អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍នេះ នៅទីក្រុងប៉ាឡែម ភាគខាងត្បូងអ៊ីតាលី បានរៀបចំសន្និសិទ្ធិមួយ ដើម្បីចរចាស្តីពីការផ្សះផ្សារ និងការ​កសាងសន្តិភាព នៅប្រទេសលីប៊ី។​ ប៉ុន្តែជាថ្មីម្តងទៀត សន្និសីទជួបចរចាគ្នានេះ បានក្លាយជាបរាជ័យ ដោយសារមេដឹកនាំនៃភាគីដ៏ធំម្នាក់របស់លីប៊ី ឈ្មោះ មេបញ្ជាការ ហាហ្វតា បានត្រលប់ទៅវិញ មិនចូលរួមការប្រជុំនៅថ្ងៃអង្គារម្សិលមិញនេះទេ។​ ​ជាងនេះទៅទៀត ការចរចាក្រោមការផ្តួចផ្តើមរៀបចំ របស់រដ្ឋាភិបាលអ៊ីតាលីនេះ ត្រូវបានអ្នកវិភាគខ្លះ ព្រមទាំងភាគីខ្លះរបស់លីប៊ីផង​ ចាត់ទុកថា ជាការរៀបចំប្រជែង ជាមួយនឹងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលបារាំង។ ហើយសូម្បីតែសំណើរនៃផែនការកសាងសន្តិភាព ក៏បារាំង និងអ៊ីតាលី​ មានជំហរមិនស្របគ្នាដែរ។

កិច្ចប្រជុំនៅប៉ាឡែម ថ្ងៃទី​១៣វិច្ឆិកា ដឹកនាំដោយនាយក​រដ្ឋមន្ត្រីអ៊ិតាលី លោក Giuseppe Conte
កិច្ចប្រជុំនៅប៉ាឡែម ថ្ងៃទី​១៣វិច្ឆិកា ដឹកនាំដោយនាយក​រដ្ឋមន្ត្រីអ៊ិតាលី លោក Giuseppe Conte REUTERS/Guglielmo Mangiapane
ផ្សាយពាណិជ្ជកម្ម

តំណាងភាគីខាងកើតលីប៊ី មិនចូលប្រជុំ

ជំនួបប្រជុំការងារ តែមួយគត់​ ដែលគេគ្រោងធ្វើនៅថ្ងៃអង្គារ ទី១៣វិច្ឆិកាម្សិលមិញ នៅទីក្រុងប៉ាឡែម កោះស៊ីស៊ីល ភាគខាងត្បូងអ៊ីតាលី បានក្លាយជាឥតន័យ ដោយសារលោក​មេបញ្ជាការ Khalifa Haftar បានត្រលប់ទៅលីប៊ីវិញ មិនចូលរួមការប្រជុំនេះទេ។ ផ្អែកតាមអ្នកនាំពាក្យរបស់គណប្រតិភូលោក បានឲ្យ​ដឹងថា លោកមេបញ្ជាការ Haftar មិនចូលរួមប្រជុំ ក៏ព្រោះតែលោក មិនចង់អង្គុយក្នុងតុចរចា ជាមួយមនុស្សមួយចំនួន ដែលលោកគិតថា គឺជាមេបក្សពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមនៅលីប៊ី។ តែយ៉ាងណា ប្រភពដដែលបានអះអាងាថា មិននឹងត្រលប់ទៅវិញ លោកមេបញ្ជាការ Haftar បានជួបមួយទល់នឹងមួយ ជាមួយនឹងលោក នាយករដ្ឋមន្ត្រីអ៊ីតាលី និងជាមួយតំណាងគណប្រតិភូ ប្រទេសជិតខាងលីប៊ី ដែលមានវត្តមានក្នុងឱកាសនោះដែរ។

សូមបញ្ជាក់ថា លោកមេបញ្ជាការ Khalifa Haftar គឺជាតំណាងឲ្យកងកម្លាំង ដែលគ្រប់គ្រងផ្នៃកខាងកើតប្រទេសលីប៊ី ហើយដែលមានគោលជំហរ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដែលមានលោក Fayez al-Sarraj ជាប្រមុខរដ្ឋាភិបាល។ រដ្ឋាភិបាលក្រុងទ្រីប៉ូលី មានការទទួលស្គាល់ ពីសហគមអន្តរជាតិ។ ក៏ប៉ុន្តែ សម្រាប់លោកមេបញ្ជាការ Haftar រដ្ឋាភិបាលក្រុងទ្រីប៉ូលី គឺគ្រាន់តែជាបណ្តុំបក្សពួកពុករលួយ ឃុបឃិតជាមួយក្រុមជ្រុលនិយមអ៊ីស្លាម ជាច្រើនក្រុម ដើម្បីត្រួតត្រា និងបែងចែកអណ្តូងប្រេង របស់លីប៊ីតែប៉ុណ្ណោះ។

ការជួបប្រជុំគ្នា​រៀបចំដោយរដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ កន្លងទៅ មានការចូលរួម ពី ប្រទេសជាង១០ ដូចជាអាល់ហ្សេរី តួកគី ម៉ារ៉ុក អេហ្ស៊ីប កាតា អារ៉ាប៊ីសាអូឌីត ទុយណេស៊ី បារាំង អាល្លឺម៉ង់ ក្រិក អេស្ប៉ាញ ព្រមទាំងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ ចំណែលលីប៊ី ដែលជាប្រទេសសាម៉ី មានភាគីជាច្រើនចូលរួម ដូចជា រដ្ឋាភិបាលកណ្តាលនៅតំបន់ទ្រីប៉ូលី ដែលមានលោក al-Sarraj ជានាយករដ្ឋមន្ត្រី លោកមេបញ្ជាការ ​Khalifa Haftarតំណាងតំបន់ភាគខាងកើត ​និងតំណាងកងកម្លាំងប្រដាប់អាវុធជាច្រើនភាគីផ្សេងទៀត។

បារាំង និងអ៊ីតាលី ដណ្តើមគ្នា ដឹកនាំការចរចាសន្តិភាព?

ជំនួបផ្តួចផ្តើមរបស់អ៊ីតាលីនេះ គឺធ្វើឡើងបន្ទាប់ពីមានជំនួប២រួចទៅហើយ ដែលបារាំងបានរៀបចំ កាលពីខែកក្កដា ឆ្នាំ២០១៧ និងខែឧសភា ឆ្នាំ២០១៨នេះ នៅទីក្រុងប៉ារីស ដើម្បីស្វែងរកសន្តិភាពនៅលីប៊ី។ សម្រាប់អ្នកវិភាគ ក៏ដូចជាមន្ត្រីទូត ដែលបានចូលរួមកិច្ចប្រជុមទាំងនេះ​ ម្នាក់ៗ សុទ្ធតែលើកឡើងថា បារាំងនិងអ៊ីតាលី កំពុងតែប្រជែងគ្នា ចង់ធ្វើអាជ្ញាកណ្តាល ក្នុងសំណុំរឿងលីប៊ីនេះ។

លោក Mohamed Dayri អតីតរដ្ឋមន្ត្រីការបរទេសមកពីរដ្ឋាភិបាលផ្នែកខាងកើតលីប៊ី បាននិយាយថា ប្រទេសអារ៉ាប់ជុំវិញលីប៊ី បានប្រជែងគ្នារួចទៅហើយ ដែលមានកាតា និងតួកគី នាំគ្នាគាំទ្រខាងក្រុមរដ្ឋាភិបាលលោក Sarraj រីឯអេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាប់រួម គាំទ្រខាងលោក​មេបញ្ជាការ Khalifa Haftar។ ឥឡូវពេលនេះ គឺមានបារាំង និងអ៊ីតាលី មកប្រជែងគ្នា ដឹកនាំការប្រជុំចរចាសន្តិភាពទៀត។

ជាការពិត ​បើយើងក្រឡេកមកមើលអតីតកាល និងកត្តាភូមិសាស្ត្រ គឺអ៊ីតាលី និងលីប៊ី មានចំណុចទាក់ទងគ្នាច្រើនបំផុត។ សន្តិភាព ឬសង្រ្គាមនៅលីប៊ី គឺវាអាចជះឥទ្ធិពល មកលើអ៊ីតាលី។ យ៉ាងណាមិញ ជនភៀសខ្លួនរាប់សែននាក់ ដែលឆ្លងទូកតាមសមុទ្រ​មកកាន់​កោះអ៊ីតាលី គឺធ្វើដំណើរចេញពីលីប៊ីនេះឯង។ សម្រាប់អ៊ីតាលី វាជារឿងត្រឹមត្រូវបំផុត ដែលអ៊ីតាលីត្រូវដើរតួ ជាអាជ្ញាកណ្តាល ជាអ្នកដឹកនាំការចរចាស្វែងរកសន្តិភាពនៅលីប៊ី។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលថ្មីរបស់អ៊ីតាលី កំពុងស្វះស្វែង ចង់រៀបចំវេទិការអន្តរជាតិរបៀបនេះ ដើម្បីបានមុខបានមាត់។ ការដែលបារាំង បានរៀបចំកិច្ចប្រជុំកាលពីខែឧសភា ក្នុង​ពេល​ដែល​អ៊ីតាលី​ មិន​ទាន់​មាន​រដ្ឋាភិបាលថ្មីនោះ ត្រូវបាន​ថ្នាក់​ដឹកនាំ​របស់អ៊ីតាលីខ្លះ ចោទបារាំងថាខូច លេងឆក់ឱកាស កាត់មុខកាត់មាត់អ៊ីតាលី។

ជាងនេះទៀត សម្រាប់មេដឹកនាំអ៊ីតាលីខ្លះ គឺគេយល់ថា បារាំង មិនគួរមកលូកដៃរឿងលីប៊ីទៀតទេ។ ពួកគេនៅចាំបានថា គឺរដ្ឋាភិបាលបារាំង របស់សាកូហ្ស៊ី ដែលបានដឹកនាំទ័ពទៅកំលាក់គ្រាប់ ផ្តួលរំលំរដ្ឋាភិបាលរបស់កាដាហ្វី កាលពីឆ្នាំ២០១១។ កាលណោះ អ៊ីតាលីមិនទាំងត្រូវបានបារាំង សួរយោបល់បន្តិចផងទេ។ ចាប់ពីពេលនោះមក អ៊ីតាលី ទាំងរដ្ឋាភិបាលមុន ទាំងរដ្ឋាភិបាលបច្ចុប្បន្ន ព្យាយាមធ្វើយ៉ាងណា ឲ្យអ៊ីតាលីមានមុខក្នុងការដោះស្រាយសំណុំរឿងលីប៊ីនេះ។

ចំណែកភាគីបារាំងវិញ បានបដិសេធ​ថាបារាំងគ្មានចេតនាកាត់មុខមាត់អ៊ីតាលីទេ។​ ហើយក៏គ្មានការប្រជែងដណ្តើមគ្នាណាមួយ រវាងបារាំងនិងអ៊ីតាលីដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានប្រធានាធិបតីបារាំង។ លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានដឹកនាំគណប្រតិភូជាច្រើននាក់ ទៅប្រជុំនៅក្រុងប៉ាឡែម ប្រទេសអ៊ីតាលី ដើម្បីបញ្ជាក់ថា បារាំងផ្តល់សារៈសំខាន់ ដល់ការប្រឹងប្រែង របស់អ៊ីតាលី។ ប្រភពពីមន្ត្រីស្និទនឹងលោកប្រធានាធិបតីបារាំង បានលើកឡើងថា មានមនុស្សមួយចំនួនដែល ដើរនិយាយថា បារាំង និងអ៊ីតាលីប្រជែងគ្នា ព្រោះមានចេតនាមិនចង់ឲ្យការចរចាសន្តិភាពទៅមុខបាន ព្រោះថាពួកគេចង់ឲ្យស្ថានភាពនៅលីប៊ីដូចសព្វថ្ងៃនេះ នៅបន្តទៀត ដើម្បីបានសំងំបូមជញ្ជក់យកផលប្រយោជន៍ពីឧស្សាហកម្មប្រេងឆៅ។

អ៊ីតាលី ចង់បន្តទទួលផលពីប្រេងកាតលីប៊ី

ជាការពិតណាស់ ក្រៅតែពីការប្រជែងគ្នាផ្នែកការទូត បារាំងនិងអ៊ីតាលី បានការពារផែនការកសាងសន្តិភាពសម្រាប់លីប៊ី ២ខុសគ្នា។ អ៊ីតាលី មានទំនោរគាំទ្ររដ្ឋាភិបាលក្រុងទី្រប៉ូលី របស់លោលSarraj ព្រោះថាទីនោះហើយ គឺជាជង្រុក នៃក្រុមមនុស្សមានអំណាចក្នុងឧស្សាហកម្មប្រេង។ ប្រភពពីមន្ត្រីទូតបារាំងខ្លះ បានលើកឡើងថា ក្រុមហ៊ុនអ៊ីតាលីខ្លះ បានចូលដៃឃុបឃិត ជាមួយកងប្រដាប់អាវុធលីប៊ីជាច្រើនក្រុម ដើម្បីនាំប្រេងចេញក្នុងតំលៃថោក។ ហេតុដូច្នេះហើយ បានជាអ៊ីតាលី មិនចង់ឲ្យមានការរៀបចំការបោះឆ្នោត នៅរវាងចុងឆ្នាំ២០១៨នេះទេ ព្រោះថាបើបោះឆ្នោត​ ស្ថានការណ៍អាចនឹងប្រែប្រួល មនុស្សដែលដែលធ្លាប់បំរើប្រយោជន៍ឲ្យអ៊ីតាលី អាចនឹងបាត់បង់អំណាចមួយរំពេច។

ចំណែកបារាំងវិញ បានផ្តោតសំខាន់ តែទៅលើការប្រយុទ្ធប្រឆាំង នឹងក្រុមភេរវកម្ម។ បន្តិចៗម្តង​ រដ្ឋាភិបាល​​បារាំង បានងាកទៅគាំទ្រក្រុមរបស់លោក​មេបញ្ជាការ Khalifa Haftar ដែលគ្រប់គ្រងភាគខាងកើតលីប៊ី ដោយសារតែក្រុមនេះ ប្រឆាំងដាច់ខាតនឹងក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលនៅតំបន់ទ្រីប៉ូលី។ កាលពីខែឧសភា បារាំង បានដាក់ស្នើឲ្យមានការរៀបចំបោះឆ្នោត នៅចុងឆ្នាំ២០១៨នេះ។ ប៉ុន្តែគំនិតនេះ ត្រូវបានអ៊ីតាលី និងអាមេរិកបដិសេធ ព្រោះថាវាលឿនជ្រុលពេក។

អ្នកចង់ជួយគេឲ្យត្រូវគ្នា តែមិនត្រូវគ្នា

គួរគិតថា លីប៊ីបែកបាក់ ពុះចែកជាច្រើនក្រុមរួចហើយ។ ដរាបណា ប្រទេសដែលចង់ជួយ មានគំនិតមិនដូចគ្នា គឺវាមានតែបន្ថែមបញ្ហាថែមទៀត។ ប្រសិនបើ សហគមអន្តរជាតិ នៅតែមិនអាច​ស្វែងរក គោលជំហររួមតែមួយ ជាមុនទេនោះ តើចង់ឲ្យភាគីលីប៊ីរួបរួមគ្នាបានដោយរបៀបណា?

គួរកត់សម្គាល់ថា ជានិច្ចជាកាល ផលប្រយោជន៍សេដ្ឋកិច្ច ការបែងចែកភោគផលប្រេងកាត នៅលីប៊ី បានក្លាយជាកម្មវត្ថុ នៃការបែងចែកអំណាច។ លីប៊ីជាប្រទេសធំមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលនាំប្រេងចេញ។ តែប្រជាជនលីប៊ី មិនដែលបានទទួលផលពិតប្រាកដ ពីធនធានរបស់ប្រទេសខ្លួនទេ។ ផលចំណេញទាំងអស់ ត្រូវគេបែងចែកគ្នា រវាងក្រុមបក្សពួកផ្សេងៗ ដែលចែកអំណាចគ្នាគ្រប់គ្រង។ វាសម​ល្មម ដល់ពេលហើយ ដែលប្រយោជន៍រួម របស់ប្រជាជនលីប៊ី ត្រូវគេយកមកដាក់លើតុ ធ្វើជាកម្មវត្ថុដ៏សំខាន់ជាងគេ ដើម្បីឈានទៅផ្សះផ្សារ កសាងសន្តិភាព និងធ្វើការបែងចែកធនធានសេដ្ឋកិច្ច ឲ្យ​យុត្តិធម៌ និងស្មើភាពគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ