អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីបង់៖ នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង តែ​ប្រជាជន​ចង់​រំលំ​​ប្រព័ន្ធ​ដឹកនាំ​ទាំងស្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​២សប្តាហ៍ ក្រោយផ្ទុះបាតុកម្មទូទាំងប្រទេស របស់ប្រជាជនលីបង់ ដែលប្រឆាំងនឹងភាពអសមត្ថភាព ក៏ដូចជាអំពើពុករលួយស៊ីរូង នៅក្នុងជួរដឹកនាំនយោបាយ​ កាលពី​ល្ងាចថ្ងៃអង្គារ ទី​២៩តុលា លោក សាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ បានប្រកាសលាលែងចេញពីតំណែង។ តំណឹងនេះបានបង្កឲ្យមានការអបអរសាទរ ទ្រហឹងអឺងកង ក្នុងចំណោមប្រជាជនលីបង់។ តែយ៉ាងណា ការលាលែងចេញពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីក្រោមសំពាធបាតុកម្មនេះ បាន​ធ្វើឲ្យលីបង់ ត្រូវស្ថិតក្នុងស្ថានភាពនយោបាយ​មួយមិនច្បាស់ប្រាកដ ខណៈដែលការទាមទាររបស់ប្រជាជនលីបង់ គឺត្រូវរុះរើរបបដឹកនាំនយោបាយលីបង់បច្ចុប្បន្ន ចោលទាំងស្រុងតែម្តង។

តាមផ្លូវនៅទីក្រុងបេរូត រដ្ឋធានីលីបង់ ថ្ងៃទី ២៩តុលា ២០១៩
តាមផ្លូវនៅទីក្រុងបេរូត រដ្ឋធានីលីបង់ ថ្ងៃទី ២៩តុលា ២០១៩ RFI/Muriel Maalouf
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ចុះចេញពីតំណែង ក្រោមសំពាធបាតុកម្មប្រជាជន

នៅក្នុងសេចក្តីថ្លែងរបស់លោក សាដ ហារីរី កាលពីល្ងាចថ្ងៃ​អង្គារ លោកបានប្រកាសថា លោកសុខចិត្ត​ ចុះចេញពីតំណែងនេះ គឺដើម្បី​បំពេញបំណងចង់បាន​របស់ប្រជាជនលីបង់ជាច្រើននាក់ ដែលបានចុះផ្លូវធ្វើបាតុកម្ម ទាមទារឲ្យមានការផ្លាស់ប្តូរ។ ព្រមជាមួយគ្នានេះ លោកសាដ ហារីរី បានប្រកាសអំពាវនាវ ឲ្យគ្រប់គ្នាទាំងអស់ រក្សាការពារឲ្យបាននូវសន្តិភាព​ កុំឲ្យ​លីបង់​ធ្លាក់ទៅក្នុងវិបត្តិហិង្សា សង្រ្គាម​ សាជាថ្មីឲ្យសោះ។

វា​ជាការ​ពិតណាស់ ដែលប្រជាជនលីបង់ បានទទួលដំណឹងនៃការចុះចេញពីតំណែង របស់លោកនាយករដ្ឋមន្ត្រី សាដ ហារីរី នេះ ដោយសេចក្តីអំណរ ព្រោះវាជាជោគជ័យនៃការតវ៉ារបស់ពួកគេ។ នៅយប់ថ្ងៃអង្គារម្សិកមិញនេះ នៅតាមផ្លូវ នៅទីក្រុងធំទាំងអស់របស់លីបង់ មនុស្សម្នានាំគ្នាចុចស៊ីហ្វ្លេឡានម៉ូតូ យ៉ាងទ្រហឹងអឺងកង។ បាតុកររាប់ពាន់នាក់ ដែលជួបជុំគ្នា មានកាន់ទង់ជាតិលីបង់ បាននាំគ្នាស្រែងច្រៀងចម្រៀងជាតិលីបង់ យ៉ាងកងរំពង ប្រកបដោយសា្នមញញឹម។

តែបដិវត្តនៅតែបន្ត

លោកនាយករដ្ឋមន្ត្រី សាដ ហារីរីចុះចេញពីតំណែងនេះ គឺវាគ្រាន់តែជាជោគជ័យមួយផ្នែកប៉ុណ្ណោះ ព្រោះថា ការទាមទាររបស់ប្រជាជនលីបង់ គឺមិនមែនតែត្រឹមនេះទេ គឺពួកគេចង់ឲ្យមានការផ្លាស់ប្តូរ ប្រព័ន្ធដឹកនាំនយោបាយលីបង់ ទាំងស្រុងតែម្តង។ ក្រុមបាតុករ បានស្រែកថា "បដិវត្តនៅតែបន្ត ! បដិវត្ត​នេះ ត្រូវតែឈានទៅផ្តួលរំលំ រុះរើ​របបដឹកនាំលីបង់បច្ចុប្បន្ននេះ ចោលទាំងស្រុង ដើម្បីកសាងប្រព័ន្ធនយោបាយថ្មី "

ដូចយើងដឹងហើយថា ចំណុចចាប់ផ្តើមនៃបាតុកម្ម​នៅលីបង់នេះ គឺបណ្តាលមកពី​ ការបង្កើតពន្ធថ្មី ទៅលើការប្រើប្រាស់សេវា WhatsApp នៅលើទូរស័ព្ទ។ រដ្ឋាភិបាលបានសម្រេចលប់ចោលគម្រោងនេះហើយ​ តែប្រជាជននៅតែធ្វើបាតុកម្ម។ តាមពិតទៅបញ្ហានេះ គឺប្រៀបដូចជាដំណក់ទឹកចុងក្រោយ ដែលស្រក់មកបំពេញធ្វើឲ្យទឹកក្នុងកែវ ហៀរច្រាលចេញមកក្រៅ។ ពោលគឺប្រជាជនលីបង់អស់អំណត់ ទ្រាំលែងបាន​តទៅទៀត នឹងអំពើពុករលួយ អំពើបក្សពួកនិយម។

ប្រជាជនលីបង់ បានសង្កេតឃើញពីភាពអសកម្ម គ្មានសមត្ថភាពរបស់ថ្នាក់ដឹកនាំនយោបាយ​ មិនថាសមាជិកសភា សមាជិករដ្ឋាភិបាល ឬក៏កងទ័ព។ លីបង់ គឺជាប្រទេសមួយ​ដែលមានអំពើពុករលួយ​ស៊ីរូង ខ្លាំងណាស់។ លីបង់ជាប្រទេសដែលមានផ្ទៃដីតូចទេ តែប្រជាជនលីបង់ តែងតែជួបបញ្ហា ខ្វះទឹកស្អាតប្រើប្រាស់ ខ្វះបណ្តាញអគ្គីសនីជាដើម។ យោងតាមតួលេខផ្លូវការ ប្រជាជនលីបង់ ១ភាគ៤ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

តែបើយើងក្រឡេកទៅមើលថ្នាក់ដឹកនាំនយោបាយ មន្ត្រីរដ្ឋាភិបាល ឬសមាជិកសភាវិញ ម្នាក់ៗមានទ្រព្យសម្បត្តិចាយយ៉ាង​ខ្ជះខ្ជាយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រឿងអាស្រូវបានបែកធ្លាយ ដោយគឺដឹងថា លោកសាដ ហារីរី បានជូនកាដូ​ជាលុយ ចំនួន​១៦លានដុល្លារ ទៅឲ្យនារីបង្ហាញម៉ូដ ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់។ លោក សាដ ហារីរី លាលែងពីតំណែង គឺវានៅមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាជនលីបង់ ចង់ឲ្យប្រធានសភា លាលែងពីតំណែង ហើយក៏ចង់ឃើញលោក Michel Aoun ដែលជាប្រធានាធិបតីលីបង់នោះ ចុះចេញពី​តំណែងដែរ។

ប្រជាជនលីបង់ ចង់ឲ្យរបបនយោបាយ​ ដែលឈរលើការបែងចែកអំណាច​គ្នា​ រវាងក្រុម​តំណាងសហគមន៍សាសនាទាំង៣នៅលីបង់នេះ ដួលរំលំទៅ ព្រោះថាជាច្រើនឆ្នាំមកហើយ ដែលក្រុមទាំង៣នេះ ឃុបឃិតបែងចែងអំណាច បែងចែកផលប្រយោជន៍គ្នា សំងំយ៉ាងសុខស្រួល រីឯជីវភាពប្រជាជនវិញ មិនមានអ្វីប្រសើរសោះ។

បញ្ហាកាន់តែរីកធំ ខណៈការបែងចែកអំណាចគ្នា ត្រូវរង្គោះរង្គើ

ប្រមាណ២សប្តាហ៍ ដែលមានបាតុកម្មរបស់ប្រជាជននេះ យើងឃើញថា កងទ័ពលីបង់ បានរក្សាភាព​អព្យាក្រិត្យរបស់ខ្លួន។ សម្រាប់ពេលនេះ យើងមិនអាចនិយាយបានទេ ថានឹងមានការប្រឈមមុខដាក់គ្នាដោយអាវុធ។ អ្វីដែលជាការបារម្ភ របស់សហគមន៍អន្តរជាតិ គឺភាពមិនច្បាស់ប្រាកដ នៃអនគតរដ្ឋាភិបាលលីបង់។ បើតាមការវិភាគ ចលនាបាតុកម្មដ៏ធំសម្បើមរបស់ប្រជាជនលីបង់នេះ គឺពុំមានថ្នាក់ដឹកនាំនយោបាយលីបង់ណា នឹកភ្នកដល់នោះទេ។ ម្នាក់ៗស្រឡាំងកាំងទាំងអស់គ្នា ហើយពុំបានត្រៀមជើងព្រួលទុកមុនទេ។

ដូចយើងដឹងហើយ ថា​ប្រព័ន្ធនយោបាយ​លីបង់ កន្លងមកនេះ គឺឈរលើគោលការបែងចែកគ្នាគ្រប់គ្រង រវាងក្រុម​ចំនួន​៣។ ទីមួយគឺក្រុមអ៊ីស្លាមស៊ុនីត ដែលមានលោកសាដ ហារីរី ជាតំណាង ទី២ ក្រុមអ៊ីស្លាមឈីអ៊ីត ដែលជាក្រុម​ហេសបូឡា និងទី៣ គឺក្រុម​គ្រិស្តសាសនា ដែលមានលោក Michel Aoun ប្រធានាធិបតីបច្ចុប្បន្នជាអ្នកតំណាង។ ក្នុងចំណោមក្រុមទាំង៣នេះ គេសង្កេតឃើញថា ក្រុមហេសបូឡា មានឥទ្ធិពលខ្លាំង។ ក្រុមនេះមានសម្លេងភាគច្រើន នៅក្នុងសភា ហើយ​មាន​កម្លាំងទ័ពដាច់ដោយឡែក ដោយមានការទំនុកបំរុង ដោយផ្ទាល់ពី អ៊ីរ៉ង់ទៀតផង។ ដូច្នេះ អ្វីដែលគេបារម្ភ គឺគេខ្លាច អំណាចនយោបាយ​ទាំងស្រុង ត្រូវធ្លាក់ ទៅលើដៃក្រុមហេបូឡា ទាំងកងទ័ព ទាំងសភា ទាំងរដ្ឋាភិបាល។

តាមពិតទៅ ដំណឹងនៃការ​លាលែងពីតំណែងរបស់លោក សាដ ហារីរី មិនត្រូវបាន​ប្រទេសមហាអំណាចខ្លះគាំទ្រទេ។ ជាក់ស្តែង សហរដ្ឋអាមេរិក និងបារាំងជាដើម។ លោករដ្ឋមន្ត្រីការបរទេសបារាំង បានមានប្រតិកម្មភ្លាមថា លោកសាដ ហារីរីចុះចេញពីតំណែង គឺវានឹងធ្វើឲ្យវិបត្តិកាន់តែរីកធំ។ ជាការពិត វិបត្តិពេលនេះរីកធំ ព្រោះថាត្រូវរកមនុស្សថ្មីមកជំនួសលោកសាដ ហារីរី។ ពីមុន អារ៉ាប៊ីសាអូឌីត ដែលធ្លាប់តែគាំទ្រក្រុមអ៊ីស្លាម​ស៊ុនីត របស់លោកសាដ ហារីរី ហាក់ដូចជាលែងចង់ចំណាយប្រាក់ទៀតហើយ ដោយសង្កេតឃើញថា លោកសាដ ហារីរី មិនអាចទប់ទល់ជាមួយក្រុមហេបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយបាន​។

សំណួរសួរថា តើនរណា នឹងមកធ្វើជានាយករដ្ឋមន្ត្រីថ្មី មកពីក្រុមមួយណា ហើយរដ្ឋាភិបាលថ្មី មានសមាជិកមកពីក្រុមណាខ្លះ? ការស្វែងរកតុល្យភាព​រវាងក្រុមនយោបាយទាំង៣ក្រុម មិនមែនជាការងាយទេ។ តែយ៉ាងណា​ ក្រុម​អ្នកនយោបាយលីបង់​ទាំង៣ក្រុមនេះ គួរចោទសួរវិញម្តងថា តើប្រជាជនលីបង់ចង់បានអ្វី ត្រូវការអ្វី? បើរដ្ឋាភិបាល​ថ្មី​ មិនបំរើប្រជាជន​ទេនោះ ទោះជាមកពីក្រុមខាងណាក៏ដោយ ក៏ប្រជាជននៅតែមិនសប្បាយចិត្តដែរ ហើយបាតុកម្មតវ៉ានឹងអាចកើតមានសាជាថ្មី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ