អានតួអត្ថបទ
យេម៉ែន-អាល់កៃដា

យេម៉ែន៖​ស្លាប់​ជាង​៥០នាក់ ​ក្នុង​បេសកកម្ម​កំទេច​ក្រុម​ភេរវកម្ម​លើក​ដំបូង ​របស់​លោក​ដូណាល់ ត្រាំ

យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ស្លាប់​៥៧នាក់ ​ ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ ​ដោយ​ឧបករណ៍​ដ្រូន​របស់​ទាហាន​អាមេរិក​ នៅ​ភាគ​កណ្តាល​ប្រទេស​យេម៉ែន។ ក្នុង​ចំណោម​អ្នក​ស្លាប់ ​មាន​៤១​នាក់ ​ត្រូវ​គេ​ជឿថា​គឺជា​ក្រុម​អ៊ីស្លាម​អាល់កៃដា ​នៅ​យេម៉ែន។ នេះ​គឺ​បេសកកម្ម​វាយ​កំទេច​ក្រុម​ភេរវកម្ម​អ៊ីស្លាម ​លើក​ទីមួយ​ហើយ ​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី ​របស់​លោក​ដូណាល់ ត្រាំ។ លោកត្រាំ ​ទើបតែ​បាន​ប្រកាស​ថា ​ត្រូវ​បង្កើន​កម្លាំង​កំទេច​ក្រុម​ជីហាត​អ៊ីស្លាម​ឲ្យ​អស់ ​ដើម្បី​កុំ​ឲ្យ​អតីតកាល​ថ្ងៃ​ទី​១១​ កញ្ញា ​២០០១​ កើត​ឡើង​ម្តងទៀត ​សម្រាប់​សហរដ្ឋ​អាមេរិក។

តំបន់Yakla មើល​ពី​ចំងាយ​ ​ក្រោយ​​រង​​ការ​វាយ​ប្រហារ​​ដោយ​​ឧបករណ៍ដ្រូន​របស់​​កងទ័ព​​អាមេរិក ថ្ងៃទី​២៩ មករា ២០១៧
តំបន់Yakla មើល​ពី​ចំងាយ​ ​ក្រោយ​​រង​​ការ​វាយ​ប្រហារ​​ដោយ​​ឧបករណ៍ដ្រូន​របស់​​កងទ័ព​​អាមេរិក ថ្ងៃទី​២៩ មករា ២០១៧ © Saleh al-Obeidi/AFP
ផ្សាយពាណិជ្ជកម្ម

មាន​ស្លាប់​៥៧​នាក់​ ក្នុង​នោះ​៨នាក់​ជា​ស្ត្រី ​និង​៨នាក់​ទៀត​ជា​កុមារ។ ចំណែក​៤១​នាក់​ទៀត ​ ត្រូវ​បាន​គេ​ជឿថា​ ​គឺ​ជា​កង​កម្លាំង​ជីហាត​អ៊ីស្លាម​អាល់កៃដា ​ប្រចាំ​នៅ​តំបន់​ឧបទ្វីប​អារ៉ាប់ ​ ភាគ​កណ្តាល​ប្រទេស​យេម៉ែន។ កងទ័ព​អាមេរិក ​ បាន​ប្រើប្រាស់​ឧបករណ៍​ដ្រូន​បំពាក់​ទៅ​ដោយ​កាណុង​កាំភ្លើង ​ រួម​ជាមួយ​នឹង​ឧត្ថម្ភាគចក្រ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ ទៅលើ​សាលា​រៀន ​ វិហារ​ម៉ូស្កេ ​នៅ​តំបន់​Yakla ​ខេត្ត ​Baïda ​ភាគ​កណ្តាល​យេម៉ែន ​ដែល​ទីតាំង​ទាំង​នោះ ​ត្រូវ​បាន​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក ​ជឿថា ​ជា​កន្លែង​លាក់ខ្លួន​របស់​ពួក​អាល់កៃដា។ បើ​តាម​ប្រភព​ពី​មូលដ្ឋាន​ផ្ទាល់ ​បាន​អះអាង​ទៀត​ថា ​មាន​កង​កុម្មង់ដូ​ថ្មើរជើង​របស់​អាមេរិក ​ ក៏បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​ផងដែរ។

 
យោង​តាម​អ្នក​ទទួល​ខុសត្រូវ​បេសកកម្ម​នេះ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បញ្ជាក់​ថា ​ មេ​ក្លោង​ក្រុម​អ៊ីស្លាម​អាល់កៃដា​ ប្រចាំ​នៅ​តំបន់​នេះ ​ឈ្មោះ​Abou Barzane  ត្រូវ​គេ​ជឿថា​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ។ ក្នុង​ចំណោម​អ្នក​ស្លាប់ ​ ក៏មាន​មេក្លោង​សំខាន់​នៃ​បក្ស​ពួក​អ៊ីស្លាម​ ចំណុះ​ឲ្យ​ក្រុម​អាល់កៃដា​យេម៉ែន ​៣នាក់​ទៀត​ដែរ។

សូម​បញ្ជាក់ថា​ នៅ​តំប​ន់ដើមបូព៌ា ​ មាន​តែ​កងទ័ព​អាមេរិក​ទេ​ ដែល​មាន​ឧបករណ៍ដ្រូ​ន​បំពាក់​ដោយ​កាណុង​កាំភ្លើង ​ ដែល​អាច​ហោះ​ចំងាយ​ឆ្ងាយ​ទៅដល់​យេម៉ែន​បាន។ យ៉ាង​ណាមិញ ​ ក្រុម​អាល់កៃដា​ប្រចាំ​ឧបទ្វីប​អារ៉ាប់ ​ដែល​មាន​មូលដ្ឋាន​ធំ​នៅ​យេម៉ែន ​គឺ​ត្រូវ​បាន​កងទ័ព​អាមេរិក ​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ដ៏​សាហាវ ​និង​គ្រោះថ្នាក់​បំផុត។

ថ្លែង​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​ក្រឹត្យច្បាប់ ​ហាម​ឃាត់​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​៧​ប្រទេស​ ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ ដែល​ក្នុងនោះ​មាន​ប្រទេស​យេម៉ែន​ដែរ​នោះ ​ លោក​ដូណាល់ ត្រាំ ​បាន​លើកឡើង​ថា ​លោក​សន្យា​ថា​នឹង​កម្ទេច​ក្រុម​ភេរវកម្ម​អ៊ីស្លាម ​ឲ្យ​វិនាស​ទាំង​អស់​ ទាំង​ក្រុម​អាល់កៃដា ​ ទាំង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ជា​អំណះអំណាង ​ដល់​វិធានការ​ថ្មី​របស់​គាត់ ​លោក​ត្រាំ​និយាយ​បន្ត​ថា ​ អាមេរិក ​មិនចង់​បាន​ពួក​ភេរកម្ម​នៅ​លើ​ដី​អាមេរិក​ទេ ​ហើយ​អាមេរិក​ ត្រូវតែ​ធានា​ធ្វើ​យ៉ាងណា ​កុំ​ឲ្យពួក​នេះ​ចូល​មក​អាមេរិក​ បាន​ឲ្យសោះ។ លោក​ត្រាំ ​បាន​បន្ត​ថា​ អាមេរិក​ មិនដែល​ភ្លេច​ទេ​ នូវ​មេរៀន​ដ៏ជូរចត់ ​នៃ​ភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ ២០០១ ​ដែល​ពួក​ភេរវកម្ម​អ៊ីស្លាម ​បាន​ធ្វើ​មក​លើ​ប្រជាជន​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ