ណេតាន់យ៉ាហ៊ូ បញ្ជាក់ថាបើឈ្នះឆ្នោត នឹងបញ្ចូលដែនអាណានិគមស៊ីហ្សកដានី ទៅក្នុងដីអ៊ីស្រាអែល
នៅតែ៣ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតសភាអ៊ីស្រាអែល ហើយដែលជាការបោះឆ្នោត ដើម្បីកំណត់វាសនានយោបាយ របស់បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដើម្បីបន្តតំណែងនាយករដ្ឋមន្ត្រីមួយអាណតិ្តទៀត។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ផ្សាយនៅថ្ងៃសៅរ៍ទី៦មេសា លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា បើសិនជាលោកឈ្នះឆ្នោត នោះលោកមានគំរោង ចាត់បញ្ចូលដែនដីអាណានិគម ទាំងធំទាំងតូច ដែលមាននៅក្នុងតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន មកក្នុងទឹកដីរបស់អ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៣
នៅតាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានឆ្លើយ យ៉ាងម៉ឺងម៉ាត់ថា លោកពិតជាមានគម្រោងចាត់បញ្ចូលមកក្នុងទឹកដីអ៊ីសា្រអែល នូវតំបន់អាណានិយគមជ្វីហ្វ ដែលមាននៅក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនពិតមែន ក្នុងករណីដែលលោកជាប់ឆ្នោតអាណត្តិថ្មី។ លោកណេតាន់យ៉ាហ៊ូ បន្តទៀតថា លោកនឹងអនុវត្តនូវអធិបតេយ្យភាពដែនដីអ៊ីស្រាអែល ទៅលើតំបន់អាណានិគមជ្វីហ្វ នៅតំបន់ស៊ីហ្សកដានី មិនថាជាដែនអាណានិគមធំ ឬមួយក៏ជាដីអាណានិគម តូចៗ ដាច់រាយប៉ាយនោះទេ។
បន្ទាប់ពីបានស្តាប់ការប្រកាសនេះ លោកSaeb Erakat មន្ត្រីជាន់ខ្ពស់ម្នាក់ នៃចលនាតស៊ូរំដោះប៉ាឡេស្ទីន បានលើកឡើងថា លោកគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលបានឮសំដីនេះ ចេញពីមាត់លោកណេតាន់យ៉ាហ៊ូ។ លោកបន្ថែមថា បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ និងបន្តទន្ទ្រានឈ្លានពានទឹកដីប៉ាឡេស្ទីន ដោយគ្មានអៀនខ្មាស និងដោយបំពានទៅនឹងច្បាប់អន្តរជាតិ ដរាបណា សហគមអន្តរជាតិ នៅតែបន្តបិទភ្នែក មិនព្រមធ្វើអ្វីសោះ។
គួររំលឹកថា ដែនដីអាណានិគមអ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបានធ្វើក្រោយឆ្នាំ១៩៦៧ គឺមិនត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ទេ។ មានតែព្រំដែនពុះចែកទឹកដី នៅមុនឆ្នាំ១៩៦៧ទេ ដែលអង្គសហប្រជាជាតិទទួលស្គាល់។ ការចាត់បញ្ចូលដែនដីអាណានិគមថ្មីទៀត មកក្នុងដីអ៊ីស្រាអែល គឺជាឧបសគ្គ រារាំងដល់ការចរចាសន្តិភាព។
សូមបញ្ជាក់ផងដែរថា នៅតែ៣ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតសភា ហើយដែលតាមការប៉ាន់ស្មាន លោកណេតាន់យ៉ាហ៊ូ អាចនឹងជួបអាសន្ន ដោយសារគូរប្រជែងមកពីបក្សកណ្តាលនិយម ឈ្មោះបេន្នី ហ្កាន់ស៍ កំពុងឡើងប្រជាប្រិយភាព។ ការប្រកាសចាត់បញ្ចូលតំបន់អាណានិគមស៊ីហ្សកដានី មកក្នុងដីអ៊ីស្រាអែលនេះ ត្រូវបានគេមើលឃើញថា គឺលោកណេតាន់យ៉ាហ៊ូ សង្ឃឹមបានការគាំទ្រកាន់តែច្រើន ពីសំណាក់ប្រជាជនអ៊ីស្រាអែល អ្នកជាតិនិយមជ្រុល និងសហគមន៍ជ្វីហ្វ ដែលរស់នៅតាមតំបន់អាណានិគមស៊ីហ្សកដានី។
នៅដែនដីអាណានិគមអ៊ីស្រាអែល ក្នុងតំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន មានប្រជាជនអ៊ីស្រាអែល រស់នៅប្រមាណជា៤សែននាក់។ ដោយឡែក កាលពីពេលជួបលោកដូណាល់ ត្រាំ នៅខែមីនា លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកមិនទទួលយកផែនការសន្តិភាពណាទាំងអស់ បើផែនការនោះ តម្រូវឲ្យប្រជាជនអ៊ីស្រាអែល ចាកចេញពីដែនដីអាណានិគម កុំថាឡើយសូម្បីតែម្នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ