អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​នឹង​បន្ថែម​វិបត្តិ ​ក្រោយ​ការ​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​​ជារដ្ឋធានី​​របស់​អ៊ីស្រាអែល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទៅបំផុតទៅ បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការ តែគេបានដឹងរួចទៅហើយ ថាលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងសម្រេចប្តូរស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុង​ហ្សេរុយ​សាឡឹម។ ការសម្រេចដូចនេះ គឺមានន័យថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការ ថា ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ ក្រុមប្រទេសអារ៉ាប់ និង​សហគម​អន្តរជាតិ​ សុទ្ធតែបានក្រើនរំលឹក បន្តបន្ទាប់គ្នា ថាការទទួលស្គាល់បែបនេះ មិនមានផលល្អទេ ផ្ទុយទៅវិញ គឺវានឹងជះផលវិបាកធ្ងន់ធ្ងរ ដល់វិបត្តិរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

l'esplanade de la mosquée et drapeau israélien
l'esplanade de la mosquée et drapeau israélien AFP
ផ្សាយពាណិជ្ជកម្ម

តាមការគ្រោងទុក លោកដូណាល់ ត្រាំ នឹងធ្វើការប្រកាសជាផ្លូវការ ពីទីក្រុង​វ៉ាស៊ីនតោន នៅវេលាម៉ោង៦ល្ងាច។ តែយ៉ាងណា ក៏ដោយ គឺដឹងពីការសម្រេចរបស់លោកដូណាល់ ត្រាំរួចហើយ។ មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន បានប្រាប់ទៅអ្នកកាសែតរួចហើយ ថា លោក​ប្រធានាធិបតីត្រាំ និងសម្រេចប្តូរទូតអាមេរិក ពីក្រុងតែលអាវីវ ទៅកាន់ក្រុង​ហ្សេរុយសាឡឹម។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារម្សិលមិញនេះទៀត លោកដូណាល់ ត្រាំ បានទូរស័ព្ទ​ជូន​ដំណឺង ទៅកាន់ថ្នាក់ដឹកនាំធំៗនៅដើមបូព៌ារួចហើយ អំពីបំណងលើកទូតពីទែលអាវីវ ទៅ​កាន់ ហ្សេរុយសាឡឹមនេះ។ លោកត្រាំ បានជូនដំណឹង ទៅដំបូងគេ គឺលោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បន្ទាប់មកលោកម៉ាសមូដ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន​ ព្រះចៅអាប់ដាឡា ទី២របស់ព្រះរាជាណាចក្រហ្សកដានី និងព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត ជាដើម។

ដូណាល់ ត្រាំអនុវត្តច្បាប់ ដែលសភាអាមេរិកអនុម័តតាំងតែពីឆ្នាំ១៩៩៥

តាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៅសេតវិមាន បានអះអាងថា លោកប្រធានាធិបតីត្រាំ គ្មានធ្វើអ្វីឲ្យ​លើសពីការទទួលស្គាល់ការពិតតែប៉ុណ្ណោះ។ សម្រាប់លោកដូណាល់ ត្រាំ ហ្សេរុយសាឡឹម គឺជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលវាជាការពិត ដោយឥតប្រកែកបាន។

បើនិយាយឲ្យចំទៅ គឺថា លោកដូណាល់ ត្រាំ មិនបានធ្វើអ្វីច្រើនទេ គឺគាត់គ្រាន់តែអនុវត្តច្បាប់មួយ ដែលសភាទាំងពីររបស់អាមេរិក បានអនុម័ត កាលពីឆ្នាំ១៩៩៥។ ច្បាប់នោះ បានកំណត់ឲ្យក្រសួងការបរទេសអាមេរិក ត្រូវប្តូរស្ថានទូតពីក្រុងទែលអាវីវ ទៅកាន់ក្រុង​ហ្សេរុយសាឡឹម។ ក៏ប៉ុន្តែច្បាប់នេះ បានកំណត់នូវលក្ខខណ្ឌលើកលែងមួយ ដោយបើកផ្លូវ​ឲ្យ​ប្រធានាធិបតីអាមេរិក អាចព្យួរ ឬពន្យាមិនលើកទូត ជារៀងរាល់៦ខែម្តង។

បញ្ហាគឺនៅត្រង់នេះ!  តាំងតែពីមានច្បាប់នេះ នៅឆ្នាំ១៩៩៥ មក គឺប្រធានាធិបតីអាមេរិក មួយណាដូចមួយណា តាំងតែពីជំនាន់ លោកប៊ីល គ្លីនតុន មកម្លេះ គឺតែងតែសម្រេចពន្យា មិនអនុវត្តច្បាប់នេះរហូត។ ប៉ុន្តែពេលនេះ គឺមានតែលោកដូណាល់ ត្រាំ ទេ ដែលសម្រេច មិនពន្យាវាតទៅទៀត ហើយក្នុងន័យនេះ គឺមានន័យថាស្ថានទូតអាមេរិក នឹងត្រូវលើកពីក្រុងទែលអាវីវ ទៅក្រុងហ្សេរុយសាឡឹម។

តែយ៉ាងណា មិនមែនសម្រេចភា្លម លើកទៅភ្លាមទេ។ បើតាមការស្មាន គឺគេត្រូវការពេលពី ៣ ទៅ ៤ឆ្នាំ។ សម្រាប់ពេលនេះ លោកត្រាំ និងធ្វើលិខិតមួយទៀត ដើម្បីឲ្យស្ថានទូតអាមេរិក បន្តតាំងនៅក្រុងទែលអាវី​វ បណ្តោះអាសន្នសិន ព្រោះមិនទាន់មានអាគារស្ថានទូតនៅហ្សេរុយសាឡឹម នៅឡើយទេ។

ហ្សេរុយសាឡឹម ជានិម្មិតរូបទាំងសាសនាជ្វីហ្វ ទាំងសាសនាអ៊ីស្លាម ទាំងសាសនាគ្រិស្ត

ក្រុងហ្សេរុយសាឡឹម ជានិម្មិតរូប មានតំលៃប្រវត្តិសាស្ត្រ មិនមែនសម្រាប់តែអ្នកកាន់សាសនា​ជ្វីហ្វទេ តែវាសំខាន់ដូចគ្នា សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនា​គ្រិស្តដែរ។ បន្ទាប់ពីបាន ធ្វើសង្រ្គាម ដណ្តើមយកភាគខាងកើត​ហ្សេរុយសាឡឹម ​ពី​ប៉ាឡេស្ទីន នៅឆ្នាំ១៩៦៧ អ៊ីស្រាអែល បានប្រកាសជាឯកច្ឆ័ន្ធថា ហ្សេរុយសាឡឹម​ទាំងមូល គឺជាទីក្រុងរបស់ អ៊ីស្រាអែល​ ដែលមិនអាចពុះច្រៀកបាន។ ក៏ប៉ុន្តែ​ ក្រុមប៉ាឡេស្ទីន បានទាមទារ ថា ភាគខាងកើតហ្សេរុយសាឡឹម គឺជាទីក្រុងរបស់ប្រទេស​ប៉ាឡេស្ទីន។ ជាងនេះទៅទៀត នៅលើកំពូលនៃទីក្រុងបុរាណ ដែលជាទីសក្ការៈរបស់អ្នកកាន់សាសនាជ្វីហ្វ ក៏មានវិហារអ៊ីស្លាមបុរាណ Al-Aqsa ដែលជាទីសក្ការៈធំទីបី របស់​សាសនាអ៊ីស្លាមទាំងមូលដែរ។

ដូច្នេះហើយ បានជាសហគមនអន្តរជាតិ មិនគាំទ្រ មិនទទួលស្គាល់ថា ហ្សេរុយសាឡឹម គឺជាទីក្រុងរបស់អ៊ីស្រាអែល តែម្នាក់ឯងទេ។ ព្រោះធ្វើបែបនេះ គឺមិនខុសពីយកប្រេង​មក​ជះ​លើភ្លើងអញ្ចឹង។ យ៉ាងណាមិញ ក្រុមប្រទេសក្នុងសម្ព័ន្ធអារ៉ាប់ បានក្រើនរំលឹក លោកដូណាល់ ត្រាំហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ថាបើសម្រេចទទួលស្គាល់​ហ្សេរុយសាឡឹម​មែន គឺមិនខុសពីពន្យុះ​កំហឹង របស់ប្រជាជនអ៊ីស្លាម ទូទាំងពិភពលោក ឲ្យ​ស្អប់អ៊ីស្រាអែល​ និងស្អប់អាមេរិកកាន់តែខ្លាំង។

ផលវិបាកធ្ងន់ធ្ងរ ដល់ការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកអេម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទ និយាយ​អូសទាញ​លោក​ដូណាល់ ត្រាំ កុំឲ្យគាត់សម្រេចធ្វើដូច្នេះ។ លោកម៉ាក្រុង បានលើកឡើងថា ការសម្រេចទទួលស្គាល់ហ្សេរុយសាឡឹម តែម្នាក់ឯងបែបនេះ គឺវាជារឿងមួយមិនល្អទាល់តែសោះ ព្រោះវានឹងបន្ថែមបញ្ហា បង្កើនអស្ថិរភាព ដល់តំបន់ដើមបូព៌ា មួយកំរិតទៀត។ លោកម៉ាក្រុងបន្តថា វាសនារបស់ក្រុងហ្សេរុយសាឡឹម គឺត្រូវតែឆ្លងកាត់ ការចរចា ការស្រុះស្រួលគ្នាដើម្បីកសាងសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដូចគ្នាដែរ គោលជំហររបស់បារាំង ក៏មិនខុសពីគោលជំហររបស់សហភាពអឺរ៉ុបទាំងមូលដែរ។

ការសម្រេចរបស់លោកដូណាល់ ត្រាំ និងធ្វើឲ្យប៉ាឡេស្ទីន លែងទុកចិត្តអាមេរិក និងអ៊ីស្រាអែល ក្នុងការចរចាសន្តិភាព។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហាម៉ាស ដែលកន្លងមកឈ្លោះគ្នា ជាមួយអាជ្ញាធរកណ្តាលប៉ាឡេស្ទីននោះ នឹងរិតតែបានចិត្ត ហើយបន្ទោសលោក ម៉ាសមូដអាបាស ថាចាញ់បោកអាមេរិក និងអ៊ីស្រាអែល។

វាជារឿងគួរឲ្យសោកស្តាយណាស់ ព្រោះថាមួយរយៈចុងក្រោយនេះ ផ្ទៃក្នុងប៉ាឡេស្ទីនបានត្រូវគ្នាវិញច្រើន ហើយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចស្លូតដាក់គ្នាច្រើនដែរ។ ជាងនេះទៅទៀត ជាច្រើនខែមកហើយ ដែលមានក្រុមការងារអាមេរិកមួយក្រុម បានព្យាយាម ធ្វើការចរចាដោយសំងាត់ ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅឆ្នាំ២០១៨ខាងមុខ។ ក៏ប៉ុន្តែគំរោងចរចានេះ ប្រាកដជាត្រូវជាប់គាំង។

លោក Mustafa Barghouti សមាជិកចលនារំដោះប៉ាឡេស្ទីន បានអំពាវនាវ ឲ្យអាជ្ញាធរ​ប៉ាឡេស្ទីន​ ដែលដឹកនាំដោយ លោកម៉ាសមូដ អាបាស ឈប់ចរចា ជាមួយនឹងក្រុម​អ្នក​ជំនាញការអាមេរិកតទៅទៀត។ លោកម្នាក់នេះ បន្ថែមថា ការសម្រេចដោយមិនគិត​មុខ​គិតក្រោយ របស់លោកដូណាល់ត្រាំ នេះ និងពន្យុះកំហឹងរបស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាប្រជាជនអារ៉ាប់ទាំងមូល។ អំពើហិង្សាបះបោរ នៅកើតមានឡើងកាន់តែខ្លាំង នៅតាមដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលដាក់អាណានិគម។ នៅ​ឯតំបន់ហ្កាហ្សាឯណោះ ក៏គេបារម្ភថា នឹងមានអំពើហិង្សា អាចផ្ទុះសង្រ្គាមជាថ្មី ជាមួយនឹងអ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ