អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​នៅតំបន់ដើមបូព៌ា កំពុងស្ថិតក្នុងភាពតានតឹង គួរឲ្យព្រួយបារម្ភ បន្ទាប់ពីសហរដ្ឋ​អាមេរិក បានចោទអ៊ីរ៉ង់​ ថាកំពុងត្រៀម ធ្វើសកម្មភាព​អ្វីម្យ៉ាង។ កាលពីសប្តាហ៍មុន អាមេរិក​បាន​បញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ឆ្ពោះ​ទៅកាន់​ឈូង​សមុទ្រពែក្ស ដើម្បីបង្កាទប់ទល់ ជាមួយអ៊ីរ៉ង់។​ ស្រាប់តែកាលពីថ្ងៃព្រហស្បតិ៍​ ទី​១៦ឧសភា​ លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកចង់និយាយចរចាជាមួយ​នឹងអ៊ីរ៉ង់។ តែ​យ៉ាងណា ភាគីអ៊ីរ៉ង់ នៅតែ​បន្ត​អះអាងថា អាមេរិក កំពុងតែ​ប្រឌិតរឿង និង​បំប៉ោងស្ថានការណ៍ ដើម្បីរកលេសធ្វើសង្រ្គាមតែប៉ុណ្ណោះ។

លោក Javad Zarif រដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់​
លោក Javad Zarif រដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់​ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី​ពុធ ទី១៥ឧសភា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានប្រកាស ហៅបុគ្គលិកមន្ត្រីទូតអាមេរិកនៅអ៊ីរ៉ាក់ ណាដែលមិនចាំបាច់ ត្រូវត្រលប់ទៅកាន់អាមេរិកវិញជាបន្ទាន់។ មូលហេតុ គឺថានៅតំបន់ឈូងសមុទ្រពែក្ស អាចមានការគំរាមកំហែង ឬការផ្ទុះអាវុធ បង្កឡើងដោយអ៊ីរ៉ង់ ឬក្រុមបក្សពួកកូនចៅអ៊ីរ៉ង់។

កាលពីថ្ងៃអាទិត្យទី ១២ឧសភា អារ៉ាប៊ីសាអូឌីត និង អេមៀរ៉ាត់អារ៉ាប់រួម បានអះអាងថា មានសកម្មភាពបំផ្លាញនាវាដឹកប្រេងចំនួន៤ នៅក្នុងឈូងសមុទ្រពែក្ស។ តាមការអះអាងនេះ គឺគេបានចោទ ថាអាចជាសកម្មភាពរបស់អ៊ីរ៉ង់ ដែលចង់រ៉ៅឆាន ចរាចរណ៍ដឹកប្រឹងឆៅ នៅតាមឈូងសមុទ្រពែក្សនេះ។ តែយ៉ាងណា មកទល់ពេលនេះ គេមានភស្តុតាងតិចតួចបំផុត ទាក់ទិននឹងការអះអាងរបស់អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួមនេះ។ ដូច្នេះយើង ឃើញថា​ព័ត៌មាន មានភាពរញ៉េរញ៉ៃ មិនដឹងប្រភព ថាពិតឬមិនពិត ដែលវារិតតែជម្រុញស្ថានការណ៍ ឲ្យកាន់តែតានតឹង។

ចំណែកនាវាចម្បាំង Abraham-Lincoln ដែលមានផ្ទុកយន្តហោះចម្បាំងជាច្រើនគ្រឿង របស់អាមេរិក កំពុងសំចតនៅមាត់ច្រកចូល នៃឈូងសមុទ្រពែក្ស។ ក្រៅពីនេះ អាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងដែរ ឲ្យទៅមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់។ នៅអ៊ីរ៉ាក់បច្ចុប្បន្ន មានទាហានអាមេរិក ឈរជើង ប្រមាណជា៥ពាន់នាក់។ តែបើផ្អែក តាមការចុះផ្សាយ របស់កាសែត New York Times បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោន មានគំរោង បញ្ជូនទាហានទៅតំបន់ដើមបូព៌ា សរុបយ៉ាងហោច ១២ម៉ឺននាក់ ដើម្បីត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់។

អាមេរិកថា អ៊ីរ៉ង់ដឹកជញ្ជូនគ្រាប់មីស៊ីល

ប្រមាណ១សប្តាហ៍ហើយ ដែលក្រសួងការពារជាតិអាមេរិក គិតតែពីនិយាយថា អ៊ីរ៉ង់កំពុងត្រៀមបើកប្រតិបត្តិការមួយ ក្នុងពេលដ៏ឆាប់ ប៉ុន្តែមិនបាននិយាយលំអិតសោះ ថាជាប្រតិបត្តិការអ្វី នៅទី​កន្លែងណា នោះទេ។ ទើបតែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលរដ្ឋាភិបាលអាមេរិក បានបង្ហើបឲ្យ​ដឹងខ្លះ។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក ដែលបានប្រាប់អ្នកយកព័ត៌មាន AFP បានឲ្យដឹងថា គឺកងទ័ពអ៊ីរ៉ង់ បានដឹកជញ្ជូនមីស៊ីលជាច្រើនគ្រាប់ ដោយប្រើប្រាស់នាវាសាមញ្ញ​ៗ នៅក្នុងឈូងសមុទ្រពែក្ស។ សម្រាប់ក្រុមស៊ើបការណ៍សំងាត់អាមេរិក ព័ត៌មាននេះហើយ ដែលជាប្រភពបង្កើតឲ្យមានការព្រួយបារម្ភ ថាអ៊ីរ៉ង់ កំពុងត្រៀមខ្លួនបើកប្រតិបត្តិការវាយប្រហារណាមួយ។ ដូច្នេះ អាមេរិក ត្រូវតែត្រៀមកំលាំង ដើម្បីការពារផលប្រយោជន៍ និងសម្ព័ន្ធមិត្តខ្លួន នៅតំបន់ដើមបូព៌ាទាំងមូល។

លោកដូណាល់ ត្រាំ អស់ពីគំរាម បែរជាហៅអ៊ីរ៉ង់ ឲ្យមកចរចា

លោកដូណាល់ ត្រាំ បាននិយាយថា លោកដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់ ចង់ចរចាជាមួយលោក។  ហើយកាលពីចុងសប្តាហ៍មុន ក៏លោកដូណាល់ ត្រាំ បានបង្ហើរសំដីដែរ ថាលោករងចាំ ឲ្យភាគីអ៊ីរ៉ង់ ទូរស័ព្ទមករកលោក ដើម្បីនិយាយគ្នា។

តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Mohammed Javad Zarif បានបដិសេធភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ទី​១៦ឧសភា នៅឯទៅក្រុងតូក្យូ។ រដ្ឋមន្ត្រីអ៊ីរ៉ង់ រូបនេះ បានលើកឡើងថា លោកមិនដឹងថា លោកដូណាល់ ត្រាំ បានដំណឹងមកពីណា ដែលថា អ៊ីរ៉ង់ចង់ចរចា។ វាខុសស្រលះតែម្តង។ អ៊ីរ៉ង់ គ្មានអ្វីត្រូវចរចាទេ ព្រោះថាអ្វីៗ គឺរដ្ឋាភិបាលលោកដូណាល់ ត្រាំ ជាអ្នកប្រឌិតទាំងអស់។ លោក Javad Zarif បន្ថែមថា អាមេរិកខ្លួនឯង ដែលប្រឌិតរឿង បំប៉ោងបញ្ហា ឲ្យរីកធំ ឲ្យឃើញដូចជាមានគ្រោះថ្នាក់បន្ទាន់ណាស់ ដើម្បីរកលេស សង្កត់កអ៊ីរ៉ង់តែប៉ុណ្ណោះ។

តើការប្រឈមមុខគ្នាដោយអាវុធ អាចនឹងកើតមានមែនឬទេ?

អ្វីៗអាចកើតមាន ហើយអាចប្រែប្រួលទាំងអស់។ តែបើយើងស្តាប់សំដី​ របស់ភាគីម្ខាងៗនាពេលនេះ គឺថា ទាំងខាងអាមេរិក ទាំងខាងអ៊ីរ៉ង់ សុទ្ធតែអះអាងថា មិនចង់ធ្វើសង្រ្គាមទេ។ លោក អាយ៉ាតូឡា អាលីខាមឺណី ប្រមុខមគុទ្ទេសកំពូល របស់អ៊ីរ៉ង់​ បានអះអាងហើយថា អ៊ីរ៉ង់​គ្មានបំណងធ្វើសង្រ្គាម ជាមួយអាមេរិកទេ។ លោកដូណាល់ ត្រាំ វិញ ក៏បានបានបញ្ជាក់ ឲ្យដឹងដែរ កាលពីថ្ងៃព្រហស្បតិ៍ ថាលោកមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ជាដាច់ខាត។

សម្តីរបស់លោក ដូណាល់ ត្រាំ នេះ ក៏ត្រូវបានសមាជិកសភាអាមេរិក មកពីបក្សប្រជាធិបតេយ្យ អបអរដែរ ព្រោះថាកន្លងមកគេចេះតែបារម្ភ ខ្លាចថា លោកដូណាល់​ ត្រាំ គិតតែពីដើររករឿងគេ នឹងអាលធ្វើ​សង្រ្គាម។ លោកស្រី Nancy Pelosi ប្រធានសភាតំណាង មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងថា គាត់សប្បាយចិត្ត បន្ទាប់ពីបានឮសំដីលោកប្រធានាធិបតីត្រាំ ថាមិនចង់ឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់។ ក៏ប៉ុន្តែលោកស្រីថា មានមនុស្សខ្លះ នៅជុំវិញលោកដូណាល់ ត្រាំ ចូលចិត្តប្រលែងលេងនឹងភ្លើងសង្រ្គាមណាស់។ មនុស្សខ្លះ ដែលលោកស្រី Pelosi សំដៅនោះ គឺមាន២នាក់ គឺ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស និងលោក John Bolton ទីប្រឹក្សាពិសេសផ្នែកសន្តិសុខ របស់លោកដូណាល់ ត្រាំ។

John Bolton អ្នករុញឲ្យធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​?

បើតាមការចុះផ្សាយរបស់ New York Times បានឲ្យដឹងថា ពិតជាមានការរកាំរកូសនៅសេតវិមានមែន រវាងលោក ប្រធានាធិបតី និងទីប្រឹក្សាផ្នែកសន្តិសុខ ឈ្មោះ John Boltonនេះ។ ព័ត៌មានលេចឮថា លោក John Bolton និងលោក Mike Pompeo ខំព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីរុញ អាមេរិក ឲ្យធ្វើសង្រ្គាម ជាមួយអ៊ីរ៉ង់ ព្រោះថាមនុស្ស២នាក់នេះ មានកម្មវត្ថុតែមួយគត់ គឺផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់។​ ប្រភពដដែល បង្ហើបថា លោកដូណាល់ ត្រាំ ដឹងពីបញ្ហានេះ ហើយបានបញ្ជាក់ ទៅលោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិដោយផ្ទាល់ថា លោកមិនចង់ឲ្យផ្ទុះសង្រ្គាម ជាមួយអ៊ីរ៉ង់ដាច់ខាត។

បើតាមការវិភាគរបស់លោក Tom Wright អ្នកជំនាញនៅBrookings Institution បានលើកឡើងថា លោកដូណាល់ ត្រាំ ប្រហែលជាអាច ដកលោក John Bolton ​ចេញពីតំណែងសិន ដើម្បីឲ្យស្ថានការណ៍ស្ងប់បន្តិច ព្រោះមនុស្សម្នាក់នេះ ជាអ្នកនាំខ្យល់ មកផ្លុំរងើកភ្លើងឲ្យឆាបឆេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ