ ឲ្យយល់ព្រម បើកទំលាយឯកសាររបស់CIA ក្នុងសំណុំរឿងនេះ ឲ្យគេដឹងឮជាសាធារណៈ ដើម្បីកុំឲ្យលោកដូណាល់ ត្រាំ ចេះតែនិយាយបញ្ឆិតបញ្ឆៀត មិនព្រមទទួលស្គាល់​ការពិត បែបនេះតទៅទៀត។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សមាជិកសភាអាមេរិក​ជាច្រើន បានលើកឡើងថា ការដែលអាមេរិក មានប្រតិកម្ម ត្រឹមតែដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមនុស្ស១៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ គឺវាមិនគ្រប់គ្រាន់ទេ។​ សមាជិកសភា មានបំណងជំរុញឲ្យរដ្ឋាភិបាលអាមេរិក រកវិធីដាក់ទណ្ឌកម្មឲ្យបានសក្តិសម នឹងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ដូចជាការបញ្ឈប់ការលក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត ជាដើម។ ចំណែកលោក Fred Ryan អគ្គនាយក The Washington Post បានអំពាវនាវ ឲ្យសភាអាមេរិក ត្រូវតែពិចារណា ការពារផលប្រយោជន៍ ព្រមទាំងតម្លៃពិតប្រាកដ និងយូរអង្វែង របស់អាមេរិក មិន​អាចបណ្តោយឲ្យលោកដូណាល់ ត្រាំ ទៅការពារតែប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយគ្រួសារ​រាជវង្សអារ៉ាប៊ីសាអូឌីត បាននោះទេ។

គ្មាននរណាអាចប៉ះពាល់ ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានទេ

តាំងពីកើតរឿងមក អារ៉ាប៊ីសាអូឌីត បានប្រឌិតរឿង ប្តូរក្រលាស់សំដីចុះឡើង ជាច្រើនលើក ក្នុងគោលបំណងតែមួយគត់ គឺការពារ កុំឲ្យវាពាក់ព័ន្ធដល់ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់។ អ្នកវិភាគខ្លះ បានលើកឡើងថា តាមរយៈការប្រកាសរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ដែលបានចោទប្រកាន់មនុស្ស២នាក់ផ្សេង​ ​ ហើយទន្ទឹមនឹងនោះ បានអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ មិនមានអ្វីពាក់ព័ន្ធ មិនបានដឹងឮអ្វីទាំងអស់នោះ គឺអារ៉ាប៊ីសាអូឌីត ចង់បិទបញ្ចប់បញ្ហានេះ និងប្រាប់ទៅពិភពលោកទាំងមូល​ថា ខ្លួនបានចាប់អ្នកទទួលខុសត្រូវបានហើយ ដូច្នេះ​ត្រូវនាំគ្នាបំភ្លេចរឿងនេះចោលទៅ។

បើគិតទៅ វិធីសាស្ត្ររបស់អារ៉ាប៊ីសាអូឌីតនេះ បានផលល្អដែរ ព្រោះថា ប្រទេសធំៗខ្លះ បាននាំគ្នាសរសើរ និងគាំទ្រចំណាត់ការរបស់ប្រព័ន្ធយុត្តិធម៌របស់អារ៉ាប៊ីសាអូឌីត។ ជាក់ស្តែង បណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ សុទ្ធតែបានប្រកាសគាំទ្រ ចំណាត់ការរបស់តុលាការអារ៉ាប៊ីសាអូឌីត។ បារាំង និងអាមេរិកវិញ សុទ្ធតែបាននាំគ្នាប្រកាសថា ចំណាត់ការនេះ គឺជាការបោះជំហានទៅមុខដ៏ត្រឹមត្រូវ។ ជារួម យើងឃើញថា គ្រប់គ្នា ទោះតិចក្តីច្រើនក្តី បាននាំគ្នាជឿ លើការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត។

ផ្ទុយទៅវិញ មានតែតួកគីមួយទេ ដែលនៅរឹងមិនព្រមជឿ ហើយបានលើកឡើងថា ការសន្និដ្ឋាននេះ មិនគ្រប់គ្រាន់ទេ។ ជាក់ស្តែង លោករដ្ឋមន្ត្រីការបរទេសតួកគី ដែលកំពុងមានវត្តមាននៅវ៉ាស៊ីនតោន បានលើកឡើងថា ត្រូវតែវែកមុខអ្នកទទួលខុសត្រូវកំពូលឲ្យឃើញ។

យ៉ាងណាមិញ លោកស្រី Yasmine Farouk អ្នកវិភាគជំនាញអារ៉ាប៊ីសាអូឌីត ប្រចាំ មូលនិធី Carnegie បានលើកឡើងថា ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត សម្តែងបានល្អណាស់ រីឯគ្រូសារញាតិវង្សខ្លះ បើទោះបីមិនពេញចិត្តនឹងព្រះអង្គម្ចាស់ បេនសាល់ម៉ាន់មែន តែគ្មាននរណាមួយ ហ៊ានងើបមុខប្រឆាំងតវ៉ាទេ។ គ្រប់គ្នានាំគ្នាសំងំ បើទោះបី​ជា​ដឹងច្បាស់ ថាអ្នកណាជាអ្នកបញ្ជាឲ្យមានអំពើឃាតកម្មនេះក៏ដោយ។ ព្រះអង្គម្ចាស់រាជទាយាទ មានតុលាកាការពារ គ្រួសារញាតិវង្ស មិនមាននរណាហ៊ានចេញមុខ បូកបន្ថែម ប្រទេសធំៗដូចបារាំង ដូចអាមេរិក ដែលមានប្រឹងតែការពារប្រយោជន៍សេដ្ឋកិច្ច​ថែមទៀត គឺសរុបមក គ្មាននរណាអាចប៉ះពាល់ ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ នេះបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ