អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

សម្ព័ន្ធ​អារ៉ាប់ ​ក្រើន​រំលឹក​លោកត្រាំ​ ដែល​ចង់​ទទួល​ស្គាល់​ហ្សេរូសាឡឹម ​ជា​រដ្ឋធានី​អ៊ីស្រាអែល

លោកប្រធានសម្ព័ន្ធប្រទេសអារ៉ាប់ ​បានថ្លែងក្រើនរំលឹកលោកដូណាល់ ត្រាំ នៅថ្ងៃចន្ទទី ៤ធ្នូនេះ ថាត្រូវតែពិចារណាឡើងវិញ ឲ្យបានច្បាស់ មុននឹងទទួលស្គាល់ជាផ្លូវការ ថាទីក្រុងហ្សេរូសាឡឹម​ គឺជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការថ្លែងបែបនេះ គឺបន្ទាប់ពីដឹងថា លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងសម្រេចនៅថ្ងៃនេះ ថានឹងរើស្ថានទូតអាមេរិក​ ប្រចាំអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់ទៅក្រុងហ្សេរូសាឡឹម។

វិហារអ៊ិស្លាម​សក្ការៈ ​នៅ​ហ្សេរូសាឡឹម​
វិហារអ៊ិស្លាម​សក្ការៈ ​នៅ​ហ្សេរូសាឡឹម​ REUTERS/Amir Cohen le Dôme du Rocher et la Mosquée al-Aqsa,
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងគែរ លោក Ahmed Abul Gheit ប្រធាននាំសម្ព័ន្ធប្រទេសអារ៉ាប់ បានថ្លែងថា វាគឺជារឿងគួរឲ្យសោកស្តាយណាស់ ដែលមានថ្នាក់ដឹកនាំខ្លះ នៅតែចចេស ដោយមិនគិតខ្វល់ពីផលវិបាក ផលអវិជ្ជមាន ដែលអាចកើតចេញពីភាពមានះរបស់ខ្លួន។ លោកបន្តទៀតថា បើសិនជារដ្ឋាភិបាលអាមេរិក ទទួលស្គាល់ថាក្រុងហ្សេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ជាផ្លូវការមែននោះ គឺគ្មានបានផលចំណេញអ្វីទេ។ ផ្ទុយទៅវិញ គឺវាមិនខុសពីយកប្រេងទៅជះលើភ្លើង បញ្ឆេះកំហឹង របស់ប៉ាឡេស្ទីន បង្កើននូវចលនាហិង្សា រវាងសត្រូវទាំង២ ហើយការប្រឹងប្រែងកសាងសន្តិភាព នឹងរលាយក្លាយជាផេះ។

ការនិយាយក្រើនរំលឹក ដល់លោកដូណាល់ត្រាំនេះ គឺបន្ទាប់ពី លោក Jared Kuchner កូនប្រសារសំណព្វរបស់លោកត្រាំ បាននិយាយប្រលយពាក្យ កាលពីថ្ងៃអាទិត្យ ម្សិលមិញ​នេះ ថា នៅថ្ងៃចន្ទនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ អាចនឹងសម្រេចចិត្តផ្ទេរស្ថានទូតអាមេរិក ពីក្រុងតែលអាវីវ ទៅកាន់ក្រុងហ្សេរូសាឡឹម។

គួរបញ្ជាក់ថា ជាធម្មតា ក្រសួងការបរទេសអាមេរិក ត្រូវសម្រេច ជារៀងរាល់៦ខែម្តង ថាត្រូវបន្តអនុវត្តលក្ខខណ្ឌលើកលែងពិសេស សម្រាប់អ៊ីស្រាអែល ដែរឬទេ ពោលគឺមិនតាំងទូតនៅទីក្រុង ដែលប្រទេសនេះ ចាត់ទុកថាជារដ្ឋធានីខ្លួន។ បើសិនជាលោក​ដូណាល់ ត្រាំ សម្រេចថា​មិនអនុវត្តបន្ត នូវលក្ខខណ្ឌលើកលែងនេះទេ គឺមានន័យថា ស្ថាន​ទូត​អាមេរិក នឹងត្រូវលើកទៅក្រុងហ្សេរូសាឡឹម។

គួររំលឹកដែរថា អ៊ីស្រាអែល និងប៉ាឡេស្ទីន ដណ្តើមគ្នាកាន់កាប់ក្រុងហ្សេរូសាឡឹម ហើយសុទ្ធតែអះអាងថា​ទីក្រុងនេះ ជាទីក្រុងបុរាណ ជាទីសក្ការៈតែរៀងៗខ្លួន។ ប៉ាឡេស្ទីន នៅតែ​ទាមទារជានិច្ច ថា ហ្សេរូសាឡឹមខាងកើត គឺជាទីក្រុងសក្ការៈរបស់ខ្លួន។ ដូចគ្នាដែរ អ៊ីស្រាអែល ចាត់ទុកហ្សេរូសាឡឹម ទាំងមូល ជាទរដ្ឋធានីផ្លូវការ របស់ខ្លួន។

ដោយឡែក តាំងតែពីដើមរៀងមក សហគមអន្តរជាតិ មិនដែលទទួលស្គាល់ថា ហ្សេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលទេ ហើយគេរឹតតែមិនទទួលស្គាល់ទៅទៀត នៅ​ពេលអ៊ីស្រាអែល ទន្រ្ទានដណ្តើមយកហ្សេរូសាឡឹមខាងកើត ពីប៉ាឡេស្ទីន​ នៅឆ្នាំ​១៩៦៧។ ពេលនេះ គឺមានតែលោកដូណាល់ ត្រាំ ទេ ដែលអាចជាប្រធានាធិបតីអាមេរិកទីមួយ ដែលហ៊ានធ្វើបែបនេះ។ ទំនាក់ទំនងរវាងក្រុមហ៊ុន និងមុខរបរកស៊ី របស់គ្រួសារលោកដូណាល់ ត្រាំ យ៉ាងស្អិតរមួតជាមួយអ៊ីស្រាអែល អាចជាហេតុផលមួយ ពន្យល់ពីទំនោរទ្រអ៊ីស្រាអែល របស់លោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ