អានតួអត្ថបទ

តួកគី៖ ប្រជាជន​អ៊ីស្តង់ប៊ូល បោះឆ្នោត​រើស​អភិបាលក្រុង​ម្តងទៀត

នៅថ្ងៃទី​២៣ មិថុននានេះ ប្រជាជនតួកគី នៅក្រុងអ៊ីស្តង់ប៊ូល ត្រូវទៅបោះឆ្នោតម្តងទៀត ដើម្បីជ្រើសរើសអភិបាលក្រុង។ ការបោះឆ្នោតដែលបានធ្វើកាលពីខែមីនាកន្លងទៅ បានប្រគល់ជោគជ័យ ទៅឲ្យបេក្ខជនមកពីគណបក្សប្រឆាំង។ ក៏ប៉ុន្តែលទ្ធផលនេះ ត្រូវបានគណបក្សរបស់អ៊ែដូហ្កាន់ បដិសេធចោល​ ដោយបាន​លើកឡើងថា ​មានភាពមិនប្រក្រតីច្រើន។ សម្រាប់ការបោះឆ្នោតលើកទី២នេះ បើសិនជាបក្សរបស់លោកអ៊ែរដូហ្កាន់នៅតែចាញ់ នោះមានន័យថា វាជាភាពអាម៉ាសធំណាស់។

លោក Ekrem Imamoglu បេក្ខជនមកពីបក្សប្រឆាំង ដែលបាន​ឈ្នះឆ្នោត​កាល​ពី​​ខែ​មីនា តែ​លទ្ធផល​​ត្រូវ​​ចាត់ទុក​ជា​មោឃៈ​វិញ។
លោក Ekrem Imamoglu បេក្ខជនមកពីបក្សប្រឆាំង ដែលបាន​ឈ្នះឆ្នោត​កាល​ពី​​ខែ​មីនា តែ​លទ្ធផល​​ត្រូវ​​ចាត់ទុក​ជា​មោឃៈ​វិញ។ © REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ប្រជាជនតួកគី អ្នកក្រុងអ៊ីស្តង់ប៊ូល ចំនួន​១០លាន៥សែននាក់ ដែលមានសិទ្ធិបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសអភិបាលក្រុង ជាលើកទី២ បន្ទាប់ពីការបោះឆ្នោតកាលពីខែមីនា ត្រូវបានប្រកាសជាមោឃៈ។

កាលពីបោះឆ្នោត ថ្ងៃទី​៣១មីនា បេក្ខភាព​លោក Ekrem Imamoglu មកពីគណបក្សប្រឆាំង បានទទួលបានសម្លេងឆ្នោត លើសបេក្ខភាព​លោក Binali Yildirim ដែលមកពីគណបក្សអ៊ីស្លាមអភិរក្សនិយម AKP របស់លោកប្រធានាធិបតី អ៊ែរដូហ្កាន់។ លោក Binali Yildirim ជាមនុស្សស្និតនឹងលោកអ៊ែរដូហ្កាន់ ហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីតួកគីដែរ។

ក្រោយលទ្ធផលបរាជ័យ​ គណបក្សAKP បានដាក់ពាក្យប្តឹង បដិសេធលទ្ធផលឆ្នោត ដោយអះអាងថាមានភាពមិនប្រក្រតី។ ចំណែកគណបក្សប្រឆាំងវិញ បាន​បដិសេធចោល ការចោទប្រកាន់នេះ ហើយបានចាត់ទុក ថាបក្សAKP របស់លោកអ៊ែរដូហ្កាន់ បានធ្វើរដ្ឋប្រហារប្រឆាំងនឹងការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។

គួរកត់សំគាល់ថា ក្រុងអ៊ីស្តង់ប៊ូល ដែលមានប្រជាជនរស់នៅប្រមាណ​១៥លាននាក់ គឺជាទីក្រុងសេដ្ឋកិច្ច និងវប្បធម៍ដ៏ធំបំផុតរបស់តួកគី។ ការបោះឆ្នោតរើសអភិបាលក្រុងអ៊ីស្តង់ប៊ូល ជានិច្ចជាកាល គឺជាឱកាសល្បងស្វែងយល់ ការគាំទ្រទៅលើគោលនយោបាយ​ដឹកនាំប្រទេស នៃគណបក្សរបស់ប្រធានាធិបតីតែម្តង។ យ៉ាងណាមិញ លោកអ៊ែរដូហ្កាន់ ខ្លួនឯងតែងតែបាននិយាយថា អ្នកណាឈ្នះឆ្នោតនៅអ៊ីស្តង់ប៊ូល អ្នកនោះនឹងឈ្នះឆ្នោតនៅតួកគីទាំងមូល។

សូមរំលឹកដែរថា កាលពីពេលបោះឆ្នោតនៅចុងខែមីនា គណបក្សAKP ក៏បានចាញ់ នៅឯរដ្ឋធានីអង់ការ៉ាដែរ។​ ការចាញ់ឆ្នោតនៅតាមទៅក្រុងធំៗនេះ ត្រូវបានគេមើលឃើញថា គឺជាផលវិបាកនៃវិបត្តិសេដ្ឋកិច្ច អត្រាអត់ការងារធ្វើ និងអត្រាឱនភាព ដែលបានកើនឡើងដល់ទៅ​២០%។

បើតាមការវិភាគ លោក​អ៊ែរដូហ្កាន់ បានចាត់ទុក​ការបោះឆ្នោត​នៅអ៊ីស្តង់ប៊ូល ជាកម្មវត្ថុធំដើម្បីអះអាង ពីជោគជ័យនិងការគាំទ្រ ទៅលើគោលនយោបាយដឹកនាំប្រទេសរបស់លោក។ តែយ៉ាងណា ការបោះឆ្នោតលើកទី២នេះ បើបក្សAKP នៅតែចាញ់ គឺលោក​អ៊ែរដូហ្កាន់ នឹងអាម៉ាសមុខខ្លាំង ហើយបើទោះជាបក្សលោកឈ្នះ ក៏ជាជ័យជំនះដែល​ប្រលាក់​ដោយពាក្យសើចចំអកដែរ ព្រោះវាបានមកពីការចាត់ទុកជាមោឃៈ នូវជ័យជំនះរបស់បក្សប្រឆាំង កាលពីខែមីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ