លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ចង់ប្រយុទ្ធជាមួយអាមេរិក អ៊ីរ៉ង់នឹងរលាយជាស្ថាពរ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៩
លោកដូណាល់ ត្រាំ បានប្រកាសគំរាមអ៊ីរ៉ង់ថា បើសិនជាអ៊ីរ៉ង់ ចង់ល្បងប្រយុទ្ធជាមួយអាមេរិក នោះអ៊ីរ៉ង់ នឹងរលាយជាផ្លូវការ។ សំណេរគំរាមរបស់លោកប្រធានាធិបតីអាមេរិកនេះ គឺធ្វើឡើង បន្ទាប់ពីភាគីអ៊ីរ៉ង់ បានបិទផ្លូវ មិនចរចា ខុសពីអ្វីដែលលោកដូណាល់ ត្រាំ បានរំពឺងទុក។ ស្ថានការណ៍កាន់តែតានតឹង នៅតំបន់ដើមបូព៌ា ដែលជាជង្រុកប្រេងកាត។ យ៉ាណាមិញ កាលពីថ្ងៃអាទិត្យ ទី១៩ឧសភា អង្គការនៃក្រុមប្រទេសអ្នកផលិតប្រេង បានជួបប្រជុំគ្នា នៅអារ៉ាប៊ីសាអូឌីត ដើម្បីនិយាយគ្នាពីស្ថិរភាពទីផ្សារ ព្រមទាំងបញ្ហាសន្តិសុខ នៃតំបន់យុទ្ធសាស្ត្រនេះ។
ដូចសព្វមួយដង លោកដូណាល់ ត្រាំ បានប្រើប្រព័ន្ធ Twitter ដើម្បីសរសេរពាក្យភាសាគំរាម។ លោកដូណាល់ ត្រាំ សរសេរថា៖ “បើអ៊ីរ៉ង់ ចង់ល្បងប្រយុទ្ធជាមួយអាមេរិក នោះអ៊ីរ៉ង់ច្បាស់ជារលាយជាស្ថាពរ។ ដូច្នេះ ត្រូវឈប់គំរាមអាមេរិក តទៅទៀត ចាប់ពីពេលនេះទៅ!”។
រ៉ូកែតមួយគ្រាប់ ធ្លាក់នៅបាកដាដ ក្បែរស្ថានទូតអាមេរិក
ស្ថានការណ៍ប្រែប្រួល នៅពីក្រោយសារគំរាមរបស់លោកដូណាល់ ត្រាំនេះ គឺដោយសារ កាលពីថ្ងៃអាទិត្យទី ១៩ឧសភា មានគ្រាប់រ៉ូកែត មួយគ្រាប់ ត្រូវបានគេបាញ់ប្លោង ធ្លាក់នៅក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ។ តំបន់បៃតងនេះ គឺជាសង្កាត់ ដែលមានទីតាំងស្ថាប័នរដ្ឋ និងស្ថាទូរប្រទេសធំៗ ដូចជាស្ថានទូតអាមេរិក និងអង់គ្លេសជាដើ់ម។ តំបន់នេះ មានការយាមកាមសន្តិសុខខ្ពស់បំផុត ដែលព័ទ្ធទៅដោយជញ្ជាំងថ្មជុំវិញ។
បើតាមការផ្តល់ដំណឹង ពីសមត្ថកិច្ចសន្តិសុខអ៊ីរ៉ាក់ គឺរ៉ូកែតមួយគ្រាប់នោះ ជាប្រភេទរ៉ូកែត Katioucha បាញ់ចេញពីតំបន់បោះបង់ចោលមួយ ស្ថិតនៅភាគខាងត្បូងក្រុងបាកដាដ។ ពុំមានមនុស្សរងគ្រោះ ដោយការធ្លាប់គ្រាប់រ៉ូកែតនេះទេ។ ហើយក៏ពុំមានដំណឹងលំអិត ថាអ្នកណាជាអ្នកបាញ់ដែរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក ក៏ធ្លាប់បានលើកឡើងដែរ ថាអ៊ីរ៉ង់ ព្រមទាំងដៃជើងនៅអ៊ីរ៉ាក់ អាចនឹងធ្វើសកម្មភាពវាយប្រហារ លើកងទ័ព ក៏ដូចជាផលប្រយោជន៍អាមេរិក នៅអ៊ីរ៉ាក់។ ក្រសួងការបរទេសអាមេរិក បានកោះហៅមន្ត្រីទូតប្រចាំក្រុងបាកដាដ ណាដែលមិនសំខាន់ ឲ្យត្រលប់ចូលស្រុកវិញសិន។
If Iran wants to fight, that will be the official end of Iran. Never threaten the United States again!
Donald J. Trump (@realDonaldTrump) May 19, 2019
ដូច្នេះ សំណេរគំរាមអ៊ីរ៉ង់ របស់លោកដូណាល់ ត្រាំ គឺហាក់មានន័យថា លោកដូណាល់ ត្រាំ ចោទថា ក្រុមកងកម្លាំងអ៊ីរ៉ាក់ ដែលជាកូនចៅរបស់កងទ័ពអ៊ីរ៉ង់ គឺជាអ្នកបាញ់គ្រាប់រ៉ូកែតនេះ តម្រង់មកកម្ទេចស្ថានទូតអាមេរិក ដែលស្ថិតនៅក្នុងតំបន់បៃតង ក្នុងក្រុងបាកដាដ។ ការពិតយ៉ាងណា យើងមិនទាន់ដឹងទេ!
ឧស្សាហកម្មប្រេងនៅតំបន់ឈូងសមុទ្រពែក្ស អាចជួបបញ្ហា
យ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់ បានអះអាងម្តងហើយម្តងទៀត ថាអ៊ីរ៉ង់ គ្មានចេតនាណាមួយ ទៅធ្វើសង្រ្គាម ជាមួយនឹងអាមេរិកនោះទេ។ តែទោះយ៉ាងនេះក្តី ភាពតានតឹង មិនបានធូរស្រាលឡើយ ដោយប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលសុទ្ធតែជាប្រទេសផលិតប្រេង មានការព្រួយបារម្ភ ក្នុងករណីដែលផ្ទុះអាវុធ។ ការផលិត ក៏ដូចជាចរាចរណ៍ ដឹកប្រេងឆៅ អាចនឹងជួបការរាំងស្ទះ ដែលអាចធ្វើឲ្យខាតបង់ធ្ងន់ធ្ងរ ដល់ប្រទេសមួយចំនួន ដូចជាអារ៉ាប៊ីសាអូឌីត ជាដើម។
គ្មាននរណាចំណេញទេ បើសិនជាការប្រទូស្តរាយ ផ្ទុះអាវុធនៅតំបន់ឈូងសមុទ្រពេក្ស កើតមានមែននោះ។ ប្រមាណ២សប្តាហ៍ បន្ទាប់ពីស្ថានការណ៍កាន់តែតានតឹង នេះ អ៊ីរ៉ង់ ត្រូវអារ៉ាប៊ីសាអូឌីត ចោទថាបានធ្វើសកម្មភាពវិទ្ធំង្សនា ប្រឆាំងទៅនឹងឧស្សាហកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ទីតាំងអណ្តូងបូមប្រេងឆៅ បាទសមុទ្រមួយកន្លែង ត្រូវបានរងការខូចខាត ដោយគ្រាប់រ៉ូកែត របស់ក្រុមឧទ្ទាមហ៊ូទី ដែលអារ៉ាប៊ីសាអូឌីត ចោទថាកូនចៅរបស់អ៊ីរ៉ង់។ ហើយសប្តាហ៍មុននេះដែរ នាវា៤គ្រឿងបានរងការខូចខាត នៅក្នុងឈូងសមុទ្រពែក្ស ដែលក្នុងនោះមាននាវាដឹកប្រេង២ របស់អារ៉ាប៊ីសាអូឌីត។
តើអ៊ីរ៉ង់ ជាអ្នកធ្វើសកម្មភាពវាយប្រហារទាំងអស់នេះ មែនឬយ៉ាងណា គ្មាននរណាដឹងទេ។ តែសម្រាប់អារ៉ាប៊ីសាអូឌីត ព្រមទាំងសម្ព័ន្ធមិត្តផ្សេងទៀត របស់អាមេរិក គឺគេចោទថាអ៊ីរ៉ង់។ គេគិតថាអ៊ីរ៉ង់ចង់សងសឹង ព្រោះអ៊ីរ៉ង់ ខឹងអាមេរិក ដែលដាក់ទណ្ឌកម្ម ហាមគេគ្រប់គ្នា មិនឲ្យទិញប្រេងរបស់ខ្លួន ខណៈដែល អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តអាមេរិក បន្តធ្វើជាមេកន្ទ្រាញធំ នៃឧស្សាហកម្មផលិតប្រេងឆៅដដែល ដោយគ្មាននរណាអាចប្រជែងបាន។
ទោះជាអ៊ីរ៉ង់ ប្រឹងប្រែងអះអាង ថាខ្លួន គ្មានចេតនាធ្វើសង្រ្គាម តែគេគ្រប់គ្នានៅតែបារម្ភ។ យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីត បានកោះហៅប្រទេសសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសម្ព័ន្ធអារ៉ាប់ ឲ្យប្រជុំបន្ទាន់ នៅថ្ងៃទី៣០ឧសភាខាងមុខនេះ ដើម្បីប្រកាសគោលជំហររួមគ្នា ទាក់ទិននឹងសំណុំរឿងអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ក៏បានប្រកាសដែរ ថាអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យមានសង្រ្គាមទេ។ តែយ៉ាងណា ខ្លួនបានត្រៀមប្រុងប្រៀបរួចហើយ ដើម្បីការពារផលប្រយោជន៍ខ្លួន បើសិនម្នាក់ទៀត ចង់សាកល្បងប្រយុទ្ធ។
OPEP ប្រជុំ ដោយគ្មានវត្តមានរបស់អ៊ីរ៉ង់
កាលពីថ្ងៃអាទិត្យទី១៩ ឧសភា អង្គការ OPEP ដែលជាក្រុមប្រទេសផលិតប្រេង បានជួបប្រជុំគ្នា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ជាការប្រជុំ ដោយគ្មានវត្តមានអ៊ីរ៉ង់ទេ បើទោះបីអ៊ីរ៉ង់ ជាសមាជិកអង្គការនេះក៏ដោយ!
រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ មិនមានវត្តមានក្នុងពេលប្រជុំនេះទេ។ ក្រុមប្រទេសសមាជិកOPEP ដែលមានអារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់ អារ៉ាប់រួមជាមេដឹកនាំ បានសន្យាព្រមព្រៀងគ្នា ថានឹងកាត់បន្ថយការផលិត បន្តិចម្តង ដើម្បីកាត់បន្ថយស្តុក។ ធ្វើដូចនេះ ដើម្បីកុំឲ្យប្រេងឆៅ ធ្លាក់ថ្លៃខ្លាំង ដូចកាលពីចុងឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) បានឲ្យដឹងថា ការផលិតប្រេងឆៅ បានថយចុះនៅរវាងខែមេសា ដោយសារតែអ៊ីរ៉ង់ និង វ៉េណេស៊ុយអេឡា បានកាត់បន្ថយការផលិត ក៏ព្រោះតែជាប់ទណ្ឌកម្មរបស់អាមេរិក។
អ៊ីរ៉ង់ មិនមកប្រជុំនឹងគេ យើងអាចយល់ពីទឹកចិត្តអ៊ីរ៉ង់ដែរ។ ព្រោះសមាជិកផ្សេងៗ របស់អង្គការ OPEP គេរួមគ្នាកាត់បន្ថយស្តុកប្រេង ខណៈដែលអ៊ីរ៉ង់ខ្លួនឯង ផលិតប្រេងបានហើយ គ្មាននរណាហ៊ានទិញ។ បើផ្អែកតាមតួលេខ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ក្នុងខែមេសា ឆ្នាំនេះ អ៊ីរ៉ង់ ផលិតប្រេងចំនួន២លាន៦សែនធុងបារីល។ កាលពីខែមេសាឆ្នាំមុន ពោលគឺមុនដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ អ៊ីរ៉ង់ផលិតប្រេងជាមធ្យម បានជិត៤លានធុងបារីស ក្នុងមួយខែ។
យោងតាមការសន្និដ្ឋាន ក្នុងខែឧសភានេះ ការផលិតប្រេងរបស់អ៊ីរ៉ង់ នឹងធ្លាក់ចុះថែមទៀត ធ្លាក់ចុះ ដល់ទាបជាងកាលពីជំនាន់សង្រ្គាមអ៊ីរ៉ាក់ អ៊ីរ៉ង់ នាទសវត្សឆ្នាំ៨០ទៀតផង។ ដូច្នេះសួរថា តើសេដ្ឋកិច្ចអ៊ីរ៉ង់ អាចអត់ធន់នឹងការកៀបសង្កត់នេះ បានដល់ពេលណា? បើអ៊ីរ៉ង់ ទ័លច្រកខ្លាំង តើអ៊ីរ៉ង់ដាច់ចិត្តធ្វើសង្រ្គាមមែន ឬទេ? និយាយចុះឡើង អាមេរិក និងអារ៉ាប៊ីសាអូឌីត នៅតែមានហេតុផលបន្ទោសអ៊ីរ៉ង់ជានិច្ច ទាំងដែលប្រទេសទាំង២នេះ ជាអ្នកធ្វើគ្រប់យ៉ាង ដើម្បីរុញឲ្យអ៊ីរ៉ង់ ប្រព្រឹត្តិកំហុស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ